ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bernie Sanders ឈ្នះ​ការ​បោះ​ឆ្នោត​បេក្ខភាព​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ Nevada


បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Bernie Sanders ដែល​ជា​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont (ស្ដាំ) និង​ភរិយា អ្នកស្រី Jane (ឆ្វេង) លើក​ដៃឡើង ខណៈ​ដែល​លោក​ឡើង​ថ្លែង​សុន្ទរកថា ក្នុង​អំឡុងពេល​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង San Antonio ថ្ងៃសៅរ៍ ទី​២២ ខែ​កុម្ភៈ ឆ្នាំ២០២០។
បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Bernie Sanders ដែល​ជា​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont (ស្ដាំ) និង​ភរិយា អ្នកស្រី Jane (ឆ្វេង) លើក​ដៃឡើង ខណៈ​ដែល​លោក​ឡើង​ថ្លែង​សុន្ទរកថា ក្នុង​អំឡុងពេល​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង San Antonio ថ្ងៃសៅរ៍ ទី​២២ ខែ​កុម្ភៈ ឆ្នាំ២០២០។

លោក Bernie Sanders បាន​ឈ្នះ​ការ​បោះ​ឆ្នោត​បេក្ខភាព​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ Nevada កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយ​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ចំនួន​គណៈ​ប្រតិភូ​ច្រើន​ជាង​គេ និង​ក្លាយជា​បេក្ខជន​នាំ​មុខ​គេ។

ការ​បោះ​ឆ្នោត​នៅ​រដ្ឋ Nevada នេះ គឺ​ជា​ការ​ប្រកួត​លើក​ទី ៣ សម្រាប់​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ប្រជែង​គ្នា​ដើម្បី​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស ដើម្បី​ទៅ​ប្រជែង​ជាមួយ​នឹង​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ ការ​បោះ​ឆ្នោត​ស្រដៀង​គ្នា​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាល​ពី​ដើម​ខែ​នេះ​នៅ​ក្នុង​រដ្ឋ Iowa និង​រដ្ឋ New Hampshire។

ខុស​ពី​ការ​បោះ​ឆ្នោត​នៅ​រដ្ឋ Iowa និង​រដ្ឋ New Hampshire ដែល​ជា​រដ្ឋ​មាន​ប្រជាពលរដ្ឋ​ស្បែក​ស​ភាគ​ច្រើន រដ្ឋ Nevada គឺ​ជា​រដ្ឋ​ដែល​មាន​ពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍។ ពលរដ្ឋ​ក្នុង​រដ្ឋ Nevada ពាក់​កណ្ដាល​ជា​ជាតិ​សាសន៍​ស្បែក​ស ជិត ៣០% ជា​ជាតិ​សាសន៍ Hispanic ១០% ជា​ជាតិ​សាសន៍​ដើម​កំណើត​អាហ្វ្រិក និង ១០% ជា​ជាតិ​សាសន៍​អាស៊ី។

យោង​តាម​លទ្ធផល​បោះ​ឆ្នោត​ពី​មណ្ឌល​បោះ​ឆ្នោត​ចំនួន ១១% ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគ​ច្រើន​បាន​ប្រកាស​ថា លោក Sanders គឺ​ជា​អ្នក​ឈ្នះ ដោយ​ទទួល​បាន​គណៈ​ប្រតិភូ​នៃ​សន្និបាត​ថ្នាក់​ស្រុក​នៃ​រដ្ឋ Nevada នេះ​ចំនួន ៤៤%។

បន្ទាប់ពី​លោក Sanders គឺ​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដោយ​ទទួល​បាន​គណៈ​ប្រតិភូ​ចំនួន ២៥% អតីត​អភិបាល​ក្រុង South Bend រដ្ឋ Indianna លោក Pete Buttiguieg ដោយ​ទទួល​បាន​គណៈ​ប្រតិភូ​ចំនួន ១៥% និង​ចុង​ក្រោយ​គឺ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Massachusetts អ្នកស្រី Elizabeth Warren ដោយ​ទទួល​បាន​គណៈ​ប្រតិភូ​ជាង ៩%៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា

XS
SM
MD
LG