ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ថា​ពលរដ្ឋ​កាន់តែ​ភ័យ​ខ្លាច​អាជ្ញាធរ​ជាង​ពេល​មុនៗ


កិច្ច​ពិភាក្សា​ជា​ក្រុម​លើ​ប្រធានបទ «លំហសង្គម៖ បរិយាកាស​អំណោយ​ផល​សម្រាប់​សង្គម​ស៊ីវិល‍» ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បីកម្ពុជា កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)
កិច្ច​ពិភាក្សា​ជា​ក្រុម​លើ​ប្រធានបទ «លំហសង្គម៖ បរិយាកាស​អំណោយ​ផល​សម្រាប់​សង្គម​ស៊ីវិល‍» ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បីកម្ពុជា កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

លោក ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ​មាន​ប្រសាសន៍​ថា ​សេរីភាព​របស់​ប្រជាពលរដ្ឋ​និង​សង្គម​ស៊ីវិល​កាន់តែ​រួម​តូច​ទៅៗ​ ដោយសារ​ការ​គំរាម​កំហែង​ពី​រដ្ឋាភិបាល។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លើក​ឡើង​ថា​ ច្បាប់​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​អនុម័ត​ថ្មី​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ​ពិសេស​ច្បាប់​ស្ដី​ពី​អង្គការ​និង​សមាគម​ បាន​ធ្វើ​ឱ្យ​សកម្មភាព​របស់​អង្គការ​ក្នុង​ស្រុក​មាន​ការ​ថយចុះ។ បន្ថែម​លើ​នេះ ​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល​ និង​ការ​គំរាមកំហែង​ជា​បន្ត​បន្ទាប់​ពី​រដ្ឋាភិបាល​ បាន​ធ្វើ​ឱ្យ​អង្គការ​ក្នុង​ស្រុក​មួយ​ចំនួន​កាន់​តែ​អសកម្ម​ថែម​ទៀត។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ហៅកាត់​ថា ​CCC​ ដែល​មាន​ការ​ចូលរួម​ពី​អង្គការ​ជា​សមាជិក​សរុប​ប្រមាណ​១៦០​ស្ថាប័ន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

នៅ​ក្នុង​កិច្ច​ពិភាក្សា​ជា​ក្រុម​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រជុំ​នេះ​ដោយ​ផ្ដោត​លើ​ប្រធានបទ​ «លំហ​សង្គម» លោក ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ​មាន​ប្រសាសន៍​ថា ​សេរីភាព​របស់​ប្រជាពលរដ្ឋ​និង​សង្គម​ស៊ីវិល​កាន់តែ​រួម​តូច​ទៅៗ​ ដោយសារ​ការ​គំរាម​កំហែង​ពី​រដ្ឋាភិបាល។ លើសពី​នេះ​លោក​ថា ​ច្បាប់​មួយ​ចំនួន​ដែល​ទើប​ត្រូវ​បាន​អនុម័ត​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ក៏​បាន​ក្លាយ​ទៅ​ជា​គំនាប​ដ៏​ធំដល់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​លើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ។

រូបឯកសារ៖ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និយាយ​ជាមួយ VOA បន្ទាប់ពី​ការពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និយាយ​ជាមួយ VOA បន្ទាប់ពី​ការពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

«ដូច​ជា​ច្បាប់ NGOs ច្បាប់​សហជីព សុទ្ធតែ​ដាក់​សម្ពោធ​ខ្លាំង​ទៅលើ​ដំណើរការ​នៃ​សង្គម​ស៊ីវិល​នេះ។ ហើយ​បើ​យើង​មើល​អំពី​សេរីភាព​នៃ​ការ​ជួប​ប្រជុំ ​សព្វ​ថ្ងៃ​នេះ​គឺ​រដ្ឋាភិបាល​បង្ក្រាប​ដោយ​គ្មាន​ខ្វល់​នឹង​ច្បាប់ ​ដោយ​អត់​មាន​ខ្វល់​នឹង​កាតព្វកិច្ច​ខ្លួន​ឯង។​ហើយ​យើង​មើល​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​សព្វ​ថ្ងៃ​នេះ ​ទាំង​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ជា​ពិសេស​នាយក​រដ្ឋមន្ត្រី​ផ្ទាល់​គំរាម​ស្ទើ​រាល់​ថ្ងៃ»។

លោក ប៉ា ងួនទៀង ​បន្ថែម​ទៀត​ថា ​ការ​ជួប​ប្រជុំ​របស់​ប្រជាពលរដ្ឋ​ក្នុង​សម្ដែង​មតិ​ ឬ​តវ៉ា​លើ​បញ្ហា​អ្វី​មួយ​ជា​ញឹកញយ​ក៏​ត្រូវ​បាន​បង្ក្រាប​ផង​ដែរ។

ស្រដៀង​គ្នា​នេះ ​លោក សោម សេរីវឌ្ឍនា ​មក​ពី​អង្គការ​អភិវឌ្ឍន៍​សហគមន៍​ជនបទ​និង​បរិស្ថាន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ បាន​លើក​ឡើង​ថា ​ច្បាប់​ស្ដីពី​អង្គការ​សមាគម​ និង​សម្ពាធ​នយោបាយ​បាន​ធ្វើ​ឱ្យ​អង្គការ​ក្នុង​ស្រុក​មួយ​ចំនួន​មាន​ការ​បាក់​ទឹកចិត្ត​ និង​បាត់បង់​ភាព​ក្លាហាន​ក្នុង​ការ​បំពេញ​សកម្មភាព​របស់​ខ្លួន​ដើម្បី​អប់រំ​ប្រជាពលរដ្ឋ។ លើសពី​នេះ ​លោក​ថា ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​អាដហុក​ ដែល​ជា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ធំ​មួយ ​ក៏ជា​ការ​គំរាម​កំហែង​ខ្លាំងក្លា​មួយ​ផង​ដែរ។

«ចុះ​ទម្រាំ​ពួក​យើង​ដែល​ជា​ NGO នៅ​តាម​ខេត្ត​ បណ្ដាញ​តាម​ខេត្ត​តូចតាច ​សព្វ​ថ្ងៃ​ធ្វើ​ការ​នេះ ​ស្រួល​មិនស្រួល​ គេ​តាម​មើល​ទៀត។ តែ​យើង​រាង​ជួប​ជុំ​គ្នា​ញាប់​បន្តិច ​គេ​ហៅ​ទៅ​សួរ​រក​របាយការណ៍​ឥឡូវ​ហើយ។ បាទ! តាម​ច្បាប់​ថ្មី​ហ្នឹង​ ឱ្យ​យើង​ផ្ដល់​របាយការណ៍​ផ្ដល់​ស្អីៗ​ឱ្យ​គេ»។

លោក មាស នី ​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ពិភាក្សា​ដដែល​នេះ​ថា តាម​ការ​សង្កេត​របស់​លោក ​អង្គការ​សមាគម​ភាគ​ច្រើន​ពុំ​សូវ​ហ៊ាន​ធ្វើ​សកម្មភាព​ច្រើន​ដូច​មុន​នោះ​ទេ​ ក្រោយពេល​ច្បាប់​ស្ដីពី​អង្គការ​សមាគម​បាន​ចូល​ជា​ធរមាន។ លើស​ពី​នេះ​ លោក​ថា ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្លួន​ឯង​ខ្វះ​ការ​ចងក្រង ​និង​សហការ​គ្នា​ដើម្បី​ជួយ​គ្នា​ទៅវិញ​ទៅមក​ពេល​មាន​បញ្ហា​ណា​មួយ​កើតឡើង។

«គឺ​ការ​ជួបជុំ​គ្នា​អី ​ពី​ពេល​មុនៗ​មក​ធ្លាប់​[ធ្វើ​]គឺ​លែង​មាន​ហើយ ​គឺ​ធ្វើ​ម៉េច​ត្រូវ​ស្ងៀមស្ងាត់​រៀងៗ​ខ្លួន​ ហើយ​អង្គុយ​ចាំ​មើល​មើល​ ហើយ​ធ្វើ​ម៉េច​ការពារ​ខ្លួន​ឯង​ហ្នឹង​ កុំ​ឱ្យ​ទទួល​រង​ផល​ប៉ះពាល់​ពីគេ ​ពិសេស​ដូចជា​ការ​ធ្វើ​ការងារ​នៅ​តាម​មូលដ្ឋាន​អី​ក៏​អត់ហ៊ាន​ក្ដុងក្ដាំង​អីទេ។ យើង​ខ្លាច​ NGO Law ​(ច្បាប់​ស្ដីពី​អង្គការ​សមាគម)»។

លោកស្រី​ Wan Hea Lee ​តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ (OHCHR) ​មាន​ប្រសាសន៍​ថា​ បញ្ហា​លំហ​សិទ្ធិ​សេរីភាព​សង្គម​គឺ​ជា​កង្វល់​របស់​ពិភព​លោក​ទាំង​មូល។ លោកស្រី​បន្ត​ថា ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​បង្ហាញ​សារៈសំខាន់​នៃ​លំហ​សង្គម​នេះ ​ដែល​គ្រប់គ្នា​ត្រូវ​រួម​ចំណែក​ទប់ស្កាត់​វា​កុំ​ឱ្យ​កាន់តែ​រួម​តូច។

រូបឯកសារ៖​ លោកស្រី Wan-Hea Lee អ្នកតំណាងប្រចាំប្រទេសនៃឧត្តមស្នងការសិទ្ធិមនុស្សអ.ស.បប្រចាំនៅកម្ពុជា (OHCHR)។
រូបឯកសារ៖​ លោកស្រី Wan-Hea Lee អ្នកតំណាងប្រចាំប្រទេសនៃឧត្តមស្នងការសិទ្ធិមនុស្សអ.ស.បប្រចាំនៅកម្ពុជា (OHCHR)។

លោកស្រី​ Wan Hea Lee ​បន្ត​ថា​កន្លង​មក​ អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បំពេញ​តួនាទី​របស់​ខ្លួន​បាន​យ៉ាងល្អ ​ដែល​នាំ​ឱ្យ​មាន​លទ្ធផល​វិជ្ជមាន​ជា​ច្រើន។

«ដូច្នេះ​ហើយ​ខ្ញុំ​ចង់​ត្រឡប់​ទៅ​និយាយ​អំពី​សាមគ្គីភាព​នៅ​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល។ នេះ​ជា​រឿង​សំខាន់។ នៅពេល​ដែល​អ្នកណា​ម្នាក់​នៅ​ក្នុង​អង្គការ​សង្គម​ស៊ីវិល​រង​ការ​គំរាម​កំហែង ​សង្គម​ស៊ីវិល​ទាំងមូល​គឺ​ត្រូវ​បាន​គំរាម​កំហែង ​ព្រោះ​ថា​រឿង​ដូចគ្នា​នេះ​អាច​កើត​ឡើង​លើ​អ្នក​គ្រប់គ្នា។ ហើយ​នេះ​មិនមែន​កើត​ឡើង​ចំពោះ​តែ​សង្គម​ស៊ីវិល​នោះ​ទេ ​វា​ក៏​អាច​កើត​ឡើង​ចំពោះ​ជន​សាមញ្ញ​នៅ​តាម​ផ្លូវ​ផង​ដែរ។ ច្បាប់​ឬ​ក៏​បទបញ្ជា​ដែល​អាច​ប្រើ​ដើម្បី​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិមនុស្ស​ក៏​អាច​ប្រើ​ជាមួយ​សាធារណជន​ដែល​មិនមាន​អ្នក​ការពារ​ផងដែរ។ ដូច្នេះ​ គ្រប់​ពេល​ដែល​បញ្ហា​ដូចនេះ​កើតឡើង ​មិន​ថា​វា​ត្រូវ​បាន​ប្រើប្រាស់​លើ​អ្នកណា​នោះ​ទេ​ វា​សំខាន់​ខ្លាំង​ណាស់​ដែល​យើង​ត្រូវ​រួបរួម​គ្នា»។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ លោក ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ច្រានចោល​ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។ លោក​ថា​ ច្បាប់​ស្ដីពី​អង្គការ​សង្គម​ស៊ីវិល​ពុំ​បាន​រឹតបន្តឹង​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។

លោក ខៀវ សុភ័គ​ អះអាង​ដែរ​ថា​ ចំនួន​អង្គការ​សមាគម​ដែល​ចុះ​ឈ្មោះ​នៅ​ក្រសួង​មាន​ការ​កើន​ឡើង​ពី​ជាង​៣០០០​ពាន់​ទៅដល់​ជាង​៤០០០​ស្ថាប័ន​ ក្រោយ​ច្បាប់​ស្ដីពី​អង្គការ​សមាគម​ត្រូវ​បាន​អនុម័ត។

«ច្បាប់​ហ្នឹង​វា​តឹង​ ម៉េច​បាន​តួលេខ​ហ្នឹង​វា​ចេះ​តែ​កើន​ឡើង? ដូច្នេះ​អ្នក​ដែល​ថា​ច្បាប់​អី គាត់​ចេះ​តែ​លើកឡើង​ដើម្បី​បម្រើ​ឱ្យ​នូវ​អ្វី​ដែល​គាត់​គិត​ឃើញ​នៅមុន​ការ​បោះឆ្នោត​ប៉ុណ្ណឹងឯង»។

លោក ខៀវ សុភ័គ ​បន្ថែម​ទៀត​ថា ​ការ​បង្ក្រាប​លើ​អ្នក​តវ៉ា ​និង​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​និង​សិទ្ធិមនុស្ស​គឺ​ជា​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​អ្នក​ប្រព្រឹត្តិ​ខុស​តែ​ប៉ុណ្ណោះ។

ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០១៥។ សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​យល់​ថា ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ទាំងពីរ​នេះ​បាន​រឹតត្បិត​ដល់​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល។

ចំណែក​ច្បាប់​ស្ដីពី​សហជីព​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០១៦។ មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ​បាន​រំលោភ​បំពាន​លើ​សិទ្ធិ​របស់​កម្មករ​ក្នុង​ការ​ចូលរួម​ជាមួយ​សហជីព​ការ​តវ៉ា ​និង​ការ​ប្រមូល​ផ្តុំ​របស់​ពួកគេ​ជាដើម៕

XS
SM
MD
LG