ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កំពុងគំរាមកំហែងកាត់ផ្តាច់ចំណងខាងយោធាជាមួយរដ្ឋាភិបាលក្រុងម៉ូស្គូ ប្រសិនបើ សហរដ្ឋអាមេរិកមិនលុបចោលការទណ្ឌកម្មលើការលក់យន្តហោះចំបាំងឲ្យតួកគីនោះ។
ការព្រមាននេះកើតមានឡើងមុនជំនួបដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយរវាងប្រធានាធិបតី Erdogan និងលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ។
តួកគីមានគម្រោងទិញយន្តហោះធុន Su-35 ដែលជាប្រភេទយន្តហោះទម្លាក់គ្រាប់បែកថ្មីបំផុតរបស់រុស្ស៊ី។តួកគី កំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលរួចហើយក្នុងចំណោមសម្ព័ន្ធមិត្តប្រទេសលោកខាងលិចដោយការទិញប្រព័ន្ធកាំជ្រួចមីស៊ីល S-400 របស់រុស្ស៊ី។
ប្រធានាធិបតី Erdogan បាននិយាយកាលពីថ្ងៃអង្គារថា «នៅពេលដែលយើង បានទិញកាំជ្រួច S-400 យើង មិនបានសុំការអនុញ្ញាតិទេ។ដូច្នេះ ប្រសិនបើ យើងធ្វើការសម្រេច យើង នឹងទិញយន្តហោះទម្លាក់គ្រាប់បែកធុន S-35»។
ប្រធានាធិបតីតួកគីលោក Erdogan បាននិយាយថា ការសម្រេចចុងក្រោយស្តីពីការទិញយន្តហោះចំបាំងរបស់រុស្ស៊ីនេះ អាចស្ថិតនៅក្នុងការសម្រេចរបស់លោកប្រធានាធិបតីត្រាំ។លោក បានអំពាវដល់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ឲ្យលក់យន្តហោះចំបាំងប្រភេទ F-35 របស់អាមេរិកទៅឲ្យតួកគី។
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាការសងសឹកដល់រដ្ឋាភិបាលតួកគីដែលទិញកាំជ្រួចប្រភេទ S-400របស់រុស្ស៊ីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន អះអាងថា ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអាវុធរបស់អង្គការអូតង់ ជាពិសេស បច្ចេកវិទ្យាប្រភេទយន្តហោះទំនើប F-35 របស់អាមេរិក៕