ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ប្រទេស​អ៊ុយក្រែន​ចុះ​សន្ធិ​សញ្ញា​បង្កើត​សហ​ប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍


លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ថតរូបក្នុងពិធីចុះហត្ថលេខាលើលិខិតូបករណ៍​នៃ​សន្ធិសញ្ញា​មិត្ត​ភាព​ និងកិច្ច​សហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ដោយរាប់បញ្ចូលភាគីប្រទេសអ៊ុយក្រែន នៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ថតរូបក្នុងពិធីចុះហត្ថលេខាលើលិខិតូបករណ៍​នៃ​សន្ធិសញ្ញា​មិត្ត​ភាព​ និងកិច្ច​សហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ដោយរាប់បញ្ចូលភាគីប្រទេសអ៊ុយក្រែន នៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។

កិច្ច​ប្រជុំ​កំពូល​អាស៊ានបាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​មាន​ជំនួប​មួយ​ចំនួន​ពី​ភាគី​ប្រទេស​ដែល​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​នោះ​ក៏មាន​ប្រទេស​អ៊ុយក្រែន​ដែល​បាន​ចុះ​សន្ធិ​សញ្ញា​មួយ​ដើម្បី​មាន​លទ្ធភាព​បង្កើត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​

បើ​តាម​មន្ត្រី​នាំពាក្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ការ​ផ្តល់​ឱកាស​ឲ្យប្រទេសអ៊ុយក្រែន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​មិត្តភាព ​និង​កិច្ច​សហ​ប្រតិបត្តិការ​អាស៊ីអាគ្នេយ៍​អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​ ដែល​កំពុង​ជាប់​ផុង​ក្នុង​សង្រ្គាម​នេះ​ មាន​លទ្ធភាព​បង្កើន​ការ​រឹត​ចំណង​ទាក់​ទង​នៅក្នុង​វិស័យ​សំខាន់ៗ​ នៅ​ក្នុង​តំបន់​អាស៊ាន​ តួយ៉ាង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​អ៊ុយក្រែន និង​ក្រុមប្រទេស​ក្នុង​តំបន់​អាស៊ាន។​

រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា​ និង​ជា​អ្នក​នាំ​ពាក្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ លោក គង់​ ភោគ​ ថ្លែង​ក្នុង​សន្និ​សីទ​ព័ត៌មាន​សង្ខេប​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១០​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​នេះ​ថា​ ប្រទេស​អ៊ុយ​ក្រែន​បាន​ក្លាយ​ជា​ប្រទេស​ទី​៥០​ដែល​បាន​ចុះ​សន្ធិ​សញ្ញា​មិត្ត​ភាព​ និង​សហ​ប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ថា ​ប្រទេស​អេស្ប៉ាញ​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​នោះ​ដែរ ​ តែបាន​ខក​ខាន​ទៅវិញ ដោយ​សារ​តែ​បញ្ហា​ផ្ទៃ​ក្នុង។​

បើ​តាម​លោក​គង់ ភោគ​ ក្រៅពី​ការ​ចុះ​សន្ធិសញ្ញា​នេះ​ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ បាន​ខិត​ខំ​ចូល​រួម​ដោះស្រាយ​ និង​សម្រប​សម្រួល​បញ្ហា​មួយ​ចំនួន​ទៀត​ ដូច​ជា​ភាពតាន​តឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ វិបត្តិ​នៅ​ភូមា​ និង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន។

លោក​និយាយ​ថា៖ ​«ពាក់​ព័ន្ធ​ជា​មួយ​នឹង​បញ្ហា​អ៊ុយ​ក្រែន​ ក្នុង​នាម​យើង​ជា​ប្រធាន​អាស៊ាន​ យើង​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ហូរ​ហែ​ដើម្បី​រំលេច​ពី​សារៈ​សំខាន់​នៃ​ការ​បញ្ចប់​សង្គ្រាម​នៅ​ទី​នោះ​ ពី​ផល​ប៉ះ​ពាល់​នៃ​អំពើ​ហិង្សា​ និង​ការ​ប៉ះ​ទង្គិច​គ្នា​ប្រដាប់​អាវុធ។ ​យើង​ក៏​បាន​ចូលរួម​ចំណែក​គាំទ្រ​ UN Resolution [សេចក្តី​សម្រេច​របស់​អង្គការ​សហ​ប្រជាជាតិ] ​ដល់​ទៅ​បី​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ​ ហើយ​យើង​បាន​បង្ហាញ​អំពី​ការ​យល់​ឃើញ​របស់​យើង​ ដែល​ថា​ បញ្ហា​នេះ​ គឺត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី»។​

ការ​អត្ថាធិប្បាយ​របស់​មន្ត្រី​នាំពាក្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ពាក់​ព័ន្ធ​នឹង​ប្រទេស​អ៊ុយក្រែន​នេះ​ ធ្វើឡើងនៅ​ដំណាល​គ្នា​នឹង​ពេល​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​អ៊ុយក្រែន​លោក​ ឌីមីត្រូ​ គូលេបា​ (Dmytro Kuleba)​ កំពុង​បំពេញ​ទស្សន​កិច្ចនៅ​កម្ពុជា​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ហើយបាន​ចូល​រួម​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​ខាង​លើ​ក្នុង​ទីក្រុង​ភ្នំពេញ​ជាមួយ​សមភាគី​របស់​លោក​គឺរដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ លោក​ប្រាក់​ សុខុន។

មុន​ពេល​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​មិត្តភាព​ និង​កិច្ច​សហ​ប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​ TAC ​លោក​ឌីមីត្រូ​ គូលេបា​ បាន​ចូល​ជួប​ពិភាក្សា​ទេ្វ​ភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃពុធ។​

អំឡុង​ពេល​នៃ​ជំនួប​នោះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​រំឭក​ឡើង​វិញ​អំពី​ការ​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ Volodymyr Zenlenskyy​ កាលពី​ដើម​ខែ​វិច្ឆិកា​ និង​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ គ្រប់​ភាគី​ពាក់​ព័ន្ធ​នឹង​អាច​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ចំពោះ​សង្គ្រាម​ដើម្បី​ឲ្យ​អ៊ុយក្រែន​ទទួល​បាន​ត្រឡប់​មក​វិញ​នូវ​សន្តិភាព​ សន្តិសុខ​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា។ ​

បើ​តាម​សេចក្តី​ប្រកាស​ដដែល​ លោក​ឌីមីត្រូ​ គូលេបា​ បាន​ប្រាប់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ថា​ លោក ​Volodymyr Zenlenskyy​ ប្រធានាធិបតី​អ៊ុយក្រែន​នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​នា​ពេល​អនាគត ​និង​បាន​បង្ហាញ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ជំហរ​ដ៏​រឹងមាំ ​និង​គោល​ការណ៍​របស់​កម្ពុជា​ស្តីពី​សង្គ្រាម​នៅ​អ៊ុយក្រែន​ ដើម្បី​អនុញ្ញាត​ឲ្យ​អ៊ុយក្រែន​បាន​ចូល​ជា​ភាគី​នៃ​សន្ធិ​សញ្ញា​មិត្តភាព​ និង​កិច្ច​សហ​ប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍។ ​លោក​ឌីមីត្រូ​ គូលេបា ​លើក​ឡើង​ទៀត​ថា​ អ៊ុយក្រែន​មាន​ចេតនា​ក្នុង​ការ​តែង​តាំង​ឯក​អគ្គរដ្ឋ​ទូត​ប្រចាំ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ​ ហើយ​មាន​ជំនឿ​មុតមាំ​ថា​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​រីក​ចម្រើន។ ​

កាល​ពី​ដើម​ខែ​វិច្ឆិកា​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​លោក ​Volodymyr Zelenskyy ​ប្រធានាធិបតី​អ៊ុយក្រែន ​ដោយ​ប្រធានាធិបតី​អ៊ុយក្រែន ​បាន​ស្នើ​សុំ​ថ្លែង​សុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​ក្នុង​ពេល​កិច្ច​ប្រជុំ​អាស៊ាន ​និង​បញ្ជាក់​ពី​បំណង​របស់​អ៊ុយក្រែន​ក្នុង​ការ​ចូល​ជា​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន ​(ASEAN Sectoral Dialogue Partner)​ផងដែរ។ ​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ​តើ​ប្រធានា​ធិបតី​អ៊ុយក្រែន​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថ្លែង​សុន្ទរកថា​ ឬយ៉ាងណា ​ខណៈ​មាន​សេចក្តី​រាយ​ការណ៍​ពី​សារ​ព័ត៌មាន​ក្នុង​ស្រុក​ Khmer Times ​ថា​ សមាជិក​អាស៊ាន​មិន​ឯកភាព​គ្នា​ជា​មូលមតិ​ក្នុង​ការ​សម្រេច​ឲ្យ​មាន​ការ​ថ្លែង​របស់​លោក​ Zelenskyy។​

អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព ​លោក ​វណ្ណ ប៊ុនណា​ យល់​ថា​ កម្ពុជា​បាន​ខិត​ខំ​គាំទ្រ​ប្រទេស​អ៊ុយក្រែន​ស្រប​ទៅ​តាម​គោល​ការណ៍​អន្តរជាតិ​ ទាក់​ទិន​ការ​ការពារ​អធិប​តេយ្យភាព​ និង​បូរណ​ភាព​ទឹកដី​ ហើយ​ការ​អនុញ្ញាត​ឲ្យ​អ៊ុយក្រែន​បាន​ចូល​ជា​ភាគី​នៃ​សន្ធិ​សញ្ញា​មិត្តភាព​ និង​កិច្ច​សហ​ប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍​នេះ​ គឺ​ជា​ការ​ផ្តល់​តម្លៃ​បន្ថែម​ទៅលើ​អ៊ុយក្រែន​ ដែល​រង​ការ​ឈ្លាន​ពាន​ដោយ​កម្លាំង​ទ័ពរបស់​ប្រទេស​រុស្ស៊ី។

លោក​ថ្លែង​ថា៖ ​«បើ​សិន​ជា​យើង​ឆ្លុះ​បញ្ចាំង​អំពី​សន្ធិសញ្ញា​ មិត្តភាព​ និងកិច្ច​សហ​ប្រតិបត្តិ​ការ​ ​វា​បាន​បង្ហាញច្បាស់​ហើយ​ថា​ សន្ធិ​សញ្ញា​ហ្នឹង​វា​ឲ្យ​គុណ​តម្លៃ​ខ្លាំង​ទៅ​លើ​សហ​ប្រតិបត្តិ​ការ​គ្នា​ដោយ​ឈរ​ទៅ​លើ​ភាព​គោរព​គ្នា​ទៅវិញ​ទៅមក​ ហើយ​គោរព​អធិ​បតេយ្យ​ភាព បូរណ​ភាព​ដែន​ដី​គ្នា​ទៅ​វិញ​ទៅមក»។​

លោក​បន្ថែម​ថា ​រុស្ស៊ី​ជា​ដៃ​គូ​របស់​អាស៊ាន​កំពុង​ដើរ​ប្រាស​ចាក​ពី​គោល​ការណ៍​អាស៊ាន​ ដែល​ផ្តល់​ការ​គោរព​គ្នា​ទៅវិញទៅ​មក​លើ​បញ្ហា​អធិបតេយ្យ​នេះ។​

លោក​ថ្លែង​ថា៖ «​អ៊ីចឹង​ទេ​ រុស្ស៊ី​ជា​ដៃ​គូ​សន្ទនា​មួយ​របស់​អាស៊ាន​ដែរ។ ​អ៊ីចឹង​ កាលណា​រុស្ស៊ី​ប្រើប្រាស់​កម្លាំង​ទ័ព វា​ខុស​ទៅ​នឹង​គោល​ការណ៍​ធម្មនុញ្ញ​របស់​អាស៊ាន​ ទាក់​ទង​នឹង​សន្ធិ​សញ្ញា​មិត្តភាព​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ហ្នឹង​របស់​អាស៊ាន​ ដែល​ជា​ហេតុ​ ជា​ការ​ឆ្លើយ​តប​ ខ្ញុំ​គិត​ថា​ អាស៊ាន​តាម​រយៈ​ការ​អញ្ជើញ​អ៊ុយក្រែន​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​ហ្នឹង​ វា​ជា​ដំណើរ​ការ​មួយ​វិវឌ្ឍ​ល្អ​ផង​ដែរ​ អំពី​ទំនាក់​ទំនង​ ហើយ​និង​ការ​ឆ្លើយ​តប​ចំពោះ​ទង្វើ​គឃ្លើន​របស់​រុស្ស៊ី»។​

មុន​ពេល​នៃ​កិច្ច​ប្រជុំ​នេះ​ចាប់​ផ្តើម​ មេ​ដឹកនាំ​អាស៊ាន​ភាគ​ច្រើន​បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​ ហើយ​មេដឹកនាំ​ដែល​ជា​ប្រទេស​ដៃ​គូ​អាស៊ាន​ក្នុង​នោះ​គឺ​ប្រទេស​ចិន​បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​ ខណៈ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ Joe Biden ​នឹង​មាន​វត្តមាន​ក្នុងទី​ក្រុង​ភ្នំពេញ​នា​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ។​

ដោយ​ឡែក​ រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​ Sergey Lavrov ​ក៏​នឹង​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទី​ក្រុង​ភ្នំពេញ​ ដែល​នឹង​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃសុក្រ​ស្អែក​នេះ។​ នេះ​បើ​តាម​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​កម្ពុជា​ (AKP)៕

XS
SM
MD
LG