លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា Ash Carter នឹងអញ្ជើញទៅទស្សនាទ្វីបអឺរ៉ុបក្នុងសប្តាហ៍នេះ ដើម្បីសុំដល់ក្រុមសម្ព័ន្ធមិត្តក្នុងអង្គការអូតង់ឲ្យធ្វើការប្រែប្រួលតាមការគំរាមកំហែងថ្មីមួយពីប្រទេសរុស្សីនៅខាងកើត និងពីពួករដ្ឋអ៊ីស្លាមនៅខាងត្បូង។
លោកនឹងជួបជាមួយក្រុមមន្ត្រីនៅក្នុងប្រទេសអាល្លឺម៉ង់ អេស្តូនី និងប៊ែលហ្សិក ដើម្បីលើកទឹកចិត្តក្រុមរដ្ឋមន្ត្រីសម្ព័ន្ធមិត្តឲ្យធ្វើការជាមួយគ្នាឲ្យបានល្អជាងមុនក្នុងការទប់ទល់នឹងការគំរាមកំហែងដែលទ្វីបអឺរ៉ុបប្រឈមមុខ។
ក្រុមមន្ត្រីស.រ.អាបាននិយាយថា លោក Carter នឹងសុំដល់អង្គការអូតង់ឲ្យ«បោះបង់ចោលផែនការសកម្មភាពក្នុងសម័យសង្គ្រាមត្រជាក់» បន្ទាប់ពីការកាន់កាប់តំបន់គ្រីម៉េដោយអាជ្ញាធរវិមានក្រឹមឡាំង និងការគាំទ្រខាងយោធារបស់រុស្សីដល់ពួកទាមទារបំបែករដ្ឋក្នុងប្រទេសអ៊ុយក្រែន។
នៅក្នុងការប្រជុំមួយនៃអង្គការអូតង់ ក្រុមរដ្ឋមន្ត្រីការពារប្រទេសនឹងពិភាក្សាអំពីផែនការដើម្បីបង្កើនការទាក់ទិនរបស់សម្ព័ន្ធភាពនេះនៅការប្រយុទ្ធប្រឆាំងនឹងពួកជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់។
គេរំពឹងថា ពួកមេដឹកនាំអង្គការអូតង់នឹងពិចារណាអំពីការផ្តល់ការណែនាំកម្រិតរដ្ឋមន្ត្រី និងជំនួយខាងការហ្វឹកហ្វឺនឯទៀតៗនៅក្នុងប្រទេសអ៊ីរ៉ាក់៕