ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខុមហ្វ្រែល​ចេញ​ផ្សាយ​សៀវភៅ​ប្រវត្តិរូប​អ្នក​តំណាងរាស្ត្រ​ជា​លើក​ដំបូង

  • ហេង រស្មី

សៀវភៅ​​ដែល​មាន​ចំណងជើងថា​ «ជីវប្រវត្តិ​សង្ខេប​​​តំណាង​រាស្ត្រ​និង​បេក្ខជន​ជាប់​ឆ្នោត»​​ បាន​និយាយ​រៀប​រាប់​ត្រួសៗ​អំពីជីវ​ប្រវត្តិ​នៃ​តំណាងរាស្ត្រ​និង​បេក្ខជន​ជាប់​ឆ្នោត​ដែល​​ភាគ​ច្រើន​មិន​មាន​លក្ខណៈ​ពិស្តារ​ទេ។​សៀវភៅ​នេះ​ត្រូវ​បោះ​ពុម្ព​ផ្សាយ​កាល​ពី​​ខែ​មិថុនា ឆ្នាំ​២០១៤។

អង្គការ​ឃ្លាំមើល​ដំណើរការ​បោះ​ឆ្នោត​មួយ​មាន​ឈ្មោះ​ថា​ខុម​ហ្វ្រែល​បាន​ចង​ក្រង​ជីវប្រវត្តិ​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោតនៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ជាប់​ឆ្នោត​តែ​ពីរ​គត់​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ក្រោយ​ពី​ការបោះឆ្នោត​កាល​ពី​ខែកក្កដា​ឆ្នាំ​២០១៣។

​សៀវភៅដែល​មាន​ចំណងជើងថា​ «ជីវប្រវត្តិ​សង្ខេប​តំណាង​រាស្ត្រ​និង​បេក្ខជន​ជាប់​ឆ្នោត» បាន​និយាយ​រៀប​រាប់​ត្រួសៗ​អំពីជីវ​ប្រវត្តិ​នៃ​តំណាងរាស្ត្រ​និង​បេក្ខជន​ជាប់​ឆ្នោត​ដែលភាគ​ច្រើន​មិន​មាន​លក្ខណៈ​ពិស្តារ​ទេ។​សៀវភៅ​នេះ​ត្រូវ​បោះ​ពុម្ព​ផ្សាយ​កាល​ពីខែ​មិថុនា ឆ្នាំ​២០១៤។

​លោក​គល់ ​បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយសេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​ថាខុមហ្វ្រែល​ពន្យល់​ថា​សៀវភៅ​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​ឱ្យម្ចាស់​ឆ្នោត​មាន​ព័ត៌មាន​ថា​មាន​អ្នក​ណាខ្លះ​ជាអ្នក​តំណាង​រាស្ត្រ​ មាន​ជំនាញ​អ្វី​ខ្លះ​ដើម្បី​ឱ្យអ្នក​តំណាង​រាស្ត្រជួយ​ការ​ងារ​អ្វី​ខ្លះ​ដល់​ប្រជាពលរដ្ឋ។​

លោក​បាន​និយាយ​ថា៖ «ដើម្បី​ផ្តល់​ព័ត៌មាន​ឱ្យអ្នក​បោះ​ឆ្នោត​ដើម្បី​ឱ្យគេដឹង​ថា​តើ​អ្នក​ណា​ខ្លះ​ជាអ្នក​តំណាង​រាស្ត្រ​ លេខ​ទូរស័ព្ទ​ គេមាន​ជំនាញ​អ្វី​ គេ​ធ្វើ​អ្វី​ យើង​អាច​ទាក់​ទង​គេ​យ៉ាង​ម៉េច​ដើម្បី​ឱ្យអ្នក​តំណាង​រាស្ត្រ​គេ​គាំទ្រ​បញ្ហា​ខ្លះ​ដែល​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​គេ​ចង់​ពឹង​ពាក់។​អញ្ចឹង​វាមាន​ជីវប្រវត្តិ​ខ្លះៗ»។​

​សៀវភៅ​រដែលមាន​កម្រាស់​១៧៤​ទំព័រ​មិន​បានបង្ហាញ​ពី​អតីត​ភាព​របស់អ្នក​ដឹក​នាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជាក្នុង​ជួរ​ខ្មែរ​ក្រហម​នោះ​ទេ។ ក៏ប៉ុន្តែ​សៀវភៅ​គ្រាន់​តែ​បង្ហាញ​ថាលោក​ ហេង សំរិន​ ​បច្ចុប្បន្ន​ជា​ប្រធាន​រដ្ឋសភា​មាន​ស្រុក​កំណើត​នៅ​ស្រុក​ពញា​ក្រែក​ ​ខេត្តកំពង់ចាម​និងសិក្សា​នៅ​សាលា​ពុទ្ធិកៈ​បឋម​សិក្សា​ខេត្ត​កំពង់ចាម​ហើយ​លោក​បានសិក្សា​ជំនាញ​ឯក​ទេស​វគ្គ​នយោ​បាយ​ជាន់​ខ្ពស់​នៅ​ប្រទេស​វៀត​ណាម។​

ចំណែក​ឯ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ជា​នាយក​រដ្ឋ​មន្ត្រី​និង​ជា​តំណាងរាស្ត្រ​វិញ​ ក៏មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​កំពង់​ចាម​ដែរ។ លោក​ហ៊ុន សែន​មិន​មាន​ព័ត៌មាន​ពី​ជីវប្រវត្តិ​សិក្សា​ឱ្យបាន​ជាក់​លាក់​ទេ​តែ​លោក​ទទួល​បាន​សញ្ញា​បត្រ​បណ្ឌិត​កិត្តិយស​ជាច្រើន​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ សហភាព​អឺរ៉ុប​ និង​ បណ្ឌិត​សភា​នយោបាយ​ជាតិ​ក្រុង​ហាណូយ​ប្រទេស​វៀត​ណាម។​

​ដោយឡែក​សម្រាប់​លោក​ កឹម សុខា​ ​អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ​វិញ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​អនុ​បណ្ឌិត​វិទ្យា​សាស្ត្រ​នៃ​សាធារណរដ្ឋ​ឆេក​ឆ្នាំ​១៩៨៧​ ហើយ​លោកក៏​ធ្លាប់​ជានិស្សិត​នៃ​មហា​វិទ្យាល័យ​នីតិសាស្ត្រ​ និង​ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ឆ្នាំ​ទី​២ក្នុង​អំឡុង​ឆ្នាំ​១៩៧៥។

សៀវភៅ​ស្តីពី​ជីវប្រវត្តិ​សង្ខេប​ អ្នក​តំណាង​រាស្ត្រ​និង​បេក្ខជន​ជាប់​ឆ្នោត​ដដែល​ បាន​បញ្ជាក់​ថា​ក្នុង​ចំណោម​អ្នក​តំណាង​រាស្ត្រ​ទាំង​១២៣​រូបនៃ​គណបក្ស​ទាំង​ពីរ​មាន​តែ​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​ចំនួន​២៧​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ប៉ុណ្ណោះ​ដែល​បាន​សហការ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​អង្គការខុម​ហ្វ្រែល។

​ដោយឡែក​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ត្រូវប្រមូល​តាម​ឯកសារ​ផ្សេងៗ។​

សៀវភៅ​នោះ​បន្ថែម​ថា​ខុមហ្វ្រែល​បាន​បញ្ជូន​លិខិត​ទៅ​កាន់​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​រយៈ​រដ្ឋសភា​ដើម្បី​សុំ​ព័ត៌មាន​ពី​អ្នក​តំណាង​រាស្ត្រ​ទាំង​៦៨​រូប​ក៏ប៉ុន្តែ​ត្រូវ​បាន​រដ្ឋសភា​បដិសេធ​មិន​បញ្ជូន​លិខិត​ទាំង​នោះ​ទៅ​កាន់​អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ​ទេ។

លោក​ ឈាង វ៉ុន សមាជិក​សភា​តំណាង​រាស្ត្រ​ដែល​បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ថ្នាក់​ឧត្តម​សិក្សា​ព័ត៌មាន​វិទ្យា​ ហិរញ្ញវត្ថុ​ និង​ធនាគារ​ប្រទេស​បារាំង​មាន​ប្រសាសន៍​ថា​ព័ត៌មាន​ពី​ជីវប្រវត្តិ​គឺ​ជារឿង​បុគ្គល​អាស្រ័យ​ទៅ​លើ​បុគ្គល​នោះ​ពេញ​ចិត្ត​ឱ្យសម្ភាស​ឬ​ក៏មិន​ផ្តល់​បទសម្ភាសតែ​ប៉ុណ្ណោះ។​

លោក​មាន​ប្រសាសន៍​ថា​គណបក្ស​ប្រជាជន​មាន​មនុស្ស​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ដែល​អាច​ជា​ទំនុក​ចិត្ត​ដល់​ម្ចាស់​ឆ្នោត​បាន។

លោក​ឈាង វ៉ុន​បាន​បន្ថែម​ថា៖ «គណបក្ស​ប្រជាជន​ធនធាន​មនុស្ស​ហ្នឹង​ច្រើន​ណាស់។ ​យើង​បង្កើត​ហើយ​ បង្កើត​ទៀត​ យើង​ពង្រឹង​ការ​បង្កើត​ធនធាន​មនុស្ស​ដើម្បី​បន្ត​វេន។ ​យើង​គិត​គូរ​សម្បើម​ណាស់​ ហើយ​យើង​ជឿថា​គណបក្ស​ប្រជាជន​ ជា​គណបក្ស​ស្នូល​ដែល​អាច​ទ្រ​សភាពការណ៍​នៅ​កម្ពុជា​និង​អាច​ដោះ​ស្រាយ​បញ្ហា​ជាតិ​បាន»។

​ដោយឡែក​លោក​ស្រី​ ឡោក ខេង​ ជាអ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រជាជន​ដែល​មាន​សញ្ញាប័ត្រ​មធ្យម​សិក្សា​កំរិត​២​នៃ​វិទ្យាល័យ​ស៊ីសុវត្ថិ​ និង​ជានិសិ្សត​ឆ្នាំ​ទី១​នៃ​មហា​វិទ្យាល័យ​ពាណិជ្ជសាស្រ្ត។

​លោកស្រី​ក៏​បាន​រៀន​ជំនាញ​ឯក​ទេស​សាលា​ភូមិន្ទ​រដ្ឋបាល​នៅ​ឆ្នាំ​២០០៤។ លោកស្រី​មាន​ប្រសាសន៍​ថាមិនមានអង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​មក​ទាក់​ទង​ធ្វើ​បទ​សម្ភាសអំពី​ជីវប្រវត្តិ​និង​ការ​សិក្សា​របស់​លោកស្រី​ឡើយ។

​«ការ​បញ្ជាក់​ពីជីវ​ប្រវត្តិ​គឺ​បង្ហាញ​ឱ្យយុវជន​ជំនាន់​ក្រោយ​គាត់​បាន​ដឹង​ឮ​ហើយ​គាត់​ជួន​កាល​គាត់​អាច​រើស​បាន​នូវ​បទ​ពិសោធន៍​ថ្មីៗ​របស់​មនុស្ស​ចាស់​ដើម្បី​យក​ទៅ​អនុវត្ត»។

លោក​ គួយ ប៊ុនរឿន​ ​មន្ត្រីគណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​អ្នក​អតីត​តំណាងរាស្រ្ត​មាន​ប្រសាសន៍​ថា​អ្នក​តំណាង​រាស្ត្រ​មិនគួរ​បិទ​បាំងជីវ​ប្រវត្តិផ្ទាល់ខ្លួន​ចំពោះ​ម្ចាស់​ឆ្នោតទេ។​

«ដើម្បី​បង្ហាញ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មណ្ឌល​របស់​ខ្លួន​ ហើយ​ទី២​ក៏​បង្ក​លក្ខណៈ​ងាយ​ស្រួយ​ដល់​ប្រជា​ពលរដ្ឋ​ជាពិសេស​គឺ​ការ​ទំនាក់​ទំនង​ក្នុង​ការ​ផ្តល់​ជា​អាសយ​ដ្ឋាន​តាម​អ៊ីម៉ែល​ឬក៏​ទូរស័ព្ទ​នៅ​ពេល​ដែល​គាត់​មាន​បញ្ហា​គាត់​អាច​ទំនាក់​ទំនង​បាន​ ហើយ​នេះ​គឺ​ជាកិច្ច​ការ​ល្អដែល​ខុមហ្វ្រែល​បាន​ធ្វើ​ហ្នឹង​គឺ​ខ្ញុំ​យល់​ថា​ឃើញ​ល្អ»។

លោក​ កែម ឡី​ អ្នក​ស្រាវ​ជ្រាវកិច្ចអភិវឌ្ឍ​សង្គម​មើល​ឃើញ​ថា​ទោះបី​ជីវប្រវត្តិ​របស់​គណបក្ស​ប្រជាជន​មិន​បាន​បង្ហាញ​ជា​សាធារណៈ​ក៏​ដោយ​ក៏​គណបក្ស​នេះ​មាន​ធនធាន​ច្រើន​ក្នុង​ការ​ចូល​រួម​កសាង​ប្រទេស។​

លោក​បាន​បញ្ជាក់​ថា«គាត់​មាន​ចំណេះ​ដឹង​ទាប​ក៏ដោយ​តែ​គាត់​ឆ្លាត​ក្នុង​ការ​ដឹក​នាំ​ហើយ​ចេះ​ប្រើ​ប្រាស់នូវ​សក្តានុពល​នៃ​អ្នក​ចេះ​ដឹង​ អ្នក​ដែល​មាន​ចំណេះ​ដឹង​ឱ្យច្រើន​យក​មក​ដាក់។ ខ្ញុំ​គិត​ថា​នឹង​ទទួល​បាន​ជោគជ័យ។ ​ក៏ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ក៏ដោយ​គណបក្ស​ប្រជាជន​ឥឡូវ​នេះ​គាត់​មាន​ធនធាន​ច្រើន​ហើយ»។ ​

លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ឈ្មោះ​ក្នុង​សៀវភៅ​ជីវប្រវត្តិ​សង្ខេប​ អ្នក​តំណាង​រាស្ត្រ​និង​បេក្ខជន​ជាប់​ឆ្នោត​នេះ​ទេ​មូលហេតុ​ដោយសារ​លោក​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ដោយ​សារ​អំណាច​សាល​ក្រម​តុលាការ​ដែល​ចោទ​ប្រកាន់​និង​កាត់​ទោស​រូប​លោក​ពី​បទ​ឧក្រិដ្ឋ​ក្នុង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម៕

XS
SM
MD
LG