ក្រុមមន្រ្តី និងអ្នកតំណាងរាស្រ្តស.រ.អា មានការខឹងសម្បានៅពេលដែលក្រុមអង្គរក្សលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានវាយដំ និងវាយតប់ក្រុមបាតុករអហិង្សាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ខណៈពេលដែលប្រមុខដឹកនាំរបស់ពួកគេសំឡឹងមើលហេតុការណ៍នេះ។ ប៉ុន្តែនៅប្រទេសតួកគីវិញ វិធីសាស្រ្តដ៏តឹងរ៉ឹងបែបនេះ ត្រូវបានទទួលការស្វាគមន៍ពីអ្នកគាំទ្របែបជាតិនិយមជាច្រើនរបស់លោកប្រធានាធិបតី។
ការប៉ះទង្គិចគ្នានេះ កើតឡើងនៅថ្ងៃទី១៦ ខែឧសភា ខណៈពេលដែលក្បួនរថយន្តលោកប្រធានាធិបតី Erdogan ឈប់នៅខាងមុខនិវេសនដ្ឋានអគ្គរដ្ឋទូតតួកគីក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រោយពីត្រឡប់មកពីជួបប្រជុំជាមួយលោកប្រធានាធិបតី Donald Trumpនៅសេតវិមាន។ លោកប្រធានាធិបតី Erdogan បានចេញពីរថយន្តរបស់លោក ឈរមើលក្រុមអង្គរក្ស និងក្រុមអ្នកគាំទ្ររបស់លោកផ្តើមវាយតប់ និងទាត់ធាក់ក្រុមបាតុករ ដែលភាគច្រើនជាជនជាតិ Kurd។ មានមនុស្ស១១នាក់បានរងរបួសក្នុងហេតុការណ៍នេះ។
ពីរថ្ងៃបន្ទាប់ សមាជិកព្រឹទ្ធសភាស.រ.អា. ពីររូបបានធ្វើការប្រឆាំងតវ៉ានឹងលោកប្រធានាធិបតី Erdogan លើករណីអាកប្បកិរិយានៃក្រុមអង្គរក្សរបស់លោក។
សមាជិកព្រឹទ្ធសភា លោកស្រី Dianne Feinstein និងលោក John McCain បានសរសេរក្នុងលិខិតរបស់លោកផ្ញើជូនលោកប្រធានាធិបតី Erdogan ថា៖ «ការឆ្លើយតបបែបហិង្សារបស់ក្រុមសន្តិសុខរបស់លោកទៅកាន់ក្រុមបាតុករអហិង្សា គឺមិនអាចទទួលយកបានទាល់តែសោះ»។
សមាជិកព្រឹទ្ធសភាទាំងពីរបន្ថែមថា ហេតុការណ៍នេះឆ្លុះបញ្ចាំងពីទង្វើរដ្ឋាភិបាលតួកគីដែលប្រព្រឹត្តមកលើអ្នកសារព័ត៌មាន ក្រុមជនជាតិភាគតិច និងគូបដិបក្ខនយោបាយ។
ខណៈពេលដែលក្រុមជនជាតិ តួកគីសម្តែងការមិនយល់ស្របនឹងការប្រើប្រាស់កម្លាំងក្នុងការវាយបំបែកបាតុកម្មអហិង្សានេះ ក្រុមនេះបានហៅទង្វើនេះជាការធ្វើឱ្យអាប់កិត្តិយសប្រទេសជាតិក្នុងឆាកអន្តរជាតិនិងជាការរំលោភបំពានលើសេរីភាពនៃការបញ្ចេញមតិ ក៏ប៉ុន្តែសម្រាប់ក្រុមអ្នកគាំទ្រការដឹកនាំបែបកាន់តែផ្តាច់ការឡើងៗរបស់លោកប្រធានាធិបតី Erdogan គិតថាទង្វើនេះជាការសមហេតុផល។
ក្រុមបាតុករតវ៉ាសមនឹងត្រូវគេវាយតប់អញ្ចឹង
លោក Atakan ដែលជាអ្នកបើកបររថយន្តតាក់ស៊ី មកពីទីក្រុង Erzurum បានប្រាប់ VOA ថា ៖ «ក្រុមភេរវករទាំងនោះ សមនឹងត្រូវគេវាយតប់ហើយ។ ពួកគេមិនគួរធ្វើបាតុកម្មតវ៉ានឹងលោកប្រធានាធិបតីរបស់យើងទេ។ ពួកគេបានទទួលរួចហើយនូវអ្វីដែលគេបានស្នើសុំ»។
លោក Yusuf Kanli ជាអ្នកសរសេរកាសែត និងជាអ្នកវិភាគនយោបាយ បាននិយាយថា មិនថាអ្នកដទៃមើលពីខាងក្រៅថាប្រទេសតួកគីអាក្រក់ប៉ុណ្ណាទេ ហេតុការណ៍នេះ គឺបង្ហាញពីមុខមាត់ពិតនៃលោកប្រធានាធិបតី Erdogan។
លោក Kanli បានបន្តថា៖ «ខ្ញុំជឿថា លោកប្រធានាធិបតី Erdogan ទាញផលចំណេញពីការវាយតប់នេះសម្រាប់នយោបាយផ្ទៃក្នុង និងដើម្បីពង្រឹងក្រុមអ្នកបោះឆ្នោតរបស់លោក និងក៏ដើម្បីទាញយកអ្នកជាតិនិយមមកចូលគណបក្សរបស់លោកឲ្យបានកាន់តែច្រើនឡើង។ ប្រសិនបើអ្នកជាពលរដ្ឋដែលប្រឆាំងលោកប្រធានាធិបតីErdogan ក្នុងប្រទេសតួកគី អ្នកនឹងគិតអំពីភាពស៊ីវិល័យរបស់ពិភពលោក និងមិនយល់ស្របនឹងការវាយតប់លើបុគ្គលដែលមានគំនិតផ្ទុយពីអ្នកឡើយ។ ប៉ុន្តែប្រសិនបើអ្នកជាពលរដ្ឋដែលគាំទ្រលោកប្រធានាធិបតី Erdogan អ្នកនឹងសាទរនៅពេលដែលមនុស្សដែលមានគំនិតផ្ទុយពីអ្នកត្រូវបានគេវាយតប់»។
លោកប្រធានាធិបតី Erdogan បានប្រឹងប្រែងរក្សាគ្រឹះអំណាចរបស់ខ្លួន ជាពិសេសចាប់តាំងពីការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំមុន។ លោកបានបង្ក្រាបយ៉ាងធ្ងន់ធ្ងរលើក្រុមអ្នករិះគន់រដ្ឋាភិបាល ចាប់ក្រុមអ្នកសារព័ត៌មាន និងក្រុមមេដឹកនាំនិងសមាជិកសភាមកពីគណបក្ស PKK ដាក់ពន្ធនាគារពីបទភេរវកម្ម។ គណបក្ស PKK នេះជាគណបក្សជនជាតិ Kurd និងជាក្រុមអ្នកប្រឆាំងធំទី២នៅក្នុងរដ្ឋសភា។
ការបែកបាក់ផ្នែកនយោបាយកាន់តែខ្លាំងឡើង
លទ្ធផលបង្ហាញពីការបែកបាក់ផ្នែកនយោបាយកាន់តែខ្លាំងឡើងក្នុងប្រទេស ស្តែងឡើងតាមរយៈលទ្ធផលនៃការធ្វើប្រជាមតិកាលពីខែមុនដែលត្រូវបានយល់ព្រមក្នុងលក្ខណៈតូចចង្អៀត និងរឹតតែផ្តល់អំណាចថែមទៀតដល់លោកប្រធានាធិបតី Erdogan។
លោក Orkan ដែលជាវិស្វករមកពីទីក្រុងអ៊ីស្តង់ប៊ូលបានប្រាប់ VOAថា៖ «ប្រជាជនដែលគាំទ្រលោកប្រធានាធិបតី Erdogan យល់ព្រមនឹងការប្រើប្រាស់កម្លាំងបែបនោះ។ ដូច្នេះ ជាចុងក្រោយ ការបែកបាក់ជាតិដ៏ផុយស្រួយក្នុងប្រទេសនេះរឹតតែធ្ងន់ធ្ងរឡើងៗ»។
ការប៉ះទង្គិចស្រដៀងគ្នានេះរវាងក្រុមមនុស្សរបស់លោកប្រធានាធិបតី Erdogan និងក្រុមបាតុករតវ៉ា ក៏បានផ្ទុះឡើងកាលពីឆ្នាំមុន ខណៈពេលដែលលោកបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនដើម្បីចូលរួមក្នុងសន្និសីទនុយក្លែរអ៊ែរ។
លោក Ilhan Tanir ជាអ្នកកាសែតមិនចំណុះឱ្យអង្គភាពសារព័ត៌មានណា និងជាអ្នកវិភាគ បាននិយាយថា៖ «ប្រជាជនតួកគីដែលគាំទ្រគណបក្ស AK របស់លោកប្រធានាធិបតី Erdogan យល់ឃើញថា ហេតុការណ៍បែបនេះ គឺជារឿងសមហេតុ សមផល។ កាសែតដែលគាំទ្ររដ្ឋាភិបាល និងក្រុមស្មេរ បានបង្ហាញការគាំទ្រលើហេតុការណ៍នេះ។ ពួកគេបាននិយាយថា ពួកគេបានបង្រៀនក្រុមភេវករ PKK អំពីមេរៀនដ៏សំខាន់មួយ»។
លោក Tanir បាននិយាយថា៖ «ក្រុមអង្គរក្សលោកប្រធានាធិបតី Erdogan ធ្វើឲ្យខ្ញុំនឹកឃើញដល់ក្រុមអង្គរក្សលោកប្រធានាធិបតី Muammar Gaddafi។ ពួកគេចូលចិត្តការវាយតប់ដូចគ្នា។ ប៉ុន្តែសម្រាប់ក្រុមអង្គរក្សលោកប្រធានាធិបតី Erdogan អំពើហិង្សាសឹងនឹងក្លាយជាទម្លាប់ទៅហើយ»។
ប្រែសម្រួលដោយ កោះ សុគន្ធី