ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​មន្រ្តី​សហភាព​អ៊ឺរ៉ុប​ជួប​ប្រជុំ​អំពី​បញ្ហា​អន្តោប្រវេសន៍​បន្ទាប់​ពី​មហន្តរាយ​លិច​ទូក


តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​ លោក​ស្រី​ Federica Mogherini (កណ្តាល) សង្កេត​មើល​ការ​ស្មឹង​ស្មាត​គោរព​វិញ្ញានក្ខន្ធ​​ ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​នៃ​សហភាព​អឺរ៉ុប​នៅ​អគារ​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប​នៅ​ប្រទេស​លុចសំបួ​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា​ ឆ្នាំ​២០១៥។

រដ្ឋមន្រ្តី​ការបរទេស​និង​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ​កំពុង​ធ្វើ​សន្និសីទ​រួម​គ្នា​មួយ​នៅ​ក្នុង​ប្រទេស​លុចសំបួ (Luxembourg) ​ដើម្បី​ពិភាក្សាអំពី​មហន្តរាយ​ជន​អន្តោប្រវេសន៍នៅ​ក្នុង​សមុទ្រ​មេឌី​ទែរ៉ាណេ។

ជំនួប​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​កើត​មាន​ឡើង​នៅ​ពេល​ដែល​ប្រទេសអ៊ីតាលី​បន្ត​ការស្វែង​រក​ដ៏​ធំ​មួយនិង​កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ទូក​ដែល​បាន​ក្រឡាប់​នៅ​សមុទ្រ​មេឌីទែរ៉ាណេ​ ​ស្ថិតនៅផ្ទៃ​ទឹក​នៃ​ប្រទេស​លីប៊ី​។ ទូកនោះ​បាន​ដឹក​ជន​ចំណាក​ស្រុក​រាប់​រយ​នាក់ ​ខណៈ​ពេល​ដូច​គ្នា​ជួយ​សង្គ្រោះ​ជន​អន្តោ​ប្រវេសន៍​ស៊ីរីពី​កប៉ាល់​មួយ​ទៀត​នៅ​ផ្ទៃ​ទឹក​ទល់​មុខ​ឆ្នេរ​សមុទ្រ​កោះ Sicily។

កូន​ក្មេង១៣​នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​ចំណាក​ស្រុក​ស៊ីរី​៩៨​នាក់​ ដែល​ទូក​របស់​ពួកគេ​មាន​ប្រភព​ដើម​ចាក​ចេញ​ពី​ប្រទេស​តួគី​ ​ធ្វើ​ដំណើរ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ទៅ​កាន់​ទ្វីប​អឺរ៉ុប។

លោកស្រី​ Federica Mogherina ​ប្រធានគោល​នយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប ​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ទ្វីប​នេះ​មាន​កាត្វកិច្ច​ខាង​សីលធម៌​ដើម្បី​ផ្តោត​លើ​ការ​ទទួល​ខុស​ត្រូវ​ នៅ​ពេល​ដែល​ក្រុម​ប្រទេស​អឺរ៉ុបការពារ​ប្រភេទ​នៃ​សោធនាដ​កម្ម​ទាំង​នេះ​កុំ​ឲ្យ​កើត​មាន​ឡើង​ម្តងហើយ​ម្តង​ទៀត។

លោក​ស្រី Carlotta Sami អ្នក​នាំពាក្យ​ស្នងការ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា ​ជន​ចំណាក​ស្រុក​ដែល​កំពុង​ស្វះស្វែង​រក​ជី​វភាព​ប្រសើរ​ឡើង​នៅអឺរ៉ុប ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នានាដើម្បី​ឲ្យ​បាន​ទៅ​ដល់​ទិសដៅ​របស់​ខ្លួន៕

XS
SM
MD
LG