ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​ប្រមាណ​៧៨​%​ចេញ​ទៅ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅថ្ងៃ​អាទិត្យ​នេះ


ពលរដ្ឋនៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នាំគ្នាទៅបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥​ នៅថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២២។ (កាន់​ វិច្ឆិកា/វីអូអេ)
ពលរដ្ឋនៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នាំគ្នាទៅបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥​ នៅថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២២។ (កាន់​ វិច្ឆិកា/វីអូអេ)

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ប្រមាណ​៧៨%​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ នា​ថ្ងៃ​អាទិត្យ​នេះ ដែល​ជា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។

បើ​តាម​របាយ​ការណ៍​របស់​គ.ជ.ប ដែល​ផ្សព្វផ្សាយ​នៅ​ម៉ោង​ប្រមាណ​៧យប់​នេះ ចំនួន​អ្នក​បាន​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី៥ មាន​ចំនួន​៧.១៧២.៤៤៨​នាក់ គឺ​ស្មើ​ប្រមាណ​៧៧,៩១% ក្នុង​ចំណោម​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​របស់​គ.ជ.ប ប្រមាណ​៩​លាន​២សែន​នាក់។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្រោយ​បញ្ចប់​ការ​រាប់​សន្លឹក​ឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធាន​គ.ជ.ប បាន​ថ្លែង​ថា​ការ​បោះឆ្នោត​នេះ ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ ក្នុង​បរិយាកាស​ស្ងប់​ស្ងាត់ មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ គ្មានអំពើហិង្សា និង​ការ​គំរាម​កំហែង។

ទោះ​ជា​យ៉ាង​ណា អង្គការ​លី​កា​ដូ​ដែល​តាម​ដាន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់បាន​ឲ្យ​ដឹង​ថា​ខ្លួនទទួល​ការ​រាយការណ៍​ពី​រាជធានី​-​ខេត្ត​ចំនួន​១​៦ផ្សេងគ្នា​ ​អំពី​វត្តមាន​របស់​អាជ្ញាធរ​មូលដ្ឋាន​ ​អង្គុយ​ចាំ​នៅ​ក្នុង​ ​ឬ​ក្រៅ​ទីតាំង​បោះ​ឆ្នោត​ ​ឬ​ជួយ​សម្របសម្រួល​ឱ្យ​ពលរដ្ឋ​បាន​ចូល​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​ ​ក្នុង​នោះ​មាន​មេភូមិ​ ​មេឃុំ​ឬ​ចៅសង្កាត់​ ​ឬ​ចៅ​ហ្វាយ​ស្រុក​ ​ក៏ដូចជា​អាជ្ញាធរ​ផ្សេងទៀត។

ទោះ​ជាយ៉ាងណា ប្រធាន​គ.ជ.ប លោក ប្រាជ្ញ ចន្ទ បាន​ថ្លែង​ថា​លោក​«ក្តាប់​មិន​បាន»អំពី​ការ​កត់​ឈ្មោះ​របស់​ប្រជាពលរដ្ឋ​ក្នុង​ពេល​បោះឆ្នោត​ឡើយ។

លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត​នឹង​ត្រូវ​ប្រកាស​នា​ថ្ងៃ​ទី​២៦ ខែ​មិថុនា ខាង​មុខ។ គួរ​បញ្ជាក់​ថា​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​អាណត្តិ​ទី​៥​នេះ ជា​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សរុប​ជាង​១​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេ​ស ដែល​ក្នុង​នោះ​មាន​មេឃុំ​ចៅ​សង្កាត់១.៦៥២​នាក់៕

XS
SM
MD
LG