ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​បំផ្ទុះ​គ្រាប់បែក​បាន​សម្លាប់​មនុស្ស​បី​នាក់​នៅ​ក្នុង​ការ​វាយប្រហារ​លើ​ក្បួន​រថយន្ត​បេសកកម្ម​អឺរ៉ុប​


កងកម្លាំង​អាមេរិក និង​កងសន្តិសុខ​អាហ្វហ្គានីស្ថាន​ពិនិត្យ​មើល​ការ​ខួូចខាត​នៅ​កន្លែង​វាយ​ប្រហារ​ដោយ​គ្រាប់បែក​នៅ​ជិត​ព្រលាន​យន្តហោះ​ក្រុង​កាប៊ុល​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៧ ខែ​ឧសភា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​អាទិត្យ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​ឡាន​មួយគ្រឿង​បានត្រូវ​ចំ​ក្បួន​កុងវ័រ​បេសកកម្ម​ហ្វឹកហ្វឺន​ប៉ូលិស​មួយ​របស់​សហភាព​អឺរ៉ុប​នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងកាប៊ុល ​និង​បាន​បណ្តាល​ឲ្យ​មនុស្សបី​នាក់ស្លាប់។​

ពួក​តាលីបង់​បាន​អះអាង​ទាមទារ​ការទទួល​ខុសត្រូវដល់​ការ​វាយ​ប្រហារ​នោះ​ដែល​បាន​នាំ​ឲ្យ​អ្នកធ្វើការ​តាមកុងត្រា​ខាង​សន្តិសុខ​អង់គ្លេស​ម្នាក់​ និង​ស្ត្រី​ពីរ​នាក់​នៅ​ជិតទី​នោះ​បាត់បង់ជីវិត។​

ក្រសួង​មហាផ្ទៃអាហ្វហ្គានីស្ថាន​បាន​និយាយ​ថា​ មាន​មនុស្ស​១៨នាក់​ដោយ​មាន​រួម​បញ្ចូល​ជនស៊ីវិល​និង​ជនបរទេស​បី​នាក់​ដែល​ធ្វើការ​ឲ្យ​បេសកកម្ម​ប៉ូលិស​របស់​សហភាព​អឺរ៉ុប​ ក៏​បានត្រូវ​របួសនៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​នេះ​ដែរ។​

លោក Phil Hammond ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​អង់គ្លេស​បាន​ហៅ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ថា​ជា​អំពើ​កំសាក។​ លោក​បាន​និយាយ​បន្ថែមថាការវាយ​ប្រហារ​បែប​នេះ​ «មិន​ត្រូវ​បញ្ឈប់​ប្រជារាស្ត្រអាហ្វហ្គានីស្ថាន​ទេ​ក្នុង​ការ​ធ្វើការ​ឆ្ពោះ​ទៅកាន់​អនាគត​មួយ​មាន​សន្តិភាព​ជាង​មុន ដោយមាន​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ»៕

XS
SM
MD
LG