អ្នកវិទ្យាសាស្ត្រនិយាយថា ការរីកចម្រើនយ៉ាងលឿនរបស់តំបន់អាស៊ីអាគ្នេយ៍កំពុងបណ្តាលឲ្យមានការកាប់បំផ្លាញព្រៃឈើនៅអនុតំបន់ទន្លេមេគង្គដ៏មានសារៈសំខាន់ ហើយបានគំរាមកំហែងអំបូរសត្វជាច្រើននៅក្នុងប្រព័ន្ធអេកូឡូស៊ីមួយក្នុងចំណោមប្រព័ន្ធអេកូឡូស៊ីដែលមានជីវចម្រុះដ៏ច្រើនជាងគេបង្អស់នៅលើពិភពលោក។ ការជួញដូររុក្ខជាតិ និងសត្វព្រៃកំពុងជំរុញនិន្នាការនៃការបំផ្លិចបំផ្លាញនេះ ហើយរដ្ឋាភិបាលកំពុងត្រូវបានដាក់សម្ពាធឲ្យចាត់វិធានការបន្ថែមទៀត ដើម្បីបញ្ឈប់បញ្ហានេះ។
នៅក្នុងរយៈពេលជិតពីរទសវត្សរ៍នេះ អ្នកវិទ្យាសាស្រ្តដែលសិក្សាស្រាវជ្រាវទៅលើជីវចម្រុះនៅក្នុងអនុតំបន់ទន្លេមេគង្គបានរកឃើញអំបូរសត្វថ្មីៗជាង២.២០០ប្រភេទ គឺរួមមានចាប់ពីកំប្រុកយក្សមានស្លាប រហូតដល់ត្រី ហើយមានទាំងពីងពាងគ្មានភ្នែកដែលរស់នៅក្នុងល្អាងភ្នំ។ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ អំបូរសត្វថ្មីៗ ច្រើនជាង៣៦០ប្រភេទត្រូវបានរកឃើញ និងកត់ត្រាទុក។
អនុតំបន់ទន្លេមេគង្គ រួមមានខេត្ត Yunnan របស់ចិន ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម ហើយវាជាតំបន់មួយក្នុងចំណោមតំបន់ជីវចម្រុះធំបំផុតៗចំនួនប្រាំនៅលើពិភពលោក។
ប៉ុន្តែ អ្នកវិទ្យាសាស្រ្តនិយាយថា ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ ការសាងសង់ទំនប់វារីអគ្គីសនី ភាពធូររលុងនៃការអនុវត្តច្បាប់ និងការជួញដូរ បានបង្កផលប៉ះពាល់អាក្រក់ដល់តំបន់នេះ។
Thomas Gray ប្រធានផ្នែកអំបូរសត្វរបស់អង្គការ World Wide Fund for Nature (WWF) ប្រចាំនៅប្រទេសកម្ពុជានិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការបាត់បង់នេះទទួលបានទាំងលទ្ធផលវិជ្ជមាន និងអវិជ្ជមាន។
«មានជោគជ័យមួយចំនួន។ ឧទាហរណ៍ ដូចជាសត្វខ្លានៅក្នុងប្រទេសថៃ។ ប៉ុន្តែ មានភាពបរាជ័យច្រើនជាងជោគជ័យ ហើយនេះជាបញ្ហាដែលត្រូវដោះស្រាយ។ យើងមានភាពជោគជ័យតូចៗនៅកន្លែងមួយចំនួន ប៉ុន្តែយើងកំពុងតែចាញ់នៅសមរភូមិធំ គឺការបង្ហាញឆន្ទៈនយោបាយ ការឲ្យអ្នកដឹកនាំប្រទេស គាំទ្រការអភិរក្ស។ ហ្នឹងហើយជាអ្វីដែលយើងត្រូវធ្វើ»។
ខ្លាព្រៃ និងរមាសអាស៊ី បានបាត់បង់ពីប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ប៉ុន្តែ ដោយសារតែមានកិច្ចខិតខំប្រឹងប្រែងថ្មីក្នុងការបន្តអភិរក្ស មានតែប្រទេសថៃប៉ុណ្ណោះ ដែលមានចំនួនខ្លាកើនឡើងបានប្រហែល២៣០ក្បាល។
ចំនួនព្រៃឈើបានធ្លាក់ចុះយ៉ាងខ្លាំង។ ព្រៃឈើដែលគ្របដណ្តប់នៅក្នុងតំបន់ កាលពី៤០ឆ្នាំមុន បានធ្លាក់ចុះមកត្រឹម១ភាគ៣ ហើយអ្នកវិទ្យាសាស្រ្តនិយាយថា មានតែ១០ ទៅ២០ភាគរយប៉ុណ្ណោះដែលនឹងនៅសេសសល់ដល់ឆ្នាំ២០៣០។
អ្នកវិទ្យាសាស្រ្តនិយាយថា ប្រសិនបើអត្រានៃការជួញដូរខុសច្បាប់នៃអំបូរសត្វព្រៃ និងសត្វជិតផុតពូជ នៅតែបន្តដូចសព្វថ្ងៃនេះ នោះពពួកសត្វ និងប្រភេទរុក្ខជាតិ ប្រមាណជា៤០ភាគរយនៅអាស៊ីអាគ្នេហ៍នឹងត្រូវបាត់បង់នៅក្នុងសតវត្សរ៍នេះ។
អង្គការឃ្លាំមើលបរិស្ថាន Freeland Foundation ដែលមានមូលដ្ឋាននៅស.រ.អា បាននិយាយថា នៅអាស៊ីអាគ្នេយ៍ ទីផ្សារងងឹតទៅលើឈើរត់ពន្ធខុសច្បាប់ សត្វព្រៃ និងអំបូរសត្វ ឬរុក្ខជាតិក្នុងទឹក មានតម្លៃយ៉ាងហោចណាស់១២០លានដុល្លារក្នុងមួយឆ្នាំ។
នៅក្នុងប្រទេសថៃ មានសញ្ញានៃភាពជោគជ័យ។ Anak Pattanavibool ជានាយកអង្គការ Wildlife Conservation Society និយាយថា ការតស៊ូជាសាធារណៈអាចផ្តល់លទ្ធផលវិជ្ជមាន។
«មនុស្សជាច្រើនបានដឹងពីការអភិរក្សដឹងពីសារៈសំខាន់ក្នុងការរក្សាព្រៃឈើ និងការរក្សាសត្វព្រៃ។ នេះហើយជាមូលហេតុដែលអ្នកឃើញមានចលនារបស់មនុស្ស នៅគ្រប់ពេលដែលគម្រោងអភិវឌ្ឍន៍ធំៗកើតឡើង គឺពួកគេនឹងចេញមកព្យាយាមបញ្ឈប់គម្រោងអភិវឌ្ឍន៍ធំៗទាំងនោះ នៅក្នុងព្រៃក្នុងប្រទេសថៃ។ ឥឡូវនេះ ការតវ៉ាកំពុងក្លាយជានិន្នាការធម្មតាមួយ»។
នៅក្នុងប្រទេសកម្ពុជា ការកាប់ព្រៃឈើជា ការគំរាមកំហែងដ៏ធំមួយទៅលើអំបូរសត្វ ឬរុក្ខជាតិ។ របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយអង្គការ Forest Trend ដែលមានមូលដ្ឋាននៅស.រ.អា និយាយថា នៅក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលបានផ្តល់ដីសម្បទានដែលមានចំនួនស្មើនឹង១៤ភាគរយនៃចំនួនផ្ទៃដីប្រទេសកម្ពុជា។
លោក Thomas ដែលបម្រើការឲ្យអង្គការ World Wide Fund for Nature និយាយថា ការបាត់បង់ព្រៃឈើគឺជាការគំរាមកំហែងដ៏ចម្បងនៅក្នុងជីវចម្រុះរបស់កម្ពុជានាពេលឥឡូវនេះ។
«នៅប្រទេសកម្ពុជា ឈើជាច្រើនដែលមានតម្លៃរាប់សែនដុល្លារស្ថិតនៅក្នុងព្រៃ ហើយជាអកុសល វាហូរចូលហោប៉ាវរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល។ ជាក់ស្តែង នៅក្នុងប្រទេសឡាវ និងកម្ពុជា វាពិបាកក្នុងការដោះស្រាយជាមួយនឹងបញ្ហានេះណាស់ ដោយសារតម្រូវការមិនមានសញ្ញានៃការថយចុះ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំសន្មត់ថា វៀតណាម ឡាវ និងចិនក៏អញ្ចឹងដែរ។ នេះជារឿងគួរឲ្យព្រួយបារម្ភមួយ»។
នៅក្នុងប្រទេសភូមា ក្រុមអ្នកការពារបរិស្ថានព្រួយខ្លាចពីផលប៉ះពាល់ទៅលើជីវចម្រុះដែលបណ្តាលមកពីការសាងសង់ទំនប់វារីអគ្គីសនីនៅតាមទន្លេ Salween នៅនៃរដ្ឋ Shanភាគឦសាន ។
ទំនប់វារីអគ្គីសនីនៅទន្លេមេគង្គក្រោមបានបណ្តាលឲ្យមានការតវ៉ារបស់សហគមន៍ និងបង្កឲ្យមានការភ័យខ្លាចកាន់តែខ្លាំងអំពីផលប៉ះពាល់របស់ទំនប់ទៅលើផ្លូវទឹក ដែលត្រូវចាត់ទុកថា មានសារៈសំខាន់ដល់សុវត្ថិភាពស្បៀងអាហាររបស់មនុស្ស៦០លាននាក់នៅតំបន់អាស៊ីអាគ្នេយ៍៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ