សហភាពអឺរ៉ុបនៅថ្ងៃពុធនេះបានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនៅកម្ពុជា «គ្រប់មុខទំនិញលើកលែងសព្វាវុធ»ឬ Everything But Arms (EBA) មួយផ្នែកទៅលើមុខទំនិញមួយចំនួន ដែលការណ៍នេះនឹងប៉ះពាល់ទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិកនៃការនាំចេញសរុបរបស់កម្ពុជាទៅសហភាពអឺរ៉ុប។
ការសម្រេចព្យួរបណ្តោះអាសន្នកើតឡើង បន្ទាប់ពីមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា។ នេះបើយោងតាមសេចក្តីសម្រេចដែល VOA ទទួលបាននៅថ្ងៃពុធនេះ។
បើតាមសេចក្តីសម្រេច ការព្យួរនេះនឹងប៉ះពាល់ផលិតផលស្បែកជើង និងសម្លៀកបំពាក់មួយចំនួន។ ហើយទំនិញសម្រាប់ធ្វើដំណើរ និងស្ករត្រូវបានសម្រេចព្យួរទាំងស្រុង។ សេចក្តីសម្រេចបញ្ជាក់ទៀតថា ការព្យួរបណ្តោះអាសន្ននេះនឹងប៉ះពាល់ដល់ការនាំចេញក្នុងទំហំទឹកប្រាក់ប្រមាណ ១១០០លានដុល្លារជារៀងរាល់ឆ្នាំ ដែលស្មើប្រមាណ ២០ភាគរយនៃទំហំទឹកប្រាក់នៃការនាំចេញសរុបពីកម្ពុជា ដែលមានតម្លៃប្រមាណ ៥៨០០លានដុល្លារអាមេរិក។
សេចក្តីសម្រេចបញ្ជាក់ថា ប្រសិនបើគ្មានការជំទាស់ពីសភាអឺរ៉ុប និងក្រុមប្រឹក្សានៅពេលខាងមុខ ការព្យួរនេះនឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
សេចក្តីសម្រេចបញ្ជាក់ទៀតថា គណៈកម្មការសហភាពអឺរ៉ុបនឹងបន្តតាមដានស្ថានភាពសិទ្ធិស៊ីវិល សិទ្ធិនយោបាយ ការងារ ដីធ្លី និងផ្ទះសម្បែងផងដែរនៅកម្ពុជា។គណៈកម្មការអាចនឹងធ្វើវិសោធនកម្មសេចក្តីសម្រេចព្យួរនេះ ប្រសិនបើស្ថានភាពទាំងនេះមានភាពល្អប្រសើរនៅកម្ពុជា។
កម្ពុជាទទួលបានឋានៈអនុគ្រោះពន្ធ EBA តាំងពីឆ្នាំ២០០១មកម្ល៉េះ។
យោងតាមរបាយការណ៍របស់សហភាពអឺរ៉ុប ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបក្នុងឆ្នាំ២០១៨ មានទំហំប្រមាណ ៥,៨ពាន់លានដុល្លារ ដែលក្នុងនោះផលិតផលសម្លៀកបំពាក់ មានជាង ៧៣,៤ភាគរយនៃការនាំចេញ ស្បែកជើងប្រមាណ១២,៧ភាគរយ កង់ ៥,៧ភាគរយ និងអង្ករ ៣ភាគរយ។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានរិះគន់យ៉ាងខ្លាំង ដោយសហគមន៍អន្តរជាតិ បន្ទាប់ពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។ សហភាពអឺរ៉ុបបានរកឃើញថា រដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិនយោបាយ «ជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ» ក្នុងនោះមានការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដាក់ឃុំឃាំងការរំលាយអតីតគណបក្សប្រឆាំងដ៏ធំនេះនិងការហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សចំនួន ១១៨នាក់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
លោក កាំង មុនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងប្រាប់ VOA នៅល្ងាចថ្ងៃពុធ ក្រោយការចេញសេចក្តីសម្រេចថា វិស័យកាត់ដេរ និងស្បែកជើង «មិនគួរត្រូវបានដាក់ទណ្ឌកម្មនោះទេ»។
លោកមានប្រសាសន៍ថា៖ «មានការសោកស្តាយដែរ ដូចថាវិស័យយើង បើនិយាយពីការគោរពលក្ខខណ្ឌការងារ គឺយើងធ្វើបានល្អ»។
លោកបន្តថា សមាគមរោងចក្រកាត់ដេរ នឹងជជែកជាមួយអ្នកបញ្ជាទិញ ដើម្បីបញ្ជាក់ថាតើពួកគេនឹងចូលរួមក្នុងការបង់ពន្ធ ឬយ៉ាងណា។
លោកមានប្រសាសន៍ថា៖ «ថាតើ buyer (អ្នកបញ្ជាទិញ) គេនឹងគិតយ៉ាងម៉េច។ គេនឹងនៅបន្តគាំទ្រនៅក្នុងប្រភេទផលិតផលហ្នឹងតទៅទៀត ដោយរួមចំណែកគ្នាជួយចេញគ្នាខ្លះ ក្នុងការបង់ពន្ធឬយ៉ាងណា។ អាហ្នឹងយើងអត់ទាន់ដឹង»។
ទោះជាយ៉ាងណា លោក កាំង មុនីកា មិនទាន់អាចបញ្ជាក់ថាតើផលិតផលសម្លៀកបំពាក់ និងស្បែកជើងប្រភេទណាខ្លះ នឹងប៉ះពាល់ ដោយរង់ចាំការផ្ទៀងផ្ទាត់លេខកូដនៅក្នុងសេចក្តីសម្រេចជាមុនសិន។ លោកក៏មិនទាន់អាចបញ្ជាក់ថាតើទំហំទឹកប្រាក់ដែលខាតបង់ ដោយសារការតម្រូវឲ្យបង់ពន្ធនេះ មានប៉ុន្មាននោះទេ។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា៖ «បើទោះបីជាកម្ពុជានឹងមិនបាត់បង់អត្ថប្រយោជន៍ទាំងស្រុងក្តី ក៏សេចក្តីសម្រេចនេះនឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ហើយអាចបាត់បង់ការទាក់ទាញអ្នកវិនិយោគអន្តរជាតិ និងអាចកាត់បន្ថយសក្តានុពលនៃកំណើនសេដ្ឋកិច្ចជាតិមួយកម្រិត និងអាចប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ដែលធ្វើការក្នុងសហគ្រាស ឬរោងចក្រ ដែលផលិតទំនិញនាំចេញទៅអឺរ៉ុប»។
កាលពីថ្ងៃអង្គារ មួយថ្ងៃមុនសេចក្តីសម្រេចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ ប្រជាពលរដ្ឋកម្ពុជាថាកុំឲ្យបារម្ភពីការបាត់ប្រព័ន្ធអនុគ្រោះពន្ធនេះ»៕