ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

១១ឆ្នាំ​ក្រោយ​ឃាតកម្ម​លើ​លោក ​ឈុត វុទ្ធី​ អ្នក​តស៊ូ​មតិ​នៅតែ​ជំរុញ​ឱ្យ​អាជ្ញាធរ​​សើ​រើ​រឿង​​នេះ​សា​ជា​ថ្មី


រូបឯកសារ៖ លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ ធ្វើ​ដំណើរ​នៅ​ក្នុង​ខេត្ត​កោះកុង ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១២។ (REUTERS/Samrang Pring)
រូបឯកសារ៖ លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ ធ្វើ​ដំណើរ​នៅ​ក្នុង​ខេត្ត​កោះកុង ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១២។ (REUTERS/Samrang Pring)

ទោះ​ជា​លោក​ ឈុត វុទ្ធី​ ដែល​ជា​សកម្មជន​ព្រៃ​ឈើ​ដ៏​ឆ្នើម​ ត្រូវបាន​គេ​បាញ់​សម្លាប់​កាលពី​ ១១​ ឆ្នាំ​មុន​ក្តី ក្រុម​សកម្មជន​បរិស្ថាន​ រួមទាំង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​តែ​ចងចាំ​វីរភាព​របស់​សកម្ម​ជន​ព្រៃឈើរូបនោះ ​ព្រម​ទាំង​ទទូច​ឱ្យ​អាជ្ញាធរ​បន្ត​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​នេះ​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរង​គ្រោះ​ ​និង​ក្រុម​គ្រួសារ។​

កាល​ពី​ថ្ងៃទី​ ២៦​ ខែ​មេសា ​ឆ្នាំ​ ២០២៣ ​ក្រុម​អ្នក​តស៊ូ​មតិ​ប្រមាណ​ ៣០ ​នាក់ ​ដែល​ដឹក​មុខ​ដោយ​សកម្មជន​បរិស្ថាន​បាន​ដាក់​ញត្តិ​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក ​កើត រិទ្ធ ​ដើម្បី​បើក​ដំណើរការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​សាជា​ថ្មី​ លើ​សំណុំ​រឿង​ឃាតកម្ម​លើ​លោក ​ឈុត វុទ្ធី​ ហើយ​ស្វែក​រក​ជន​ពាក់​ព័ន្ធ​មក​ទទួល​ខុស​ត្រូវ​តាម​នីតិវិធី។​

បើ​តាម​ញត្តិ​ដែល​បាន​ដាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​លោក ​ឈុត វុទ្ធី ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​ខេត្ត​កោះកុង​ ខណៈ​លោក​និង​អ្នក​សារ​ព័ត៌មាន​ពីរ​នាក់​ទៀត ​របស់​កាសែត​ The Cambodia Daily​ កំពុង​បំពេញ​បេសក​កម្ម​ចុះ​ឃ្លាំមើល​ និង​យក​ព័ត៌មាន​នៅ​ជិត​តំបន់​ព្រៃ​ការ​ពារ​ក្នុង​ខេត្ត​កោះ​កុង ​ជាទី​ដែល​សកម្ម​ជន​រូប​នោះ​ជីក​កកាយ​សំណុំ​រឿង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​យោធា។​

ក្រុម​អ្នក​តស៊ូ​មតិ​ទាំង​នោះ​ចាត់​ទុក​ លោក​ ឈុត វុទ្ធី​ ថា​ជា​សកម្មជន​ព្រៃឈើ​ដ៏​ឆ្នើម​ ដែល​បាន​ធ្វើ​ការងារ​បណ្តុះ​បណ្តាល ​អប់រំ ​និង​ពង្រឹង​សមត្ថភាព​សហគមន៍​មូលដ្ឋាន​ឱ្យ​យល់​ដឹង​ ព្រមទាំង​អនុវត្ត​សិទ្ធិ​ និង​ករណី​កិច្ច​ក្នុង​ការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ។​

ញត្តិ​ចុះ​ថ្ងៃទី​ ២៦​ ខែ​មេសា ​ឆ្នាំ​ ២០២៣ ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ «អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​ យើង​ខ្ញុំ​ស្នើ​សុំ​ក្រសួង​យុត្តិ​ធម៌​បន្ត​ជំរុញ​ឱ្យ​ស្ថាប័ន​អយ្យការ​ធ្វើការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ដោយ​ឯករាជ្យ​ យក​ចិត្ត​ទុក​ដាក់ ​និង​ហ្មត់ចត់​ ដើម្បី​យក​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​មក​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ឃាតកម្ម​លើ​លោក ​ឈុត វុទ្ធី»។​

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ​ជិន ម៉ាលីន ​ថ្លែង​ថា​ សំណុំ​រឿង​នេះ​តុលាការ​បាន​បិទ​បញ្ចប់​និង​ដាក់​ទោស​អ្នក​ពាក់ព័ន្ធ​រួច​រាល់​អស់​ហើយ ​ដោយ​មិន​មាន​អ្វី​ត្រូវ​ស៊ើប​អង្កេត​ត​ទៀត​ឡើយ។ ​ប៉ុន្តែ​លោក​ថា​ បើ​ក្រុម​យុវជន​ទាំង​នោះ​មិន​យល់​ស្រប​ អាច​ប្តឹង​ទាស់​បាន​ជាមួយ​ភស្តុតាង​ដាក់​បន្ទុក​ឱ្យ​បាន​រឹងមាំ។​

លោក​បញ្ជាក់​ថា៖​ «អ៊ីចឹង​ទេ​ប្រសិន​បើ​ពួក​គាត់​មាន​ភស្តុតាង​ផ្ទុយ​ឬ​ក៏​ភស្តុតាង​ថ្មី​ សក្ខី​កម្ម​ថ្មី​ដែល​រឹងមាំ ដែល​អាច​បញ្ជាក់​ថា​ការ​សម្រេច​មិន​ត្រឹម​ត្រូវ ​ពួក​គាត់​អាច​ធ្វើ​បណ្តឹង​សើរើ​បាន»។​

យ៉ាងណាក៏​ដោយ​ លោក ​កើត សារ៉ាយ​ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា លោក​នៅ​តែ​ទទូច​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​លើ​ករណី​នេះ ​ដោយសារ​តែ​លោក​មិន​ជឿ​របាយ​ការណ៍​និង​លទ្ធផល​ដែល​បាន​ស៊ើប​អង្កេត​កាលពី​កន្លង​មក​នោះ​ឡើយ។​

លោក​ថ្លែង​ថា៖​ «ហើយ​យើង​ក៏​នៅតែ​មិន​ជឿ​ការ​សម្រេច​កន្លង​មក​របស់​តុលាការ​ថា​ជា​រឿង​ត្រឹមត្រូវ។​ ដូច្នេះ​យើង​នៅ​តែ​ទទូច​ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌​បន្ត​ធ្វើការ​ស្រាវជ្រាវ​ រក​ជន​ដៃ​ដល់​ឱ្យ​បាន​ឃើញ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​លោក​ ឈុត វុទ្ធី»។​

បើ​តាម​លោក ​កើត សារ៉ាយ ​បើ​ទោះ​លោក​មិន​មាន​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ ប៉ុន្តែ​លោក​នៅ​តែ​មាន​សង្ឃឹម​ថា​ យុត្តិធម៌​នឹង​កើត​មាន​ដល់​សកម្មជន​ព្រៃឈើ​រូប​នោះ។​

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN)​លោក ​ហេង គឹមហុង ​ប្រាប់​វីអូអេ​ថា ​រយៈពេល​ ១១​ ឆ្នាំ​ហើយ​ដែល​សកម្មជន​ព្រៃ​ឈើ​រូប​នោះ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ហើយ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ និង​ថា​ អ្វី​ដែល​អាជ្ញាធរ​បាន​អះអាង​នោះ​ នៅ​មាន​មន្ទិល​សង្ស័យ​ច្រើន។​

លោក​បន្ថែម​ថា៖​ «ខ្ញុំ​យល់​ថា​ក្រសួង​យុត្តិធម៌​ក៏​ដូច​ជា​តុលាការ ​គួរតែ​ធ្វើការ​ស៊ើប​សង្កេត​ជុំវិញ​ករណី​នេះ​ ហើយ​ព្យាយាម​កំណត់​រក​មុខ​សញ្ញា​ អ្នក​ដែល​នៅ​ពី​ក្រោយ​ឱ្យ​មាន​ការ​បាញ់​សម្លាប់ ​ហើយ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នូវ​របាយការណ៍​ស៊ើប​អង្កេត​មួយ​ដែល​មាន​លក្ខណៈ​សុក្រឹត​ខ្ពស់​ ហើយ​ឆ្លើយ​តប​ជា​មួយ​នឹង​ទិដ្ឋភាព​ជាក់​ស្តែង​នៃ​សំណុំ​រឿង​នេះ»។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត​ បាន​លើក​ឡើង​ថា ករណី​នេះ​នៅ​មិន​ទាន់មាន​យុត្តិធម៌​នៅ​ឡើយ ​ដោយហេតុ​ថា​ របាយ​ការណ៍​ដែល​បាន​ស៊ើប​អង្កេត​កន្លង​មក​ មាន​ចំណុច​សង្ស័យ​ច្រើន​ និង​មិន​អាច​ទទួល​យក​បាន។ លោក​បន្ត​ថា​ ការ​ស៊ើប​អង្កេត​បន្ត​ទៀត​ត្រូវ​តែធ្វើ​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ដល់​ជ​នរងគ្រោះ។​

លោក​បញ្ជាក់​ថា៖​ «រឿង​ទាំងអស់​នេះ​វា​មិន​អាច​បញ្ចប់​ត្រឹម​ប៉ុណ្ណឹង​បាន​ ដែល​ គួរតែ​មាន​ការ​ស៊ើប​អង្កេត​ ជាពិសេស​យើង​ឃើញ​ថា​ ក្រុម​យុវជន​និង​អ្នក​និយម​ [លោក]​ឈុត វុទ្ធី ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិ​ធម៌​ដើម្បី​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ករណី​លោក​ ឈុត វុទ្ធី​ ឱ្យ​បាន​យុត្តិធម៌​ឡើង​វិញ។​ អាហ្នឹង​ជា​រឿង​ត្រឹមត្រូវ»។​

បើ​តាម​របាយ​ការណ៍​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​កន្លង​មក​នោះ​ ​លោក ​ឈុត វុទ្ធី​ ត្រូវ​បាន​កម្លាំង​អាវុធ​ហត្ថ​ម្នាក់​គឺ​លោក ​អ៊ិន រតនា ​បាញ់​ស្លាប់​ បន្ទាប់​ពី​មាន​ជម្លោះ​ប្រកែក​គ្នា​រឿង​ដែល​កង​កម្លាំង​ចង់​រឹប​អូស​អង្គ​ចង​ចាំ​នៃ​កាមេរ៉ា​ដែល​ក្រុម​លោក​បាន​ថត​នៅ​ឯ​ទីតាំង​របស់​ក្រុមហ៊ុន ​Timber Green ​ដែល​ទទួល​ការ​អនុញ្ញាត​ឱ្យ​កាប់​រាន​ដី​ព្រៃ​ និង​ពង្រាប​បាត​អាង ​សម្រាប់​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ឫស្សី​ជ្រុំ ​ភាគ​ខាង​ជើង​ខេត្ត​កោះកុង។​

មន្ត្រី​អាវុធ​ហត្ថ​ឈ្មោះ ​អ៊ិន រតនា​ ក៏​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​ឈ្លោះ​ប្រកែក​គ្នា​នោះ​ផង​ដែរ។​ អាជ្ញាធរ​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្សេង​គ្នា ​មុន​នឹង​ចេញ​ការ​សន្និដ្ឋាន​ចុង​ក្រោយ​ថា​ សន្តិសុខ​ម្នាក់​របស់​ក្រុមហ៊ុន ​Timber Green​ ឈ្មោះ ​រ៉ាន់ បូរ័ត្ន ​បាន​ទៅ​ដណ្ដើម​កាំភ្លើង​ពី​មន្ត្រី​អាវុធ​ហត្ថ​ អ៊ិន រតនា​ រហូត​រេល​កៃ​បណ្ដាល​ឱ្យ​ស្លាប់​មន្ត្រី​អាវុធ​ហត្ថ​រូប​នេះ។​

ក្រៅ​ពី​តុលាការ​កាត់​ទោស​ឈ្មោះ ​រ៉ាន់ បូរ័ត្ន ​ពី​បទ​«មនុស្ស​ឃាត​ដោយ​អចេតនា» ​នោះ មិន​មាន​ជន​ណា​ផ្សេង​ទៀត​ត្រូវ​បាន​ស៊ើប​អង្កេត​ និង​នាំ​យក​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ឡើយ។ សំណុំ​រឿង​បាញ់​ប្រហារ​នេះ​ក៏​ត្រូវ​បាន​បិទ​បញ្ចប់​តាំង​ពី​ចុង​ឆ្នាំ​ ២០១២ មក៕

XS
SM
MD
LG