ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​នេះ ខណៈ​អ្នកឃ្លាំមើល​យល់ថា​ ពលរដ្ឋ​អាច​ទៅ​បោះឆ្នោត​ច្រើន


រូបឯកសារ៖ បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/វីអូអេ)
រូបឯកសារ៖ បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/វីអូអេ)

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ថ្ងៃ​អាទិត្យ​នេះ ហើយ​អ្នក​ដែល​បាត់​អត្ត​សញ្ញាណ​ប័ណ្ណ​អាច​ស្នើ​សុំ​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​អាច​បោះ​ឆ្នោត​បាន។ នេះ​បើ​យោង​តាម​សេចក្តី​អំពាវ​នាវ​របស់​គ.ជ.ប ចុះ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០​២២។

ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​មួយ​នេះ នឹង​ចាប់​ផ្តើម​ពី​ម៉ោង​៧:០០​ព្រឹក រហូត​ដល់​ម៉ោង​៣:០០​រសៀល នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។

គ.ជ.ប បញ្ជាក់​ក្នុង​សេចក្តី​អំពាវ​នាវថា៖ «គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សូម​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវ​ការ​ឆ្នាំ​២០២១​ទាំង​អស់ មេត្តា​អញ្ជើញ​ទៅ​បោះ​ឆ្នោត នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត តាម​កាល​បរិច្ឆេទ និង​ពេល​វេលាកំណត់​ខាង​លើ​ឱ្យ​បាន​គ្រប់ៗ​គ្នា»។

បើ​តាម​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ប្រជា​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០២១ ដែល​បាន​ប្រើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឱ្យ​ការ​ចុះឈ្មោះ​បោះ​ឆ្នោត ហើយ​មិន​ទាន់​មាន​អត្ត​សញ្ញាណ​ប័ណ្ណ ឬ​អត្ត​សញ្ញាណ​ប័ណ្ណ​បាន​អស់​សុពល​ភាព ឬ​មិន​ទាន់​ទទួល​បាន ឬ​បាត់ ឬ​ខូច ឬ​កែ​តម្រូវ សូម​ប្រញាប់​រួស​រាន់​ទៅ​ស្នើ​សុំ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​ប័ណ្ណ​ពី​គណៈ​កម្មការ​ឃុំ សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត និង​អាជ្ញាធរ​ឃុំ​សង្កាត់​នៃ​ឃុំ​សង្កាត់​ដែល​ខ្លួន​ត្រូវ​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​ទាន់​ពេល​វេលា។ គ.ជ.ប​ បន្ថែម​ថា​ ការ​ចេញ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើ​ឱ្យ​ការ​បោះ​ឆ្នោត នឹង​បញ្ឈប់​ត្រឹម​ថ្ងៃ​សុក្រ ទី៣ ខែ​មិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច។

អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មើល​ឃើញ​ថា​ ប្រជាពលរដ្ឋ​អាច​ចេញ​ទៅ​បោះ​ឆ្នោត​ច្រើន ដោយ​សារ​ពួកគេ​មាន​ជម្រើស​ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ។

នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ថា ​និកហ្វិច(NICFEC) លោក សំ​ គន្ធាមី ថ្លែង​ថា​ តាម​ការ​អង្កេត​របស់​លោក ប្រជាពលរដ្ឋ​ច្រើននឹង​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ដោយ​ហេតុ​ថា ​ប្រជាពលរដ្ឋ​មាន​ជម្រើស​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ពោល​គឺ​មាន​គណបក្ស​នយោបាយ​ច្រើន​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​ ក្នុង​នោះ​មាន​គណបក្ស​ភ្លើង​ទៀន និង​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​ជាដើម។

លោក​ថ្លែង​ថា៖ «រឿង​បោះ​ឆ្នោត ខ្ញុំ​មើល​ទៅ​មាន​ជម្រើស។ មនុស្ស​ទៅ​បោះ​ឆ្នោត​ច្រើន​ដោយ​សារ​មាន​ជម្រើស​បាន​ទៅ​បោះ​ បើ​អត់​ជម្រើស​គាត់​អត់​ទៅ​ទេ»។

កាល​ពី​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត​ឆ្នាំ​២០១៨ ​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ទៅ​បោះ​ឆ្នោត​នោះ​ទេ ដោយ​សារ​អវត្ត​មាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​អាណត្តិ​ទី​៥​នេះ ជា​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សរុប​ជាង​១​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស ដែល​ក្នុង​នោះ​មាន​មេឃុំ​ចៅ​សង្កាត់​ប្រមាណ​១.៦៥០​នាក់។ នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​ ២០១៧​ គណបក្ស​សង្គ្រោះ​ជាតិ​ដណ្ដើម​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​៥០០៧​ និង​ទទួល​បាន​តំណែង​ជា​មេ​ឃុំ​ចៅ​សង្កាត់​ចំនួន​៤៨៩ ​ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង​អស់​នៅ​ទូទាំង​ប្រទេស។ គណបក្ស​ប្រឆាំង​នេះ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ប្រមាណ​៣​លាន​នាក់។

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ប្រាប់​វីអូអេ​ថា ​លោក​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​កុំ​មាន​ការ​ស្ទាក់​ស្ទើរ ហើយ​ចេញ​ទៅ​បោះ​ឆ្នោត នា​ថ្ងៃ​ទី​៥ ខែ​មិថុនា ខាង​មុខ។

លោក​និយាយ​ថា៖ «បង​ប្អូន​រួម​ជាតិ​ក៏​គួរ​តែ​ដឹង​ខ្លួន​ឯង​ហើយ​ថា ​ក្នុង​រយៈ​កាល​៥​ឆ្នាំ​នេះ​ ដែល​ពុំ​មាន​តំណាង​របស់​បង​ប្អូន​នៅ​មូលដ្ឋាន ដើម្បី​ផ្តល់​សេវា​ល្អ​ត្រឹម​ត្រូវ​ ឆាប់​រហ័ស និង​មិន​មាន​អំពើ​ពុក​រលួយ​ហ្នឹង គឺ​បង​ប្អូន​រង​ការ​លំបាក​ច្រើន​ហើយ»។

កាល​ពី​កន្លង​ទៅ ព្រះ​មហាក្សត្រ​ ព្រះ​បាទ​ នរោត្តម ​សីហមុនី ក៏​បាន​អំពាវ​នាវ​ឱ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​ទៅ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដោយ​កុំ​ឱ្យ​មាន​ក្តី​បារម្ភ​អំពី​ការ​គំរាម​កំហែង​អ្វី​ឡើយ។
គួរ​បញ្ជាក់​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​៩​លាន​នាក់ មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG