ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោតចង់​ឲ្យ​ស្ថាប័ន​ជាតិ​និង​គណបក្ស​នយោបាយ​ដោះស្រាយ​​វិវាទ​បោះឆ្នោត​បន្តទៀត

  • សុខ ខេមរា

មន្ត្រីក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ គ.ជ.ប. និង​អ្នកសង្កេត​ការណ៍​ពិនិត្យ​មើល​កញ្ចប់​សុវត្ថិភាព​សម្លឹក​ឆ្នោត។
ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​បាន​ទទូច​ចង់​ឃើញ​ស្ថាប័ន​ជាតិ​និង​គណបក្ស​ នយោបាយ​ដោះស្រាយ​បញ្ហា​វិវាទ​ការ​បោះឆ្នោត​បន្តទៀត​ ក្រោយ​ពេល​ដែល​ការ​បើក​កញ្ចប់​សុវត្ថិភាព​រក​ឃើញ​ថា ​មានភាព​មិនប្រក្រតី។​ ​ពីរដ្ឋធានី​វ៉ាស៊ីនតោន​លោក​ សុខ ខេមរា​នៃ​វីអូអេ​បាន​រាយ​ការណ៍​មក​ថា​ ក្រុម​អ្នក​សង្កេត​ការណ៍​ ឯករាជ្យ​ខ្លះ​ទាមទារ​ថា ការ​ដោះស្រាយ​ឲ្យ​បាន​ច្បាស់លាស់​នឹង​ធ្វើឲ្យ​មាន​ភាព​ រលូន​ក្នុង​ការ​បង្កើត​រដ្ឋ​សភា​និង​រដ្ឋាភិបាល​ថ្មី​ផង​ដែរ។​

ការ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះឆ្នោត​ក្រោយ​ពី​ការ​បើក​កញ្ចប់​ សុវត្ថិភាព​ហាក់​ដូច​ជា​បន្ថែម​ទម្ងន់ដល់​ក្រុម​ជំទាស់​ឲ្យ​មាន​អំណះ​អំណាង​កាន់ តែ​រឹងមាំ​ឡើង​ក្នុង​ការ​ទាមទារ​ឲ្យ​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​និង​គ.ជ.ប.​ដោះស្រាយ ដោយ​តម្លាភាព។​ បញ្ហា​សំខាន់​ត្រូវ​គេ​អះអាង​ថា​ ដំណោះ​ស្រាយ​អាច​ទទួល​យក​ បាន​គួរកើត​ឡើង​មុនពេល​ប្រកាស​លទ្ធផល​ជាផ្លូវការ​ដើម្បី​ឲ្យ​កម្ពុជា​អាច​បង្កើត​សភា​និង​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​ដោយ​គ្មាន​ឧបសគ្គ។ នេះ​ជា​ការ​អះអាង​របស់​ក្រុម​មន្ត្រី​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរ​ភាសា​កាល​ពី​ថ្ងៃច័ន្ទ។​

លោក​បណ្ឌិត​ពុទ្ធា ​ហង្ស ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ និចហ្វិច​ បាន​ទទូច​ដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​និង​គ.ជ.ប.ដោះស្រាយ​បញ្ហា​បណ្តឹង​របស់​គណបក្ស​ជំទាស់​រឿង​ភាព​មិន​ប្រក្រតី​នេះ​ឲ្យ​បានហ្មត់ចត់​ដើម្បីឲ្យ​មានការ​ជឿជាក់​ពី​ពលរដ្ឋ​ ហើយ​ស្ថាប័នជាតិ​ទាំងពីរ​គួរ​ពន្យារ​ពេល​ចេញ​សេចក្តី​ប្រកាស​លទ្ធផល​បោះឆ្នោត​ដែល​គ្រោង​នឹង​ធ្វើនៅ​ថ្ងៃទី​៨ខែ​កញ្ញា​ផងដែរ ​បើ​ដោះ​ស្រាយ​បណ្តឹង​មិន​ទាន់​ចប់។​

«ទោះបី​ជា​គ.ជ.ប.​លោក​បាន​បង្ហាញ​ថា ​ភាពមិន​ប្រក្រតី​ដែល​រក​ឃើញ​ក្នុង​ចំណោម​១៣​កញ្ចប់​សុវត្ថិភាព​«ក»​នេះ​មិន​ប៉ះពាល់​ដល់​សន្លឹក​ឆ្នោត​និង​ការ​បែងចែក​អាសនៈ​ក៏ដោយ​ ប៉ុន្តែ​ភាព​មិន​ប្រក្រតី​ទាំង​១៣​កញ្ចប់​នេះ​អាច​ធ្វើ​ឲ្យ​គណបក្ស​ជំទាស់​លើកឡើង​ជា​ទឡ្ហីករ​ក្នុង​ការ​បកស្រាយ​បន្ថែម​ទៀត។​ អញ្ចឹង​គ.ជ.ប.​មិន​គួរចេញ​លទ្ធផល​ប្រញាប់​ប្រញាល់​ពេក​ទេ ​ហើយ​ត្រូវ​រង់ចាំ​សេចក្តី​សម្រេច​ចុង​ក្រោយ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។​ ហើយ​ជា​ការ​ល្អ​ដើម្បី​ឲ្យ​លទ្ធផល​ដែល​ប្រកាស​ដោយ​គ.ជ.ប.​ទទួល​យក​បាន​នោះ​ ​ ខ្ញុំគិត​ថា​ ប្រសិន​បើ​អាច​ គ.ជ.ប.​គួរតែ​បើក​នូវ​កញ្ចប់​ផ្សេងៗ​ទៀត​ ហើយ​បង្ហាញជា​សាធារណៈ​ដូចនេះ​ទៀត​ដើម្បីឲ្យ​ប្រជា​ពលរដ្ឋ​លោក​កាន់តែ​ឃើញ​ច្បាស់​អំពី​តម្លាភាព​នៃ​ដំណើរ​ការ​បោះឆ្នោត»។​

លោក​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​ សូម្បីតែ​កញ្ចប់​សុវត្ថិ​ភាព​ដែល​ចាំបាច់​មានការ​ បិទកាវ​ជិត​គ្មាន​អ្នក​ឆែកឆេ​នោះ​ត្រូវ​គេ​បើក​មុនពេល​បង្ហាញ​ជា​សាធារណៈ​ កាលពី​ថ្ងៃអាទិត្យ​នូវ​ការិយាល័យ​ទាំង​១៣​ក្នុង​ឃុំ​មួយ​នៃ​ខេត្ត​ក្រចេះ​ ហើយ​ឯក សារ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​កំណត់ត្រា​ចំនួន​សន្លឹក​ឆ្នោត​ត្រូវ​គេ​លុប ​ប្រើ​ប៊ិច ផ្សេង​ដើម្បី​ប្តូរ​ចំនួន​តួលេខ។ ​

លោក​យ៉ង់ គឹម អេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឃន៍​និង​សន្តិភាព ​បានផ្តល់​ជម្រើស​ថា​ ការ​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ​នៅ​តំបន់​មាន​បញ្ហា​និង ​ធ្យោបាយ​បំបាត់​កុំឲ្យ​មាន​ការ​ប្តឹង​ផ្តល់ ​ឬ​ក៏ការ​ប្រេះឆារ​ហ្នឹង​កាន់តែ​ខ្លាំង​ទៀត​ គឺ​ជាការ​ប្រសើរសម្រាប់កម្ពុជា។​

«ម្យ៉ាង​វិញ​ទៀត​គណបក្ស​នយោបាយ​ក៏អាច​នឹង​ទទួល​យក​បាន ​ហើយ​ការ​បង្កើត ​រដ្ឋាភិបាល​សភា​ផង​នឹង​ដំណើរ​ការ​ទៅដោយ​រលូន។​ ផ្ទុយ​ទៅវិញ​ បើសិន​ជា​ អត់​ប្រឹង​ប្រែង​ដោះស្រាយ​ឲ្យ​បាន​ប្រសើរ​ទេ​ ប្រហែល​ជា​ធ្វើឲ្យ​មាន​បញ្ហា​ហ្នឹង​ខ្លាំង​ដែល​យើង​ព្រួយ​បារម្ភ​ក្នុង​ការ​យឺតយ៉ាវ​ផ្សេងៗ​ ​ហើយ​នឹង​ការ​រៀបចំ​ផែនការ​ជាតិ​មួយ​ចំនួន​អាច​នឹង​ប៉ះពាល់»។​

ក្រុម​អ្នក​សង្កេត​ការណ៍​និយាយ​សំដៅ​ទៅលើ​ការ​ដែល​អាច​ជាប់​គាំង​នយោបាយ​ ដោយសារ​ការប្រទាញ​ប្រទង់​គ្នា​ក្នុងរឿង​បោះឆ្នោត​ និង​ការ​តវ៉ា​ដែល​អាច​អូស បន្លាយ​ពេល​ទៅមុខ​ដោយសារ​តែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​និង​ចំនួន​អាសនៈ​ ត្រូវ​គណបក្ស​ជំទាស់​ចាត់​ទុក​ថា​ មានការ​ប្រែប្រួល​ដោយ​ភាព​មិន​ប្រក្រតី​នោះ។​

ទោះជា​មានការ​អះអាង​ថា ​កញ្ចប់​សុវត្ថិភាព​មាន​ការ​បើក​មុនក្តី​ លោក ​ទេព នីថា​ អគ្គលេខា​ធិការ​នៃ​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ អះអាងថា ​គ្មាន សញ្ញា​ណាមួយ​បង្ហាញ​ថា ​មាន​ការ​បើក​មើល ​ឬត្រូវ​បានកែ​តម្រូវតួលេខ​នោះ​ទេ។​ តែ​លោក​បាន​ប្រកាស​ទទួល​ស្គាល់​ថា​ មានភាព​មិនប្រក្រតី​ដោយ​បច្ចេក​ទេស​ រឿង​ភ្លេច​បិទ​កញ្ចប់​សុវត្ថិភាព​នៅឯ​ការិយាល័យ​បោះឆ្នោត​របស់​មន្ត្រី​បោះឆ្នោត​នៅ​ថ្នាក់​មូលដ្នាន។

«សរុប​មក​វិញ​គឺពុំមាន​អ្វី​ប៉ះពាល់​អី​ដល់​សំឡេង​ឆ្នោត​នោះទេ​ ហើយ​ការ​ចោទ​ប្រកាន់​ចំណុច​នេះ​ថា​ មាន​ការ​លួច​បន្លំសន្លឹក​ឆ្នោត​អី​គឺ​អត់មាន​គណបក្ស​ណា​មួយ​បាត់​សំឡេង​ឆ្នោត​ទេ ​ព្រោះ​ថា​ សន្លឹក​ឆ្នោត​នេះ​ នៅ​ពេល​ផ្ទៀងផ្ទាត់​ហ្នឹង​គឺ​យើង​យក​ទម្រង់ត្រឹមត្រូវ​មក​ផ្ទៀង​ផ្ទាត់ ​មិន​មែន​យក​ទម្រង់១១០៤​ដែល​គ្រាន់​តែ​ជា​ក្រដាស​ព័ត៌មាន​សន្លឹកឆ្នោត​នៅ​ល្ងាច​ថ្ងៃ​បោះឆ្នោត​ហ្នឹង​យក​មក​ផ្ទៀង​ផ្ទាត់​ទេ»។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន ​និង​គណបក្ស ​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​បាន​អះអាង​ផ្ទុយគ្នា​ពី​ជ័យ​ជម្នះនៃ​ការ​បោះឆ្នោត។​ គណបក្ស​នីមួយៗ​អះ​អាង​ថា​ ពួក​គេ​ឈ្នះ​អាសនៈ​អាច​បង្កើត​រដ្ឋាភិបាល​បាន​តែ​ម្នាក់​ឯង។​ គណបក្ស​ជំទាស់​អះអាង​ថា ​ប្រសិន​បើ គ្មាន​ការ​ត្រួត​ពិនិត្យ​ដោយ​គណៈ​កម្មាការ​ឯករាជ្យ​មួយ​ ដែល​មាន​ការ​ចូល​រួម​ពីអ.ស.ប. ​និង​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​ ហើយ​មិន​រក​ដំណោះស្រាយ​តម្លាភាព​ និង​យុត្តិធម៌​ទេនោះ​ នោះ​ពួកគេ​នឹងធ្វើ​បាតុកម្ម​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយធំ​ដើម្បី​ទាមទារ​ភាព​យុត្តិធម៌​ជូន​អ្នក​បោះឆ្នោត។​ គណបក្ស​គ្រប់គ្រង​ប្រទេស​ប្រកាស​ការពារ​ជ័យ​ជម្នះ​របស់​ខ្លួន ​ដោយ​មាន​ការដាក់​ពង្រាយ​កងទ័ព​នៅ​ទីតាំង​ជាច្រើន​ជាពិសេស​នៅទី​ក្រុង​ភ្នំពេញ។​

សហគមន៍​អន្តរជាតិ​រួមទាំង​ស.រ.អា.​ទាមទារ​ឲ្យ​ភាគីនយោបាយ​នៅ​កម្ពុជា​ដោះ ស្រាយ​ដោយ​សន្តិវិធី ​ហើយ​គាំទ្រ​ការ​ស៊ើប​អង្កេត​ពេញ​លេញ​និង​តម្លាភាព​ចំពោះ​ ភាព​មិន​ប្រក្រតី​រឿង​បោះឆ្នោត​កាលពី​ថ្ងៃ​ទី២៨​ខែកក្កដា​ឆ្នាំ​២០១៣៕
XS
SM
MD
LG