អ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាបាននិយាយថា ការបោះឆ្នោតជ្រើសរើសមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មានសារៈសំខាន់ណាស់ ពីព្រោះថាក្រុមប្រឹក្សាឃុំសង្កាត់មានតួនាទីជួយដល់ពលរដ្ឋមូលដ្ឋានផ្នែកលិខិតស្នាម ជួយដល់ការ អភិវឌ្ឍន៍ថ្នាក់មូលដ្ឋាន ក្លាយជាអង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ក្រុម ប្រឹក្សាស្រុក ខេត្ត រដ្ឋធានីនិងក្រុងនៅទូទាំងប្រទេស និងរាប់ទាំងការជ្រើសរើសប្រធានភូមិជាដើម។
នេះបើតាមការអះអាងរបស់លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស (Central) ដែលជាវាគ្មិននៃកម្មវិធី Hello VOA នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ខែមីនា ឆ្នាំ២០១៧។
លោកបានអំពាវនាវដល់ពលរដ្ឋឲ្យប្រើប្រាស់សន្លឹកឆ្នោតរបស់ខ្លួនជ្រើសមន្ត្រីមូល ដ្ឋានជាប្រធានឃុំសង្កាត់ និងក្រុមប្រឹក្សាឲ្យស្របតាមការចង់បានរបស់ខ្លួន។
លោក មឿន តុលា បានលើកឧទាហរណ៍មកបញ្ជាក់ថា ការជ្រើសរើសសមាជិកព្រឹទ្ធសភាជារឿងសំខាន់ ដោយសារការតាក់តែងច្បាប់នានា ដូចជាច្បាប់អង្គការនិងសមាគម និងច្បាប់គណបក្សនយោបាយ ដែលសភាគ្រប់គ្រងដោយបក្សមួយបានផ្តល់ការអនុម័តនោះ មិនត្រូវបានផ្លាស់ប្តូរឬច្រានចោលចំណុចដែលគេមិនចង់បាននោះទេ នៅពេលសមាជិកព្រឹទ្ធសភាកាន់កាប់គ្រប់គ្រងដោយគណបក្សតែមួយនោះ៕