ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​​​ទំនង​នឹង​មិន​អនុញ្ញាត​​ឲ្យ​ពលរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ចូល​​បាន​ពេល​បើក​​ឡើង​វិញ​ថ្ងៃ​ទី​១​ខែ​កក្កដា


មនុស្សម្នា​ដើរ​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ John F. Kennedy កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។

សហភាព​អឺរ៉ុបនឹង​ប្រកាស​នៅ​ក្នុង​សប្តាហ៍​នេះ​អំពី​បញ្ជី​ឈ្មោះ​ប្រទេស​និង​ពលរដ្ឋនៃ​ប្រទេស​ទាំង​នោះ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ចូល​អឺរ៉ុប​ ដោយ​ពលរដ្ឋ​អាមេរិក​ទំនង​នឹង​មិន​ត្រូវ​គេ​អនុញ្ញាត​ធ្វើ​ដំណើរ​ចូល​ទ្វីប​អឺរ៉ុប​ក្នុង​រយៈ​ពេលខ្លីខាង​មុខ ដោយ​សារ​ចំនួន​កើន​ឡើងនៃ​ករណី​ឆ្លង​វីរុស​ដែល​បង្ក​ជំងឺ​កូវីដ​១៩។

រដ្ឋមន្ត្រី​ការ​បរទេស​អេស្ប៉ាញ​បាន​ថ្លែង​ថា បញ្ជី​ដែល​ទំនង​នឹង​ត្រូវ​ចេញ​ផ្សាយ​ជា​សាធារណៈ​ក្នុង​ថ្ងៃ​អង្គារ​នេះ អាច​រួម​មាន​ឈ្មោះ​ប្រទេស​រហូត​ដល់​១៥​ ដែល​មិនមែន​ជា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ហើយ​ដែល​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​នេះ​ត្រូវ​គេ​អនុញ្ញាត​ឲ្យធ្វើ​ដំណើរ​ចូល​អឺរ៉ុប​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​កក្កដា​ទៅ។​

មន្ត្រី​សហភាព​អឺរ៉ុប​ក្នុង​ទី​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក​កាល​ពី​ចុង​សប្តាហ៍​បាន​ប្រឹងប្រែង​កំណត់​លក្ខខណ្ឌ​នានាដើម្បីអាច​ឲ្យ​ធ្វើ​ដំណើរ​មក​អឺរ៉ុប​បាន ដែល​ភាគ​ច្រើន​អាស្រ័យលើ​កត្តា​ថា​តើ​នៅ​ប្រទេស​ដើម​នោះ​អាច​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​បាន​កម្រិត​ណា។ ម៉្យាង​ទៀត​ប្រទេស​ក្នុង​បញ្ជី​នេះ​ក៏​ត្រូវ​ទម្លាក់​ចោល​ការ​ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​អឺរ៉ុប​ចូល​ប្រទេស​ខ្លួន​វិញ​ដែរ។​

ចំនួន​ករណី​ឆ្លង​កូវីដ១៩​បាន​កើន​ឡើង​ខ្លាំង​កាល​ពី​សប្តាហ៍​មុន ហើយ​កាល​ពី​ខែ​មីនា ​លោក​ប្រធានាធីបតី​ដូណាល់​ត្រាំ បាន​ដាក់​បម្រាម​ធ្វើ​ដំណើរ​ចូល​សម្រាប់​ពលរដ្ឋ​ពី​តំបន់​ធ្វើ​ដំណើរ​ដោយ​សេរី​របស់​ទ្វីប​អឺរ៉ុប ដែល​នេះកត្តា​មួយ​ដែរ​ដែល​ទំនង​ធ្វើ​ឲ្យ​អឺរ៉ុប​ហាម​ពលរដ្ឋ​អាមេរិក​វិញ។

ក្រៅ​ពី​សហរដ្ឋ​អាមេរិក ​ប្រទេស​ប្រេស៊ីល រុស្ស៊ី និង​ឥណ្ឌា​ក៏​កំពុង​មាន​ករណី​ឆ្លង​កើន​ឡើង ហើយ​ពលរដ្ឋ​ប្រទេស​ទាំង​នេះ​ក៏​ទំនង​ជា​នឹង​មិនអាច​ធ្វើ​ដំណើរចូល​ទ្វីប​អឺរ៉ុប​បាន​នៅ​ក្នុងថ្ងៃ​ទី​១​ខែ​កក្កដា​ខាង​មុខ៕

XS
SM
MD
LG