ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ​ប្រាប់​ពលរដ្ឋ​កុំ​បារម្ភ​ពី​អនាគត​EBA ​និង​កុំខ្លាចវីរុស​កូរ៉ូណា​ថ្មី


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញ​ចូល​រួម​កិច្ចប្រជុំ​កំពូល​ ASEM ក្នុង​ទីក្រុង ប៊្រុយសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញ​ចូល​រួម​កិច្ចប្រជុំ​កំពូល​ ASEM ក្នុង​ទីក្រុង ប៊្រុយសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨។

មួយ​ថ្ងៃ​មុន​នឹង​សហគមន៍​អឺរ៉ុប​សម្រេច​លើ​ជោគ​វាសនា​របស់​កម្ពុជា​ថា​នឹង​បន្ត​ទទួល​បានឬ​លែងទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ» ឬ Everything But Arms​(EBA)និងខណៈ​ពេល​ដែល​វីរុស​កូរ៉ូណា​សម្លាប់​មនុស្ស​ច្រើនជាង​១០០០​នាក់​នៅ​ប្រទេស​ចិន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន បាន​ថ្លែង​ប្រាប់​ ប្រជាពលរដ្ឋ​កម្ពុជា​ថា​កុំ​ឲ្យបារម្ភ​ពី​ការ​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​និង​កុំ​ខ្លាច​វីរុស​កូរ៉ូណា​ថ្មី​។​

នៅ​ថ្ងៃពុធស្អែក​នេះ​សហគមន៍​អឺរ៉ុប​នឹង​បង្ហាញ​សេចក្តីសម្រេច​របស់​ខ្លួន​មួយ ថា​តើ​នឹង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ដែល​ជា​ប្រព័ន្ធ​មួយ​ផ្តល់ផល​ប្រយោជន៍​ដល់​កម្ពុជាក្នុង​ការ​នាំ​ចេញទំនិញ​ផលិត​ក្នុងស្រុក​ដោយ​មិន​មាន​ការ​យក​ពន្ធ​។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ២ លោក ហ៊ុន សែន​ ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖

​«ប្រសិន​បើមាន​រឿង​អ្វី​កើត​ឡើង​សូម​កុំ​ស្លន់ស្លោ​ទាក់ទង​នឹង​ការ​សម្រេចចិត្ត​របស់​អឺរ៉ុប​យ៉ាងម៉េច កុំ​មាន​ការ​តក់ស្លុត​ឲ្យសោះ។ យើង​ត្រូវ​ពឹង​លើ​ការ​ដកដង្ហើម​ខ្លួន​ឯង។​យើង​ដក​បាន​ គឺ​យើង​ដក​។ បើ​មាន​ជំនួយ​អុកស៊ី​[សែន]បន្ថែម​អាហ្នឹង​ល្អ​។ តែ​បើ​សិន​ដក​យើង​ក៏​មាន​លទ្ធភាព​ដើម្បី​ដក​ដង្ហើម​ដោយ​ខ្លួនឯង​ដែរ»។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​បន្ត​ពន្យល់​ពី​អំពីភាព​មិន​នឹង​នរ​របស់​សហភាព​អឺរ៉ុប​ដោយ​លោក​បាន​លើក​ឡើង​ពី​ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​ប្លុក​នេះ​ដែល​បង្ហាញ​ពី​ភាព​មិន​ចុះសម្រុង​និង​ជម្លោះ​ផ្ទៃក្នុង​នៃ​ប្រទេស​ដែល​ជា​សមាជិក​របស់​សហភាព​នេះ​។

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ជិត​២០​ឆ្នាំ​មក​ហើយ​កម្ពុជា​ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ EBA ពី​សហភាពអឺរ៉ុប។​ កម្ពុជា​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ចូល​ទៅ​ទីផ្សារសហភាព​អឺរ៉ុប​នៅ​ក្នុង​មួយឆ្នាំៗ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង​៥,៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​មិន​មាន​ការបង់​ពន្ធ​។​ជា​រៀង​រាល់​ឆ្នាំ​ EBA អាច​ឲ្យ​កម្ពុជា​ចំណេញ​ប្រាក់​ជាង​៦០០​លាន​ដុល្លារ​។ទំនិញ​ដែល​កម្ពុជា​ដឹក​ទៅ​ទីផ្សារ​សហភាពអឺរ៉ុបមាន​ផលិត​វាយនភណ្ឌ​ដូចជាសម្លៀក​បំពាក់ ស្បែកជើង ​ផលិតផល​កសិកម្ម​និង​ផលិតកង់​ជា​ដើម។

នៅ​ថ្ងៃអង្គារនេះដែរ​ លោក ហ៊ុន សែន ក៏បាន​ផ្តាំ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ភ័យ​ខ្លាច​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី(2019-nCov)​ដែល​បាន​សម្លាប់​មនុស្ស​ជាង​១០០០នាក់​នៅ​ក្នុង​ប្រទេស​ចិនហើយ​ក្នុង​នោះ​មាន​មនុស្ស​ម្នាក់​ស្លាប់​នៅ​នៅ​ទីក្រុង​ហុងកុង​និងម្នាក់​ទៀត​នៅ​ប្រទេស​ហ្វីលីពីន​។

មនុស្ស​ជិត​៤៣០០០​នាក់​ទៀត​បាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ដែល​បាន​ផ្ទុះ​នៅ​ទីក្រុង​វូហាន ​នៃ​ប្រទេស​ចិន​ហើយ​ឆ្លង​រាត​ត្បាត​ដល់ទៅជិត​៣០ប្រទេស។​

លោក​ហ៊ុន សែន​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖

«​សូម​កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។ ភ័យ​ខ្លាច​ទី១ គឺ​កុំ​ភ័យ​ខ្លាច​អា​រឿង​កូរ៉ូណា​នេះ ហើយ​កុំ​មាន​ការ​រើសអើង​កុំ​មាន​ការ​រើសអើង​»។

តែ​ទោះ​ជា​យ៉ាង​ណា​លោក​ផ្តាំ​ទៅ​ប្រជា​ពលរដ្ឋ​ឲ្យ​មានស្មារតី​ការ​ពារ​ខ្លួន ដោយ​ផ្ទាល់ខ្លួន។

លោក ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ថា៖ «លាង​ដៃ​តាម​ក្បួន​អនាម័យ​ទៅចាប់​ផ្តើម​ពី​មនុស្ស​ម្នាក់​ៗ គ្រួសារ​នីមួយៗ ចាប់ផ្តើម​ពី​កន្លែង​ហ្នឹង​តែ​ម្តង​។ បើ​រស់​នៅ​អត់​អនាម័យកុំ​ថា​មា​នជំងឺ​អី​ឬ​ជំងឺ​អី ជំងឺ​តែ​ក្នុង​ផ្ទះ​ហ្នឹង​គឺ​ជំងឺ​ខ្វះ​អនាម័យ​»​។​

អ្នកការពារ​សិទ្ធិមនុស្ស​បាន​និយាយ​ថា​ភាព​រហ័ស​នៃ​ព័ត៌មាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដឹង​ច្រើន។

លោក​សឹង​ សែន​ករុណា​អ្នកនាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​និយាយ​ថា​រដ្ឋាភិបាល​ជៀស​មិន​ផុត​ពី​ប្រតិកម្ម​នានា​របស់​ប្រជាពលរដ្ឋ​ឡើយ​ដោយសារប្រជាពលរដ្ឋ​ធ្លាប់​បាន​ទទួល​ព័ត៌មាន​ច្រើន​។

លោក​សឹង​ សែន​ករុណា និយាយ​ថា៖ «ខ្ញុំ​យល់​ថា​វា​ពិបាក​នឹង​លុបបំបាត់​ក្នុង​ព្រួយបារម្ភ​ហ្នឹង​ណាស់​ទាំង​រឿង​ EBA ទាំង​កូរ៉ូណា​ហ្នឹង​ណាស់​។ ដោយសារ​អី? ដោយសារ​បច្ចុប្បន្ន​មាន​លំហូរ​នៃ​ព័ត៌មាន​តាមរយៈ​បណ្តាញ​សង្គម​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ជាច្រើន​ដែលគេ​បាន​បង្ហាញ​អំពី​ហានិភ័យ​នៃ​ជំងឺ​ទាំងអស់​ហ្នឹង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ចិន​កាន់តែ​កើន​ឡើង​ ​ខណៈ​កម្ពុជា​យើង​ជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​ប្រទេស​ចិន​ទៅ​ទៀត»។

លោក​បន្តថា៖​«មិនថា​អ្នកដឹកនាំ​ទេ​បុគ្គល​ណា​ក៏ដោយ​បើ​កាលណា​យើង​[ពលរដ្ឋ​]លើក​ឡើង​អំពី​ភាព​អវិជ្ជមាន​អ្វី​មួយ ដែល​គេ​បារម្ភ​អំពី​រឿង​ហ្នឹង​ហើយ​យើង​លើក​ឡើង​អំពី​អ្វី​ដែល​ផ្ទុយ​ដោយ​អត់មាន​ហេតុផល​ឬ​មូលហេតុ​ច្បាស់លាស់​មក​ការពារ​ហ្នឹង​វា​មាន​ផល​ប្រឈម​ប៉ះពាល់​ដល់​តម្លៃ​ឬ​កិត្តិយស​របស់​អ្នក​ដែល​លើក​ឡើង​ទៅ​វិញ​ទេ‍»។​

មកទល់​ល្ងាច​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​មិនទាន់​មាន​ករណី​ថ្មី​នៃ​វីរុស​កូរ៉ូណា​ថ្មី​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។​

កាលពី​សប្តាហ៍​មុន​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ​ធ្វើទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​និងបាន​ជួបពិភាក្សា​ជាមួយ​នឹងលោក​ប្រធានាធិបតី​ចិន​លោក​ ស៊ី​ ជីនពីង។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ស្តីពី​លទ្ធផល​នៃ​ទស្សនកិច្ច​នេះ​បាន​ឲ្យ​ដឹង​ថា​ លោក ហ៊ុន សែន បាន​ស្នើ​ជំរុញ​ល្បឿន​នៃ​ការ​ចរចា​និង​ឈាន​ទៅ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ឲ្យ​បាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​កម្ពុជា​មាន​ទីផ្សារ​កាន់​តែ​ធំ​សម្រាប់​ផលិត​ផល​របស់​ខ្លួន។ សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​ថ្នាក់​ដឹកនាំ​ចិន​ដែល​កំពុង​តែ​ប្រឈម​នឹង​មេរោគ​កូរ៉ូណាថ្មី​នេះ​បាន​ឯកភាព​ចំពោះ​សំណូមពរ​នេះ៕

XS
SM
MD
LG