ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ខ្លះ​រិះគន់​​មន្រ្តី​​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​ដែល​ថា​ការ​កាប់​ព្រៃ​ឈើ​មិន​ធ្វើ​ឱ្យ​កើន​កម្តៅ


រូបឯកសារ៖ សកម្មជន​បរិស្ថាន​កម្ពុជា​កាន់​ដៃ​គ្នា​ក្នុង​ពេល​ប្រមូល​ផ្តុំ​សម្រាប់ទិវា​បរិស្ថាន​ពិភពលោក នៅ​ជិត​រដ្ឋសភា​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៥ ខែ​មិថុនា ឆ្នាំ​២០១៤។
រូបឯកសារ៖ សកម្មជន​បរិស្ថាន​កម្ពុជា​កាន់​ដៃ​គ្នា​ក្នុង​ពេល​ប្រមូល​ផ្តុំ​សម្រាប់ទិវា​បរិស្ថាន​ពិភពលោក នៅ​ជិត​រដ្ឋសភា​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៥ ខែ​មិថុនា ឆ្នាំ​២០១៤។

សកម្មជនបរិស្ថាន​មួយ​ចំនួន​រិះគន់​ការលើក​ឡើង​របស់​រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន​មួយ​រូបដែល​ថា​ការប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជាមិន​មែន​មក​ពី​ការកាប់​បំផ្លាញ​ព្រៃ​ឈើ​ ថា​ជា​លេស ដោយសារ​ក្រសួង​អសមត្ថភាព​ក្នុង​ការ​បញ្ឈប់​បទល្មើស​ព្រៃឈើ។

ការរិះ​គន់​នេះ​ កើត​ឡើង​បន្ទាប់​មាន​ការចែក​រំលែក​ឃ្លីប​វីដេអូ​លើ​បណ្តាញ​សង្គម​អំ​ពី​បទ​សម្ភាស៍​របស់​លោក ជួប ប៉ារីស រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ ក្នុងសិក្ខាសាលា​នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃទី​៩ ខែមេសា នេះថា៖ «ប្រទេស​កម្ពុជា​យើង​តូច បើ​មើល​ក្នុង​ផែន​ទី​ពិភព​លោក​ យើង​តូច។ ហើយ​ព្រៃ​ឈើ​យើង​ក៏​តូច​ដែរ ប៉ុន្តែ​ព្រៃឈើ​យើង​តូច​តែ​ច្រឡឹង តូចតែ​ស្អាត ប៉ុន្តែ​យើង​តូច​ណាស់​។ អ្នក​ដែល​នាំ​ឱ្យ​បញ្ហា​ការប្រែប្រួល​អាកាស​ធាតុ​នេះ​ មិន​មែន​មក​ពី​យើង​កាប់​ឈើ​ហ្នឹង​ទេ​បាទ។ ការប្រែប្រួល​អាកាសធាតុ​នេះ​បណ្តាល​មក​ពីការកើន​ឡើង​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឬ​ឧស្ម័ន​កាបូនិច​នៅ​ក្នុង​ភព​ផែនដី​យើង​ ដែល​បណ្តាល​មក​ពី​ការដុត​ផូស៊ីល​ចេញ​មក​ពី​ប្រទេស​អ្នក​មាន​ប្រទេស​ឧស្សាហកម្ម​ធំ​អ៊ីចឹង​ទេ អ៊ីចឹង​អាការ​កាប់​ឈើ​នេះ​មិន​ទេ»។

ប្រធាន​កម្មវិ​ធី​បណ្តាញ និង​តស៊ូ​មតិ​នៃអង្គ​ការ​ភាព​ជា​ដៃគូ​ដើម្បី​បរិស្ថាន​ និង​ការអភិវឌ្ឍ​ លោក សាន់ ម៉ាឡា ប្រាប់​វីអូអេ​ថ្ងៃ​ពុធ​នេះ​ថា ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​នេះ​គ្រាន់​តែ​ជា​លេស​តែ​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា​៖ «ការ​លើក​ឡើង​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន វា​គ្រាន់​តែ​ជា​លេស​មួយ​ដើម្បី​គេច​ចេញ​ពី​បន្ទុក​ ដោយសារ​ស្ថាប័ន​មួយ​នេះ​កំពុង​តែ​ទទួល​រង​ការ​ទិទៀន​ពី​សំណាក់​សាធារណ​មតិ​យ៉ាង​ខ្លាំង​ក្លា ដោយ​សារ​ភាព​អសមត្ថភាព​ មិនអាច​ការពារ​ឬក៏​បញ្ឈប់​នូវ​បទល្មើស​ព្រៃឈើ​ទាំង​ស្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ចំណែក​ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ លោក ហេង គឹមហុង ប្រាប់​វីអូអេ​ថា ​ការលើក​ឡើងរបស់​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​មិន​ទាន់​ឆ្លើយ​តបទៅ​នឹង​ស្ថានភាព​ជាក់​ស្តែង​ ពាក់​ព័ន្ធ​នឹង​ការប្រែប្រួល​អាកាស​ធាតុ​នៅ​ឡើយ​នេះ។ លោក​ថា​ ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​ក៏​ជាការចូល​រួម​ចំណែក​ធ្វើ​ឱ្យ​ប្រែប្រួល​អាកាស​ធាតុ​ដែរ។

លោក​ថ្លែង​ថា៖«ការធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ព្រៃឈើនៅ​កម្ពុជា​ហ្នឹងក៏​ជា​ចំណែក​មួយធ្វើ​ឱ្យ​ប៉ះពាល់​វិបត្តិ​បម្រែបម្រួល​អាកាស​ធាតុ​ដែល​ជា​ការរួម​ចំណែក​មួយ​ដែរ ដោយសារ​យើង​ធ្លាប់​ជា​ព្រៃ​ឈើ​ដែល​រួម​ចំណែក​ក្នុង​ការទប់​ស្កាត់​បម្រែបម្រួល​អាកាសធាតុ​ ហើយ​២ទសវត្ស​ចុង​ក្រោយ​យើង​កាប់​អស់​ជាង​១៤% ជា​ចំនួន​ដែល​ច្រើន​»។

លោក​បន្ត៖«បើ​ទោះបី​យើង​មិន​មែន​ជា​ប្រទេស​បំពុល​បរិយាកាស​ដោយ​សារ​យើង​មិន​មែន​ជា​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ក៏​ដោយ​ ប៉ុន្តែយើង​បាន​ចូលរួម​បំផ្លាញ​ទៅ​ដល់​ប្រព័ន្ធ​ស្រូប​យក​កាបូន​អន្តរជាតិ​គឺ​ ព្រៃឈើ ដែល​វា​ជា​ចំណែក​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​វិបត្តិ​បម្រែបម្រួល​អាកាស​ធាតុ​ហ្នឹង​មាន​ភាព​ធ្ងន់​ធ្ងរ​ទៅៗ​សម្រាប់​ពិភព​លោក​ក៏​ដូច​ជា​ប្រទេស​កម្ពុជា»។

សម្រាប់​សកម្មជន​មាតា​ធម្មជាតិ កញ្ញា ភួន កែវ​រស្មី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ព្រៃឈើ​គឺ​ជាកត្តា​សំខាន់​ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​កាត់​បន្ថយ​ការកើន​ឡើង​កម្តៅ ប៉ុន្តែ​កញ្ញា​ថា បើ​ក្រសួង​នៅ​តែ​មិន​អើពើ​គិត​គូរ​យក​ចិត្ត​ទុក​ក្នុង​ការ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​ទេ នោះ​ការប្រែប្រួល​អាកាស​ធាតុ​នឹង​កាន់​តែ​ជះ​ឥទ្ធិពល​មិន​ល្អ​មក​លើ​កម្ពុជា។

កញ្ញា​បញ្ជាក់​ថា​៖ «ក្នុង​ប្រទេស​កម្ពុជា​យើង​មើលេ​ពី​កំណើន​ការបាត់​បង់​ព្រៃឈើ​ពី​១ឆ្នាំ​ ទៅ​១ឆ្នាំ​មាន​ការកើន​ឡើង​ពិត​ប្រាកដ​មែន​ ដែល​វា​ជា​កត្តា​គួប​ផ្សំ​មួយ​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​កម្តៅ​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​ ក្រៅ​ពី​ការកើន​ឡើង​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ឬ​ក៏​បញ្ហា​ដែល​ពិភព​លោក​គេ​ខ្វល់​ខ្វាយ​ គឺ​យើង​មាន​បញ្ហា​មួយ​ទៀត​គឺ​ការបាត់បង់​ព្រៃ​ឈើ​។ វា​មិន​មែន​តែ​កត្តា​ធ្វើ​ឱ្យ​កម្តៅ​កើន​ឡើង​ទេ វា​ជា​កត្តា​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឱ្យ​យើង​បាត់​បង់​ទ្រព្យ​សម្បត្តិ​ដែល​សល់​ពី​កេរ្តិ៍​ដូនតា​យើង»។

កញ្ញា​បន្ថែម​ថា ដើម្បី​កាត់​បន្ថយ​ការកើន​ឡើង​កម្តៅ​ដែល​កើត​ចេញ​ពី​ការប្រែប្រួល​អាកាស​ធាតុ​ ក្រសួង​គួរ​តែ​ចាត់​វិធាន​ការ​ដាំ​ដើមឈើ​ឡើង​វិញ​ទាំង​តាម​ខេត្ត និង​រាជធានី​ភ្នំពេញ ព្រម​ទាំង​ធានា​ឱ្យ​បាន​នូវ​ការទប់​ស្កាត់​ការកាប់​បំផ្លាញ​ព្រៃ​ឈើ​បន្ត​ទៀត។

វីអូអេ​មិន​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ជួប ប៉ារីស រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​នៅ​ឡើយទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ លោក ខ្វៃ អាទិត្យា មិនឆ្លើយ​តប​ទៅ​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់​សកម្មជន​បរិស្ថា​ន​នោះ​ទេ ប៉ុន្តែ​លោក​បាន​ឆ្លើយ​តាម​សារ​តេឡេក្រាម​ថា ការ​ប្រែប្រួល​អាកាស​ធាតុ​គឺ​ជា បញ្ហា សកល​ហើយ​ក្រសួង ក៏​បាន​រៀបចំ​កម្មវិធីផ្សេងៗ​ ក្នុង​ការ​ចូល​រួម​បន្សំ​ទៅ​ការប្រែប្រួល​អាកាស​ធាតុ​នេះ​ផង​ដែរ។

បើតាមអង្គការ​សហប្រជាជាតិ​ ការ​កើន​ឡើង​កម្តៅ​ផែនដីបណ្តាល​មក​ពី​កត្តា​ជា​ច្រើន ហើយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​គឺ​ជា​មូលហេតុ​ចម្បង​មួយ ដែល​បង្ក​ឱ្យ​មាន​ការ​ប្រែប្រួល​អាកាស​ធាតុ​។ របាយ​ការណ៍​ដដែល​បន្ថែម​ថា ព្រៃឈើ​មាន​តួនាទី​សំខាន់​ ក្នុង​ការ​ស្រូប​យក​ឧស្ម័ន​កាបូន​ឌី​អុក​ស៊ីត ​ដែល​ជា​ឧស្ម័ន​ជាតិ​ពុល។ ដូច​នេះ​បើ​មិន​មាន​ព្រៃឈើ​គ្រប់​គ្រាន់​ក្នុង​ការ​ស្រូប​ឧស្ម័ន​ទាំង​នោះ​ទេ​ វា​នឹង​បង្ក​ឱ្យ​កើត​មាន​កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់​កាន់​តែ​កើន​ឡើង​ខ្លាំង​ ហើយ​សីតុណ្ហភាព​ផ្ទៃ​ផែន​ដី​ក៏​កាន់​តែ​កើន​កម្តៅ​ផង​ដែរ។

ក្នុង​ចន្លោះ​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០២០ កម្ពុជា​បាត់បង់​គម្រប​ព្រៃឈើ​ជិត ២ លាន ៥ សែន​ហិកតា ឬ​ស្មើ​នឹង​ប្រមាណ ២៨% នៃ​គម្រប​ព្រៃឈើ​សរុប​។ ​នេះបើ​តាម​របាយការណ៍​ត្រួតពិនិត្យព្រៃឈើ​លើក​ទី​១ ចេញ​នៅដើម​ឆ្នាំ២០២២​ ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់ ក្រោម​គម្រោង «ប្រជា​ពលរដ្ឋ​ចូលរួម​ក្នុង​យុត្តិធម៌​បរិស្ថាន​សម្រាប់ទាំងអស់គ្នា (CEEJA)»។ ការ​បាត់​បង់​នេះ​ធ្វើ​ឲ្យមាន​បម្រែបម្រួល​អាកាសធាតុ ប៉ះពាល់​ដល់​ការអភិរក្ស​ធនធាន​ជីវៈ​ចម្រុះ​ និង​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ដែល​ពឹង​ផ្អែក​លើ​ព្រៃឈើ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG