ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ដា​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហភាព​អឺរ៉ុប​ពិចារណា​ផ្ដល់​ជំនួយ​គ្រាប់​រំសេវ​ដល់​អ៊ុយក្រែន


ទាហាន​អ៊ុយក្រែន​បាញ់​កាំភ្លើង​ផ្លោង​ប្រភេទ howitzer ទៅ​កាន់​ទីតាំង​រុស្ស៊ី​នៅ​ជិត​ក្រុង​ Bakhmut ដែល​ជា​ទី​តាំង​នៃ​សមរភូមិ​​ក្តៅ​គគុក​នៅ​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២៣។
ទាហាន​អ៊ុយក្រែន​បាញ់​កាំភ្លើង​ផ្លោង​ប្រភេទ howitzer ទៅ​កាន់​ទីតាំង​រុស្ស៊ី​នៅ​ជិត​ក្រុង​ Bakhmut ដែល​ជា​ទី​តាំង​នៃ​សមរភូមិ​​ក្តៅ​គគុក​នៅ​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២៣។

រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​រាជធានីស្តុកខុល (Stockholm)​ ប្រទេស​ស៊ុយអែត ដោយ​អាទិភាព​មួយ​នៅ​ក្នុង​របៀបវារៈ​របស់​ពួកគេ​គឺ​ការ​ជំរុញ​ឱ្យ​មាន​ការ​ផ្ដល់​គ្រាប់​រំសេវ​បន្ថែម​ទៀត​ដល់​កងទ័ព​អ៊ុយក្រែន។

នៅ​ពេល​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​មុន​ជំនួប​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អេស្តូនី​លោក Hanno Pevkur បាន​ជំរុញ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ឱ្យ​ផ្ដល់​ថវិកា​ដើម្បី​ផ្គត់ផ្គង់​គ្រាប់​រំសេវ​រួមគ្នា​ឱ្យ​អ៊ុយក្រែន ដោយ​លោក​អះអាង​ថា​ កិច្ច​ប្រឹងប្រែង​នោះ​នឹង​បង្កើន​សមត្ថភាព​របស់​ឧស្សាហកម្ម​ផ្នែក​ការពារ​និង​ជួយ​ដល់​សន្តិសុខ​របស់​សហភាព​អឺរ៉ុប​នៅ​ពេល​អនាគត។

ប្រធាន​ផ្នែក​គោល​នយោបាយ​ការបរទេស​នៃ​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា បន្ថែម​ពី​លើ​កិច្ច​ប្រឹងប្រែង​រួម​នៅ​ក្នុង​ការ​ពង្រីក​សមត្ថភាព​ឧស្សាហកម្ម​ផ្នែក​ការពារ សមាជិក​សហភាព​អឺរ៉ុប​ក៏​គួរតែ​ផ្ដល់​នូវ​គ្រាប់​រំសេវ​នៅ​ក្នុង​រយៈ​ពេល​ខ្លី​ឱ្យ​បាន​ឆាប់​ផង​ដែរ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ពី​ស្តុក​ដែល​មាន​ស្រាប់​របស់​ខ្លួន។ លោក Borrell បាន​និយាយ​ថា ការ​បញ្ជូន​នូវ​អ្វី​ដែល​មាន​ស្រាប់​នៅ​ពេល​ឥឡូវ​នេះ​អាច​សម្រេច​បាន​នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ។

លោក Borrell ថ្លែង​ដូច្នេះ​ថា៖ «បញ្ហា​គឺ​ថា​តើ​ត្រូវ​ផ្ដល់​គ្រាប់​រំសេវ​ដែល​អ៊ុយក្រែន​ត្រូវការ​នោះ​តាម​របៀប​ណា​ដើម្បី​ឱ្យ​អ៊ុយក្រែន​បន្ត​ការ​ការពារ​ខ្លួន»។

ប្រទេស​អ៊ុយក្រែន​បាន​ស្នើ​ជា​ពិសេស​ឱ្យ​សម្ព័ន្ធមិត្ត​ផ្ដល់​គ្រាប់​កាំភ្លើង​ធំ​ទំហំ ១៥៥ មីលីម៉ែត្រ​បន្ថែម​ទៀត​ដល់​ខ្លួន៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ Reuters។

XS
SM
MD
LG