ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី​ May ថ្លែងថា​ ការ​ផ្តល់​សិទ្ធិ​របស់​ពលរដ្ឋ​សហភាព​អឺរ៉ុប​រស់​នៅ​​អង់គ្លេស​ជារឿង​យុត្តិធម៌


លោកស្រី Theresa Ma នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ (រូប​កណ្តាល) និយាយ​ជាមួយ​លោក Mariano Rajoy នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ​ នៅ​ពេល​លោក និង​លោកស្រី​អញ្ជើញ​ទៅ​ដល់​កិច្ចប្រជុំ​តុ​មូល​មួយ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ក្រុង​ Brussels កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។

លោកស្រី ​Theresa May​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​និយាយ​ថា​ សំណើ​របស់​លោកស្រី​ស្តី​អំពី​សិទ្ធិ​របស់​ពលរដ្ឋ​សហភាព​អឺរ៉ុប​រស់នៅក្នុង​ប្រទេស​អង់គ្លេស ក្រោយពី​ប្រទេស​អង់គ្លេស​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ គឺ​ជា​សំណើ​យុត្តិធម៌​ណាស់ ​ហើយ​ជា​រឿង​សំខាន់​ណាស់។ ​

ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ទីក្រុង ​Brussels ​ប្រទេស​ប៊ែលហ្ស៊ុក​ នៅថ្ងៃទី​២នៃ​កិច្ច​ប្រជុំ​កំពូល​សហភាព​អឺរ៉ុប​ ​លោកស្រី​ Theresa May​ និយាយ​ថា រដ្ឋាភិបាល​នឹង​ដាក់ចេញ​សំណើ​ពិស្តារ​ថែមទៀត​នៅ​ថ្ងៃ​ច័ន្ទ។​ មេដឹកនាំ​សហភាព​អឺរ៉ុប​មិន​ចាត់​ទុក​ថា​ សំណើ​របស់​លោកស្រី​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​ទេ ដោយ​ពួកគេ​លើក​ឡើង​ថា ​នៅ​មាន​បញ្ហា​នៅ​សល់ជា​ច្រើន​ទៀត។​

មុន​ចាប់​ផ្តើមកិច្ច​ប្រជុំ​នៅ​ថ្ងៃសុក្រ​នេះ លោកស្រី ​Theresa May ​និយាយ​ថា ​នឹង​មិន​មាន​ការ​បែកបាក់​គ្រួសារ​ដោយសារ​តែ​សំណើ​នេះ​ទេ។ ​លោកស្រី​និយាយ​ថា លោកស្រី​ចង់​បាន​ការ​ធានា​ស្រដៀង​គ្នានេះ​សម្រាប់​ពលរដ្ឋ​អង់គ្លេស​រស់នៅ​ក្នុង​ប្រទេស​នានា​នៃ​សហ​ភាព​អឺរ៉ុប។​

កាលពី​ថ្ងៃព្រហស្បតិ៍​ ប្រធាន​សភា​សហភាព​អឺរ៉ុប​ និយាយ​ថា អឺរ៉ុប​ត្រូវការ​តែ​គិតពី​ហេតុផល​ក្នុង​ចរចា​ជាមួយ​អង់គ្លេស ក្រោយពី​ការ​សម្រច​ចិត្ត​របស់​អង់គ្លេសចាក់ចេញ​ពី​សហភាព​អឺរ៉ុប​ ប៉ុន្តែ​លោក​បាន​ជំរុញ​ឲ្យ​មាន​កិច្ច​សហការ​ក្នុង​ការ​ចរចា​នៅពេល​អនាគត។ ​លោក ​Antonio Tajani ​ប្រធាន​សភា​សហភាព​អឺរ៉ុបនិយាយ​ថា ​ចក្រភព​អង់គ្លេសគ្រាន់តែ​ចេញ​ពី​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ ​មិនមែន​ចាកចេញ​ពី​អឺរ៉ុប​ទេ។ ​ នេះជា​ចំណុច​សំខាន់​ក្នុង​ការ​បើក​ផ្លូវ​សម្រាប់​ទំនាក់ទំនង​ល្អ ​ក្រោយពី​ការ​ចាកចេញ។ ​

មេដឹកនាំ​សហភាព​អឺរ៉ុប​បានចាប់​ផ្តើម​កិច្ច​ប្រជុំកំពូល​រយៈ​ពេល២​ថ្ងៃកាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅទីក្រុង ​Brussels ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ ដូចជា​ផែនការ​ចាកចេញ​របស់​អង់គ្លេស​ បញ្ហា​ភេរវកម្ម​ បញ្ហា​អន្តោប្រវេសន៍​ និង​បញ្ហាផ្សេង​ទៀត​ដែល​សហភាព​អឺរ៉ុប​កំពុង​ប្រឈម​មុខ។ ​

លោក​ Donald Tusk​ ប្រធាន​សហភាពអឺរ៉ុបនិយាយ​ថា សមាជិក​សហភាព​អឺរ៉ុប​ចំនួន​២៧​ប្រទេស​ផ្សេង​ទៀត​ ត្រៀមខ្លួន​ជា​ស្រេច​ជ្រើសរើស​កន្លែង​ថ្មីពីរ​សម្រាប់​ទីភ្នាក់ងាររួម​របស់សហភាព​អឺរ៉ុប​ដែល​បច្ចុប្បន្ន​មាន​ទីតាំងនៅ​ប្រទេស​អង់គ្លេស៕​

XS
SM
MD
LG