មន្ត្រីជាន់ខ្ពស់នៃស្ថាប័នរៀបចំការបោះឆ្នោត (គ.ជ.ប) បានការពារការចំណាយថវិកាជាតិប្រមាណ៦០លានដុល្លារអាមេរិកសម្រាប់រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះថា បានគិតគូរល្អិតល្អន់ និងដោយសុក្រឹតភាព។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលធ្វើឡើងកាលពីថ្ងៃទី៥ ខែមិថុនា មានឃុំសង្កាត់នៅទូទាំងប្រទេសសរុបចំនួន១.៦៥២ ដែលកើនលើស៦ឃុំសង្កាត់ បើប្រៀបធៀបនឹងអាណត្តិទី៤ និងមានការិយាល័យបោះឆ្នោតសរុប២៣.៦០២។ ថវិកាចំណាយសម្រាប់រៀបចំការបោះឆ្នោតនេះ មានប្រមាណ៦០លានដុល្លារអាមេរិក ច្រើនជាងឆ្នាំមុន ជាង៧លានដុល្លារអាមេរិក។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក សោម សូរីដា អគ្គលេខាធិការរងនៃ គ.ជ.ប បានថ្លែងការពារការចាត់ចែងថវិកាជាតិសម្រាប់ការរៀបចំការបោះឆ្នោតនេះថា គ.ជ.ប បានចាត់ចែងត្រឹមត្រូវតាមផែនការគ្រោង ដែលបានស្នើពីរដ្ឋជាង៦០លានដុល្លារអាមេរិក ហើយការចំណាយសម្រាប់បោះឆ្នោតអាណត្តិនេះ មិនលើសផែនការដែលស្ថាប័នរៀបចំការបោះឆ្នោតបានគ្រោងឡើយ។
លោកថ្លែងថា៖ «ក្នុងកម្រិតនេះគឺជាកម្រិតមួយដែលល្អិតល្អន់នៅក្នុងការស្នើសុំពីរដ្ឋ និងការទូទាត់ ចំណាយជាក់ស្តែង។ អ៊ីចឹង ចំនួននេះអត់មានការកើនលើសថវិកាដែលគ្រោងទុកទេ គឺមានតែសល់។ សល់តិចតួច»។
លោកបន្ថែមថា ការកើនឡើងការចំណាយលើសការបោះឆ្នោតឆ្នាំ២០១៧នេះ ព្រោះទំនិញឡើងថ្លៃ ដោយសារវិបត្តិអន្តរជាតិ និងការរីករាលដាលជំងឺកូវីដ១៩ ហើយថវិកាជាតិនោះត្រូវចំណាយលើ៤ដំណាក់កាល ដូចជាដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោត ដែលចំណាយប្រមាណ១៦លានដុល្លារអាមេរិក និង៣ដំណាក់កាលសំខាន់ទៀត គឺដំណាក់កាលចុះបញ្ជីបេក្ខជននយោបាយ ដំណាក់កាលឃោសនាបោះឆ្នោត ដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលរួមមានការជ្រើសរើសមន្ត្រី និងទិញសម្ភារៈបរិក្ខារ ដែលចំណាយអស់ប្រមាណ ៤៣លានដុល្លារអាមេរិក។
លោកបញ្ជាក់ថា៖ «បរិបទឆ្លងជំងឺកូវីដ១៩ រួមជាមួយស្ថានការណ៍អន្តរជាតិនេះ ធ្វើឱ្យទំនិញឡើងថ្លៃខ្ពស់ជាងឆ្នាំ២០១៧ អ៊ីចឹងទេបានជាចំនួននៃទឹកប្រាក់៦០លានដុល្លារនេះ ដែលត្រូវចំណាយក្នុងដំណាក់កាលទាំង៤នេះ មានការកើនឡើង»។
លោក សោម សូរីដា ឱ្យដឹងថាស្ថាប័ន គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតឆ្នាំ២០២២នេះ ជាង១១លានសន្លឹក និងបម្រុងប្រមាណ១លានសន្លឹក។ ចំនួនអ្នកមកបោះឆ្នោតមានប្រមាណ៧លាន៣សែននាក់ ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ៩លាន២សែននាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់គ.ជ.ប។
កាលពីឆ្នាំ២០១៧ សហរដ្ឋអាមេរិកដែលធ្លាប់ផ្ដល់ជំនួយជាថវិកាប្រមាណ១.៨លានដុល្លារអាមេរិក ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចដកថវិការបស់ខ្លួនវិញ ក្រោយមានការរំលាយគណបក្សសង្រ្គោះជាតិ និងដកហូតអាសនៈរបស់តំណាងរាស្ត្រ និងក្រុមប្រឹក្សាជាប់ឆ្នោត។ ចំណែកសហភាពអឺរ៉ុបក៏បានកាត់ផ្ដាច់រាល់ជំនួយទាំងអស់ ដែលធ្លាប់ផ្ដល់ទៅឲ្យស្ថាប័នគ.ជ.ប។
លោក កន សាវាង្ស មន្រ្តីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល ថ្លែងថាដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃការចំណាយថវិកាជាតិ គឺទាល់តែធ្វើសវនកម្មឯករាជ្យមួយ ដោយសារថវិកាទាំងនេះ បានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ លោកចង់ឃើញស្ថាប័ន គ.ជ.ប រៀបចំការបោះឆ្នោតមួយដែលប្រជាពលរដ្ឋពេញចិត្ត និងដោះស្រាយភាពមិនប្រក្រតីមួយចំនួន ដូចជាការបញ្ជាក់ច្បាប់ ឬបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប ឱ្យបានច្បាស់លាស់ទៅដល់ប្រជាពលរដ្ឋ ដូចជាការបិទទ្វារ ឬបើកទ្វារការិយាល័យនៅពេលរាប់សន្លឹកឆ្នោតជាដើម ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្តនឹងស្ថាប័ន គ.ជ.ប។
លោកថ្លែងថា៖ «ឧទាហរណ៍ ទាក់ទងជាមួយរឿងចូលទៅពិនិត្យមើលលទ្ធផលឆ្នោតជាដើម ដែលនៅក្នុងច្បាប់បានចែងភាពមិនច្បាស់លាស់ក្នុងនីតិវិធី មិនមានកន្លែងណាដែលបញ្ជាក់ថារាប់លទ្ធផលឆ្នោតឱ្យបើកទ្វារ ឬមិនបើកទ្វារនេះ គឺថាមិនបានចែងឱ្យជាក់លាក់។ អ៊ីចឹងចំណុចនេះ គឺជាប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ថវិកាទាំងអស់នេះ ជាធនធានថវិការបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែច្បាប់មិនបានកំណត់ឱ្យបានច្បាស់លាស់ ជាក់លាក់... [ដែល]ធ្វើឱ្យគាត់[ពលរដ្ឋ]មិនមានការសប្បាយចិត្តទេ»។
លោក សោម សូរីដា មន្រ្តីជាន់ខ្ពស់នៃ គ.ជ.ប ឲ្យដឹងថាស្ថាប័ននេះបានចំណាយថវិកាប្រមាណ ៥៣លានដុល្លារសម្រាប់រៀបចំការបោះឆ្នោតឆ្នាំ២០១៧ ដែលកាលនោះមានឃុំសង្កាត់១៦៤៦ និងមានការិយាល័យបោះឆ្នោតជាង ២ម៉ឺន២ពាន់នៅទូទាំងប្រទេស។
គួរបញ្ជាក់ថាគណបក្សនយោបាយមួយចំនួនបានរិះគន់ស្ថាប័ន គ.ជ.ប ថា មិនទាន់បានបំពេញតួនាទីឯករាជ្យរបស់ខ្លួននៅឡើយ ដើម្បីឲ្យប្រជាពលរដ្ឋទុកចិត្ត ដោយសារសមាសភាពថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននេះ មកពីគណបក្សកាន់អំណាច៕