ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់​ទោស​លោក​ម៉ម សូណង់​ឲ្យ​ជា​ប់​ពន្ធនាគារ​២០​ឆ្នាំ​


ស​លោក​ម៉ម សូណង់ដូ​ នាយក​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​
ស​លោក​ម៉ម សូណង់ដូ​ នាយក​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​

យ៉ាង​តិច​មាន​ចៅ​ក្រម​នៃ​តុលាការ​ចំនួន​ពីរ​រូប​បាន​​អាន​សាលក្រម​ដែល​មាន​កម្រាស់​ជាង​៤០​ទំព័រ​ ដោយប្រើ​ពេល​ប្រមាណ​ជិត​បី​ម៉ោង​មុន​នឹង​សម្រេច​​សេចក្តី​វិនិច្ឆ័យ​ទោស​លោក​ម៉ម សូណង់ដូ​ និង​ជន​ជាប់​ចោទ​ចំនួន​១៣​នាក់​ផ្សេង​ទៀត។​

ភ្នំពេញ​៖ តុលាការ​ក្រុងភ្នំ​ពេញ​បាន​កាត់​ទោស​លោក​ម៉ម សូណង់ដូ​ នាយក​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​ឲ្យ​ជា​ប់​ពន្ធ​នាគារ​រយៈ​ពេល​២០​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​គឺ​ស្មើ​ប្រមាណ​២៥០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា​ លោក​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់​ក្នុង​ខេត្ត​ក្រចេះ​ ព្រម​ទាំង​មាន​ទំនាក់​ទំនង​ជាមួយ​លោក​សួន សេរីរដ្ឋា​ ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​នៅ​សហ​រដ្ឋ​អា​មេរិក​ ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​របស់​លោក​នាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន។​

យ៉ាង​តិច​មាន​ចៅ​ក្រម​នៃ​តុលាការ​ចំនួន​ពីរ​រូប​បានអាន​សាលក្រម​ដែល​មាន​កម្រាស់​ជាង​៤០​ទំព័រ​ ដោយប្រើ​ពេល​ប្រមាណ​ជិត​បី​ម៉ោង​មុន​នឹង​សម្រេចសេចក្តី​វិនិច្ឆ័យ​ទោស​លោក​ម៉ម សូណង់ដូ​ និង​ជន​ជាប់​ចោទ​ចំនួន​១៣​នាក់​ផ្សេង​ទៀត។​

លោក​ស្រី​សែម ស័ក្ក​កូឡា​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ ​បាន​ប្រកាស​ថា ​លោក​ម៉ម សូណង់ដូ​ពិត​ជា​មាន​ទំនាក់​ទំនង​ជា​មួយ​លោក​ប៊ុន​រដ្ឋា​ ដើម្បី​ធ្វើ​សកម្ម​ភាព​ប្រឆាំង​រដ្ឋា​ភិបាល​នៅ​ក្នុង​ស្រុក​និង​មាន​ទំនាក់​ទំនង​ជា​មួយ​លោក​សួន សេរី​រដ្ឋា​ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ពី​ក្រៅ​ប្រទេស​ បន្ទាប់​ពី​លោក​បាន​ចូល​រួម​ជា​វាគ្មិន​នៅ​សហ​រដ្ឋ​អាមេរិក​និង​បាន​ណាត់​ជួប​គ្នា​នៅ​ទី​ក្រុង​បាងកក។​

លោក​ស្រី​ចៅ​ក្រម​ក៏​បាន​សម្រេចផ្តទ្ទា​ទោស​កម្បាំង​មុខ​លោក​ប៊ុន រដ្ឋា​ អតីត​សមាជិក​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​ ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈពេល​៣០​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​ ចំណែក​លោក​សុក តុង​ និង​លោក​ប៊ុន ឆន​ឪពុក​លោក​ប៊ុន​ រដ្ឋា​ ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រយៈពេល​១៥​ឆ្នាំ។​

តុលាការ​បា​ន​សម្រេចកាត់​តម្រឹម​ទោស​ជន​សង្ស័យ​ចំនួន​៥​រូប​ឲ្យ​ជាប់​ពន្ធ​នាគារ​ក្នុង​ម្នាក់ៗ​រយៈពេល​៥​ឆ្នាំ​ និង​អ្នក​ខ្លះ​មួយ​ឆ្នាំ​ ប៉ុន្តែ​អនុវត្ត​ទោស​គិត​ចាប់​ពី​ថ្ងៃ​ជាប់​ពន្ធនាគារ​តែ​ប៉ុណ្ណោះ​ ហើយ​ទោស​ក្រៅ​ពីនោះ​ត្រូវ​ព្យួរ​ មាន​ន័យ​ថា​ ពួកគេ​ទាំង​៥​រូប​ត្រូវ​តុលាការ​សម្រេចដោះ​លែង​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ។ ​អ្នក​ទាំង​នេះ​បាន​ចេញ​មក​សារភាព​តាម​ការ​អូស​ទាញ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

ជន​ជាប់​ចោទ​នៅ​ក្នុង​សំណុំ​រឿង​បង្កើត​តំបន់​អបគមន៍​មាន​ចំនួន​១៤​នាក់​ ក្នុង​នោះ​មាន​វត្តមាន​នៅ​ក្នុង​សវនាការចំនួន​តែ​៩​នាក់​ប៉ុណ្ណោះ​ ក្រៅ​ពី​នោះ​តុលាការ​បាន​សម្រេចកាត់​ទោស​កម្បាំង​មុខ។​

ស្ថិត​ក្នុង​សំលៀក​បំពាក់​អាវ​សដៃ​ខ្លី​ និង​មាន​ចង​ក្រវ៉ាត់​ក ​លោក​ម៉ម សូណង់ដូ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌​មាន​ដោយ​មិន​តក់​ស្លុត​ថា​ លោក​រីក​រាយ​ដែល​បាន​ជួយ​ពល​រដ្ឋ​ខ្មែរ​ ហើយ​លោក​កំពុង​ពិចារណា​និង​ប្តឹង​ជំទាស់​សាល​ក្រម​នេះ​ទៅ​សាលា​ឧទ្ធរណ៍​ទៀត។​

«ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ជួយ​ខ្មែរ​តទៅ​ទៀត។​ ខ្ញុំ​សប្បាយ​ចិត្ត​ ខ្ញុំ​មាន​មោទនភាព​ជួយ​ខ្មែរ​តទៅ​ទៀត»។​

លោក​មាស ច័ន្ទ​ពិសិដ្ឋ​ តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ មិន​បាន​ធ្វើ​អត្ថាធិប្បាយទេ​ ក្រោយ​ពី​លោក​ម៉ម សូណង់ដូ​ត្រូវ​បាន​តុលាការ​សម្រេចសេក្តី​រួច​មក។​
«ខ្ញុំ​សុំ​អត់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់»។​

លោក​សុខ​ សំអឿន​ មេធាវី​ការ​ពារក្តី​លោក​ម៉ម សូណង់ដូ​ បាន​និយាយ​ថា ​រឿង​ក្តី​នេះ​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ជា​អ្នក​ធ្វើ​ការ​វិនិច្ឆ័យ។​

«​អាហ្នឹង​ស្រេច​តែ​លើ​ប្រជា​ពលរដ្ឋ​ជា​អ្នក​ស្តាប់​មើល​ទៅ​ ពី​ព្រោះ​គាត់​និយាយ​តែ​ពីរ​បី​ម៉ាត់​ជាមួយ​ប្រជា​ពលរដ្ឋ​ ឥឡូវ​តុលាការ​យក​អាហ្នឹង​ជា​ការ​ញុះ​ញង់។​ អាហ្នឹង​ខ្ញុំ​មិន​ដឹង​ដែរ។​ ដូច្នេះ​មិន​ដឹង​ថ្ងៃ​ក្រោយ​ទៅ​និយាយ​អញ្ចឹង​ក៏​ថា​ ញុះ​ញង់​ដែរ»។​

លោក​ស្រី​ឌីន ផាន់​ណា​រ៉ា​ ភរិយា​របស់​លោក​ម៉ម សូណង់ដូ​ បាន​និយាយ​ថា​តុលាការ​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​លោក​ម៉ម សូណង់ដូ​ទេ។​ អ្នក​ស្រី​បាន​ចោទ​ប្រកាន់​ថា​ ប្រទេស​កម្ពុជា​មិន​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ទេ។​

«ពីព្រោះ​ត្រូវ​តែ​តវ៉ា​ ពី​ព្រោះ​ជា​រឿង​អយុត្តិ​ធម៌។​ គាត់​អត់​មាន​ពាក់​ព័ន្ធ។ គាត់​អត់​មាន​ដឹង​ឮ​អ្វី​ទាំង​អស់​ក្នុង​រឿង​ហ្នឹង។ ​អ្នក​ដែល​គេ​ពាក់​ព័ន្ធ​ គេ​សុទ្ធ​តែ​ធូរ​ស្រាល​ទាំង​អស់។​ គាត់​ដែល​អត់​ជាប់​ពាក់​ព័ន្ធ​ ជាប់​ធ្ងន់​ជាង​គេ»។​

លោក​អ៊ូ វីរៈ ​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ដែល​បាន​តាម​ដាន​ឃ្លាំ​មើល​ដំណើរ​ការ​កាត់​ក្តី​តាំង​ពី​បើក​សវនាការ​រហូត​ដល់​ប្រកាស​សាល​ក្រម ​បាន​និយាយ​ថា​ ​សេចក្តី​សម្រេចនេះ​ទោរ​ទន់​ទៅ​តាម​នយោ​បាយ​ ដោយ​សារ​តែ​ក្នុង​សវនាការ​មិន​បាន​រក​ឃើញ​ភស្តុតាង​ណា​មួយ​មក​ដាក់​បន្ទុក​លោក​ម៉ម សូណង់ដូ​ទេ។​

«ជា​ស្ថាប័ន​នយោ​បាយ​ ឈរ​តាម​ឆន្ទៈ​នយោ​បាយ ​ហើយ​សរសេរ​សាល​ក្រម​មួយ​ដែល​ខ្ញុំ​មើល​ទៅ​សរសេរ​ដោយ​អ្នក​នយោ​បាយ​តែម្តង។ ​សាច់​រឿង​ដែល​សរសេរ​គឺ​ខ្ញុំ​សោក​ស្តាយ​មែន​ទែន»។​

នៅ​ខាង​ក្រៅ​អគារ​តុលាការ​ ក្រុម​អ្នក​គាំទ្រ​លោក​ម៉ម សូណង់ដូ​ ដែល​រួម​មាន​សមាជិក​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​ ក្រុម​អ្នក​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​ចាប់​យក​ដី​ធ្លីមក​ពី​តំបន់​បឹងកក់​ និង​បុរីកីឡា ព្រម​ទាំងតំណាង​សហ​ជីព​មួយ​ចំនួន​ បាន​ធ្វើ​ការ​តវ៉ាយ៉ាង​ខ្លាំង​ប្រឆាំង​សេចក្តី​សម្រេចរបស់​តុលាការ​នេះ។​

ក្រុម​បាតុករ​ខ្លះ​បាន​ហែក​អាវ​ និង​មាន​ស្រ្តី​មួយ​ចំនួន​បាន​ដោះ​អាវ ​ដោយ​ពួកគេ​បាន​ចោទ​ប្រកាន់​ថា​ តុលាការ​អយុត្តិ​ធម៌​ និង​ធ្វើ​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន។​
«សម្លាប់​ខ្ញុំ​ចុះ!​ ខ្ញុំ​មិន​ចង​ឃើញ​តុលាការ​បែប​នេះ​ទេ។​ សម្លាប់ខ្ញុំ​ទៅ!»។​

អ្នក​ស្រី​ស៊ុន ណារី​ អាយុ​៤៣​ឆ្នាំ​ ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​បូរី​កីឡា​ បាន​សែ្រក​ទាំង​កំហឹង​ថា ​«វា​ធ្វើ​នេះ​សាហាវ​ព្រៃ​ផ្សៃ​ណាស់។​ អយុត្តិ​ធម៌​ណាស់។ ​អ្នក​ដឹក​នាំ​ប្រទេស​ជាតិ​មើល​ឃើញ​អយុត្តិ​ធម៌​ចំពោះ​ប្រជា​ពលរដ្ឋ»។​

ដោយកាន់រូប​ថត​លោក​ម៉ម សូណង់ដូ​ ក្រុម​អ្នក​តវ៉ា​បាន​ដើរ​កាន់​បដា​ពី​បរិវេណ​ខាង​ក្រៅ​អគារ​តុលាការ​មក​កាន់​ស្ថានទូត​សហ​រដ្ឋ​អា​មេរិក​ និង​មុខ​ព្រះ​បុរម​រាជ​វាំង​ដើម្បី​ទាមទារ​ឲ្យ​រក​យុត្តិធម៌​ដល់​លោក​ម៉ម សូណង់​ដូ៕
XS
SM
MD
LG