អ្នកតំណាងនានាមកពីចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅថ្ងៃច័ន្ទនេះ នៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ដើម្បីចាប់ផ្ដើមនូវដំណើការចរចាដ៏ស្មុគស្មាញអំពីការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប។
កិច្ចប្រជុំនេះបានធ្វើឡើងនៅក្នុងរយៈពេលមួយឆ្នាំក្រោយមក បន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងចក្រភពអង់គ្លេសបានបោះឆ្នោតសម្រេចឲ្យចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។
ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប មានពេលរហូតដល់ចុងខែមីនា ឆ្នាំ ២០១៩ ដើម្បីឈានទៅសម្រេចនូវកិច្ចព្រមព្រៀងមួយ និងដើម្បីឲ្យកិច្ចព្រមព្រៀងនោះទទួលបានការអនុម័តពីរដ្ឋសភានៅក្នុងបណ្ដាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុបទាំងអស់។
អ្នកចរចាដែលជួបប្រជុំគ្នានេះ នឹងត្រូវសម្រេចលើបញ្ហាមួយចំនួនដូចជា ច្បាប់សម្រាប់ការធ្វើដំណើររវាងចក្រភពអង់គ្លេស និងបណ្ដាប្រទេសផ្សេងទៀតនៃសហភាពអឺរ៉ុប កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសិទ្ធិរបស់ប្រជាពលរដ្ឋជាច្រើនលាននាក់មកពីបណ្ដាប្រទេសនានានៅក្នុងសហភាពអឺរ៉ុប ដែលកំពុងរស់នៅក្នុងចក្រភពអង់គ្លេស ក៏ដូចជាសិទ្ធិរបស់ប្រជាពលរដ្ឋចក្រភពអង់គ្លេសពីរបីលាននាក់ ដែលកំពុងរស់នៅក្នុងបណ្ដាប្រទេសនានានៃសហភាពអឺរ៉ុបផងដែរ។
កិច្ចពិភាក្សានេះ ក៏បានធ្វើឡើងក្នុងរយៈពេលមិនយូរប៉ុន្មានផងដែរ បន្ទាប់ពីមានការបោះឆ្នោតជាបន្តបន្ទាប់ ដែលអំពាវនាវដោយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកស្រី Theresa May ដោយការបោះឆ្នោតទាំងនោះត្រូវបានលោកស្រី Theresa May សង្ឃឹមថា នឹងជួយជំរុញជំហររបស់លោកស្រីនៅក្នុងការចរចា ប៉ុន្តែផ្ទុយមកវិញបែរជាធ្វើឲ្យគណបក្សរបស់លោកស្រីចុះខ្សោយទៅវិញ៕