មួយថ្ងៃក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ឬបន្ទប់ស្ថានការណ៍ បានវាយតម្លៃថា ការបោះឆ្នោតនៅការិយាល័យភាគច្រើន បានប្រព្រឹត្តទៅតាមនីតិវិធី។ រហូតមកដល់ពេលនេះ គណបក្សនយោបាយនីមួយៗ រក្សាការស្ងៀមស្ងាត់ គ្មានការតវ៉ា ក្រោយការចេញលទ្ធផលបឋមដែលបានបង្ហាញថា បក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ ជាអ្នកនាំមុខការប្រកួតប្រជែង។
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា បានប្រកាសឲ្យដឹងនៅថ្ងៃចន្ទនេះថា ពុំទាន់មានពាក្យបណ្ដឹងណាមួយធ្វើឡើងដើម្បីប្រឆាំងនឹងការរាប់សន្លឹកឆ្នោត ក្រោយការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃអាទិត្យនោះទេ។ ក៏ប៉ុន្តែ ពួកគេអះអាងថា ភាពមិនប្រក្រតីខ្លះ ត្រូវបានរកឃើញក្នុងដំណើរការនៃការរាប់សន្លឹកឆ្នោត និងការប្រកាសកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត។
ក្នុងសន្និសីទពិសេសមួយរបស់ក្រុមអ្នកសង្កេតការណ៍បោះឆ្នោត ឬបន្ទប់ស្ថានការណ៍ ធ្វើឡើងនៅទីស្នាក់ការកណ្ដាលរបស់អង្គការឃ្លាំមើលការបោះឆ្នោត Comfrel នាថ្ងៃចន្ទនេះ លោក យង់ គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបាននិយាយថា បរិយាកាសដំណើរការរាប់សន្លឹកឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅការិយាល័យភាគច្រើន បានប្រព្រឹត្តទៅស្របតាមនីតិវិធី។
យ៉ាងណាក៏ដោយ លោកបានឲ្យដឹងថា បញ្ហាខ្លះៗ បានកើតឡើងក្នុងការរាប់សន្លឹកឆ្នោត និងការប្រកាសកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត។ បញ្ហាទាំងអស់នោះរួមមាន ការពន្យារពេលចាប់ផ្ដើមដំណើរការរាប់សន្លឹកឆ្នោត ការមិនអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត ដំណើរការរាប់នៅទីងងឹត និងដោយបិទទ្វារ និងបង្អួច ការអានប្រកាសសំឡេងឆ្នោត ឬបង្ហាញគំនូសគាំទ្រក្នុងដំណើរការរាប់សន្លឹកឆ្នោតមិនច្បាស់លាស់ និងភាពមិនប្រក្រតីក្នុងការកំណត់សន្លឹកឆ្នោតបានការ ឬមិនបានការ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន និងអ្នកតាមដានការបោះឆ្នោតនាព្រឹកថ្ងៃច័ន្ទនេះ លោក យង់ គិមអេង បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៖
«ការបំពេញកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត មានកំហុស និងការមិនចែក ឬក៏ការបិទផ្សាយកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតនៅក្នុង ជាពិសេសគឺទម្រង់ ១១០២ នៅការិយាល័យបាទ កន្លែងខ្លះ ការិយាល័យខ្លះ អត់ទាន់បិទទេបាទ»។
បន្ថែមលើការបកស្រាយរបស់លោក យង់ គិមអេង លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត Comfrel ថ្លែងថា ទោះបីមិនមានការបិទផ្សាយទម្រង់១១០២ នៅការិយាល័យបោះឆ្នោត ក៏ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រមូលទម្រង់ដែលមានភាពមិនប្រក្រតី មកបង្ហោះលើគេហទំព័ររបស់ខ្លួន។
«យើងនឹងយកទម្រង់របស់យើង ដែលយើងប្រមូលបានទាំងអស់ហ្នឹង ដើម្បីផ្ទៀងផ្ទាត់ម្ដងមួយៗ នៅពេលណាកន្លែងណា សំខាន់ទម្រង់ណាដែលវាមានបញ្ហា ដែលយើងមើលមានការសង្ស័យ យើងនឹងផ្ទៀងផ្ទាត់ ហើយតើកំហុសហ្នឹងវាច្រើនទេ ហើយកំហុសហ្នឹងតើជាកំហុសបច្ចេកទេស ឬក៏ជាកំហុស មានមូលហេតុចេតនាអីផ្សេងៗទៀត អញ្ចឹងនៅពេលវេលាច្រើនណាស់ ពីហ្នឹងទៅដល់ថ្ងៃ ២៥»។
លោក គល់ បញ្ញា បន្តថា ក្រៅតែពីមិនមានការតវ៉ា លើបញ្ហាកំហុសឆ្គងដែលកើតមានទៅលើទម្រង់១១០២ ក្រុមអ្នកសង្កេតការណ៍ ក៏មិនទាន់ទទួលបានពាក្យបណ្ដឹងពីគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត ដើម្បីប្ដឹងជំទាស់ភាពមិនប្រក្រតីនានា ដូចជាការដែលអាជ្ញាធរហាមមិនឲ្យអ្នកសង្កេតការណ៍ ចូលក្នុងបន្ទប់រាប់សន្លឹកឆ្នោតជាដើម។
នៅពេល VOA សួរថា តើការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទិននឹងការប្ដឹងផ្ដល់ ដែលអាចនាំដល់ការរំលាយគណបក្ស ដែលធ្វើឱ្យបក្សនយោបាយនីមួយៗមិនហ៊ានតវ៉ានោះ លោក គល់ បញ្ញា ថ្លែងថា ក្រុមអ្នកសង្កេតការណ៍នឹងបន្តតាមដានលើជំហររបស់គណបក្សនយោបាយ។
លោក គល់ បញ្ញា ថា លោកមិនអាចសន្និដ្ឋានថា តើសារព្រមាននេះអាចនឹងរំខានដល់អារម្មណ៍របស់អ្នកនយោបាយបែបណានោះឡើយ។
«ខ្ញុំយល់ឃើញថា គណបក្សនានា បើគាត់មានភស្តុតាង មានអីត្រឹមត្រូវគាត់ដាក់បណ្ដឹងហើយ ប៉ុន្តែយើងក៏តាមមើលរឿងហ្នឹងដែរ ថាតើមានបណ្ដឹងទេ ហើយមានអ្នកខ្លះ មានបញ្ហាដូចប្អូននិយាយទេ គាត់ចង់ប្ដឹងដែរ ប៉ុន្តែគាត់ខ្លាច យើងក៏មើលដែរ យើងត្រូវតាមសង្កេត។ អញ្ចឹងបានថាទុកពេលវេលាបន្តិចពីហ្នឹងទៅដល់ថ្ងៃ ២៥ មានពេលវេលាដើម្បីយើងសិក្សារឿងអស់ហ្នឹង»។
ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្របក្សកាន់អំណាចរាប់ម៉ឺននាក់ក្នុងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគេស្គាល់ថាជាបុរសខ្លាំង បានអំពាវនាវឲ្យក្រុមអ្នកនយោបាយគណបក្សដទៃ កុំតវ៉ានឹងលទ្ធផលបោះឆ្នោត ដោយហេតុការណ៍ប្ដឹងផ្តល់នានា អាចនាំដល់ការរំលាយគណបក្សដោយអំណាចរបស់តុលាការ។
«សូមកុំចោទថា ទឹកខ្មៅលាងច្រេះ លាងច្រេះ។ សូមកុំឡាំប៉ាដូចពីមុន ច្បាប់បច្ចុប្បន្នអនុញ្ញាតឲ្យប្ដឹងរំលាយគណបក្ស។ នេះគឺជារឿងពិត បើបក្សយើងធ្វើខុស យើងក៏សិទ្ធិ ក៏ទទួលយកនូវការរំលាយដោយតុលាការ»។
សេចក្ដីថ្លែងការណ៍ចេញផ្សាយដោយបន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតនៅកម្ពុជា បានឲ្យដឹងថា បន្ទប់ស្ថានការណ៍វាយតម្លៃលើលទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់ ជាបឋមថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៤៨ភាគរយ និងគណបក្សសង្គ្រោះជាតិទទួលបាន ៤៥ភាគរយនៃសំឡេងឆ្នោតបានការសរុប និងក្រៅពីនេះ ជាលទ្ធផលនៃគណបក្សផ្សេងៗទៀត។
ក្រុមអ្នកសង្កេតការណ៍នៃបន្ទប់ស្ថានការណ៍ បានបង្ហាញជំនឿចិត្តថា លទ្ធផលនេះ មានភាពត្រឹមត្រូវ ៩៥ភាគរយចំពោះការវាយតម្លៃនេះ ខណៈដែលកម្រិតលម្អៀងមានប្រមាណ បូក ឬដក ៥ភាគរយ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់ VOA នាថ្ងៃចន្ទ ថា គ.ជ.ប បានប្រមូលរាល់ទម្រង់ ១១០២ ដែលមានបញ្ហាមកផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត។
លោកមិនអាចបញ្ជាក់ចំនួនច្បាស់លាស់នៃទម្រង់ ១១០២ ដែលមានភាពមិនប្រក្រតីនេះ តែលោកបានពន្យល់ថា កំហុសឆ្គង ដែលបានរកឃើញក្នុងទម្រង់នេះ នាំដល់ការពន្យារពេលនៃការបញ្ចេញលទ្ធផល។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)៖
«អូ៎ពិបាកៗក្នុងការបញ្ជាក់ចំនួន ហើយហ្នឹងក៏ជាបញ្ហាមួយដែលធ្វើឲ្យមានការចេញលទ្ធផលយឺតខុសពីការគ្រោងទុក ព្រោះបំពេញទម្រង់អត់បានត្រឹមត្រូវ ធ្វើឲ្យកុំព្យូទ័រវាអត់ read [អាន] អញ្ចឹងយើងត្រូវពិនិត្យឲ្យផ្ទាល់ភ្នែកទៀត»។
លោក ហង្ស ពុទ្ធា ថ្លែងបន្តថា គ.ជ.ប នឹងពិនិត្យរាល់បាតុភាពមិនប្រក្រតីនានា ដែលកើតឡើងមុន និងក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោត បន្ទាប់ពីការប្រកាសលទ្ធផលបណ្ដោះអាសន្ននៅថ្ងៃទី៧ ខែមិថុនាខាងមុខនេះ។
លោកបញ្ជាក់បន្តទៀតថា គ.ជ.ប មិនទាន់ទទួលបានពាក្យបណ្ដឹងប្រឆាំងនឹងលទ្ធផលបោះឆ្នោតបឋម ឬក៏ការរាប់សន្លឹកឆ្នោតពីតំណាងគណបក្សនយោបាយនានានោះឡើយ។ ក៏ប៉ុន្តែលោកនិយាយថា មានការបញ្ចេញទស្សនៈរិៈគន់របស់បុគ្គល ចំពោះលទ្ធផលបឋមនេះ។
នៅពេល VOA សួរបញ្ជាក់ថា តើលទ្ធផលបឋមដែលចេញផ្សាយដោយក្រុមអ្នកសង្កេតការណ៍បោះឆ្នោត មានភាពត្រូវគ្នានឹងលទ្ធផលរបស់គ.ជ.ប លោក ហង្ស ពុទ្ធា សុំមិនធ្វើសេចក្ដីអធិប្បាយ ហើយថា អ្នកចេញលទ្ធផលនេះ នឹងត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនដោយផ្អែកតាមច្បាប់របស់គ.ជ.ប។
«អ្នកដែលបង្ហាញលទ្ធផលមុនការចេញលទ្ធផលរបស់ គ.ជ.ប ត្រូវតែទទួលខុសត្រូវហើយក្នុងរឿងហ្នឹង ពីព្រោះបើពិនិត្យទៅច្បាប់ គ.ជ.ប ជាអ្នកចេញលទ្ធផល ប៉ុន្តែបើសិនជា អ្នកមានលទ្ធផលចេញខុសពីគ.ជ.ប ទៀត ហើយ ហើយពេលខ្លះធ្វើឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ អានោះត្រូវទទួលខុសត្រូវខ្លួនឯងចំពោះមុខច្បាប់»។
តាមការប្រកាសលទ្ធផលបឋមរបស់ គ.ជ.ប តាមស្ថានីយទូរទស្សន៍ជាតិកម្ពុជា ដែលគ្រប់គ្រងដោយរដ្ឋ បានឲ្យដឹងថា គណបក្សនយោបាយពីរគឺបក្សប្រជាជនកម្ពុជា និងបក្សប្រឆាំង បាននាំមុខគណបក្សនយោបាយផ្សេងៗទៀត ដែលបានដាក់បេក្ខជនឲ្យឈរឈ្មោះបោះឆ្នោត។
គណបក្សប្រជាជនកម្ពុជា មានប្រៀបជាងគណបក្សប្រឆាំងនៅតាមបណ្ដាខេត្តជាច្រើន តែសម្រាប់ខេត្តទេសចរណ៍ធំៗ ដូចជារាជធានីភ្នំពេញ និងខេត្តសៀមរាប គឺគណបក្សសង្គ្រោះជាតិជាអ្នកនាំមុខ។ គណបក្សសង្គ្រោះជាតិ ក៏នាំមុខគណបក្សប្រជាជនកម្ពុជាខ្លាំងផងដែរនៅខេត្តកំពង់ចាម។
នៅថ្ងៃចន្ទនេះ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា មិនអាចសន្និដ្ឋានអំពីបរិយាកាសសេរី និងភាពត្រឹមត្រូវសម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ ២០១៧នេះទេ ដោយត្រូវរង់ចាំដល់ក្រោយការប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី២៥ ខែមិថុនាខាងមុខ។
យ៉ាងណាក៏ដោយ ពួកគេថា ការបោះឆ្នោតថ្នាក់មូលដ្ឋានក្នុងអាណត្តិទីបួននេះ គឺមានលក្ខណៈប្រសើរជាង ឆ្នាំ២០១២ ព្រោះចំនួនគណបក្សចូលរួមការប្រកួតបានកើនឡើងពី១០ គណបក្សមក ១២គណបក្ស បញ្ជីឈ្មោះមានភាពប្រសើរជាងមុន គ.ជ.បថ្មី ក៏បានផ្ដល់ទំនុកចិត្តដល់អ្នកបោះឆ្នោត ហើយយុទ្ធនាការឃោសនាបោះឆ្នោត ក៏មានលក្ខណៈគគ្រឹកគគ្រេង ជាងឆ្នាំ២០១២ផងដែរ។
ដោយឡែក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នាថ្ងៃចន្ទដដែលនេះ បានចេញសេចក្ដីថ្លែងការណ៍តាមទំព័រហ្វេសប៊ុករបស់ខ្លួនថា តាមការអង្កេតរបស់អ្នកសង្កេតការណ៍ចំនួន៤០ក្រុមរបស់ស្ថានទូត ដែលបានដាក់ពង្រាយឲ្យសង្កេតការណ៍នៅទីតាំងចំនួន៣០០កន្លែងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន ១៣ បានរកឃើញថា ស្ថានីយបោះឆ្នោតនីមួយៗ បានប្រព្រឹត្តទៅដោយមានរបៀបរៀបរយ និងសន្តិវិធី។ស្ថានទូតបញ្ជាក់ថា ខ្លួននឹងបន្តតាមដានព្រឹត្តិការណ៍ពាក់ព័ន្ធនឹងការបោះឆ្នោត ហើយរំពឹងថា គ.ជ.ប នឹងបំពេញការទទួលខុសត្រូវជាមួយកម្រិតមួយដ៏ខ្ពស់នៃសេចក្ដីសុចរិត និងតម្លាភាព។
ស្ថានទូតឲ្យដឹងបន្ថែមថា គ.ជ.ប នឹងស៊ើបអង្កេតពេញលេញ លើក្ដីបារម្ភទាំងឡាយ ដែលបង្ហាញចេញពីគណបក្សប្រឆាំង សង្គមស៊ីវិល និងអង្គការនានា ពាក់ព័ន្ធនឹងស្ថានភាពមុន និងក្នុងថ្ងៃធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ៕