គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានអំពាវនាវឲ្យពលរដ្ឋត្រៀមឯកសារចាំបាច់នានា ដើម្បីចុះឈ្មោះបោះឆ្នោតសម្រាប់បញ្ជីឈ្មោះឆ្នាំ២០២០ ខណៈក្រុមអ្នកសង្កេតការណ៍បោះឆ្នោតកម្ពុជា កំពុងពិចារណាលើទីតាំងសម្រាប់ការឃ្លាំមើលដំណើរការពិនិត្យការចុះឈ្មោះនេះ។
ដំណើរការពិនិត្យឈ្មោះ និងចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅទូទាំងប្រទេសរយៈពេល១៩ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា។ នេះបើតាមការជូនដំណឹងរបស់គ.ជ.ប. ចេញផ្សាយកាលពីថ្ងៃទី១០ខែសីហា។
លោក សំ គន្ធាមី នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោត Nicfec ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការដាក់ភ្នាក់ងារឃ្លាំមើលការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នេះ នឹងមិនបានធ្វើឡើងដោយទូលំទូលាយទេសម្រាប់អង្គការរបស់លោក ដោយក្រុមការងាររបស់លោក នឹងជ្រើសរើសគោលដៅចាំចាច់សម្រាប់ការឃ្លាំមើល។
«យើងគ្រាន់តែសង្កេតការណ៍នេះ គោលបំណងយើងតើប្រជាពលរដ្ឋហ្នឹង អ្នកដែលគ្រប់អាយុហើយ ហើយអ្នកដែលគេលុបឈ្មោះចេញដូចថា ស្លាប់ ឬ ផ្លាស់ប្តូរទីលំនៅ ឬអ៊ីចឹងណា៎ បាទ។ យើងចង់ដឹងតើចំនួនប៉ុន្មាន។ យើងសង្កេតហើយ ហើយអ្នកដែលចូលរួមចុះឈ្មោះថ្មីហ្នឹង ច្រើនឬតិច ដែលយើងសង្កេតការណ៍។ យើងគ្រាន់តែសង្កេតចង់ដឹង»។
លោកបន្ថែមថា ក្រុមការងារលោកនឹងពិភាក្សាគ្នាចុះឃ្លាំមើលដំណើរការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ នៅតាមបណ្តាខេត្តដែលមានជនជាតិដើមភាគតិចរស់នៅច្រើន ដូចជាខេត្តមណ្ឌលគិរីជាដើម។
បើតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប. ចុះថ្ងៃទី១០ ខែសីហា ដំណើរការពិនិត្យបញ្ជីឈ្មោះ ឆ្នាំ២០២០ នឹងស្រង់ ហើយពិនិត្យលើឈ្មោះអ្នកបោះឆ្នោតដែលទទួលមរណភាព ដកសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន និងផ្លាស់ប្តូរទីលំនៅ។
ចំណែកការចុះឈ្មោះបោះឆ្នោតសំដៅលើពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត តែមិនទាន់បានចុះឈ្មោះពីមុនមក ពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ និងពលរដ្ឋដែលបានផ្លាស់ប្តូរលំនៅដ្ឋាន ឬទីសំណាក់ចូលក្នុងឃុំសង្កាត់ថ្មី។
គ.ជ.ប.បានរំឭកពលរដ្ឋថា ពួកគេមិនអាចប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រភេទចាស់សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០បានទេ ពោលគឺពួកគេអាចចុះឈ្មោះបោះឆ្នោតបានដោយប្រើប្រភេទអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មីចុងក្រោយដែលមានភ្ជាប់ប្រព័ន្ធស្កេនអេឡិចត្រូនិក។ នេះបើតាមខិត្តបណ្ឌដាច់ដោយឡែករបស់គ.ជ.ប. ស្តីពីអត្តសញ្ញាណបណ្ណខ្មែរប្រភេទចាស់ ដែលមិនអាចប្រើប្រាស់បានសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែលយល់ថា ការមិនប្រើអត្តសញ្ញាណបណ្ណប្រភេទចាស់ ជាពិសេសអត្តសញ្ញាណបណ្ណប្រភេទទីពីរដើម្បីចុះឈ្មោះបោះឆ្នោតនោះ នឹងបង្កជាបញ្ហាប្រឈមធំមួយដល់អ្នកដែលមានសិទ្ធិបោះឆ្នោត។
លោកអះអាងថា ការធ្វើអត្តសញ្ញាណបណ្ណប្រភេទថ្មី នៅមានភាពសាំញ៉ាំនៅឡើយសម្រាប់អ្នកទីក្រុង ដូច្នេះការធ្វើប្រភេទអត្តសញ្ញាណបណ្ណថ្មីដដែលនេះ ក៏នឹងរឹតតែស្មុគស្មាញនៅតាមទីជនបទ។
«អ៊ីចឹងបញ្ហានេះ ខ្ញុំសង្ឃឹមថា គ.ជ.ប.លោកនឹងធ្វើការពិនិត្យរឿងហ្នឹងឡើងវិញនែ ដោយសារតែវានៅក្នុងឆ្នាំ២០២០ អ៊ីចឹងវានៅក្នុងឆ្នាំ២០២១ មួយទៀត។ អ៊ីចឹងវាមានឱកាសនៅក្នុងការជជែក និងសាកល្បង ហើយនឹងសាកល្បង...ពីព្រោះអីថា អាអត្តសញ្ញាណបណ្ណរបស់ក្រសួងមហាផ្ទៃនេះ ណ៎ា អាអត្តសញ្ញាណបណ្ណប្រភេទពីរនេះ មានប្រភេទខ្លះ គឺថា រហូតដល់ឆ្នាំ២០២២ ឬក៏២០២៣ ទើបផុតសុពលភាព»។
បន្ថែមលើនេះ អ្នកអង្កេតការណ៍ការបោះឆ្នោតរូបនេះ លើកឡើងទៀតថាដំណើរការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធអនឡាញនៅមិនទាន់អាចធ្វើបាននៅឡើយ សម្រាប់ពលរដ្ឋកម្ពុជា ជាពិសេសគឺពលរដ្ឋជាង២លាននាក់ដែលបានចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង និងប្រទេសផ្សេងទៀត។
«គ.ជ.ប.ចុងក្រោយឆ្នាំ២០១៩នេះ លោកបានជម្រាបថា ពាក់ព័ន្ធបច្ចេកទេស ឬក្នុងការរៀបចំចុះឈ្មោះបោះឆ្នោត គឺមិនមានអ្វីដូចជាបញ្ហាទេ គឺលោកបានរៀបចំ និងអាចប្រើប្រាស់បានហើយ»។
លោកបន្ថែមថា៖ «ប៉ុន្តែរឿងសំខាន់ គឺលទ្ធភាពច្បាប់ ដែលបានបើកផ្លូវព្រោះលោកថាទាល់តែមានច្បាប់ ហើយច្បាប់នេះមែនទែន យើងបានរៀបចំស្នើសុំតាំងពីសម័យគណបក្សប្រឆាំងសុំទោសគណបក្សសង្គ្រោះជាតិ នៅក្នុងជួររបស់សភាម៉្លេះ ប៉ុន្តែយើងឃើញថាដំណើរការនេះ វាហាក់ដូចជា មិនដំណើរការសោះ។យើងក៏មិនដឹងថាតើមូលហេតុអី»។
ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្មី ជាផ្នែកសំខាន់មួយ ដើម្បីជំរុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ទោះបីនៅពេលនេះមិនមានវត្តមានគណបក្សប្រឆាំងសំខាន់មួយ គឺគណបក្សសង្គ្រោះជាតិ។ នេះបើតាមការបញ្ជាក់របស់លោកកន សាវាង្ស។
ទាំងលោក កន សាវាង្ស និងលោក សំ គន្ធាមី មិនទាន់ឲ្យដឹងថា ក្រុមអង្គការរបស់ពួកលោកនឹងដាក់ពាក្យស្នើសុំការឃ្លាំមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅពេលណានោះទេដោយត្រូវធ្វើការពិគ្រោះយោបល់ជាមុនសិន។
បើតាមលោក សំ គន្ធាមី ចំនួនឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៩បានកើនឡើងប្រមាណ១០ម៉ឺននាក់ធៀបទៅនឹងឆ្នាំ២០១៨។ លោកថា បើតាមទិន្នន័យរបស់គ.ជ.ប. អ្នកមានសិទ្ធិបោះឆ្នោត តែកាន់អត្តសញ្ញាណបណ្ណប្រភេទចាស់មានចំនួនប្រមាណជាង២០ម៉ឺននាក់។
វីអូអេ មិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យពីររូបរបស់គ.ជ.ប. គឺលោកហង្ស ពុទ្ធា និងលោក ឌឹម សុវណ្ណារុំ បានទេនៅថ្ងៃពុធនេះ ដោយសារទូរស័ព្ទចូលច្រើនដង គ្មានអ្នកទទួល។
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប.បានថ្លែងក្នុងពិធីស្តីពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ កាលពីថ្ងៃអង្គារថា គ.ជ.ប.កំពុងប្រឹងប្រែងធ្វើឲ្យមានបញ្ជីឈ្មោះបោះឆ្នោតមួយពេញលេញដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
«គោលដៅ និងប្រព័ន្ធនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវបានកំណត់ឡើង ដើម្បីឲ្យការរៀបចំបញ្ជីបោះឆ្នោត ធានាបាននូវភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព និងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ដែលបំពេញលក្ខខណ្ឌស្របតាមមាត្រា៤៦នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រ បានចុះឈ្មោះបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត»។
បើតាមទិន្នន័យឆ្នាំ២០១៩របស់គ.ជ.ប. អ្នកដែលបានចុះឈ្មោះបោះឆ្នោតមានចំនួន៨.៦២៩.៣៥៧នាក់។ គ.ជ.ប. គ្រោងរៀបចំការិយាល័យចំនួន២៣.៤១៨ការិយាល័យសម្រាប់ដំណើរការពិនិត្យឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០នេះ។ គ.ជ.ប. ឲ្យដឹងក្នុងសេចក្តីប្រកាសមួយចុះថ្ងៃទី១ ខែកញ្ញាផងដែរថាគ.ជ.ប.មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន៣០០.៣៩០នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន១២៣.២៥១នាក់ សម្រាប់ការផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្មីនៅឆ្នាំ២០២០នេះ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តតាកែវ មានប្រសាសន៍ថា ដំណើរការបោះឆ្នោតនៅប្រទេសកម្ពុជា នឹងមិនត្រូវបានបង្អាក់ទេ ដោយសារប្រទេសប្រជាធិបតេយ្យធំៗមួយចំនួនដូចជាជប៉ុននៅបន្តគាំទ្រការបោះឆ្នោត និងកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ ដូច្នេះ លោកថា គណបក្សកាន់អំណាចនឹងរៀបចំការបោះឆ្នោត តាមអ្វីដែលគេបានគ្រោងទុក ទោះគ្មានគណបក្សប្រឆាំងដូចជាគណបក្សសង្គ្រោះជាតិចូលរួមក៏ដោយ។
«គណបក្សកាន់អំណាចហ្នឹងគេ គេនឹងបន្តការបោះឆ្នោតរបៀបហ្នឹង តទៅទៀត បើទោះជាមានគណបក្សប្រឆាំងធំក៏ដោយ តូចក៏ដោយ ប៉ុន្តែការបោះឆ្នោតរបស់គេហ្នឹង គឺទៅមុខ បែបហ្នឹងហើយ។ហើយជាពិសេសមកដល់ពេលនេះ ប្រជាពលរដ្ឋ អ្នកណាចុះឈ្មោះ ក៏ចុះទៅមិនចុះក៏គ្មានអ្វីប្លែកសម្រាប់ពួកគេដែរ សម្រាប់ពួកអ្នកគណបក្សកាន់អំណាចហ្នឹងណា៎»។
កម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០២២ខាងមុខ និងការបោះឆ្នោតសភានៅឆ្នាំ២០២៣។
នៅក្នុងការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៨កន្លងមក គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្បាមយកអាសនៈទាំង១២៥ ដោយសារអវត្តមានគណបក្សប្រជែងធំមួយគឺគណបក្សសង្គ្រោះជាតិ។គណបក្សជំទាស់ដែលទទួលបានការគាំទ្រជាង៤០ភាគរយពីការបោះឆ្នោតឆ្នាំ២០១៣ ត្រូវបានរំលាយតាមអំណាចសាលដីកាតុលាការកំពូលឆ្នាំ២០១៧ ក្នុងសំណុំរឿងចោទប្រកាន់ពីបទព្យាយាមផ្តួលរំលំរដ្ឋាភិបាល៕