ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ចម្រុះ៖​ កម្ពុជា​ប្រឈម​នឹង​ការ​ព្យួរ ​EBA លើ​ផលិត​ផល​មួយ​ចំនួន


រូបឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។
រូបឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

មុន​ការ​ចេញផ្សាយ​សេចក្តី​សម្រេច​ចុង​ក្រោយ​របស់​សហភាព​អឺរ៉ុប​លើ​ឋានៈ​អនុគ្រោះ​ពន្ធកម្ពុជា​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ របាយការណ៍​ចម្រុះ​មួយ​រួម​ទាំង​សារព័ត៌មាន​ផង​លើក​ឡើង​ជាមុន​ថា កម្ពុជា​ប្រឈម​នឹង​ការ​ព្យួរ​EBAលើ​ផលិត​ផល​មួយ​ចំនួន។

គណៈ​កម្មការ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ នឹង​បង្ហាញ​សេចក្តីសម្រេចរបស់​ខ្លួន​មួយ ថា​តើ​នឹង​មាន​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅ​កម្ពុជា«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»ឬ Everything But Arms (EBA) ដែល​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​នាំ​ចេញ​ដោយ​មិន​មាន​ការ​យក​ពន្ធ​ឬ​យ៉ាងណា។ ប៉ុន្តែ​មុន​នឹង​ដាក់​បង្ហាញ​សេចក្តី​សម្រេច​នេះ សមាជិក​សភា​សហភាព​អឺរ៉ុប​ម្នាក់ និង​របាយការណ៍​សារព័ត៌មាន​អន្តរ​ជាតិ​បាន​លើក​ឡើង​ថា«នឹង​មាន​ការ​ព្យួរ​លើ​ផលិត​ផល​មួយ​ចំនួន»។

រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង ដោយ​សហគមន៍​អន្តរជាតិ ក្នុង​ការ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​រំលោភ​សិទ្ធិ​នយោបាយ​«ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ» ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន​លោក​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ឃុំឃាំង​ការ​រំលាយ​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ​និង​ការ​ហាមឃាត់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ចំនួន​១១៨​នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។

សហភាព​អឺរ៉ុបទុក​រយៈ​ពេល​មួយ​ឆ្នាំ​ឲ្យ​កម្ពុជា​មាន​ការ​កែ​ប្រែ​ស្ថានភាព​ទាំង​នោះ ប៉ុន្តែ​អ្នក​តាម​ដាន​បាន​លើក​ឡើង​ថា ស្ថានភាព​មិន​មាន​ការ​កែ​លម្អ​នោះ​ទេ។

បើ​យោង​តាម​របាយការណ៍​ដែល​បង្ហោះ​លើ​គេហទំព័រ​របស់​សភា​អឺរ៉ុប​ដែល​អនុម័ត​ដោយ​សមាជិក​សភា​អ៊ីតាលី​ម្នាក់ លោក Danilo Oscar Lancini ដែល​ជា​សមាជិក​នៃ​គណៈកម្មាធិការ​សភា​ទទួល​បន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ ការ​ព្យួរ​ដោយ​ផ្នែក​ចំពោះ​ផលិត​ផល​មួយ​ចំនួន នឹង​កើត​មាន​ឡើង​ចំពោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ប៉ុន្តែ​ពុំ​មាន​ការ​បញ្ជាក់​លើ​ផលិត​ផល​ណា​នោះ​ទេ។

កម្ពុជា​ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ EBA តាំងពី​ឆ្នាំ​២០០១។ សហភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា ដោយ​កម្ពុជា​បាន​នាំ​ផលិត​ផល​ចូល​ទៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​មួយ​ឆ្នាំៗ​គិត​ជាទឹក​ប្រាក់​ជាង​៥,៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដោយ​មិន​បង់​ពន្ធ។ ការ​មិន​បង់​ពន្ធ​នេះធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ប្រាក់​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ភាគច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំ​ចូល​សហភាព​អឺរ៉ុប​គឺ​មាន​សម្លៀក​បំពាក់ ស្បែកជើង​ផលិតផល​កសិកម្ម​ និង​កង់​ជា​ដើម។

សារព័ត៌មាន​អន្តរជាតិ​ The Financial Times បាន​រាយការណ៍​ក្រោយ​មាន​ការ​ជជែក​ជាមួយ​មនុស្ស​៣​នាក់ ដែល​ដឹងអំពី​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ​ថា គណៈ​កម្មការ​សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ទៅ​លើ​ផលិត​ផល​មួយ​ចំនួន។

សារព័ត៌មាន​នោះ​រាយការណ៍​បន្ត​ថា គណៈ​កម្មការ​សហភាព​អឺរ៉ុប មិន​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ទាំង​អស់ទេ ដោយ​រំពឹង​ថា​នៅ​បន្ត​រក្សា​ការ​គាំទ្រ​មួយ​ចំនួន​សម្រាប់​ផ្នែក​សម្លៀក​បំពាក់ ដើម្បី​ជួយ​ដល់​ការ​រស់​នៅ​របស់​កម្មករ​កាត់​ដេរ​កម្ពុជា។ សារព័ត៌មាន​បាន​សរសេរ​ទៀត​ថា អ្នក​ការទូត​និយាយ​ថា សហភាព​អឺរ៉ុប​ចង់​ទុក​ទ្វារ​ចំហ​សម្រាប់​ការ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ហើយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាច​រុញ​កម្ពុជា​ឲ្យ​កាន់​តែ​ខិត​ទៅ​ជិត​ប្រទេស​ចិន។

ប៉ុន្តែ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ទីក្រុង​ប៉េកាំង​កាល​ពី​សប្តាហ៍​មុន លោក ហ៊ុន សែន បាន​បញ្ជាក់​អំពី​គោល​ជំហរ​ថា​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ហើយ​មាន​សេចក្តី​រាយការណ៍​ថា​រដ្ឋាភិបាល​ចិន​បាន​ស្នើ​ឲ្យ​កម្ពុជា «កុំ​ឱនក្បាល»​ទៅ​សហភាព​អឺរ៉ុប​លើ​បញ្ហា​នេះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ស្តីពី​លទ្ធផល​នៃ​ទស្សនកិច្ច​ការងារ​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន​កាល​ពី​ថ្ងៃទី​៥ ខែកុម្ភៈ ថ្នាក់​ដឹកនាំ​ចិន​បាន​ឯកភាព​ចំពោះ​សំណូមពរ​របស់​លោក ហ៊ុន សែន ដែល​ស្នើ​ជំរុញ​ល្បឿន​នៃ​ការ​ចរចា​និង​ឈាន​ទៅ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ឲ្យ​បាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​កម្ពុជា​មាន​ទីផ្សារ​កាន់​តែ​ធំ​សម្រាប់​ផលិត​ផល​របស់​ខ្លួន។

បើ​តាម​សេចក្តី​ប្រកាស​នោះ លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ថា «កម្ពុជា​កំពុង​តែ​អនុវត្ត​វិធាន​ការ​កែ​ទម្រង់​មុត​ស្រួច​ដើម្បី​កែ​លម្អ​បរិយាកាស​ធុរកិច្ច​សំដៅ​ទាក់ទាញ​ការ​បណ្តាក់​ទុន​ពី​ចិន និង​ប្រទេស​ឯ​ទៀត ឲ្យ​បាន​កាន់​តែ​ច្រើន ហើយ​ត្រៀម​ខ្លួន​ទប់​ទល់​ផល​ប៉ះពាល់​អវិជ្ជមាន ក្នុង​ករណី​សហភាព​អឺរ៉ុប​សម្រេច​ចាត់​វិធានការ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​អាវុធ»។

ក្នុង​វេទិកា​សាធារណៈ​ស្តី​ពីការ​គ្រប់​គ្រង​ម៉ាក្រូ​សេដ្ឋ​កិច្ច​និង​ច្បាប់​ស្តីពី​ថវិកា​ជាតិ​ឆ្នាំ​២០​២០ កាល​ពី​ចុង​ខែ​មករា​ លោក វង្សី វិស្សុត រដ្ឋ​លេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ បាន​លើក​ឡើងព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ដែល​លោក​ទទួល​បាន​ថា សហភាព​អឺរ៉ុប​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដោយ​ផ្នែក​លើ​ផលិត​ផល​សម្លៀក​បំពាក់​និង​ស្បែក​ជើង។ លោក​បន្ត​ថា ការ​ផ្តាច់​នោះ​នឹង​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប ធ្លាក់​ចុះ​ប្រមាណ​៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

លោក ប៉ាវ ស៊ីណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​បាន​ថ្លែង​ថា​ការ​ព្យួរប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​លើ​ផលិត​ផល​មួយ​ចំនួន នឹង​ប៉ះពាល់​ដល់​ការងារ​របស់​ប្រជាជន​កម្ពុជា។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​កុំ​ឲ្យ​មាន​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

លោក​បាន​ថ្លែង​ប្រាប់ ​VOA ​ថា៖ «យើង​គិត​ថា​កាល​ណា​ព្យួរ​មួយ​ផ្នែក វា​នឹង​ប៉ះពាល់​ទៅ​ដល់​ការងារ​ប្រជាជន​យើង​មួយ​ផ្នែក។ ប៉ុន្តែ​យើង​អត់​ទាន់​ដឹង​ថា​តើ​មួយ​ផ្នែក​ហ្នឹង​ស្មើ​នឹង​ទំហំ​ប៉ុន្មាន​ភាគរយ​នៃ​ទំហំ​នាំ​ចេញ​សរុប​ទៅ​សហភាព​អឺរ៉ុប»។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​លើក​ឡើង​ថា កម្ពុជា​រង់ចាំ​សេចក្តី​សម្រេច​ចុង​ក្រោយ​ជា​មុន​សិន ដូច្នេះ​លោក​មិន​អាច​អត្ថាធិប្បាយ​អ្វី​បាន​ច្រើន​នោះ​ទេ។ លោក​បន្ត​ថា បើ​ទោះ​មាន​ការ​ព្យួរ​ក៏​ដោយ កម្ពុជា​នៅ​តែ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួ​យប្រទេស​ក្នុង​សហភាព​អឺរ៉ុប។

លោក​បាន​ថ្លែង​ថា៖ «កម្ពុជា​នៅ​តែ​មាន​ដៃ​គូ​ឆ្លង​ឆ្លើយ​គ្នា​សហការ​គ្នា​ជាមួយ​អឺរ៉ុប។ ទោះ​ជា​លទ្ធផល​នៃ ​EBA ការ​សម្រេច​របស់​គណៈ​កម្មការ​អឺរ៉ុប​យ៉ាងណា ក៏​យើង​មិន​មែន​បាត់​ទីផ្សារ​នៅ​កន្លែង​ហ្នឹង​ទេ។ យើង​ធ្វើ​ជា​ទ្វេ​ភាគី​ទៅ​វិញ។ ហើយ​យើង​ចង់​និយាយ​ថា បើ​តម្រូវ​ឲ្យ​យើង​បង់​ពន្ធ យើង​បង់​ពន្ធ ដើម្បី​ឲ្យ​មាន​សមធម៌​ជាមួយ​អ្នក​ដទៃ​ទៀត»។

លោក​បណ្ឌិត អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត​និង​កិច្ចការ​អន្តរជាតិ​នៅ​មហា​វិទ្យាល័យ ​Occidental​ ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​មិន​ស្តាប់​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប​នោះ​ទេ ដែល​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ លោក​បន្ត​ថា ប្រសិន​បើ​មាន​ការ​ព្យួរទាំងអស់ ឬ​ដោយ​ផ្នែក វា​ប្រាកដ​ណាស់ ផលិត​ផល​សម្លៀក​បំពាក់​នឹង​រង​ផល​ប៉ះពាល់​ធំ។

លោក​បាន​ថ្លែង​ប្រាប់ ​VOA តាម​សារ​អេឡិចត្រូនិក​ឬ​អ៊ីមែល​ថា៖ «វា​ពិត​ជា​ការ​សម្រេច​ដ៏​លំបាក​មួយ ដោយសារ​ប្រជាពលរដ្ឋ​សាមញ្ញ​ទេ​ដែល​រង​គ្រោះ ដោយសារ​ទង្វើ​របស់​អ្នក​ដឹកនាំ។ ពួកគេ​ជា​អ្នក​បង្ក​បញ្ហា តែ​ប្រជាជន​សាមញ្ញ ជា​អ្នក​ទទួល​រង​គ្រោះ»។

លោក​បន្ថែម​ថា៖ «ទីក្រុង​ប៉េកាំង​ច្បាស់​ណាស់ មិន​ជំរុញ​ក្រុង​ភ្នំពេញ​ឲ្យ​ធ្វើ​អ្វី​តាម​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប​នោះ​ទេ ដែល​ចង់​ឲ្យ​មាន​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស​និង​ការ​ផ្តល់​សេរីភាព ដែល​នោះ សុទ្ធ​តែ​មិន​មែន​ជា​អ្វី​ដែល​ក្រុង​ប៉េកាំង​អនុវត្ត​នោះ​ទេ»។

គួរ​បញ្ជាក់ថា ប្រសិន​បើ​មាន​ការ​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ការ​ចាប់​ផ្តើម​យក​ពន្ធ​នឹង​ធ្វើ​ឡើង​ចាប់​ពីខែ​សីហា ឆ្នាំ​២០២០​នេះ៕

XS
SM
MD
LG