ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​ការ​ងារ​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ​ពិភាក្សា​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ


ជំនួប​កំពូល​បិទទ្វារ​រយៈ​ពេល​ជិត​៥ម៉ោង​នៅ​ថ្ងៃ​អង្គារទី ២២ ខែកក្កដា​ ឆ្នាំ២០១៤​​នេះ រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ខាង​គណបក្ស​គ្រប់​គ្រង​អំណាច​ និង​គណបក្ស​សង្គ្រោះជាតិ​ដឹក​នាំ​ដោយ​ លោក​ សម រង្ស៊ី​ និង​ ​លោក​ កឹម សុខា។

គណបក្ស​ប្រជាជន​កម្ពុជា​ និងគណបក្សសង្គ្រោះ​ជាតិ​បាន​សម្រេច​ឯកភាពរៀបចំ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ត្រង់​មាត្រា​៧៦​ និង​បង្កើតជំពូក​ទី​១៥​ថ្មី​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ទាក់​ទង​នឹង​អង្គការ​រៀបចំ​ការ​បោះឆ្នោត។​ ​ក៏​ប៉ុន្តែ​ក្រុម​កិច្ចការ​នេះ ​បាន​សម្រេច​មិន​ផ្តល់​អភ័យ​ឯក​សិទ្ធិ​ដល់​សមាជិក​គ.ជ.ប.។​ នេះ​យើង​យោង​តាម​ការឲ្យ​ដឹង​របស់​ក្រុម​ការ​ងារ​ចម្រុះ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​គណបក្ស​ទាំង​ពីរ​នៅ​ថ្ងៃ​ស្រុក​នេះ​ ដែល​បាន​ប្រកាស​បន្ទាប់​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ​រយៈពេល​ជាង​៤​ម៉ោង​នៅ​វិមាន​រដ្ឋសភា។

មាត្រា​ទី​៧៦​ថ្មី​បាន​ចែង​ថា រដ្ឋសភា​ត្រូវមាន​សមាជិក​តំណាង​យ៉ាង​តិច​១២០​រូប​ ហើយ​ត្រូវ​ជ្រើ​សរើស​ដោយការ​បោះឆ្នោត​ ជាដើម។​

រី​ឯ​ជំពូក​ទី​១៥​ថ្មី​ស្តី​ពី​អង្គការ​រៀប​ចំការ​បោះឆ្នោតវិញ​មាន​ចែង​២​មាត្រា​ថ្មី​គឺ​មាត្រា​១៥០​ និង​១៥១​ថ្មី។​ ត្រង់​ជំពូក​ថ្មី​នេះ​ មន្ត្រី​គណបក្ស​ទាំង​ពីរ​បាន​សម្រេច​បដិសេធ​ចោល​សំណើ​ស្នើ​ដែល​សុំ​ឲ្យ​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ថ្មី​មាន​អភ័យ​ឯក​សិទ្ធិ​នោះ។ ក៏ប៉ុន្តែ​សមាជិក​ទាំង​នោះ​នឹងត្រូវ​ការ​ពារ​តាម​ផ្លូវ​ច្បាប់​ ដូចជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និងតុលាការ​ដែរ។​

លោក សុខ​ ឦសាន​ តំណាងគណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​សមាជិក​ក្រុម​ការ​ងារ​ចរចា បាន​ហៅ​ការចរចា​នៅ​ថ្ងៃ​សុក្រនេះ​ថា ​បាន​ជោគជ័យ​ប្រហែល​ជាង​៩៥​%។​

លោក​និយាយថា៖ «បើ​យើង​និយាយ​១០០%​ហ្នឹង ​យើង​បាន​៩៥%​ហើយ។​ ចំណុចមាត្រា៧​៦​ដែល​យើង​ធ្វើ​វិសោធន​កម្ម​ហ្នឹង​គឺ​សម្រេច​បាន​១០០%​ ចំពោះ​ជំពូក​ទី​១៥​ថ្មី​គឺ​យើង​សម្រេច​បាន​ជាង​៩៥%​ហើយ នៅ​សល់​តិច​តួច​តែ​ប៉ុណ្ណោះ»។

លោក​គឹម​សួរ​ ភិរិទ្ធ សមាជិក​ចរចា​របស់​គណបក្ស​សង្រ្គោះជាតិ​ បាន​សារទរនឹង​លទ្ធផល​នៃ​ការ​ចរចា​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ។​ លោក​បញ្ជាក់​ថា​ នៅ​សល់​ចំណុចតិចតួច​ទៀត​ផ្នែក​បច្ចេកទេស​ផ្លូវ​ច្បាប់តែ​ប៉ុណ្ណោះ​ដែល​រង់ចាំ​មេដឹកនាំកំពូល​របស់​គណបក្ស​សម្រេច​ជា​បន្ត​ទៀត។​

«ស្ទើរ​តែ​សម្រេច​បាន​១០០%​ហើយ ​គឺ​៩០%​ជាង​ហើយ។ ​វាបាន​ខ្ពស់។ ​ចំណុចដែល​នៅ​សេសសល់​ចុងក្រោយ​គឺ​យើង​ទុក​ឲ្យ​មេដឹក​នាំ​កំពូល​របស់​យើង​សម្រេច។ ហើយ​អ្វីៗ ​ការ​កែ​រដ្ឋធម្មនុញ្ញនឹង​ដើរ​ទៅ​ដោយ​រលូន​នាពេល​ខាងមុខ»។​

ទោះបីជាយ៉ាង​ណាក្តី​ ចំណុចសេស​សល់​ដែល​មន្ត្រី​គណបក្ស​ទាំង​ពីរ​នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​គឺ​ទាក់ទិន​នឹង​ស្វ័យភាព​នៃ​ការ​រៀបចំ​ និង​ចាត់ចែង​ការ​ងារ​របស់​គ.ជ.ប.​ថ្មី ដោយ​ទុក​ឲ្យមេ​ដឹកនាំថ្នាក់​កំពូល​របស់​គណបក្ស​ទាំង​ពីរ​ជា​អ្នក​សម្រច​នៅ​ពេល​ខាង​មុខ៕

XS
SM
MD
LG