បើមិនមានការប្រែប្រួលនោះទេ នៅថ្ងៃទី១២ខែកុម្ភៈខាងមុខនេះ សហភាពអឺរ៉ុបនឹងចេញសេចក្ដីសម្រេចរបស់ខ្លួន លើវាសនាអនាគតនៃវត្តមានរបស់កម្ពុជា ក្នុងចំណោមបណ្ដាប្រទេសដែលទទួលបានការអនុគ្រោះពន្ធនាំចេញទំនិញទៅកាន់ទីផ្សាររួមមួយនេះ ក្នុងក្របខណ្ឌពាណិជ្ជកម្ម «គ្រប់ទំនិញទាំងអស់លើកលែងតែសព្វាវុធ» ឬហៅថា Everything But Arms (EBA)។
បណ្ដាញសារព័ត៌មាន Bloomberg ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានដកស្រង់ប្រភពក្រៅផ្លូវការ ដែលបានបញ្ជាក់ថា សហភាពអឺរ៉ុបគ្រោងនឹងសម្រេចដកកម្ពុជាពីប្រព័ន្ធអនុគ្រោះពន្ធនេះ។
ការសម្រេចនាពេលដ៏ខ្លីខាងមុខ ធ្វើឡើងមួយឆ្នាំបន្ទាប់ពីប្លុកដែលបច្ចុប្បន្នមានរដ្ឋសមាជិកចំនួន២៧មួយនេះ បានប្រកាសសើរើឡើងវិញត្រួតពិនិត្យលក្ខណៈសម្បត្តិរបស់កម្ពុជា ក្នុងការស្ថិតក្នុងក្របខណ្ឌ EBA ដែលកម្ពុជាអាចនាំទំនិញច្រើនពាន់លានដុល្លារទៅលក់នៅទីផ្សារអឺរ៉ុបក្នុងមួយឆ្នាំៗ ដោយមិនជាប់កាតព្វកិច្ចពន្ធគយអ្វីទាំងអស់។
ការណ៍ដែលរុញឱ្យមានការសើរើនេះ ទីក្រុងព្រុចសែលបានលើកហេតុផល អំពីស្ថានភាពអាប់អួរនៃលំហរនយោបាយ និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដែលរួមមានការរំលាយបក្សជំទាស់ដ៏ធំបំផុតក្នុងប្រទេស ការគាបសង្កត់លើអង្គការសង្គមស៊ីវិលនិងអ្នកតស៊ូមតិ និងការអនុវត្តវិធានការច្បាប់លើបណ្ដាញសារព័ត៌មានដែលមិនចំណុះនឹងរដ្ឋ នៅមុនការបោះឆ្នោតជាតិ២០១៨ ដែលបក្សប្រជាជនកម្ពុជាប្រមូលអាសនៈទាំងអស់នៅសភាជាន់ទាប និងឈ្នះឆ្នោតជាថ្មី។
រដ្ឋាភិបាលកម្ពុជាបានប្រកែកមិនព្រមតម្រូវតាមការចង់បានរបស់សហភាពអឺរ៉ុបឡើយ ហើយថាការចាត់ការដ៏ចម្រូងចម្រាសទាំងឡាយទាំងពួងមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ គឺជាវិធានការចាំបាច់ក្នុងការអនុវត្តច្បាប់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្តិភាព ស្ថិរភាព និងនីតិរដ្ឋ តែអ្នករិះគន់ថា នេះជាហេតុផលដើម្បីផាត់ចេញក្រុមប្រឆាំងតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ក្រុមអ្នកតាមដាន និងអ្នកពាក់ព័ន្ធ បានបរិយាយការសម្រេចនាថ្ងៃទី១២ខែកុម្ភៈខាងមុខនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលអញ្ញត្តិឫសរបស់វា អាចនឹងរាលដាលដល់ស្ថានការណ៍អនាគតនៃវិស័យសេដ្ឋកិច្ច នយោបាយជាតិ និងចរន្តភូមិសាស្ត្រនយោបាយតំបន់ថែមទៀតផង។
ការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប ដែលត្រូវឆ្លងកាត់ការរួចពន្ធគយក្នុងក្របខណ្ឌ EBA នេះដោយស្វ័យប្រវត្តិមានទំហំជិត៦ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨ ដែលភាគច្រើនជាទំនិញវាយនភណ្ឌ ស្បែកជើង ដែលផ្ដល់ការងារដល់ប្រជាជនកម្ពុជាជិត១លាននាក់។
អ្នកជំនាញនិងអ្នកពាក់ព័ន្ធបានលើកឡើងថា អវត្តមាននៃប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងនាំនូវផលលំបាកដល់សេដ្ឋកិច្ចជាតិ ដែលបរិយាកាសវិនិយោគនៅតែមានភាពទាក់ទាញនិងភាពប្រកួតប្រជែងមានកម្រិត ដ្បិតបានការអនុគ្រោះពន្ធនេះហើយ បានមកបូកផ្សំជាកត្តាឃុំគ្រងរក្សាវត្តមានវិនិយោគិនជាច្រើនមកបណ្ដាក់ទុននៅប្រទេសមួយនេះ។
ចាប់តាំងពីខែមីនា ឆ្នាំ២០១៩មក រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការសម្រួលបរិយាកាសវិនិយោគ រួមមានការកាត់បន្ថយការិយាធិបតេយ្យ និងចំណាយថ្លៃដើម ក្នុងអ្វីដែលត្រូវបានមើលឃើញថា ជាការរៀបជើងព្រួលដើម្បីផ្ដល់ឱ្យវិនិយោគិននូវភាពប្រកួតប្រជែងបន្ថែមទៀត ក្នុងការបន្តវិនិយោគ និងបន្ថែមការវិនិយោគ ទោះគ្មាន EBA ក៏ដោយ។
យ៉ាងណាក៏ដោយ ការកើនឡើងលឿននៃតម្លៃប្រាក់ឈ្នួលអប្បបរមា និងការបន្ថែមបទប្បញ្ញត្តិគាំពារការងារជាច្រើនដង នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាននាំឱ្យភាពទាក់ទាញដែលមានស្រាប់ផ្សេងពីប្រព័ន្ធអនុគ្រោះពន្ធហាក់មានភាពថមថយ។ នេះបើយោងតាមលោក Casey Barnett ប្រធានសាលាពាណិជ្ជកម្ម CamED នៅទីក្រុងភ្នំពេញ។
លោក Casey Barnett បានប្រាប់ VOA តាមសារអេឡិចត្រូនិក ក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ក្នុងរយៈពេលវែង រដ្ឋាភិបាលអាចជួយបន្ទាបតម្លៃដើម ដោយលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យថាមពល និងដឹកជញ្ជូន»។
ក្នុងសិក្ខាសាលាមួយកាលពីសប្ដាហ៍មុន លោក វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ បានព្យាករណ៍ថា សហភាពអឺរ៉ុបនឹងតម្រូវឱ្យបង់ពន្ធគយលើប្រមាណចន្លោះពី២០% ទៅ៣០% លើទំនិញកម្ពុជា ដែលនឹងនាំឱ្យមានការធ្លាក់ចុះការនាំចេញប្រមាណ៥០០លានដុល្លារ ខណៈកម្មករកម្មការនី៣ម៉ឺន៥ពាន់នាក់ប្រឈមនឹងការបាត់បង់ការងារ។
យ៉ាងណាក៏ដោយ ប្រធានសាលាពាណិជ្ជកម្ម CamED លោក Casey Barnett បានលើកឡើងថា ក្រុមថៅកែរោងចក្រក្នុងវិស័យកាត់ដេរដែលមានវត្តមានស្រាប់នៅកម្ពុជា មានថ្លៃដើមវិនិយោគជាប់ឫសនឹងទីតាំងនេះ ដូចជាទីតាំងអចលនទ្រព្យ រួមមានដីនិងអគាររោងចក្រ សម្ភារៈឧបក្ខារផលិត និងការវិនិយោគអភិវឌ្ឍន៍ធនធានមនុស្ស ដែលនាំឱ្យពួកគេពិបាកក្នុងការប្ដូរផ្លាស់រើទីតាំង។
«ការបាត់បង់ពិតជាក់ស្ដែងនៃការងារ (បណ្ដាលពីការបាត់បង់ EBA) មិនមែនស្ថិតនៅជាមួយនឹងកម្លាំងការងារដែលមានស្រាប់ទេ តែជាការពង្រីកការងារជួលមនុស្សបន្ថែមទៅថ្ងៃអនាគត។ ឆ្ពោះទៅមុខ អវត្តមាននៃបុព្វសិទ្ធិពាណិជ្ជកម្ម [EBA] អាចនឹងរារាំងអ្នកវិនិយោគថ្មី[បន្ថែមមិនឱ្យមកបណ្ដាក់ទុននៅកម្ពុជា]»។
ការប៉ាន់ប្រមាណរបស់រដ្ឋាភិបាល បើមិនមានប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលជាចំណុចទាក់ទាញនិងជាកត្តាប្រកួតប្រជែងដ៏សំខាន់នៃការវិនិយោគរបស់កម្ពុជា ប្រទេសមួយនេះនឹងត្រូវបង់តម្លៃបន្ថែមពន្ធគយប្រមាណ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ សម្រាប់ការនាំចេញទំនិញរបស់ខ្លួនទៅសហភាពអឺរ៉ុប ដែលអ្នកវិភាគបានលើកឡើងថា ជាការទម្លាក់ការលើកទឹកចិត្តការវិនិយោគជាខ្លាំងនៅកម្ពុជា ជាពិសេសក្នុងវិស័យកាត់ដេរដែលប្រើកម្មករជិត១លាននាក់។
អ្នកបញ្ជាទិញធំៗលំដាប់សកលលោក ដូចជាក្រុមហ៊ុន H&M បានលើកឡើងថា ឋានៈស្ថិតក្នុងក្របខណ្ឌ EBA ជាកត្តាទាក់ទាញដ៏«សំខាន់» សម្រាប់ការបោះទុនវិនិយោគលើវិស័យវាយនភណ្ឌរបស់កម្ពុជា។ នេះបើយោងតាមអ្នកស្រី Ulrika Isaksson អ្នកនាំពាក្យក្រុមហ៊ុន H&M។
អ្នកនាំពាក្យក្រុមហ៊ុនរូបនេះ បានបន្ថែមទៀតថា៖ «ការដកហូតបុព្ធសិទ្ធិ EBA នឹងនាំទៅរកការផ្លាស់ប្តូរទីតាំងវិនិយោគដោយអន្លើពីសំណាក់ក្រុមហ៊ុនH&M។ ប៉ុន្តែវាលឿនពេកពេលនេះ ដែលយើងមិនទាន់អាចផ្តល់សេចក្តីលម្អិតអំពីរឿងនេះនៅឡើយ»។
អ្នកស្រី Ulrika Isaksson បានលើកឡើងថា ក្រុមហ៊ុនអ្នកស្រីរក្សាជំហរស្របជាមួយនឹងសហភាពអឺរ៉ុប ចង់ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ឱ្យ«ដោះស្រាយបញ្ហារំលោភបំពានដ៏ធ្ងន់ធ្ងរលើលំហរសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋក្នុងប្រទេស»។
ថាតើរដ្ឋាភិបាលក្រុងភ្នំពេញនឹងសម្បទានឬអត់នោះ ត្រូវបានមើលឃើញថាជាចំណុចកូនសោរមួយ។
ក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស កាលពីថ្ងៃទី៣១ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពីដើមមកបានទន្ទេញថា «មិនយកអធិបតេយ្យជាតិទៅដូរជាមួយជំនួយនិងការអនុគ្រោះ» ពីបរទេសនោះ បានលើកឡើង អំពីភ័យន្តរាយដែលកើតចេញពីការដាក់ទណ្ឌកម្ម និងផ្លែផ្កាចោទសួរអំពីអនាគតសហភាពអឺរ៉ុបខ្លួនឯង នៅចំពេលមានចាកចេញរបស់ប្រទេសអង់គ្លេស។
«នយោបាយដាក់ទណ្ឌកម្ម ដែលការពិតជានយោបាយប្រទេសធំសង្កត់ទៅលើប្រទេសតូចជាង មិនមែនជានយោបាយត្រឹមត្រូវទេ ជាពិសេសនៅពេលពួកគេអនុវត្តនយោបាយនេះ ក្នុងនាមគុណតម្លៃ និងគោលការណ៍ដែលគេប្រើ ឬមិនប្រើស្របតាមកាលៈទេសៈ និងផលប្រយោជន៍ណាដែលអំណោយផលឱ្យគេ»។
នាយករដ្ឋមន្ត្រីដែលកាន់អំណាចបាន៣៥ឆ្នាំរូបនេះបានបន្តទៀតថា៖ «ចំពោះកម្ពុជាវិញ សហគមន៍អន្តរជាតិ គប្បីជួយយើងឱ្យបានខ្លាំងឡើង ឯកភាពរឹងមាំឡើង ជាជាងបំបែកបំបាក់ បន្ទុចបង្អាក់ឱ្យចុះខ្សោយតាមវិធានការ ដែលនឹងអាចក្លាយជាកំហុសលើកទី៣របស់ខ្លួន»។
សម្រាប់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលបានស្គាល់នូវការធ្លាក់ចុះសំឡេងគាំទ្រនាការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ នៅចំពោះមុខគណបក្សសង្គ្រោះជាតិ ដែលចេះតែកើនឡើងសំឡេងគាំទ្រ ការទាមទារឱ្យមានការប្ដូរសេចក្ដីសម្រេច បើកឱ្យបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ជារឿងមិនអាចទៅរួច។
យ៉ាងណាក្ដីកន្លងមក ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨ សម្បទានមួយចំនួនពីទីក្រុងភ្នំពេញ រួមមានការលើកលែងទោស ឬដោះលែងឱ្យនៅក្រៅឃុំ នូវសមាជិកសកម្មជនបក្សជំទាស់ អ្នករិះគន់រដ្ឋាភិបាលនិងអ្នកសារព័ត៌មានឯករាជ្យ ដែលត្រូវបាត់បង់សេរីភាព ដោយសារតែ«ការអនុវត្តច្បាប់»របស់រដ្ឋាភិបាល និងដែលត្រូវបានអ្នកជំទាស់បរិហារថា«មានចរឹតនយោបាយ»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួនទៅទទួលការឃុំឃាំង ក្នុងពន្ធនាគារត្រពាំងផ្លុង អស់មួយឆ្នាំ ត្រូវបានផ្ទេរមកឃុំនៅក្នុងគេហដ្ឋានរបស់លោក ក្នុងខណ្ឌទួលគោក កាលពីខែកញ្ញា ឆ្នាំ២០១៨ មុននឹងត្រូវបានដោះលែងនៅខែវិច្ឆិកា ឆ្នាំមុន។
សវនាការដែលអូសបន្លាយមិនងាយនឹងចាប់ផ្ដើម លើសំណុំរឿង«សន្ទិដ្ឋិភាពជាមួយបរទេស» លើលោក កឹម សុខា នៅទីបំផុតទៅបានបើកដំណើរការ កាលពីពាក់កណ្ដាលខែមករា កន្លងទៅ ហើយការណ៍នេះ ត្រូវបានតុលាការបង្ហើបថា អាចនឹងអូសបន្លាយពេលដល់ទៅបីខែ ពោលគឺហួសក្រោយលទ្ធផល EBA។
លោក ហ៊ុន សែន ធ្លាប់បានព្រមានកាលពីពេលកន្លងមកថា «ការដក EBA គឺមានតម្លៃស្មើនឹងសម្លាប់បក្សប្រឆាំង» ហើយសហភាពអឺរ៉ុបនឹងពុំមានគន្លឹះឬចំណុចខ្ទាស់អ្វី មកនិយាយចរចាឬដាក់សម្ពាធទីក្រុងភ្នំពេញទៀតឡើយ។
ការិយាល័យអ្នកនាំពាក្យរបស់សហភាពអឺរ៉ុបបានបញ្ជាក់ប្រាប់ VOA ក្នុងសប្ដាហ៍នេះថា គណៈកម្មការអឺរ៉ុប ដែលជាអង្គការនីតិប្រតិបត្តិរបស់ខ្លួន បាននិងកំពុងមមាញឹកធ្វើសំណើនៃសេចក្ដីសម្រេចចិត្តលើអនាគតកម្ពុជា ក្នុងក្របខណ្ឌ EBA ជាមួយនឹង«ការពិគ្រោះយោបល់យ៉ាងជិតដិត» ជាមួយសភាអឺរ៉ុប និងបណ្ដារដ្ឋជាសមាជិក។
ការិយាល័យអ្នកនាំពាក្យដដែលបានឱ្យដឹងដោយខ្លីយ៉ាងដូច្នេះថា៖ «ជម្រើសវិធានការនានាដែលអាចនឹងត្រូវបានដាក់ចេញ ពិតណាស់ នឹងត្រូវធ្វើឱ្យមានតុល្យការរវាងការដោះស្រាយឱ្យមានប្រសិទ្ធភាពនូវការរំលោភបំពានសិទ្ធិមនុស្ស ដែលរុញបញ្ឆេះឱ្យមានការដាក់ឱ្យដំណើរការនីតិវិធីសើរើប្រព័ន្ធអនុគ្រោះពន្ធនេះ ព្រមពេលជាមួយនឹងការថែរក្សាឱ្យគង់វង្សនូវកម្មវត្ថុនៃការអភិវឌ្ឍរបស់គម្រោង [EBA] នេះតែម្ដង»។
ក្នុងច្បាប់ចម្លងនៃរបាយការណ៍ព្រាងមួយចុះថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩ និងមានកម្រាស់៧០ទំព័រ ដែលសហភាពអឺរ៉ុបត្រូវផ្ញើជូនរដ្ឋាភិបាលកម្ពុជា ជារបកគំហើញនៃរង្វាយតម្លៃរបស់សហភាពលើស្ថានភាពសិទ្ធិមនុស្សនិងសិទ្ធិនយោបាយនៅកម្ពុជា។ របាយការណ៍នេះ បានគូសឱ្យឃើញនូវ«ការរំលោភបំពានដ៏ធ្ងន់ធ្ងរនិងជាប្រព័ន្ធ»លើលំហរសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ និង«ការរំលោភបំពានដ៏ធ្ងន់ធ្ងរ»លើបញ្ហាសិទ្ធិការងារ។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានមុនចេញទៅចូលរួមសវនាការលើសំណុំក្ដីរូបលោក កាលពីថ្ងៃទី០៦ខែកុម្ភៈ លោក កឹម សុខា បាននិយាយថា លោករំពឹងថាសេចក្ដីសម្រេចនានារបស់សហភាពអឺរ៉ុបនឹងមិនមានពាក់ព័ន្ធនឹងដំណើរការក្ដីប្រឆាំងនឹងរូបលោកឡើយ។
យ៉ាងណាក្ដីលោកបានលើកឡើងថា៖ «ខ្ញុំសង្ឃឹមច្រើន [ថានឹងរួចពីការចោទប្រកាន់] ពីព្រោះអី? រដ្ឋាភិបាល ថ្នាក់ដឹកនាំសព្វថ្ងៃហ្នឹង គាត់មិនចង់ដើរចេញពីសហគមន៍អន្តរជាតិទេ»។
អ្នកដែលគាំទ្រដ៏ចម្បងសម្រាប់រដ្ឋាភិបាលក្រុងភ្នំពេញ គឺរដ្ឋាភិបាលក្រុងប៉េកាំង ដែលធ្លាប់បានសន្យាជួយកម្ពុជាលើបញ្ហា EBA។ ក្នុងជំនួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមសប្ដាហ៍នេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា កម្ពុជាមិនត្រូវ«ឱនក្បាល»ធ្វើតាមការចង់បានរបស់សហភាពអឺរ៉ុបនោះទេ។
ក្នុងជំនួបដដែលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើលោកប្រធានរដ្ឋចិន ឱ្យជួយគាំទ្រវិនិយោគិនចិនឱ្យបន្តបណ្ដាក់ទុនរក្សាវត្តមានក្នុងប្រទេសកម្ពុជា និងលើកទឹកចិត្តឱ្យមានវិនិយោគិនបន្ថែមទៀត នៅចំពោះមុខនៃលទ្ធភាពនៃការបាត់បង់បុព្វសិទ្ធិពាណិជ្ជកម្មនេះ។ កម្ពុជាក៏កំពុងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនផងដែរ។
លោកបណ្ឌិត រ៉ូ វណ្ណៈ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានលើកឡើងថាកាលៈទេសៈនេះ នឹងបង្កើនការពឹងពាក់របស់កម្ពុជាទៅលើប្រទេសចិន ហើយកម្ពុជាក៏ខាតប្រយោជន៍ បាត់មុខមាត់ រីឯអឺរ៉ុបខ្លួនឯងក៏លែងទឹកមាត់ប្រៃ។
«អ៊ីចឹងបើសិនជាកម្ពុជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ចិន អ៊ីចឹងបានន័យថា អាស៊ានវា វា វាអាចហែកជាសំឡេងហើយ វាធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ភូមិសាស្ត្រនយោបាយតំបន់ នៅពេលដែលអារិភាពរវាងចិននិងអាមេរិក ឬក៏អារិភាពរវាងចិននិងអឺរ៉ុប ផ្ទុះឡើងក្នុងពេលអនាគត អាស៊ានលែងជាសំឡេងឯកច្ឆន្ទរួម តែមួយក្នុងការធ្វើឱ្យមានតុល្យភាពអំណាចជាមួយនឹងចិនឬអឺរ៉ុបហើយ»។
ការណ៍នេះនឹងបើកលទ្ធភាពឱ្យកម្ពុជាមានភាពតានតឹងជាមួយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកាន់តែមានភាពចម្រូងចម្រាសជាមួយចិន លើសំណុំរឿងសមុទ្រចិនខាងត្បូង ឆ្លងចូលឆ្នាំថ្មីឆ្នាំ២០២០នេះ ដែលទាមទារឱ្យអ្នកសម្រេចចិត្តនៅភ្នំពេញ ពិចារណាឱ្យបានដិតដល់លើការ«ពឹងអាស្រ័យដាច់ណាត់»ទៅលើប្រទេសចិន។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិត រ៉ូ វណ្ណៈ៕