ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការក្នុងវិស័យបរិស្ថានបានអំពាវនាវរួមគ្នាឱ្យរដ្ឋាភិបាលកម្ពុជានិងភាគីពាក់ព័ន្ធ ក៏ដូចជាពលរដ្ឋនៅតាមសហគមន៍ មានលទ្ធភាពកាន់តែច្រើនក្នុងការចូលទៅល្បាតព្រៃ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយដើម្បីប្រារព្ធទិវាព្រៃឈើពិភពលោកខួបលើកទី ១៣ ឆ្នាំ ២០២៤។
កញ្ញា ប៉ាញ ចិន្តា អនុប្រធានគម្រោងបរិស្ថាន ជេអេសស៊ី អង្គការជេស្វីតសឺវឺសកម្ពុជា ដែលចូលរួមធ្វើសេចក្តីថ្លែងការណ៍ជាមួយអង្គការដទៃទៀត ប្រាប់វីអូអេថា បន្ទាប់ពីមានការហាមឃាត់មិនឱ្យពលរដ្ឋសហគមន៍ចូលរួមចំណែកការពារធនធានធម្មជាតិ កញ្ញាសង្កេតឃើញថា បទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់មានព្រៃឈើ ដូចជាព្រៃឡង់មានការកើនឡើងកាន់តែច្រើន។
កញ្ញាថ្លែងថា៖ «តាមការសង្កេតឃើញ និងតាមការធ្វើការជាក់ស្តែងគឺតំបន់ដែលយើងធ្វើការនោះគឺព្រៃឡង់ ដែលយើងគិតថា កំពុងរងការកាប់បំផ្លាញធ្ងន់ធ្ងរ ហើយកំពុងតែបិទសិទ្ធិដល់សហគមន៍ដែលអត់ឱ្យគាត់ចូលល្បាតដូចមុន។ កាលពីមុនមានសិទ្ធិសហគមន៍បណ្តាញព្រៃឡង់ គាត់អាចចុះល្បាតការពារព្រៃ។ តែឥឡូវសព្វថ្ងៃនេះ រដ្ឋាភិបាលអត់អាចឱ្យពួកគាត់ចូលដូចមុនបានទៀតទេ។ អ៊ីចឹងឃើញមានបទល្មើសកើតឡើងច្រើនជាងមុនដែរ»។
កញ្ញាសង្ឃឹមថា រដ្ឋាភិបាលអាណិត្តថ្មីនឹងទទួលយកការស្នើសុំនេះ ដើម្បីរួមចំណែក ដល់ការបញ្ឈប់សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើ។
សេចក្តីថ្លែងការណ៍ដែលមានការចូលរួមពីអង្គការសង្គមស៊ីវិលចំនួន ៧ ស្ថាប័ន ដែលធ្វើឡើងក្រោមមូលបទស្តីពី «និរន្តរភាពព្រៃឈើដើម្បីមនុស្សជាតិ» ថ្លែងថា រាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន មេត្តាបើកលំហសេរីភាពឱ្យ សហគមន៍មូលដ្ឋាន ក៏ដូចជាក្រុមសង្គមស៊ីវិល អាចចូលរួមការពារព្រៃឈើ ដោយអាចចូលល្បាតព្រៃឡើងវិញដោយ «សេរី និងគ្មានការគំរាមកំហែង និងបំភិតបំភ័យក្នុងគ្រប់រូបភាព»។
សេចក្តីថ្លែងការណ៍ដដែលបន្តថា ក្រុមអង្គការមិនមែនរដ្ឋាភិបាលបារម្ភជាខ្លាំងចំពោះការមិនទាន់អនុវត្តឱ្យបានពេញលេញគ្រប់ជ្រុងជ្រោយទៅលើគោលនយោបាយស្តីពីកិច្ចការពារព្រៃឈើ ការព្រងើយកន្តើយ និងពុំបានយកចិត្តទុកដាក់ដោះស្រាយនូវរាល់សំណូមពរ ក៏ដូចជាក្តីកង្វល់នានាដែលបានលើកឡើងដោយសាធារណជន ជុំវិញបញ្ហាវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា។
បើតាមសេចក្តីថ្លែងការណ៍ដដែលនោះ ការកែប្រែដីតំបន់ការពារទៅជាទម្រង់ដីសម្បទានកិច្ច និងអនុប្រយោគក្នុងរូបភាពជួល អំណោយ និងផ្ទេរកម្មសិទ្ធិ នៅតែបន្តកើតមានឡើង ដោយសកម្មភាពនេះបានធ្វើឱ្យគម្របព្រៃឈើរបស់ប្រទេសកម្ពុជារយៈពេលពីរទសវត្សរ៍ចុងក្រោយបានបន្តធ្លាក់ចុះរហូតដល់ ១៤,២៩% ត្រឹមឆ្នាំ ២០១៨។ និន្នាការនៃការទន្ទ្រានដីយកមកធ្វើជាកម្មសិទ្ធិឯកជន ដោយខុសច្បាប់ បានបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបន្ថែមទៀត ដល់តំបន់ព្រៃឈើ តំបន់ការពារធម្មជាតិ តំបន់ព្រៃលិចទឹកនៃបឹងទន្លេសាប និងព្រៃសហគមន៍។
ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍលោក សាន់ ម៉ាឡា ប្រាប់វីអូអេថា ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធទាំងអស់ គួរតែពង្រឹងការយកចិត្តទុកដាក់បន្ថែម ក្នុងការបំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានការប្រព្រឹត្តិបទល្មើសអំពើពុករលួយក្នុងការការពារធនធានធម្មជាតិ។
លោកបន្ថែមថា ប្រសិនបើអាជ្ញាធររដ្ឋទទួលយកការស្នើសុំពីខាងអង្គការសង្គមស៊ីវិលឱ្យចូលរួមការពារធនធានធម្មជាតិទាំងអស់នោះ វានឹងធ្វើឱ្យការកាប់បំផ្លាញព្រៃឈើកាន់តែថយចុះ។
លោកថ្លែងថា៖ «ប្រសិនបើអាជ្ញាធររដ្ឋបើកចិត្តឱ្យទូលាយ ធ្វើការមានតម្លាភាពនិងទទួលយកអង្គការសង្គមស៊ីវិល សកម្មជនបរិស្ថាន ក៏ដូចជាសហគមន៍មូលដ្ឋានជាដៃគូក្នុងការអនុវត្តការងារ ខ្ញុំច្បាស់ថា យើងប្រាកដជាអាចរួមគ្នាដោះស្រាយបញ្ហាបាន។ ប៉ុន្តែបើរដ្ឋាភិបាលគិតមុខមាត់ខ្លួនជាធំ ជាពិសេសនៅតែបន្តការស្មុគស្មាញដល់យើងទាំងអស់គ្នា នោះជាតិច្បាស់ជាខាតព្រៃឈើរបស់យើងច្បាស់ជាវិនាសហិនហោចនៅថ្ងៃមុខជាក់ជាមិនខានឡើយ»។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិក្នុងការចូលរួមការពារអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ ដោយលោកថាបញ្ហាបរិស្ថានគឺជាបញ្ហារួម។
បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងបរិស្ថានបាននិងកំពុងធ្វើយុទ្ធនាការការពារភាពបៃតងរបស់កម្ពុជា ដោយការដាំកូនឈើឱ្យបានយ៉ាងតិច ១លានដើម ចាប់ពីឆ្នាំ ២០២៤ នេះ ដោយសាធារណេជនអាចយកទៅដាំនៅតាមលំនៅឋាន តំបន់មូលដ្ឋាន វត្តអារាម និងតំបន់ព្រៃរេចរឹលជាដើម ដើម្បីសម្រេចបាននូវគោលដៅបង្កើនគម្របព្រៃឈើ ៦០% នៅឆ្នាំ ២០៥០ និងកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូន។
ក្រុមអង្គការស៊ីវិលដែលធ្វើការលើការងារបរិស្ថានក៏អំពាវនាវទៅកាន់ក្រសួងពាក់ព័ន្ធ ឱ្យពង្រឹងការអនុវត្តការងាររបស់មន្ត្រីឧទ្យានុរក្ស និងត្រូវផ្តន្ទាទោសលើមន្ត្រី ឬក៏អាជ្ញាធរមូលដ្ឋានរូបណា ដែលហ៊ានទទួលលុយពីបទល្មើសព្រៃឈើ ហើយបើមានការធ្វេសប្រហែសផ្នែកវិជ្ជាជីវៈ មន្ត្រីទាំងនោះត្រូវទទួលខុសត្រូវផ្នែករដ្ឋបាល ដោយខានពុំបាន ដើម្បីកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មព្រៃឈើ ។
គួរបញ្ជាក់ថា ក្នុងចន្លោះពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០២២ ពោលគឺរយៈពេល ២០ ឆ្នាំចុងក្រោយនេះ កម្ពុជាបាត់បង់គម្របព្រៃឈើសរុបប្រមាណ ២លាន ៧សែនហិកតា ឬស្មើនឹង ៣១% នៃគម្របព្រៃឈើសរុបក្នុងប្រទេស។ នេះបើតាមរបាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់៕
វេទិកាបញ្ចេញមតិ