អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអះអាងថា ការសាងសង់ព្រះពុទ្ធបដិមានៅលើភ្នំបូកគោ ដែលជាគម្រោងរបស់ក្រុមហ៊ុនសុខា អូតែលរបស់ឧកញ៉ា សុខ គង់ មិនមានផលប៉ះពាល់អ្វីជាដុំកំភួនលើធនធានធម្មជាតិឡើយ។
កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយថា ឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល មានគម្រោងនៅក្នុងការសាងសង់ព្រះពុទ្ធបដិមា ដែលមានកម្ពស់១០៨ម៉ែត្រ នៅម្តុំវាលស្រែ៥០០ នៅលើភ្នំបូកគោនៃខេត្តកំពត។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់វីអូអេថា៖ «ការសាងសង់នេះគឺមិនមានរុក្ខជាតិជាធម្មជាតិច្រើនទេ ព្រោះជាកន្លែងវាលស្រែ។ កន្លែងតំបន់វាលស្រែ៥០០ហ្នឹង គឺជាវាលស្មៅហើយនឹងវាលថ្មី។ អ៊ីចឹងទេការពិនិត្យទៅលើទីតាំងហ្នឹង គឺមិនមានការប៉ះពាល់អីធំដុំទេ»។
តើតាមលោក នេត្រ ភក្ត្រា គម្រោងនេះត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យសាងសង់ដែលនឹងចាប់ផ្តើមជាផ្លូវការនៅដើមឆ្នាំ២០២៣។ លោកបន្ថែមថា ការស្ថាបនាបដិមានេះជាការរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា។
លោកបញ្ជាក់ថា៖ «ដែលជាការចូលរួមក្នុងការគោរពព្រះពុទ្ធសាសនា ហើយក៏ជាផ្នែកមួយនៃការបង្កើតនូវសក្តានុពលថ្មីមួយទៀតនូវឧទ្យានជាតិព្រះមុនីវង្សបូកគោទៅលើសក្តានុពលនៃទេសចរណ៍សាសនា»។
លោក នេត្រ ភក្ត្រា បន្ថែមថា ការព្រួយបារម្ភរបស់មនុស្សមួយចំនួនថា ការសាងសង់ព្រះពុទ្ធបដិមានេះអាចនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ ឬក៏ធ្វើឱ្យប៉ះពាល់ធនធានធម្មជាតិ ជាសិទ្ធិសេរីភាពរបស់អ្នកបញ្ចេញមតិ ប៉ុន្តែលោកថា រដ្ឋាភិបាលបានតម្កល់ផលប្រយោជន៍ជាតិជាធំ និងការគិតគូរពីបរិស្ថានដើម្បីឱ្យឧទ្យានជាតិភ្នំបូកគោកាន់តែទាក់ទាញភ្ញៀវទេសចរ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Freshnews ដែលស្និទ្ធិនឹងរដ្ឋាភិបាល គម្រោងសាងសង់នេះនឹងចំណាយប្រមាណពី៣០ទៅ៤០លានដុល្លារអាមេរិក។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ ប្រាប់វីអូអេថា លោកមិនមានការព្រួយបារម្ភអ្វីឡើយពាក់ព័ន្ធជាមួយបរិស្ថាននៅភ្នំបូកគោ ដោយសារតែមិនមានព្រៃឈើធម្មជាតិនៅសល់ទៀតនៅតំបន់នោះ។ លោកបន្ថែមថា ការសាងសង់នេះអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ជាពិសេសភ្ញៀវទេសចរជាជនជាតិខ្មែរ។ ប៉ុន្តែលោកព្រួយបារម្ភអំពីការចូលលេងល្បែងរបស់ប្រជាជនខ្មែរនៅកាស៊ីណូលើភ្នំបូកគោ ដែលច្បាប់មិនអនុញ្ញាតឡើយ។
លោកថ្លែងថា៖ «អ៊ីចឹងបើសិនក្នុងករណីបែបហ្នឹង ខ្ញុំព្រួយបារម្ភថា ការទាក់ទាញខ្មែរយើងទៅគឺអាចពាក់ព័ន្ធជាមួយកាស៊ីណូដែរឬអត់? ពីព្រោះបើតាមច្បាប់កាស៊ីណូមិនត្រូវអនុញ្ញាតឱ្យខ្មែរយើងចូលទេ ប៉ុន្តែខ្ញុំធ្លាប់ចូលមើលហើយគឺអត់មានការរារាំងអីទេគឺតែខ្មែរយើងចូលស្រេចតែចិត្ត»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក សុខ គង់ បាននៅឡើយទេ។
គួរបញ្ជាក់ថា បើតាមការចុះផ្សាយរបស់សារព័ត៌មាន Freshnews គម្រោងនៃការសាងសង់ព្រះពុទ្ធបដិមាគឺមិនមែនលោក សុខ គង់ ចំណាយថវិការបស់លោកតែឯង ដើម្បីសាងសង់ឡើយ ខណៈមានការអំពាវនាវឱ្យសាធារណជនក្នុង និងក្រៅប្រទេសចូលរួមជាថវិកាផងដែរ។
បើតាមលោក នេត្រ ភក្រ្តា ក្បាច់រចនាសម្រាប់ព្រះពុទ្ធបដិមាត្រូវបានក្រសួងពាក់ព័ន្ធសម្រេចរួចរាល់ ដោយផ្អែកទៅតាមរចនាប័ទ្មខ្មែរ៕