គណបក្សកាន់អំណាចរបស់តួកគីបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រជាមតិដែលផ្តល់អំណាចខ្លាំងជាងមុនថ្មីមួយដល់ប្រធានាធិបតី លោក Recep Tayyip Erdogan។ នេះបើយោងតាមការប្រកាសរបស់អាជ្ញាធរកាលពីល្ងាចថ្ងៃអាទិត្យ។
ជាមួយនឹងការរាប់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតបឋមដែលបានបញ្ចប់ និងការអបអរសាទរបានធ្វើឡើងក្នុងរដ្ឋធានីអ៊ីស្តង់ប៊ុល លោក Erdogan បានថ្លែងប្រាប់អ្នកគាំទ្ររបស់លោកដែលសប្បាយរីករាយថា ចម្លើយយល់ស្របបានទទួល២៥លានសម្លេង ដែលច្រើនជាងសម្លេងបដិសេធទៅលើការកែប្រែនេះចំនួន១លាន៣សែនសម្លេង។ លោកក៏បានមានប្រសាសន៍ថា ការបោះឆ្នោតប្រជាមតិនេះបានបញ្ចប់ប្រវត្តិអន្តរាគមន៍យោធារយៈពេលរាប់ទសវត្សរ៍នៅក្នុងរដ្ឋាភិបាលរបស់តួកគី។
លោកបានមានប្រសាសន៍នៅក្នុងសុន្ទរកថាសង្ខេបមួយថា «ជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់សាធារណរដ្ឋនេះ ដែលយើងកំពុងតែកែប្រែប្រព័ន្ធកាន់អំណាចរបស់យើងតាមរយៈនយោបាយស៊ីវិល»។
ការបោះឆ្នោតគាំទ្រមានន័យថា សភាតួកគីនឹងក្លាយជាអង្គបន្ទាប់បន្សំមួយ។ នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនឹងត្រូវលុបចោល ហើយរដ្ឋមន្ត្រីនឹងត្រូវតែងតាំងដោយផ្ទាល់ដោយប្រធានាធិបតី និងមានទំនួលខុសត្រូវចំពោះលោក។ ប្រធានាធិបតីក៏នឹងកំណត់ថវិកាផងដែរ។
ការធ្វើវិសោធនកម្មនេះក៏នឹងបញ្ចប់នូវអព្យាក្រឹតភាពជាផ្លូវការរបស់ប្រធានាធិបតី ដែលអនុញ្ញាតឲ្យលោកដឹកនាំគណបក្សនយោបាយបាន។ ប្រធានាធិបតីនឹងមានអំណាចរំលាយសភានិងប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងស្ថានភាពអាសន្ន ខណៈដែលមានអំណាចខ្លាំងជាងមុនក្នុងការតែងតាំងចៅក្រមតុលាការកំពូលនិងតុលាការធម្មនុញ្ញផងដែរ៕