បន្ទាប់ពីមានការកើនឡើងកម្តៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកតាមដានឃ្លាំមើលបរិស្ថាន និងពលរដ្ឋមួយចំនួន អំពាវនាវឱ្យមានការរៀបចំសួនច្បារបៃតង និងការដាំដើមឈើបន្ថែមទៀតក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកកាត់បន្ថយកម្តៅ និងធ្វើឱ្យទីក្រុងភ្នំពេញមានសោភ័ណភាពដែលជាទីប្រជាពលរដ្ឋចង់រស់នៅ។
ទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា មានប្រជាជនប្រមាណ២លាន ២សែននាក់កំពុងរស់នៅ ខណៈដែលទីក្រុងនេះបានវិវឌ្ឍខ្លួនទៅជាទីក្រុងពាណិជ្ជកម្មដែលសម្បូរទៅដោយអគារខ្ពស់ៗ និងហេដ្ឋារចនាសម្ពន្ធខ្វាត់ខ្វែង ប៉ុន្តែសួនច្បារដែលមានដើមឈើ និងភាពបៃតងធំៗ ដូចប្រទេសក្បែរខាងខ្លះហាក់ពុំសូវមាននៅឡើយ។
រុក្ខវិទូ និងជាអ្នករចនាសួនច្បារលោកសុខ វិជ្ចា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា បម្រែបម្រួលអាកាសធាតុសព្វថ្ងៃនេះ កាន់តែមានភាពអាក្រក់ទៅៗ ដែលវាធ្វើឱ្យសុខភាពរបស់ប្រជាជននៅទីក្រុងនិងជនបទមួយចំនួន ងាយទទួលរងផលប៉ះពាល់ ដោយសារតែសីតុណ្ហភាពប្រែប្រួលលឿន ដែលធ្វើឱ្យរាងកាយពិបាកសម្របតាម។
លោកថ្លែងថា៖ «ដំណោះស្រាយទីក្រុងភ្នំពេញ គួរតែមានឧទ្យានរុក្ខជាតិធំៗបង្កើតឡើងឱ្យច្រើនកន្លែងឱ្យច្រើនទីតាំង ហើយក៏ធ្វើបឹងសិប្បនិមិ្មតឡើងវិញ ព្រោះសព្វថ្ងៃខ្ញុំឃើញថា ទីក្រុងភ្នំពេញការអភិវឌ្ឍគាត់លុបបឹង លុបព្រែកអស់ច្រើន។ បឹងព្រែកតាមពិតទៅកើតមានតាំងពីមុនសម័យសង្គមរាស្រ្តនិយមទៀត។ប៉ុន្តែអ្វីដែលខ្ញុំសម្លឹងឃើញថា ការអភិវឌ្ឍមួយដែលខុសហ្នឹងគឺ គាត់នាំគ្នាលុបបឹងលុបព្រែក ដែលជាចរន្តសាច់ឈាមនៅក្នុងការទប់ស្កាត់កម្តៅ ក៏ដូចជាបង្កើតសំណើមនៅក្នុងខ្យល់នៅជុំវិញទីក្រុងភ្នំពេញ អ៊ីចឹងអាហ្នឹងហើយធ្វើឱ្យសព្វថ្ងៃហ្នឹងអាកាសធាតុនៅទីក្រុងភ្នំពេញចេះតែកើនឡើងក្តៅទៅៗ»។
លោកបន្ថែមថា កាលណាមានការៀបចំទីក្រុងស្អាត មានធម្មជាតិច្រើន វាជួយកាត់បន្ថយកម្តៅ និងធ្វើឱ្យអ្នកមកទស្សនាទីក្រុងទទួលបានអារម្មណ៍ល្អ ហើយវាក៏ជាចំណុចមួយក្នុងការទាក់ទាញទេសចរអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនផងដែរ។
របាយការណ៍របស់អង្គការសុខភាពពិភពលោក ចេញកាលពីឆ្នាំ ២០១៦ ស្តីអំពីទីធ្លាបៃតងក្នុងទីក្រុង និងសុខភាព បញ្ជាក់ថា ទីធ្លាបៃតងមានអត្ថប្រយោជន៍ចំពោះសុខភាពសាធារណៈយ៉ាងច្រើន ដូចជាការសម្រាកផ្លូវចិត្ត និងការកាត់បន្ថយភាពតានតឹង ការពង្រឹងសកម្មភាពរាងកាយ ការកាត់បន្ថយផលប៉ះពាល់ពីការបំពុលបរិយាកាសកម្តៅខ្លាំង និងសំឡេងរំខាន ក៏ដូចជាកត្តាបង្កគ្រោះថ្នាក់ផ្សេងទៀតនៅក្នុងបរិស្ថានទីក្រុង។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោកកើត សារ៉ាយ ប្រាប់វីអូអេថាការរៀបចំសួនច្បារ និងការដាំដើមឈើនៅរាជធានីភ្នំពេញតាមទីសាធារណៈនៅមានភាពខ្វះខាតច្រើនដែលជាផ្នែកមួយធ្វើឱ្យទីក្រុងដ៏មមាញឹកមួយនេះរងសម្ពាធខ្លាំងពីការកើនឡើងកម្តៅ។ លោកបន្ថែមថា ការកើនឡើងកម្តៅអាចបណ្តាលមកពីការបំភាយឧស្ម័នចេញពីបណ្តាប្រទេសដែលមានរោងចក្រធំៗ ពិសេសការបាត់បង់ព្រៃឈើ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
លោកថ្លែងថា៖«ការកកើតកម្តៅផែនដី ទី១ព្រៃឈើ! ឃើញព្រៃឈើនៅកម្ពុជារបស់យើងត្រូវបានធ្វើការកាប់បំផ្លាញយ៉ាងគំហុកមកពេលនេះ យើងឃើញថាព្រៃដែលធំចុងក្រោយរបស់យើងគឺព្រៃឡង់ក៏កំពុងរងការបំផ្លាញយ៉ាងខ្លាំងទៀត។ យ៉ាងច្រើន៤-៥ឆ្នាំទៀត បើអាជ្ញាធររដ្ឋនៅតែធូររលុងបែបនេះ ព្រៃនឹងអស់តែម្តង»។
បើតាមលោកកើត សារ៉ាយ អាជ្ញាធររដ្ឋ និងអភិបាលរាជធានី ក៏ដូចជាក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំស្តារសួនច្បារ និងដាំកូនឈើឡើងវិញ នៅតាមតំបន់មួយចំនួនតាមទីសាធារណៈឱ្យបានច្រើន ដើម្បីឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងមួយដែលប្រជាពលរដ្ឋចង់រស់នៅ។
ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍលោក សាន់ ម៉ាឡា លើកឡើងថា ការរៀបចំសួនច្បារដែលមានដាំដើមឈើ និងមានភាពបៃតងធំទូលំទូលាយ ក្នុងទីក្រុងភ្នំពេញកម្ពុជាហាក់នៅខ្វះខាតនៅឡើយ ប្រសិនបើប្រៀបធៀបជាមួយបណ្តាប្រទេសនៅក្នុងតំបន់។
លោកថ្លែងថា៖ «ក៏ប៉ុន្តែនៅភ្នំពេញយើង យើងមានតែប្រភេទជាសួនលម្អតូចៗ ហើយសួនរបស់យើងទៀតសោតមានដើមឈើមិនគ្រប់គ្រាន់នោះទេ។ សួនរបស់យើងភាគច្រើនគឺមានតែជាសំណង់ ជាការក្រាលការ៉ូឡាថ្ម អត់មានជាប្រភេទឧទ្យានក្រាលស្មៅមានម្លប់ត្រឈឹងត្រឈៃ ធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយបាន»។
ការកើនឡើងកម្តៅភាគធំបណ្តាលមកពីការបាត់បង់ព្រៃឈើ ដែលបង្កឱ្យកាបូនឌីអុកស៊ីតកើនឡើងខ្លាំងក្នុងស្រទាប់បរិយាកាស បន្ថែមលើការបំភាយឧស្ម័ន។ នេះបើតាមលោកសាន់ ម៉ាឡា។
លោកសង្កេតឃើញថា រដ្ឋាភិបាលកម្ពុជាហាក់ឱ្យតម្លៃលើការសាងសង់អាគារ និងហេដ្ឋារចនាសម្ពន្ធ ជាជាងការរក្សាសភាពធម្មជាតិនៅក្នុងទីក្រុង។
លោកបន្ថែមថា៖ «ដូច្នេះខ្ញុំគិតថារដ្ឋាភិបាលគួរតែចាប់ផ្តើមវិនិយោគនៅក្នុងការបង្កើននូវផ្ទៃបៃតង បង្កើននូវទីកន្លែងបៃតង ទី១យើងបង្កើតនូវសោភ័ណ្ឌភាពរបស់ទីក្រុង ហើយទី២យើងអាចធ្វើឱ្យប្រជាជននៅភ្នំពេញគាត់មានអារម្មណ៍ថានៅពេលដែលគាត់ទំនេរពីការងារ គាត់មានទីកន្លែងសម្រាប់គាត់រីករាយ ហើយទី៣វាជាការ Update [កែតម្រូវ] ទីក្រុងរបស់យើងឱ្យដើរទាន់ប្រទេសដែលគេជឿនលឿន ហើយទី៤វាអាចបង្កើននូវភាពទាក់ទាញរបស់ភ្ញៀវទេសចរអន្តរជាតិមកលេងកម្សាន្តប្រទេសកម្ពុជាផងដែរ»។
គិតត្រឹមឆ្នាំ ២០២២ សួនច្បារសាធារណៈក្នុងរាជធានីភ្នំពេញ មានសរុបចំនួន ១២១ ទីតាំង ស្មើនឹង ១,០០៤,២៣៣ម៉ែត្រការ៉េ។ នេះបើតាមការផ្សាយលើគេហទំព័រក្រសួងព័ត៌មាន។
ប៉ុន្តែសួនច្បារដែលស្ថិតក្នុងរាជធានីភ្នំពេញមិនសូវធំប៉ុន្មានឡើយ ដោយសួនសាធារណៈមានដើមឈើធំៗនៅមានចំនួនតិចតួចដើម្បីទទួលប្រជាពលរដ្ឋ ដូចជា រមណីយដ្ឋានវត្តភ្នំ សួនខាងមុខសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសួនក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម។ នេះបើតាមការសង្កេតរបស់ពលរដ្ឋមួយចំនួនដែលរស់នៅទីក្រុងភ្នំពេញជាយូរឆ្នាំមកហើយ។
បើតាមរបាយការណ៍ស្តីពីការកែប្រែរាជធានីភ្នំពេញទៅជាទីក្រុងប្រសើររបស់អង្គការ UNDP ទីក្រុងភ្នំពេញ មានទីកន្លែងសាធារណៈចំនួនប្រមាណ ៨៧ កន្លែងប៉ុណ្ណោះ។ របាយការណ៍ដដែលឱ្យដឹងបន្ថែមថា រាជធានីភ្នំពេញមានដង់ស៊ីតេដើមឈើទាប ជាពិសេសនៅតំបន់ជាយក្រុង។ គិតត្រឹមឆ្នាំ ២០១៨ រដ្ឋាភិបាលបានចុះបញ្ជីដើមឈើតាមដងផ្លូវចំនួន ៤២.០៣០ដើម នៅតាមផ្លូវចំនួន ៣៨២ ក្នុងក្រុងតែប៉ុណ្ណោះ ហើយផ្លូវប្រហែល៥០ ក្នុងចំណោមផ្លូវទាំងអស់នោះ មានដើមឈើតិចជាង ១០ ដើមក្នុងផ្លូវនីមួយៗ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ប្រាប់វីអូអេថា រដ្ឋាភិបាលកម្ពុជាបានគិតគូររួចជាស្រេច ក្នុងការបង្កើនភាពបៃតងនៅក្នុងទីក្រុង។
លោកថ្លែងថា៖ «មែនទែនរាជរដ្ឋាភិបាលបានគិតបញ្ហាហ្នឹងរួចទៅហើយ រាជរដ្ឋាភិបាលបានចេញអនុក្រឹត ហើយបានកំណត់បទដ្ឋាននៅក្នុងដីឡូមួយហ្នឹងគឺសំណង់ឱ្យមានបៃតង៣០% ហើយបើក្នុងបុរីមួយបៃតងឱ្យមាន១០%នៅក្នុងប្លុកហ្នឹង អ៊ីចឹងការគិតគូរហ្នឹងមានរួចជាស្រេចទៅហើយ»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីអភិបាលរងរាជធានីភ្នំពេញលោកកើត ឆែ បាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោកខ្វៃ អាទិត្យា ប្រាប់វីអូអេថា ខណៈអាកាសធាតុមានការប្រែប្រួលដូចជាការកើនឡើងកម្តៅផងនោះ លោកជំរុញនិងលើកទឹកចិត្តឱ្យសាធារណជនទូទៅចូលរួមក្នុងការដាំដើមឈើឡើងវិញ និងអំពាវនាវឱ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ការពារនិងអភិរក្សជាបន្ទាន់ ដើម្បីកាត់បន្ថយការកើនឡើងកម្តៅ។
លោកបន្ថែមថា មានតែការបញ្ឈប់រាល់សកម្មភាពទន្រ្ទានកាប់បំផ្លាញព្រៃឈើទេ ទើបអាចចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុបាន។
ក្នុងចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ ២០២២ ពោលគឺរយៈពេល ២០ ឆ្នាំចុងក្រោយនេះ កម្ពុជាបាត់បង់គម្របព្រៃឈើសរុបប្រមាណ ២លាន ៧សែនហិកតា ឬស្មើនឹង ៣១% នៃគម្របព្រៃឈើសរុបក្នុងប្រទេស។ នេះបើតាមរបាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់៕
វេទិកាបញ្ចេញមតិ