ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​ពាណិជ្ជកម្ម​ធ្លាក់​ចុះ តួកគី​ស្វះស្វែង​ស្តារ​ទំនាក់ទំនង​ក្នុង​តំបន់​ឡើង​វិញ


រូប​ឯកសារ៖ ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan ថ្លែង​សុន្ទរកថា បន្ទាប់​ពី​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​មួយ​នៅ​ឯ​វិមាន​ប្រធានាធិបតី​​ក្នុង​ទីក្រុង​អង់ការ៉ា ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
រូប​ឯកសារ៖ ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan ថ្លែង​សុន្ទរកថា បន្ទាប់​ពី​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​មួយ​នៅ​ឯ​វិមាន​ប្រធានាធិបតី​​ក្នុង​ទីក្រុង​អង់ការ៉ា ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Erensan លោក Ali Eren បាន​និយាយ​ថា ក្រុមហ៊ុន​តួកគី​ដូចជា ក្រុមហ៊ុន Erensan ​របស់​លោក​ដែល​ផលិត​ម៉ាស៊ីន Boiler កំពុង​តែ​រងគ្រោះ​យ៉ាង​ខ្លាំង​ពី​ទំនាក់ទំនង​ធ្លាក់ចុះ​របស់​តួកគី​នៅ​តំបន់​មជ្ឈិមបូព៌ា និង​តំបន់​អាហ្វ្រិកខាងជើង។

លោក​បាន​ថ្លែង​ថា៖ «ដូច្នេះ​ យើង​បាន​ងាកចេញ​ពី​តំបន់​មជ្ឈិមបូព៌ា។ ហើយ​ខណៈពេល​មានទំនាក់ទំនង​មិន​ល្អ​ជាមួយ​នឹង​អារ៉ាប៊ីសាអូឌីត និង​អេហ្ស៊ីប​ យើង​ត្រូវ​ងាក​ទៅតំបន់​បូព៌ា​ ដូចជា​ទៅ​កាន់ប្រទេស​ឥណ្ឌូណេស៊ី​ ជា​ឧទាហរណ៍ និង​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ ដែល​បាន​ក្លាយ​ជា​ទីផ្សារ​ដ៏​ល្អ​មួយ​សម្រាប់​ពួកយើង​ផង​ដែរ។ ប៉ុន្តែ​រឿង​នេះមិនអាច​សម្រេច​បាន​ដោយ​ស្វ័យប្រវត្តិ​នោះ​ទេ ពីព្រោះ​យើង​ត្រូវ​ព្យាយាម​ចូល​ទៅ​ក្នុង​ទីផ្សារ​ជា​មុន​សិន»។

របាយការណ៍ផ្សេងៗ​បាន​លើកឡើង​ពី​ការ​ធ្វើ​ពហិការ​ពាណិជ្ជកម្ម​របស់​អារ៉ាប៊ីសាអូឌីត ដែល​បាន​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​មក​លើ​វិស័យ​ផលិត​សាច់ក្រណាត់​ដ៏​ធំ​របស់​តួកគី ដែល​ផ្គត់ផ្គង់​ទៅ​កាន់​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​លើ​ឆាក​អន្តរជាតិ។ អេហ្ស៊ីប​បាន​ចូលរួម​ជាមួយ​នឹងអារ៉ាប៊ីសាអូឌីតជា​គូប្រជែង​ដ៏​កាន់តែ​មោះមុត​មួយ​តទល់​នឹង​តួកគី។

អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​លោក Emre Caliskan នៅ​សាកលវិទ្យាល័យ Oxford និយាយ​ថា តួកគី​ចាត់ទុក​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ​ជា​ការ​រារាំង​នឹង​កិច្ចប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ចូល​ទៅ​កាន់​ទីផ្សារ​នៅតំបន់​អាហ្វ្រិក​ខាងជើង។

​លោក​បាន​ថ្លែងថា៖ «តួកគី​ចង់ក្លាយ​ជា​អ្នកដើរតួសំខាន់​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់។ តួកគី​មាន​សេដ្ឋកិច្ច​ដែល​ផ្តោត​ទៅ​លើ​ការ​នាំចេញ។ ប៉ុន្តែ​រាល់​ពេល​ណា​ដែល​តួកគី​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​បណ្តាប្រទេស​ណា​មួយ ដូចជា ម៉ារ៉ុក និង​អាល់ហ្សេរី ប្រទេស​ទាំង​នេះ​តែងតែ​ជា​ប្រទេស​គាំទ្រ​អារ៉ាប៊ីសាអូឌីត»។

ប្រទេស​តួកគី​ នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​លោក Erdogan បាន​បើក​ស្ថានទូត​ថ្មី​មួយ​ចំនួន​នៅទ្វីប​អាហ្វ្រិក ដោយ​សង្ឃឹម​ថា នឹង​អាច​ចូលទីផ្សារ​នៅ​ទ្វីប​នេះបាន។

រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ក៏​បាន​បរាជ័យ​ផងដែរ​នៅ​ក្នុង​កិច្ចប្រឹងប្រែងបើកស្ថានទូត​នេះ ជាមួយ​នឹង​ការ​ទម្លាក់​មេដឹកនាំ​ប្រទេស​ស៊ូដង់​លោក Omar al Bashir ​ចេញ​ពី​តំណែង ដែល​លោកជា​សម្ព័ន្ធមិត្ត​ជិតដិត​នឹង​ប្រធានាធិបតី​តួកគី​លោក Erdogan។ រដ្ឋាភិបាល​ស៊ូដង់​ថ្មី​បាន​ងាកចេញ​ពី​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា និង​បែរទៅ​រក​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ​ជំនួស​វិញ។ ​

ស្រប​ពេលសេដ្ឋកិច្ច​តួកគីកំពុង​រង​ផល​ប៉ះពាល់​ពី​ការរាតត្បាត​ជំងឺ​កូវីដ១៩ ជា​សាកល លោក Caliskan និយាយ​ថា តួកគី​កំពុង​តែ​សម្លឹង​ទៅ​អារ៉ាប៊ីសាអូឌីត​ដើម្បី​ដោះស្រាយ​នូវ​ការ​ខ្វែង​គំនិត​គ្នា​ផ្សេងៗ។

លោក​បាន​ថ្លែង​ថា៖ «តួកគី​កំពុង​តែ​រងគ្រោះ​ពី​ផល​អវិជ្ជមាន​បង្ក​ឡើង​ដោយ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ដូច្នេះ​សេដ្ឋកិច្ច​តួកគី​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ផង​ដែរ។ ដូចនេះ​ តួកគី​សង្ឃឹម​ថា តាមរយៈ​ការ​ងាក​ទៅ​រក​ប្រទេស​អារ៉ាប៊ីសាអូឌីត ការណ៍​នេះ​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​តួកគី​ឡើង​វិញ ដូចដែល​អ្នក​ធ្លាប់​បាន​ឃើញ​រួច​មក​ហើយ​ថា អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​នេះ អារ៉ាប៊ីសាអូឌីត​បាន​ធ្វើ​ពហិការ​លើ​មុខ​ទំនិញ និង​ផលិតផល​របស់​តួកគី»។

កាល​ពី​អតីតកាល តួកគី​និង​អារ៉ាប៊ីសាអូឌីត​មាន​ទំនាក់ទំនង​ជិតដិត​នឹង​គ្នា​ ដោយ​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ​ធ្វើ​ការ​វិនិយោគ​យ៉ាង​ច្រើន​នៅ​តួកគី៕

ប្រែសម្រួល​ដោយ​លោក​ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG