ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​អាមេរិក​ចង់​ឃើញ​សហរដ្ឋ​អាមេរិក​​មាន​ជោគ​ជ័យ​ដូច​វៀតណាម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​វីរុសកូរ៉ូណា​


រូបឯកសារ៖ បុរសម្នាក់ជិះកង់ឌុបកូន ដោយមានពាក់ម៉ាស់នៅលើដងផ្លូវមួយ អំឡុងពេលមានរាតត្បាតវីរុសកូរ៉ូណា នៅក្រុងហាណូយ ប្រទែសវៀតណាម កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសម្នាក់ជិះកង់ឌុបកូន ដោយមានពាក់ម៉ាស់នៅលើដងផ្លូវមួយ អំឡុងពេលមានរាតត្បាតវីរុសកូរ៉ូណា នៅក្រុងហាណូយ ប្រទែសវៀតណាម កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

ប្រទេស​វៀតណាម​អាច​សម្លឹង​ទៅ​កាន់សហរដ្ឋ​អាមេរិកសម្រាប់រឿងគ្រប់​យ៉ាង រាប់តាំងវិស័យ​បច្ចេក​វិទ្យារហូត​ដល់​ការ​អប់​រំ​ក្រៅ​ប្រទេស​របស់​ខ្លួន។ ប៉ុន្តែ​សម្រាប់​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាលនៃ​ជំងឺ​កូវីដ​១៩វិញ​ ដែល​បាន​សម្លាប់ពលរដ្ឋ​អាមេរិក​យ៉ាង​ហោច​ណាស់​ប្រមាណ​ជិត​១សែន​៤ម៉ឺន​៧ពាន់នាក់​ (១៤៧០០០)​ ​មកដល់ថ្ងៃទី​២៧ ខែ​កក្កដា​នេះ ដោយ​ឡែក​ប្រទេស​វៀតណាម​វិញ​ ពុំ​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះទេ សហរដ្ឋអាមេរិកយកគំរូតាមប្រទេសវៀតណាម។ នេះបើយោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins ។

បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​នៅ​ក្នុង​ប្រទេស​វៀត​ណាមបាន​ឲ្យ​ដឹង​ថា​ សហរដ្ឋ​អាមេរិក​អាច​នឹង​ធ្វើការ​ងារ​បាន​ល្អ​ទាក់​ទង​រឿង​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩ ប្រសិន​បើ​ខ្លួន​អនុវត្ត​តាម​ប្រទេស​វៀតណាម​។

ក្រោយ​ការ​វិនិយោគ​លើវិស័យ​សុខភាព​សារធារណៈរបស់ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ​វៀតណាមបាន​ចាប់​ផ្តើម​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​កាល​ពី​ដើម​ឆ្នាំ​នេះ​ ដោយ​ការ​ធ្វើ​តេស្ត​ ការព្យាបាល​ និង​ការ​ដាក់​ឲ្យ​នៅ​ដោយ​ឡែកភ្លាមៗ​ចំពោះ​អ្នក​ជំងឺ​កូវីដ​១៩។ អគ្គកុង​ស៊ុលអាមេរិកប្រចាំ​ក្រុង​ហូជីមិញ ​លោក​ស្រី​ Marie Damour បាន​លើក​ឡើង​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​របស់​វៀតណាម​ជាមួយ​ជំងឺ​កូវីដ​ថា​ជា​ គំរូ​មួយល្អ។ អ្នក​ស្រី​មាន​ប្រសាសន៍​ដូច​នេះ​ ក្នុង​ពិធីរំឭកខួប​២៥ឆ្នាំនៃ​ការបង្កើត​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ការទូត​រវាងប្រទេសដែល​ធ្លាប់​ជា​គូសត្រូវ​ក្នុង​សម័យ​សង្គ្រាម​កន្លង​មក​។​

លោក​ស្រី​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សម្ដី​ដើម​ថា​ ៖ «​ប្រទេស​វៀតណាម​ ប្រហែលក្លាយ​ជា​ប្រទេស​ដែល​មាន​ភាព​ជោគ​ជ័យធំ​ជាង​គេ​បំផុត​ ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​ ​ក៏ដូច​ជា​ការ​តាម​រក​អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​អ្នក​ជំងឺនេះ​ និង​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា​សង្គមទាំង​មូល​ចូលរួម​ពាក់​ព័ន្ធ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឹនេះ។​ នេះ​ជា​ឧទាហរណ៍​មួយ​ដែល​ខ្ញុំ​ចង់​ឃើញ​សហរដ្ឋ​អាមេរិកយក​គំរូ​តាម​ប្រទេស​វៀត​ណាម​ក្នុងរឿងនេះ»។

អត្ថាធិប្បាយនេះបាន​ធ្វើ​ឡើង​មុន​ពេល​ដែល​ប្រទេស​វៀតណាម​មាន​ដំណើរ​ថយ​ក្រោយ ទាក់​ទង​នឹង​រឿង​ជំងឺ​កូវីដ​១៩​ ព្រោះ​ដោយ​សារ​នៅ​ចុង​សប្តាហ៍​នេះ ​គេបានរក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​ស្រុក​ថ្មីម្នាក់ ដែល​នេះ​ជា​ករណី​ឆ្លង​ថ្មីលើក​ទី​មួយ​របស់វៀតណាម​ក្នុងរយៈពេល​១០០​ថ្ងៃ​កន្លង​មក​។​ លោក​ស្រីលើក​ឡើង​ថា​ វៀតណាម​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដតែ​៤២៤​ករណីប៉ុណ្ណោះ​ ហើយប្រទេស​របស់លោកស្រីគឺ​សហរដ្ឋ​អាមេរិក ​គួ​រធ្វើ​សកម្ម​ភាព​ខ្លាំង​ថែម​ទៀត​ក្នុង​ការ​ទប់​ស្កាត់​នឹង​ជំងឺ​ឆ្លង​រាត​ត្បាតនេះ​។ មន្រ្តី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក មាន​ជំហរខុសៗ​គ្នាទាក់​ទង​នឹង​ជំងឺ​កូវីដ​១៩នេះ​ ។ ​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់​ ត្រាំ​ ថ្លែង​ថា​ វីរុស​កូរ៉ូណា​នឹង​រលាយ​បាត់​ដោយ​ខ្លួន​ឯង។ ចំណែកឯអភិបាល​រដ្ឋ​ជា​ច្រើន​ បាន​ចាត់​ទុក​ថាជំងឺ​កូវីដ​១៩ ជា​វិបត្តិមួយ​ដែល​កំពុង​តែ​កើតឡើង។

​វៀតណាម​ទទួល​ផល​ប្រយោជន៍​ពីអាមេរិក​

សេចក្តី​ថ្លែង​របស់​អគ្គកុង​ស៊ុលសហរដ្ឋ​អាមេរិក​លោកស្រី​ Damour​ ធ្វើ​ឡើង​ក្នុង​ន័យ​បញ្ជាក់ពី​អ្វី​ដែល​សហរដ្ឋ​អាមេរិក​ទទួល​បា​ន​ពី​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​វៀតណាម។ ទោះ​បី​ជា​ប្រទេស​វៀត​ណាមមាន​ធន​ធាន​ក្នុង​កម្រិត​កំណត់​និងមិន​ត្រូវ​បានពិភព​លោក​មើល​ឃើញ​ច្រើន​ដូច​អាមេរិក​ក្តី​ តែ​ប្រទេស​វៀត​ណាម​បាន​ផ្តល់​នូវ​ការ​រួម​ចំណែក​ផ្សេង​ៗក្នុង​ទំនាក់​ទំនង​នេះដូច​ជា​ មេរៀននៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩​ជាដើម។

​ការឆ្លើយ​តបរបស់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩នេះ​ គឺ​មាន​លក្ខណៈផ្ទុយ​គ្នាស្រឡះ​។​ ប្រទេស​វៀត​ណាម​និង​អាមេរិកបាន​រក​ឃើញ​នូវ​ករណី​ដំបូង​នៃ​វីរុស​កូរ៉ូណា​ក្នុង​សប្តាហ៍​តែ​មួយក្នុង​ខែ​មករា​។ ដោយ​មានបទ​ពិសោធន៍ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ SARS​ និង​ជំងឺផ្សេង​ៗ​ទៀតក្នុងអាកាស​ធាតុតំបន់​ត្រូពិក ប្រទេស​វៀតណាម​បាន​ចាត់​វិធាន​ការ​ជា​បន្ទាន់ក្នុង​ការ​ដាក់​អ្នក​ជំងឺ​ឲ្យ​នៅ​ដោយ​ឡែក​ និង​តាម​រក​អ្នក​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លងវីរុស​កូរ៉ូណា​ ក៍ដូច​ជា​ការ​កំណត់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ជា​ដើម។​ វៀតណាម​ពេល​នេះ​ ​ក្លាយជា​ប្រទេស​មួយ ​ដែល​មាន​ពលរ​ដ្ឋ​ច្រើនប្រមាណ​ជា​ជិត​១០០​លាន​នាក់​ ដែល​គ្មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ និង​មាន​អ្នក​ឆ្លង​តិច​ជា​ង​៥រយករណី (៥០០) តែ​ប៉ុណ្ណោះ។​

ផ្ទុយ​ទៅវិញ​ សហរដ្ឋ​អាមេរិក​នៅ​តែ​ស្ថិត​ក្នុង​ភាព​វិល​វល់​មិន​ច្បាស់​លាស់​ ថា​តើ​ពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស​ឬ​អត់ និង​ត្រូវ​បិទ​ក្រុង​មួយ​ចំនួន​ ដោយ​សារ​តែ​ការ​ខ្វះ​ខាត​ឧបករណ៍​ធ្វើ​តេស្ត​និង​សមត្ថភាព​ផ្ទុក​អ្នក​ជំងឺរបស់​មន្ទីរ​ពេទ្យឬយ៉ាង​ណា​។ ​លោក​ប្រធានា​ធិបតី ដូណាល់ ត្រាំ ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រោយ​ការ​រាត​ត្បាត​ជំងឺ​នេះ​អស់​៦​ខែ ស្ថានភាព​ប្រហែល​«ធ្ងន់​ធ្ងរ​ជាង​នេះ​ មុន​នឹង​ល្អប្រសើ​រ​ឡើង​វិញ»។

សហរដ្ឋ​អាមេរិកបាន​ងាក​ទៅ​រក​ប្រទេស​ផ្សេងៗ​ដូច​ជា​វៀតណាម​ជា​ដើម​ ដើម្បី​សុំ​ជំនួយ​និង​ទិញ​ឧបករណ៍​ការពារ​ខ្លួន។​

មុខមាត់ថ្មី​នៃ​សកម្មភាព​ការទូត

ឆ្នាំ​២០២០​ ​គួរ​ជា​ឆ្នាំ​សំរាប់​ប្រារព្ធ​ភាព​ជោគ​ជ័យ​យ៉ាង​ធំ​ធេងរវាងប្រទេស​វៀតណាម​និង​អាមេរិក។ ប្រទេស​ទាំង​ពីរ​មាន​សកម្មភាព​ការទូត​ជា​ច្រើន បើ​ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​ធ្លាប់​ជា​អតីត​គូ​សត្រូវ​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​មួយ​ដែល​ត្រូវ​បាន​បញ្ចប់ក្នុង​ឆ្នាំ​១៩៧៥​ ដែល​ពេល​នោះអាមេរិក​បាន​បង្ខំ​ចិត្ត​បិទ​ស្ថាន​ទូត​របស់​ខ្លួនក្នុង​ទី​ក្រុង​ដែលមាន​ឈ្មោះ​ថា ​សាយហ្គន ​នាពេល​នោះ​ក៏ដោយ។​ ទី​តាំង​ស្ថានទូត​នេះ​ត្រូវ​បាន​បើក​ឡើងវិញ​ ជា​ស្ថានកុងស៊ុល​អាមេរិក​ក្នុង​ទសវត្ស​១៩៩០​ នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​បាន​បង្កើត​ទំនាក់​ទំនង​ជា​មួយ​គ្នា​ឡើង​វិញ។

ឥឡូវ​នេះ​រយៈពេល​២៥ឆ្នាំ​ បាន​កន្លង​ផុត​ទៅ​ ប្រទេស​ទាំង​ពីរ​ កំពុង​ប្រារព្ធ​ខួប​ទី​២៥ឆ្នាំ​ នៃ​ទំនាក់​ទំនង​ការទូតក្នុង​លក្ខណៈ​ស្ងប់​ស្ងាត់​ដោយ​សារ​តែ​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩។​ ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំង​ពីរបាន​កើន​ឡើង​ខ្ពស់​ ជាមួ​យ​នឹង​កំណើន​នៃ​ការ​ផ្លាស់​ប្តូរ​ទេសចរនិង​និស្សិត​ ហើយអារម្មណ៍ខឹង​សម្បារ​ដោយ​សារ​ភ្លើង​សង្គ្រាម​ មាន​ការ​ថយចុះ​។​ ការ​ផ្លាស់​ប្តូរ​នេះ​បាន​ផ្តល់មិត្ត​ម្នាក់​ឲ្យ​អាមេរិក​ក្នុង​តំបន់​អាស៊ី​ ​ ខណៈពេលភាព​តាន​តឹង​ក្នុង​តំបន់​ជា​មួយ​ប្រទេស​ចិន​ កំពុង​តែ​កើត​មាន​ឡើង​។

ក្នុង​ទី​ក្រុង​ហូជីមិញ​ ផ្ទាំង​រូប​ភាព​មន្ត្រី​វៀតណាម​និង​អាមេរិក​ត្រូវ​បាន​ដាក់​តាំង​នៅ​តាម​ជញ្ជាំង​របង​របស់​ស្ថាន​កុងស៊ុល​អាមេរិក​។​ នៅ​ជាន់​ខាង​លើ​នៃ​ស្ថាន​កុង​ស៊ុល​ គេ​ឃើញ​មាន​ពិធី​រំឭក​ខួប​នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​វៀតណាម​និង​សហរដ្ឋ​អាមេរិក ដោយ​មាន​វាគ្មិន​នៃ​ប្រទេស​ទាំង​ពីរ​ចូលរួមផង​ដែរ​។

លោកបណ្ឌិត ​Nguyen Thanh Trung​ នាយកមជ្ឈមណ្ឌល​សំរាប់​ការសិក្សា​អន្តរជាតិ​នៃ​មហា​វិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​និង​មនុស្សជាតិ​នៃ​សាកលវិទ្យាល័យ​ជាតិ​វៀតណាម​ បាននិយាយថា​៖ «ខ្ញុំ​គិត​ថា​ ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​វៀត​ណាម កំពុង​ស្ថិត​នៅ​លើ​ទិស​ដៅ​មួយ​ ហើយ​ជា​ការ​ពិបាកណាស់ក្នុង​ការ​ផ្លាស់​ប្តូរ​ទិស​ដៅ​នោះ​។​ ​ខ្ញុំគិត​ថា​ វាមិនអាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់បុគ្គល​ណា​ម្នាក់​នោះ​ទេ​ គឺ​ព្រោះ​ដោយ​សារ​យើង​បាន​បង្កើត​នូវ​រឿង​រ៉ាវ​ជា​ច្រើន​ជាមួយ​គ្នា​» ៕​

ប្រែ​សម្រួល​ដោយលោក​ ជ្រា វណ្ណារិទ្ធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG