កាលពីថ្ងៃព្រហស្បតិ៍លោកស្រី Elizabeth Warren សមាជិកាព្រឹទ្ធសភាស.រ.អ.ប្រចាំរដ្ឋMassachusetts បានបញ្ចប់ការខិតខំប្រឹងប្រែងរបស់លោកស្រីដើម្បីឱ្យបានការតែងតាំងជាបេក្ខជនប្រធានាធិបតីស.រ.អ.ខាងគណបក្សប្រជាធិបតេយ្យនៅក្រោយលោកស្រីបានទទួលបរាជ័យនៅក្នុងរដ្ឋទាំង១៤ដែលបានរៀបចំការបោះឆ្នោតបឋមក្នុងសប្តាហ៍នេះដោយមានរួមបញ្ចូលទាំងរដ្ឋរបស់លោកស្រីផ្ទាល់ដែលនៅទីនោះលោកស្រីបានទទួលការគាំទ្រលំដាប់ទីបី។
គេដឹងមិនទាន់ច្បាស់លាស់នៅឡើយទេថាតើលោកស្រីWarren ដែលជាអតីតសាស្ត្រាចារ្យច្បាប់នៅឯសាកលវិទ្យាល័យ Harvard នឹងគាំទ្រនរណាក្នុងបណ្តាអ្នកនាំមុខគេពីរនាក់ក្នុងការប្រកួតប្រជែងនេះគឺលោកអតីតអនុប្រធានាធិបតីពីរអាណត្តិ Joe Biden និងលោក Bernie Sanders សមាជិកព្រឹទ្ធសភាស.រ.អ.ដែលជាសម្ព័ន្ធមិត្តខាងនយោបាយរបស់លោកស្រីដែលបានប្រកាសខ្លួនលោកថាជាអ្នកសង្គមនិយមប្រជាធិបតេយ្យ។ កាលពីថ្ងៃពុធលោកស្រីបាននិយាយដាច់ដោយឡែកពីគ្នាជាមួយលោក Biden និងលោកSanders។
បេក្ខជនពីរនាក់ទៀតគឺលោកស្រីAmy Klobuchar សមាជិកាព្រឹទ្ធសភាស.រ.អ.ប្រចាំរដ្ឋ Minnesota និងលោកPete Buttigieg អតីតអភិបាលក្រុង South Bend រដ្ឋIndiana បានគាំទ្រលោកBiden នៅពេលលោកស្រីនិងលោកបានដកខ្លួនចេញពីការប្រកួតប្រជែងនេះនៅមុនការបោះឆ្នោត Super Tuesday កាលពីថ្ងៃអង្គារ។ការណ៍នេះសឹងតែបើកផ្លូវឱ្យលោកBiden ទទួលជ័យជម្នះក្នុងការបោះឆ្នោតក្នុងរដ្ឋ១០ក្នុងការបោះឆ្នោតក្នុងរដ្ឋ១៤ក្នុងសប្តាហ៍នេះដើម្បីជ្រើសតាំងបេក្ខជនប្រធានាធិបតីស.រ.អ.ខាងគណបក្សប្រជាធិបតេយ្យហើយលោក Sanders អាចឈ្នះនៅក្នុងរដ្ឋបួន៕