ក្នុងសប្តាហ៍នេះ គណបក្សនយោបាយជិតពាក់កណ្តាលនៃចំនួនគណបក្សទាំងអស់២០ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដាខាងមុខ ចាប់ផ្តើមយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាញធំរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។ ក្នុងថ្ងៃទី១នៃការឃោសនា គេសង្កេតឃើញថា មានតែគណបក្សប្រជាជនកម្ពុជាតែ១ប៉ុណ្ណោះដែលមានភាពអធឹកអធមជាងគណបក្សនយោបាយផ្សេងៗ ដោយមានក្បួនម៉ូតូ ឡានទំនើបៗ ជាច្រើនគ្រឿង និងរថយន្តប្រគុំតន្រ្តីដែលតុបតែងដោយធុងបាសចាក់ភ្លេង បទចម្រៀង និងភ្លើងពណ៌យ៉ាងស្អាតដើម្បីទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋនៅតាមដងផ្លូវ។
បើទោះជាការដង្ហែក្បួនរបស់គណបក្សប្រជាជនកម្ពុជាមានការចាក់ភ្លេង និងចម្រៀងគួរឲ្យទាក់ទាញយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតាមដងផ្លូវមួយចំនួននៅតែមិនអើពើ មិនចាប់អារម្មណ៍ ឬមិនសម្លឹងមើលក្បួនហែកាត់មុខពួកគេនោះទេ។
នៅក្នុងអំឡុងពេលថ្ងៃឃោសនាបោះឆ្នោតសប្តាហ៍ទី១នៃយុទ្ធនាការ២១ថ្ងៃ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងរាជធានីភ្នំពេញ បានបញ្ចេញមតិផ្សេងៗគ្នា ប្រាប់ VOA អំពីការចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦នេះ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ខែកក្កដាខាងមុខ។
អង្គុយលើម៉ូតូកង់បី ភ្នែកសម្លឹងមើលបណ្តាញសង្គមក្នុងទូរស័ព្ទ លោក សុទ្ធ បញ្ញា អ្នករត់ម៉ូតូកង់បី ហាក់ដូចជាមិនខ្វល់ពីការហែក្បួនរបស់គណបក្សប្រជាជនកម្ពុជាឡើយ។ បុរសវ័យ៤០ឆ្នាំរូបនេះបានមានប្រសាសន៍ថា ការបោះឆ្នោតអាណត្តិនេះហាក់បីដូចជាដឹងលទ្ធរួចជាស្រេចទៅហើយ ដូច្នេះការឃោសនាមិនមានអ្វីសំខាន់នោះទេ។
ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកបានឲ្យដឹងបន្តថា លោកនឹងចូលរួមបោះឆ្នោត ទោះបីជាគ្មានគណបក្សជំទាស់ក៏ដោយ។
«មិនបាច់ចាំធ្វើឃោសនាក៏ដឹងថា របស់គាត់ជាប់ដែរ ពីព្រោះបើអត់មានអ្នកគូប្រជែង ដូចអ្នកវ៉ៃបុកចឹង។ ខ្ញុំទៅបោះ រឿងថា ទៅខ្ញុំអត់ចោលទេ។ យើងស្រឡាញ់អ្នកណាបោះឲ្យអ្នកហ្នឹង អីចឹង តែគ្រាន់តែថា ឥឡូវវាបាត់បង់គណបក្សប្រកួតប្រជែងជាមួយគាត់អីចឹង វាពិបាកដែរ»។
ជាមួយគ្នានេះដែរ កញ្ញា ជួប ចិន្តា អាយុ២២ឆ្នាំជានិស្សិតនៅសកលវិទ្យាល័យជាតិគ្រប់គ្រងបានឲ្យដឹងថា ការរីកចំរើនរបស់ប្រទេសកម្ពុជាជាកក្តាជំរុញឲ្យនាងនឹងទៅចូលរួមបោះឆ្នោតនៅប៉ុន្មានថ្ងៃខាងមុខនេះ។
«ខ្ញុំទៅបោះធម្មតាអីចឹង។ អត់មានគំនិតថា អត់ចង់ទៅបោះទេ។ ចង់និយាយថា ពីមុនប្រទេសយើងដុនដាបខ្លាំង តែមកដល់ឥឡូវ វាខុសប្លែកគ្នាខ្លាំង។ អីចឹងបានខ្ញុំគិតថា ទៅបោះឲ្យ»។
មិត្តភ័ក្ររបស់ នាងជួប ចិន្តា គឺកញ្ញា សូ វលក្ខណ៍ ដែលអង្គុយក្បែរនោះ បានបង្ហាញគំនិតផ្ទុយពីចិន្តា។ យុវតីវ័យ២២ឆ្នាំ និងជានិស្សិតនៅសកលវិទ្យាល័យជាតិគ្រប់គ្រង រូបនេះបានឲ្យដឹងដែរថា ការជ្រើសរើសគណបក្សដែលត្រូវបោះឆ្នោតឲ្យគឺមិនមែនផ្តោតលើតែថ្ងៃឃោសនានោះទេ គឺសង្កេតមើលសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សជាយូរមកហើយ។
កញ្ញាវលក្ខណ៍កំពុងសម្រេចចិត្តជ្រើសរើសគណបក្សមួយផ្សេងទៀតក្នុងការបោះឆ្នោត បន្ទាប់ពីគណបក្សដែលនាងស្រឡាញ់អវត្តមាន។
«បើតាមគំនិតខ្ញុំគឺខ្ញុំអត់ចង់ទៅបោះនោះទេ ដោយសារតែអត់មានថ្នាក់ដឹកនាំដែលខ្ញុំពេញចិត្តប៉ុន្តែដោយសារពួកយើងជាប្រជាពលរដ្ឋ អីចឹងយើងត្រូវតែទៅបោះឆ្នោតគ្រប់គ្នា។ ដោយសារតែអត់មានគណបក្សដែលខ្ញុំពេញចិត្តអីចឹងគឺខ្ញុំអាចក្រឡេកមើលថ្នាក់ដឹកនាំដែលល្អជាងហ្នឹង។ ខ្ញុំអាចបោះឲ្យគណបក្សដែលថ្នាក់ដឹកនាំគេល្អ អាចអភិវឌ្ឍប្រទេសយើង»។
ស្របពេលដែលគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បានអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការកុំទៅចូលរួមការបោះឆ្នោត នោះ មានការលើកឡើងជាច្រើនខុសៗគ្នា ដូចជាអ្នកដែលមិនចូលរួមបោះឆ្នោតនឹងត្រូវមាន ទោស ត្រូវកាត់ប្រាក់ខែ ត្រូវផាកពិន័យ ត្រូវបណ្តេញពីការងារជាដើម។ ការយល់ខុសទាំងនេះត្រូវគេយល់ឃើញថា ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនរអាមិនហ៊ានធ្វើពហិការ ហើយចម្រេចចិត្តទៅបោះឆ្នោតទាំងទើសទាល់។
ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដោយភ្ជាប់នឹងការព្រមានជាបន្តបន្ទាប់ថា ប្រសិនបើអ្នកមិនទៅបោះឆ្នោតហើយបែរយកទឹកខ្មៅ ឬថ្នាំលាបសក់មកលាបលើម្រាមដៃបន្លំថា បានទៅបោះឆ្នោត អ្នកនោះនឹងត្រូវប្រឈមនឹងការមានទោស។
ជាក់ស្តែងលោក ហ៊ុន មនោរាជ អាយុ២៩ឆ្នាំ ជាបុគ្គលិកសណ្ឋាគារមួយ បានឲ្យដឹងថា លោកនឹងទៅបោះឆ្នោត ពីព្រោះមានសំពាធពីកន្លែងការងារ និងបារម្ភពីមុខរបររបស់ប្រពន្ធលោកដែលកំពុងលក់ដូរនៅក្នុងផ្សារផងដែរ។
«ខ្ញុំថា មិនទៅ តែខ្ញុំគិតទៅ ខ្ញុំនឹងទៅដោយសារអី? ទី១សម្ពាធមេនឹងសួរហើយថា យ៉ាងម៉េចៗហេតុអីបានមិនទៅបោះ? អ្នកមិនទៅបោះគេថា អាចមិនមែនប្រជាពលរដ្ឋ ឬក៏ក្បត់ជាតិអីចឹង។ គេអត់បំរើសេវាសាធារណៈឲ្យ។ អីចឹងខ្លាច ត្រូវតែទៅ! ទៅអីចឹងទៅ តែអត់បោះទេ! ចង់និយាយថា ទៅ ទៅឲ្យតែមានឈ្មោះ ជ្រលក់តែម្រាមដៃក្នុងទឹកថ្នាំ សន្លឹកឆ្នោតមិនគូស ឬគូសស្អីៗ ក្រវេមក្រវាម ឲ្យតែខូចៗ។ ធ្វើម៉េចឲ្យតែមានទៅ និយាយឲ្យខ្លី!»
ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក នួន វិចិត្រ ដែលជាប្រជាពលរដ្ឋមានស្រុកកំណើតនៅខេត្តសៀមរាប បានប្តេជ្ញាចិត្តថា មិនទៅចូលរួមការបោះឆ្នោតនោះទេ ហើយក៏មិនខ្លាចការគំរាមកំហែង ឬពាក្យចចាមអារាមបំភិតបំភ័យអ្វីដែរ។
«សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមិនទៅបោះឆ្នោតទេ ដោយសារតែគ្មានគណបក្សដែលខ្ញុំពេញចិត្ត។ សម្រាប់ខ្ញុំដូចជាមិនខ្លាចទេ ដោយសារនេះជាសិទ្ធិរបស់ខ្ញុំ ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ។ និយាយទៅ ការបោះឆ្នោតខាងមុខនេះជាការបោះឆ្នោតមួយដែលក្លែងក្លាយ ការបោះឆ្នោតមួយដែលគ្មានភាពប្រជាធិបតេយ្យ»។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នេះគឺមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិទេ ស្របពេលដែលស្ថាប័នអន្តរជាតិធំៗមួយចំនួនបង្ហាញក្តីបារម្ភថា ការបោះឆ្នោតខាងមុខនឹងក្លាយជាការបោះឆ្នោតដែលមិនមានយុត្តិធម៌ និងមិនអាចទទួលយកបាន។
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ មានប្រសាសន៍ប្រាប់ VOA ថា ការដែលប្រជាពលរដ្ឋសម្រេចចិត្តទៅចូលរួមបោះឆ្នោតដោយស្ម័គ្រចិត្ត និងមានអ្នកខ្លះទៀតមិនព្រមទៅចូលរួមបោះឆ្នោតនោះ សុទ្ធតែជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ពួកគេ។ ក៏ប៉ុន្តែលោក មាស នីបានសម្តែងការបារម្ភថា បើមានអ្នកដែលទៅបោះឆ្នោតដោយសារការភិតភ័យតាមរយៈពាក្យចចាមអារាមកន្លងមក គឺមានន័យថា ការបំភិតបំភ័យនោះមានឥទ្ធិពលខ្លាំងទៅលើអ្នកចូលរួមបោះឆ្នោត។
លោក មាស នី បានឲ្យដឹងបន្តដែរថា ទោះបីជាគណបក្សសង្គ្រោះជាតិមិនមានវត្តមានក្នុងការបោះឆ្នោតនេះក៏ដោយ តែសន្លឹកឆ្នោតដែរមិនបានការនិងចំនួនប្រជាពលរដ្ឋដែលមិនចូលរូមបោះឆ្នោតគឺអាចបញ្ជាក់ពីប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិបាន។
«តើនៅពេលបោះឆ្នោតហ្នឹង សន្លឹកឆ្នោតមិនបានការហ្នឹងមានចំនួនប៉ុន្មាន? បើសិនសន្លឹកឆ្នោតមិនបានការមានចំនួនច្រើន នោះយើងអាចវាស់វែងបានថា ការបំភ័យទាំងឡាយដែលយើងបានឭ បានដឹងមកដល់ពេលនេះ គឺមានឥទ្ធិពលខ្លាំងទៅលើអ្នកបោះឆ្នោតនៅស្រុកខ្មែរយើង។ ក៏ប៉ុន្តែដោយសារ អ្នកទៅបោះឆ្នោតបានធ្វើឲ្យសន្លឹកឆ្នោតរបស់គេក្លាយទៅជាសន្លឹកឆ្នោតមិនបានការ បូកជាមួយអ្នកមិនទៅបោះឆ្នោតមានចំនួនច្រើនផងនោះ អាហ្នឹងបានន័យថា សង្គ្រោះជាតិនៅតែបានបង្ហាញខ្លួនថា សង្គ្រោះជាតិនៅតែមានឥទ្ធិពលទៅលើការបោះឆ្នោត»។
យ៉ាងណាក៏ដោយ ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន តែងប្រកាសថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះជាគ្មានការចូលរួមពីគណបក្សប្រឆាំង គ្មានការចូលរួមពីអ្នកសង្កេតការណ៍ និងគ្មានការទទួលស្គាល់លទ្ធផលបោះឆ្នោតដោយបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ៕