ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេក្ខជន​ស្ត្រី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ដណ្ដើម​តំណែង​ចៅសង្កាត់បាន​វិញ


លោកស្រី ច័ន្ទ សំណាង បេក្ខជន​នៃ​គណបក្ស​សង្គ្រោះជាតិ ប្រកួត​ប្រជែង​យក​តំណែង​ចៅសង្កាត់​ឫស្សីកែវ សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​ទី៤ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

លោកស្រី ច័ន្ទ សំណាង បេក្ខជន​ចៅ​សង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ឈ្នះ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ដណ្ដើម​បាន​តំណែង​ចៅសង្កាត់​ឫស្សីកែវ ​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា​ ខ្លួន​ឈ្នះ​តំណែង​មេឃុំ​ចៅសង្កាត់ ប្រមាណ​៥០០​ ក្នុង​ចំណោម​១៦៤៦ ឃុំ​សង្កាត់​ទូទាំង​ប្រទេស សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ កាល​ពី​ថ្ងៃ​អាទិត្យ។ ចំនួន​នេះ ​កើន​ឡើង​ពី​ចំនួន​៤០ ឃុំ​សង្កាត់​ដែល​គណបក្ស​ប្រឆាំង​ ​បាន​ឈ្នះ​កាល​ពី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ឆ្នាំ២០១២។

សម្រាប់​សង្កាត់​ឫស្សីកែវ រាជធានី​ភ្នំពេញ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ឈ្នះ​តំណែង​ចៅសង្កាត់​ ច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា បេក្ខជន​ជា​ស្ត្រី​មក​ពី​គណបក្សប្រឆាំង​នេះ បាន​ដណ្ដើម​តំណែង​ចៅ​សង្កាត់​បាន​វិញ​ក្រោយ​ពី​តំណែង​នេះ បាន​ធ្លាក់​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​អាណត្តិ​ទី​៣ ឆ្នាំ២០១២​នោះ។

​លោកស្រី ច័ន្ទ សំណាង បេក្ខជន​ចៅ​សង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ឈ្នះ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ដណ្ដើម​បាន​តំណែង​ចៅសង្កាត់​ឫស្សីកែវ ​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

លោកស្រី​ធ្លាប់​បាន​ធ្វើ​ជា​ចៅ​សង្កាត់​ឫស្សី​កែវ​នេះ អស់​រយៈពេល​៥​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១២ ប៉ុន្តែ​បាន​ចាញ់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នេះ​វិញ កាល​ពី​ឆ្នាំ​២០១២ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ចំនួន​៦ ក្នុង​ចំណោម​១១​អាសនៈ​ក្នុង​សង្កាត់​នេះ។

លោកស្រី​បាន​ថ្លែង​ប្រាប់ ​VOA ​ថា​៖ «ខ្ញុំ​បាន​ឈ្នះ​ការ​បោះឆ្នោត​ហើយ។ ឈ្នះ​បាន​៧អាសនៈ»។ លោកស្រី​បន្ថែម​ថា លោកស្រី​ឈ្នះ​ជាង​៣៤០០​សំឡេង​ លើស​គណបក្ស​កាន់អំណាច ​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ថ្ងៃ​អាទិត្យ។

លោកស្រី​ក៏​បាន​រិះគន់​ប្រព័ន្ធ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១២ ថា​មិន​ល្អ​ដែល​នាំ​ឲ្យ​លោកស្រី​ចាញ់​ការ​បោះឆ្នោត​កាល​ពី​អាណត្តិ​នោះ។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «មែន​ទែន​ប្រជា​ពល​រដ្ឋ គាត់​គាំទ្រ​យើង ប៉ុន្តែ​ដល់​ការ​បោះឆ្នោត​ហ្នឹង ​គឺ​មាន​ការ​បោះឆ្នោត​ដោយ​មិន​វិជ្ជមាន​ហ្នឹង ដោយ​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​លទ្ធផល​អត់​ល្អ»។

ទោះ​ជា​យ៉ាង​ណា លោកស្រី​បាន​សរសើរ​ប្រព័ន្ធ​បោះឆ្នោត​នៅ​អាណត្តិ​នេះ​ថា​ អាច​ទទួល​យក​បាន ទោះ​មិន​ទាន់​បាន​ប្រសើរ​១០០ភាគរយ ក៏​ដោយ។

ប្រជាពលរដ្ឋ​តម្រង់​ជួរ​បោះឆ្នោត​នៅ​ក្នុង​សង្កាត់​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹកថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
ប្រជាពលរដ្ឋ​តម្រង់​ជួរ​បោះឆ្នោត​នៅ​ក្នុង​សង្កាត់​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹកថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រឆ្នាំ​២០១៣ សម្រាប់​សង្កាត់​ឫស្សីកែវ គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឈ្នះ​សំឡេង​លើស​គណបក្ស​ប្រជាជន​កម្ពុជា ជាង​៣ពាន់​សំឡេង។ នៅ​ពេល​នោះ នៅ​ទូទាំង​ប្រទេស គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​សភា ចំនួន​៦៨​អាសនៈ​ លើស​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ទទួល​បាន​៥៥​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប​ទាំង​១២៣។

សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នេះ គណបក្ស​ប្រឆាំង​បាន​ប្រកាស​ថា​ ខ្លួន​ទទួល​សំឡេង​គាំទ្រ​ប្រមាណ​៤៦ភាគរយ ដោយ​ទទួល​បាន​តំណែង​មេឃុំ​ចៅសង្កាត់​ប្រមាណ​៥០០ ក្នុង​ចំណោម​១៦៤៦ឃុំ​សង្កាត់​ទូទាំង​ប្រទេស ដែល​ចំនួន​នេះ​លើស​ពី​អាណត្តិ​មុន​ឆ្ងាយ ដែល​បក្ស​ប្រឆាំង​ទទួល​បាន​តែ​៤០​ឃុំ​សង្កាត់​ប៉ុណ្ណោះ​នៅ​ពេល​នោះ។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ទទួល​បាន​សំឡេង​ជាង​៥១​ភាគរយ ដោយ​រក្សា​ឃុំ​សង្កាត់​ជាង​១១០០ ធ្លាក់​ចុះ​ពី​ចំនួន​១៥៩២។

នៅ​រាជធានី​ភ្នំពេញ គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​ថា​ ខ្លួន​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ទទួល​បាន​៥៧​សង្កាត់​ ក្នុង​ចំណោម​១០៥សង្កាត់។

បេក្ខជន​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ លោកស្រី ច័ន្ទ សំណាង បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​បាន​ដឹង​ពី​ការងារ ភាព​សកម្ម និង​ស្នាដៃ​របស់​លោកស្រី​កាល​ពី​កន្លង​ទៅ ក្នុង​នោះ​រួម​មាន​ការ​ផ្ដល់​ឯកសារ​នៅ​មូលដ្ឋាន ក៏​ដូច​ជា​ការ​ចុះ​ជួប​ប្រជាពលរដ្ឋ។

លោកស្រី​សង្ឃឹម​ថា ប្រជាពលរដ្ឋ​នឹង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការ​បោះឆ្នោត​សាកល​នៅ​ឆ្នាំ២០១៨។

លោកស្រី សំណាង បាន​អះអាង​ថា​ ចៅសង្កាត់​បច្ចុប្បន្ន លោក មូល វីរៈ បាន​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ថា​ធ្វើ​ឯកសារ​យឺត​យ៉ាវ។

លោកស្រី​បាន​ថ្លែង​ថា៖ «ចេះ​តែ​មាន​មិន​អត់​ទេ ព្រោះ​សេវា​សាធារណៈ​ពាក់ព័ន្ធ​នឹង​ឯកសារ​ ក្រដាស​ស្នាម​អី​ហ្នឹង ជួន​កាល​ប្រជាពលរដ្ឋ​ទៅ​អង្គុយ​ចាំ​គាត់ ខ្ញុំ​អត់​ដឹង​គាត់​មាន​ភារកិច្ច​ទៅ​ណា យើង​អត់​ដឹង​ទេ។ ប៉ុន្តែ​ប្រជាពលរដ្ឋ គាត់​មក​រអ៊ូ​ថា​ គាត់​ទៅ​ចាំ​ពីរ​ថ្ងៃ​ អត់​ជួប អត់​បាន​ឯកសារ»។

សកម្ម​ភាព​រាប់សន្លឹកឆ្នោត​ ក្នុងការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់អណត្តិទី៤​ នៅរាជធានី​ភ្នំពេញ​, នៅ​ថ្ងៃ​ទី០៤​ ខែមិថុនា​ ឆ្នាំ២០១៧។​ (អូន​ ឆេង​ប៉រ/ VOA)
សកម្ម​ភាព​រាប់សន្លឹកឆ្នោត​ ក្នុងការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់អណត្តិទី៤​ នៅរាជធានី​ភ្នំពេញ​, នៅ​ថ្ងៃ​ទី០៤​ ខែមិថុនា​ ឆ្នាំ២០១៧។​ (អូន​ ឆេង​ប៉រ/ VOA)

លោកស្រី​ បាន​ប្ដេជ្ញា​ថា ​នឹង​ផ្ដល់​សេវា​ឯកសារ​ក្នុង​សង្កាត់​ឲ្យ​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ កសាង និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ ហើយ​និង​រៀប​ចំ​សន្តិសុខ​ និង​ពិនិត្យ​មើល​បញ្ហា​បរិស្ថាន​នៅ​ក្នុង​សង្កាត់។

អ្នកនាង ប៉ឹង ចាន់ស្រីរ័ត្ន អាយុ៣៤ឆ្នាំ ជា​អ្នក​បោះឆ្នោត​នៅ​សង្កាត់​ឫស្សី​កែវ​ មាន​ប្រសាសន៍​ថា អ្នកនាង​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ចង់​បាន​ការ​ផ្លាស់ប្ដូរ​មេឃុំ និង​ចង់​បាន​ការ​ផ្លាស់ប្ដូរ​សម្រាប់​ប្រទេស។

អ្នកនាង​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «បេក្ខជន​ក៏​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ដែរ។ ប៉ុន្តែ ​អ៊ុំ(សំណាង)​ហ្នឹង ក៏​គាត់​ល្អ​អី​អញ្ចឹង ខ្ញុំ​គិត​ថា​គាត់​កាន់​ខាង​ហ្នឹង​ក៏​ល្អ​ដែរ។ ចង់​និយាយ​ថា​ខ្ញុំ​ចង់​បាន​ចៅ​សង្កាត់​មួយ​ដែល​សុក្រឹត យុត្តិធម៌​អី​អញ្ចឹង»។

យុវជន អឿន គឹមហេង អាយុ២១ឆ្នាំ​ ជា​និស្សិត​សាកលវិទ្យាល័យ ដែល​បាន​បោះឆ្នោត​នៅ​សង្កាត់​ឫស្សី​កែវ​ដែរ បាន​ថ្លែង​ប្រាប់​ VOAថា​ ចៅ​សង្កាត់​បច្ចុប្បន្ន​មាន​ការ​ផ្ដល់​ឯកសារ​នៅ​តាម​សង្កាត់​យឺតយ៉ាវ។

លោក​បន្ត​ថា ​លោក​ចង់​បាន​ចៅសង្កាត់ ដែល​មាន​សមត្ថភាព​ក្នុង​ការ​បំពេញ​ការងារ​ជា ផ្តល់​សេវា​មូលដ្ឋាន​ឲ្យ​បាន​ល្អ និង​យកចិត្ត​ទុក​ដាក់​លើ​ប្រជាពលរដ្ឋ។

លោក​និយាយ​ថា៖ «និយាយ​ទៅ​គណបក្ស​មួយ​ណា​ក៏​បាន​ដែរ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​របស់ខ្ញុំ ​គឺ​លើ​ភាព​ទំនុក​ចិត្ត​របស់ខ្ញុំ គឺ​ជឿ​លើ​គណបក្ស​មួយ​ដែល​មាន​សមត្ថភាព ដើម្បី​បំពេញ​កិច្ច​ការ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ នៅ​ក្នុង​ភូមិ​សង្កាត់ ឬ​ដើម្បី​ប្រទេស​ជាតិ​យើង​ទាំង​អស់​គ្នា»។

ចៅសង្កាត់​ឫស្សីកែវ លោក មូល វីរៈ ដែល​បាន​ឈរ​ឈ្មោះ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ជាមួយVOAដោយ​លោក​អះអាង​ថា ​លោក​មិន​មាន​ពេលវេលា។

ការ​បោះឆ្នោត​ឃុំ​សង្កាត់​នេះ ត្រូវ​បាន​អ្នក​វិភាគ​មួយ​ចំនួន​មើល​ឃើញ​ថា គឺ​ជា​ការ​វាស់​ស្ទង់​មួយ​សម្រាប់ការ​បោះឆ្នោត​សាកល​នៅ​ឆ្នាំ​២០១៨។

លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​លើកសន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់, នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)
លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​លើកសន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់, នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​លើក​ឡើង​ថា លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​នេះ នឹង​បញ្ជាក់​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​សាកល​នៅ​ឆ្នាំ២០១៨។

លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖

«សំឡេង​បក្ស​ផ្សេង ​សង្ឃឹម​ថា​ បក្ស​ទាំង​នោះ​នឹង​ចេះ​បូក​លេខ​ខ្លួន​ឯង ហើយ​ប្រៀបធៀប​ទៅ​នឹង​អាសនៈ​ក្នុង​សភា​ ដែល​អាច​បញ្ជាក់​ច្បាស់​រួច​ទៅ​ហើយ​ថា​គណបក្ស​ប្រជាជន​នឹង​នៅ​តែ​ជា​គណបក្ស​មាន​សំឡេង​ភាគ​ច្រើន​ក្នុង​សភា និង​ដឹកនាំ​រាជ​រដ្ឋាភិបាល​បន្ត​ទៀត។ សំឡេង​ឆ្នោត​ឆ្នាំ​២០១៨ នឹង​មិន​ខុសគ្នា​ជាមួយ​សំឡេង​ឆ្នោត​ពេល​នេះ​ប៉ុន្មាន​នោះ​ទេ»។

ចំណែក ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ថា​លោក​សង្ឃឹម​ថា​គណបក្ស​របស់​លោក​នឹង​ឈ្នះ​ការ​បោះឆ្នោត​សាកល​ឆ្នាំ២០១៨ ដោយ​លោក​ថា​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​ ជា​ជំហាន​ជោគជ័យ​ដ៏​ធំ​មួយ៕

XS
SM
MD
LG