ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការិយាល័យ​ក្រុម​ប្រឹក្សា​ពិសេស​ទទួល​បន្ទុក​ឃ្លាំ​មើល​ក្រម​សីលធម៌​​បាត់​បង់​អំណាច​ក្នុង​អាណិត​ប្រធានាធិបតី ត្រាំ


អ្នក​ស្រី Stephanie Grisham អ្នក​នាំ​ពាក្យ​សម្រាប់​ស្ត្រីទី​១ Melania Trump ជួប​ជាមួយ​អ្នកស្រី Kellyanne Conway (ស្ដាំ) នៅ​ឯ​ការ​ឃោសនា​បោះ​ឆ្នោត​មួយ​ជាមួយ​ប្រធានាធិបតី​ត្រាំ នៅរដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ២០១៩។
អ្នក​ស្រី Stephanie Grisham អ្នក​នាំ​ពាក្យ​សម្រាប់​ស្ត្រីទី​១ Melania Trump ជួប​ជាមួយ​អ្នកស្រី Kellyanne Conway (ស្ដាំ) នៅ​ឯ​ការ​ឃោសនា​បោះ​ឆ្នោត​មួយ​ជាមួយ​ប្រធានាធិបតី​ត្រាំ នៅរដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ២០១៩។

អ្នកស្រី​ Kellyanne Conway ​បាន​ប្រើ​តួនាទី​របស់​អ្នកស្រី​ក្នុង​នាម​ជា​ទី​ប្រឹក្សា​របស់​​ប្រធានាធិបតី ​ដើម្បី​រិះគន់​បេក្ខជន​​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន ដែល​នេះ​ជា​​ការ​បំពាន​ច្បាប់​ដ៏​ច្បាស់​ក្រឡែត​មួយ។

កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ​ការិយាល័យ​ក្រុម​ប្រឹក្សា​ពិសេស​ទទួល​បន្ទុក​ឃ្លាំ​មើល​ក្រម​សីលធម៌​ ដែល​មិន​សូវ​ត្រូវបាន​គេ​ស្គាល់ ​បាន​ប្រកាស​ថា​អ្នកស្រី ​Kellyanne Conway ​ជា​ «អ្នក​ដែល​បាន​ប្រព្រឹត្តិ​ល្មើស​ម្ដង​ហើយ​ម្ដង​ទៀត» ​ក្នុង​ករណី​បំពាន​លើ​ច្បាប់​ដែល​ហាម​ឃាត់​មិនឲ្យ​បុគ្គលិក​រដ្ឋាភិបាល​គាំទ្រ​បេក្ខជន​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត ឬ ​ច្បាប់ ​Hatch Act ​និង​បានណែនាំឲ្យ​លោក​ប្រធានាធិបតី ត្រាំ​ បណ្ដេញ​អ្នកស្រី​ចេញ​ពី​តំណែង។

អ្នកស្រី​ Kellyanne Conway ​បាន​ប្រើ​តួនាទី​របស់​អ្នកស្រី​ក្នុង​នាម​ជា​ទី​ប្រឹក្សា​របស់ប្រធានាធិបតី ​ដើម្បី​រិះគន់​បេក្ខជនមក​ពី​គណបក្ស​ប្រជាធិបតេយ្យ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន ដែល​នេះ​ជាការ​បំពាន​ច្បាប់​ដ៏​ច្បាស់​ក្រឡែត​មួយ ព្រោះ​ថា ​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​លូក​ដៃ​ចូល​ក្នុង​សកម្ម​ភាព​នយោបាយ​នៅ​ពេល​បំពេញ​មុខងារ។​

នេះ​គឺ​ជា​ការ​អំពាវ​នាវ​ជា​លើក​ទី​ពីរ​របស់​ក្រុម​ប្រឹក្សា​ពិសេស​ទទួល​បន្ទុក​ក្រម​សីលធម៌​ ប្រឆាំង​នឹង​អ្នកស្រី​ Conway ​ប៉ុន្តែ​ លោក​ប្រធានាធិបតី​កាន់​ជើង​ទីប្រឹក្សា​ជា​យូរ​មក​ហើយ​របស់​លោក។ លោក​ប្រ​ធាន​ធិបតី​បាន​និយាយ​នៅ​ក្នុងកម្មវិធី​ទូរទស្សន៍​ Fox and Friends ថា លោក​នឹង​មិន​បណ្ដេញ​អ្នកស្រី​ចេញ​ពី​តំណែង​ឡើយ។ លោក​គិត​ថា​អ្នកស្រី​ជា​មនុស្ស​ល្អ​ម្នាក់។ លោក​ថា វា​ហាក់​ដូច​ជា​ពួក​គេ​កំពុង​ព្យាយាមបំបិទ​សិទ្ធ​សេរីភាព​បញ្ចេញ​មតិ​របស់​គាត់។

ការិយាល័យ​ក្រុម​ប្រឹក្សា​ពិសេស​កាល​ពី​ពេល​កន្លង​ទៅ​ជា​ទីភ្នាក់ងារ​ដ៏​មាន​ឥទ្ធិពល​មួយ។ ក្រោម​អាណត្តិ​របស់​របស់​អតីត​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ទី​ភ្នាក់ងារ​នេះ បាន​រក​ឃើញ​ថា សមាជិក​គណៈ​រដ្ឋ​មន្ត្រី(​សមាជិករដ្ឋាភិបាល) ​ពីរ​រូប​មាន​ទោស​ ដោយ​បាន​បំពាន​លើ​ច្បាប់​ដែល​ហាមឃាត់​មិនឲ្យ​បុគ្គលិក​រដ្ឋាភិបាល​គាំទ្រ​បេក្ខជន​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត ឬ Hatch Act។ មន្ត្រី​ទាំង​ពីរ​នាក់​នោះ​បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​រឿង​នេះ។ ប៉ុន្តែ​នៅ​ក្នុង​អាណត្តិ​របស់​លោក​ប្រធានាធិបតី​ ត្រាំ​ គេ​មិនទាន់​ដឹង​ថា​តើទីភ្នាក់​ងារ​នេះ នឹង​មាន​សមត្ថភាព​ដល់​កម្រិត​ណា​ ដើម្បី​ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ មាន​ការ​ទទួល​ខុស​ត្រូវ។

រូបឯកសារ៖ អតីត​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ចុះ​ហត្ថលេខា​លើ​ច្បាប់​មួយ​ កាល​ពី​ឆ្នាំ​២០១៤ នៅ​ការិយាល័យ​ប្រតិបត្តិ Eisenhower។
រូបឯកសារ៖ អតីត​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ចុះ​ហត្ថលេខា​លើ​ច្បាប់​មួយ​ កាល​ពី​ឆ្នាំ​២០១៤ នៅ​ការិយាល័យ​ប្រតិបត្តិ Eisenhower។

អ្នកស្រី Meredith McGehee នាយក​ប្រតិបត្តិ​អង្គការ Issue One ​បាន​និយាយ​ថា៖ «ពួក​គេ​កំពុង​ប្រឈម​នឹង​បញ្ហា​មិន​ធ្លាប់​មាន​ពី​មុន​មក​ពីសំណាក់​មន្ត្រី​រដ្ឋ​បាល​ថ្មី​នេះ ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា «យើង​មិន​គោរព​តាម​វិន័យ​របស់​អ្នក​ឡើយ»។ វា​ជា​គ្រោះ​ថ្នាក់​មួយ​សម្រាប់​ទីភ្នាក់ងារ​ឃ្លាំ​មើល​ក្រម​សីលធម៌​ទាំង​នោះ ដោយ​ហេតុ​ថា ពួកមិន​អាច​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បាន»។​

សេតវិមាន​បាន​បដិសេធ​ការ​រិះ​គន់​នេះ។

មេធាវី​របស់​សេតវិមាន​ លោក ​Pat Cipollone បាន​សរសេរ​តប​ទៅ​នឹង​បណ្ដឹង​របស់​ក្រុម​ប្រឹក្សា​ពិសេស​ប្រឆាំង​នឹង​អ្នកស្រី ​Conway ថា៖ «សេតវិមាន​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ត់ចត់​នូវ​គោលការណ៍​ ដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់ Hatch Act ហើយ​បាន​បន្ត​អនុវត្ត​ជំហាន​វិជ្ជមាន​ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​មួយ​នេះ»។​

កើត​ចេញ​ពី​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋសភា ​ដើម្បី​ស្ដារ​ឡើង​វិញ​ជំនឿ​ជឿ​ជាក់​ក្នុង​ជួរ​រដ្ឋាភិបាលក្រោយ​ពី​រឿង​អាស្រូវ Watergate ក្នុង​ទសវត្សរ៍ ​១៩៧០ ការិយាល័យក្រុម​ប្រឹក្សា​ពិសេស OSC និង​ការិយាល័យ​សីលធម៌​របស់​រដ្ឋាភិបាល OGE គឺ​ជា​អ្នក​ឃ្លាំ​មើល​សីលធម៌​ផ្នែក​ច្បាប់​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក (ទី​ភ្នាក់​ងារ​ជា​ច្រើន ​មាន​អ្នក​ស៊ើបអង្កេត​ ការ​ក្លែង​បន្លំ​ទូទៅ​ ការ​ចំណាយ​ខ្ជះខ្ជាយ និង​ការរំលោភ​បំពាន)។​

បន្ថែម​លើ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ចូល​រួម​ធ្វើ​សកម្មភាព​នយោបាយ ខណៈ​កំពុង​បំពេញ​ការងារ ឬ (Hatch Act) នេះ ការិយាល័យ​រដ្ឋអាជ្ញា​ក៏​បាន​ពង្រឹង​ការ​អនុវត្ត​ច្បាប់​មួយទៀត ដែល​ការពារ​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ណា ដែល​លាត​ត្រដាង​ពី​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​របស់​រដ្ឋាភិបាល។

រី​ឯ​អំណាច​របស់​ការិយាល័យ​ស្តី​ពី​ក្រម​សីលធម៌​របស់​រដ្ឋាភិបាល (OGE) គឺ​ខុស​ពីនេះ ដោយ​ធានា​ថា​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ជៀស​វាង​ការងារ​ណា​ដែល​ហុច​ផល​ប្រយោជន៍​ដល់​ខ្លួន។ ដើម្បី​សម្រេច​កិច្ចការ​នេះ ការិយាល័យ​នេះ​តម្រូវ​ឲ្យ​បុគ្គលិក​បង្ហាញ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ ហើយ​ពេល​ខ្លះ​គឺ​ព័ត៌មាន​ស្តី​ពី​ការ​ដក​ខ្លួន​ចេញ​ពី​ការ​ទិញ​ភាគហ៊ុន​ផ្ទាល់​ខ្លួន​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ និង​បេក្ខជន​ដែល​ត្រូវ​បាន​ប្រធានាធិបតី​តែង​តាំង​ជា​មន្ត្រី​រដ្ឋាភិបាល។

ជាទូទៅ ទី​ភ្នាក់ងារ​ទាំង​ពីរ​បាន​ត្រួត​ពិនិត្យ​បុគ្គលិក​រដ្ឋាភិបាល​ចំនួន​ជាង ២លាន ៥សែន​នាក់ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ទាំង​នេះ ធានា​ថា​អ្នក​ប្រព្រឹត្ត​ខុស​ត្រូវ​បាន​ពិន័យ ហើយ​ក្នុង​ករណី​ធ្ងន់ធ្ងរ គឺ​ត្រូវ​បណ្ដេញ​ចេញ​ពី​មុខ​តំណែង។

កាល​ពី​ឆ្នាំ ២០១៧​ទីភ្នាក់ងារ​ទាំង​ពីរ​នេះ​បាន​ចាត់​វិធាន​ការ​ពិន័យ​លើ​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ចំនួន ១,២៣៥នាក់ ដែល​បាន​បំពាន​បទដ្ឋាន​ក្រម​សីល​ធម៌​សម្រាប់​បុគ្គលិក​រដ្ឋាភិបាល ហើយ​បាន​បញ្ជូន​ករណី​ចំនួន ៦៩ផ្សេងទៀត ទៅ​កាន់​ក្រសួង​យុត្តិធម៌ ដើម្បី​ចាត់​វិធាន​ការ​តាម​ច្បាប់​ព្រហ្មទណ្ឌ នេះ​បើ​យោង​តាម​ការិយាល័យ ស្តី​ពី​ក្រម​សីល​ធម៌​របស់​រដ្ឋាភិបាល។

កាលពីឆ្នាំ២០១៨​ការិយាល័យ​រដ្ឋ​អាជ្ញា​ OSCបាន​ចាត់​វិធាន​ការ​ពិន័យ​លើ​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ចំនួន ៦នាក់។ បុគ្គលិក​ប្រៃសណីយ៍​ម្នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ​រី​ឯ​មន្ត្រី​គយ​និង​អន្តោប្រវេសន៍​ម្នាក់​បាន​យល់​ព្រម​ចុះ​ចេញ​ពី​តំណែង បន្ទាប់ពី បាន​បំពាន​ជា​ច្រើន​លើក​លើ​ច្បាប់ Hatch Act ដែល​ហាម​មិន​ឲ្យ​បុគ្គលិក​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ខណៈ​កំពុង​បំពេញ​ការងារ។ ក៏ប៉ុន្តែ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ទីភ្នាក់ងារ​ទាំងពីរ​នេះ​ត្រូវ​ធ្វើការ ក្រោម​ការ​ដាក់​កំហិត​នានា​មក​លើ​សមត្ថភាព​របស់​ខ្លួន ក្នុង​ការ​អនុវត្ត​ច្បាប់​ក្រម​សីលធម៌។

​ដើម្បី​ចាត់​វិធាន​ការ​ពិន័យ​លើ​បុគ្គលិក ឬ​មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ ការិយាល័យ​រដ្ឋ​អាជ្ញា​ជាទូទៅ​ត្រូវ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ក្រុម​ប្រឹក្សា​ដើម្បី​ការពារ​ប្រព័ន្ធ​ច្បាប់​ដោយ​មិន​លម្អៀង (Merit Systems Protection Board) ដែលលែង​ដំណើរ​ការ​ក្រោយ​ពី​សមាជិក​បី​នាក់​នៃ​ក្រុម​ប្រឹក្សា​នេះ​បាន​ចាក​ចេញ​ពី​តំណែង។

ក៏ប៉ុន្តែ ក្នុង​ករណី​ខ្លះ​ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ ដូច​ជា​អ្នកស្រី Conway លោក​រដ្ឋ​អាជ្ញា​បាន​ត្រឹម​តែ​ផ្ដល់​យោបល់​ជា​ការ​ចាត់​វិធាន​ការ​ពិន័យ​លើ​មន្ត្រី​ទាំង​នោះ ទៅ​កាន់​ប្រធានាធិបតី​តែ​ប៉ុណ្ណោះ។

ហើយ​ការណ៍​នេះ​ក៏​ដូច​គ្នា​ទៅ​នឹង OGE។ ទីភ្នាក់ងារ​បាន​ត្រឹម​តែ​ចង្អុល​បង្ហាញ​ថា​មន្ត្រី​រដ្ឋាភិបាល ឬ​មន្ត្រី​ដែល​តែង​តាំង​ដោយ​ប្រធានាធិបតី លះ​បង់​ទ្រព្យ​សម្បត្តិ​ ដើម្បី​ចៀស​វាង​ទំនាស់​ផល​ប្រយោជន៍​ ប៉ុន្តែ​ទីភ្នាក់ងារ​ មិន​អាច​បង្ខំ​មន្ត្រី​រូប​នោះ ឲ្យ​ចាត់​វិធាន​ការ​ណា​មួយ​ឡើយ។

អ្នកស្រី Liz Hempowicz នាយក​កម្មវិធី​គោល​នយោបាយ​សាធារណៈ​អំពី​ការ​ត្រួត​ពិនិត្យ​រដ្ឋាភិបាល​បាន​និយាយ​ថា៖ «នៅ​ពេល​យើង​និយាយ​អំពី​បញ្ហា​ពង្រឹង​ច្បាប់ ជាមួយ​ទីភ្នាក់ងារ​ទាំង​នេះ ខ្ញុំ​គិត​ថា យើង​សំដៅ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ដែល​កាន់​តំណែង​ធំៗ»។

ក្រោយការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ឆ្នាំ ២០១៦ ​លោក Trump បដិសេធ​ការ​ចង្អុល​បង្ហាញ​របស់​ទីភ្នាក់​ងារ OGE ដែល​ឲ្យ​លោក​លក់​ទ្រព្យ​សម្បត្តិ​របស់​លោក មុន​ពេល​ចូល​កាន់​តំណែង​នៅ​សេតវិមាន។ ផ្ទុយ​ទៅ​វិញ​ លោក​បាន​ប្រគល់ការ​កាន់​កាប់​ក្រុម​ហ៊ុន​ទៅ​ឲ្យ​កូន​ប្រុស​ទាំង​ពីរ​របស់​លោក ខណៈ​នៅ​តែ​ជា​ម្ចាស់​ទ្រព្យ ដែល​ការណ៍​បាន​ធ្វើ​ឲ្យ​លោក​ Trump ក្លាយ​ជា​ប្រធានាធិបតី​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ស្មុគស្មាញ​ច្រើន​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក។​
ទីភ្នាក់ងារ OGE ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​មន្ត្រី​របស់​លោក Trump អនុវត្ត​តាម​ខ្លួន​ ដែល​រួម​មាន​កូន​ប្រសា​របស់​លោក​ Trump និង​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក គឺ​លោក Jared Kushner។​

ប៉ុន្តែ​ការ​ប៉ុនប៉ង​របស់​ទី​ភ្នាក់​ងារ OSC ក្នុង​ការ​ទាម​ទារ​ឲ្យអ្នកស្រី Conway ទទួល​ទណ្ឌ​កម្ម​សម្រាប់​ការ​បំពាន​ច្បាប់ Hatch Act បាន​បរាជ័យ​ជា​ច្រើន​លើក​ច្រើន​សារ។

លោក Henry Kerner មេធាវី​របស់​ក្រុម​ប្រឹក្សា​ពិសេស បាន​សរសេរក្នុង​សំបុត្រ​ផ្ញើ​ទៅ​កាន់​លោក​ប្រធានាធិបតី Trump ថា៖ «បើ​សិន​ការរំលោភ​បំពាន​របស់​អ្នកស្រី ​Conway មិន​ត្រូវ​ទទួល​ទណ្ឌ​កម្ម​ទេ ​ការណ៍​នេះ​នឹង​ផ្ញើ​សារ​មួយ​ទៅកាន់​មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ​ថា ពួក​គេ​មិន​ចាំ​បាច់ គោរព​តាម​ច្បាប់ Hatch Act នោះ​ទេ។ ដូច្នេះ សកម្ម​ភាព​របស់​អ្នកស្រី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នីតិរដ្ឋ​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង»។​

ខណៈ​ដែល​ទីភ្នាក់ងារ​ទាំង២​មានអំណាច​ក្នុង​ការស៊ើបអង្កេត​ OSC ​ត្រូវ​បាន​ចាត់​ទុក​ថាមាន​អំណាច​ជាងOGE​ ទីភ្នាក់​ងារទាំង២ ​មិន​មាន​អំណាច​ប្រតិបត្តិ​អនុសាសន៍​របស់​ខ្លួន​ទេ។

​លោក Richard Painter ​ដែល​បាន​ធ្វើ​ជា​ប្រធាន​ខាង​សីលធម៌​របស់​សេតវិមាននៅ​ក្រោមអាណត្តិ​អតីត​ប្រធានាធិបតី George W. Bush ​បាន​និយាយ​ថា នេះ​ជា​បញ្ហា​ដែល​ចាំ​បាច់​ត្រូវ​តែ​កែ​ប្រែ។

លោក Painter ​និយាយ​ថា «ខ្ញុំ​យល់​ស្រប​ថា ​ប្រសិនបើ ​ការិយាល័យ​ក្រុម​ប្រឹក្សាពិសេស​ផ្តល់​អនុសាសន៍​ថា បុគ្គលិក​ម្នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ​អនុសាសន៍​នោះ ​ត្រូវ​តែ​តម្រូវ​ឲ្យ​ប្រធានាធិបតីធ្វើ​តាម។ ​ខ្ញុំ​មាន​អារម្មណ៍​ដូច​គ្នា​នឹង​ការិយាល័យទទួល​បន្ទុក​សីលធម៌​របស់​រដ្ឋាភិបាល​ដែរ»។​

ដើម្បី​ពង្រឹង​ទីភ្នាក់ងារ​ OGE ​ពួក​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សភា ​ដែល​គាំទ្រ​ដោយ​អង្គការ​ឃ្លាំមើល​រដ្ឋាភិបាល ​កំពុង​ដាក់​ការ​គាប​សង្កត់​ឲ្យ​មាន​កំណែ​ទម្រង់​ខាង​សីលធម៌​កាន់​តែ​ខ្លាំង​ឡើង។​

កាល​ពី​ខែមុន ​លោកRichard Blumenthal សមាជិកព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​លោកJamie Raskin ​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​បាន​ដាក់​ស្នើ​សេចក្ដី​ព្រាង​ច្បាប់​ដែល​នឹង​អនុញ្ញាត​ឲ្យ​ទី​ភ្នាក់​ងារ​នោះ​ធ្វើ​ទៅ​តាម​ការ​ដាក់​ពិន័យ​ដូច​ជា បណ្ដេញ​បុគ្គលិក​ដែល​រំលោភ​បំពាន​ហើយ​នឹង​ការ​ពារ​នាយក OGE ​មិន​ឲ្យ​ទទួល​ការ​បណ្ដេញ​ចេញ​ពី​ការងារ​ ដោយ​គ្មាន​មូល​ហេតុ។​

លោក Blumenthal ​បាន​និយាយ​ថា «ច្បាប់​នោះ ​នឹង​ផ្ដល់​ឲ្យ​អង្គការ​ឃ្លាំមើល​ខាង​សីល​ធម៌​នូវ​អំណាច​ពិត​ប្រាកដ»។

ប៉ុន្តែ ​ពួក​គណបក្ស​សាធារណរដ្ឋ ​ជំទាស់​ប្រឆាំង​នឹង​ច្បាប់​នោះ​ដោយ​មើល​ឃើញ​ច្បាប់​នោះ​ថា ​មាន​លក្ខណៈ​វាយ​ប្រហារ​រដ្ឋ​បាលរបស់​ប្រធានាធិបតី​ត្រាំ ​ច្រើន​ជាង​ការ​ខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សីលធម៌នៅ​ក្នុង​រដ្ឋាភិបាល។

អ្នកស្រី McGehee ​បាន​និយាយ​ថា «មានការ​ចំអក​គឺ​ថា ​ប្រធានាធិបតី​ត្រាំ ​បាន​ចូលកាន់​ដំណែង​ដោយ​និយាយ​អំពី​ការ​ផ្លាស់​ប្ដូរ​អ្វី​ដែល​ចាស់​គំរឹល ក៏ប៉ុន្តែ ​អត្តចរិត​ចាស់​គំរឹល​ខ្លះ ​មិន​ត្រូវ​បាន​គេ​ត្រួត​ពិនិត្យ»៕

ប្រែ​សម្រួល​ដោយ​ សឿន វឌ្ឍនា

XS
SM
MD
LG