ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​អំពាវនាវ​ឲ្យ​មាន​ការ​ធានា​បរិយាកាស​ល្អ​ក្នុង​ដំណើរការ​បោះឆ្នោត


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​ពី​បាន​ចុះឈ្មោះ​បោះឆ្នាត​ឃុំសង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​ពី​បាន​ចុះឈ្មោះ​បោះឆ្នាត​ឃុំសង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៦។

នា​ថ្ងៃ​ច័ន្ទ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ធានា​ឲ្យ​បាន​នូវ​បរិយាកាស​បោះឆ្នោត​ដែល​មាន​ភាពសេរី​ យុត្តិធម៌​ និង​គ្មាន​អំពើហិង្សា ព្រម​ទាំង​ស្នើឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​ជៀសវាង​ការ​ជេរ​ប្រមាថ​គ្នា។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ អាជ្ញាធរ​មាន​សមត្ថកិច្ច កង​កម្លាំង​ប្រដាប់​អាវុធ​ គណបក្ស​នយោបាយ​ ចូលរួម​ធានា​បរិយកាស​ល្អ​ប្រសើរ​ សម្រាប់​យុទ្ធនាការ និង​ដំណើរការ​បោះឆ្នោត​នាពេល​ខាង​មុខ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែង​យ៉ាង​ដូច្នេះ​ នៅ​ក្នុង​ពិធី​សម្ពោធ​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​ក្រចេះ​ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ៖​

«ហើយ​បន្ត​ពី​នោះ​ យើង​នឹង​ឈាន​ចូល​ដល់​ដំណាក់​កាល​នៃ​ការ​បោះ​ឆ្នោត​ ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ថ្មី​ ធ្វើ​យ៉ាង​ណា​ឲ្យ​បរិយាកាស​នៃ​ដំណើរ​ការ​ទាំង​ការ​ចូលឆ្នាំ​សប្បាយ​រីករាយ​ និង​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិភាព​ សន្តិសុខ​ ដោយសេរី​ និង​យុត្តិធម៌​ គ្មាន​ការ​គំរាម​កំហែង»។

លោក​នាយក​រដ្ឋមន្ត្រី​ ថ្លែង​បន្ត​ថា​ ដើម្បី​ឲ្យ​បរិយាកាស​នៃ​ដំណើរ​ការ​បោះឆ្នោត​កាន់​តែ​ប្រសើរ​ថែមទៀត​នោះ​ ទាំង​គណបក្ស​នយោបាយ​ និង​ទាំង​បេក្ខជន​ឈរ​ឈ្មោះ​ ត្រូវ​គោរព​ច្បាប់​ស្តី​ពី​បក្ស​នយោបាយ​ និង​ក្រម​សីលធម៌ ដែល​រៀប​ចំ​ដោយ​គ.ជ.ប​ ដើម្បី​ជៀសវាង​ជម្លោះ​នានា។

«ហើយ​សារ​ដែល​សំខាន់ ធ្វើម៉េច​កុំឲ្យ​មាន​ជម្លោះ​ក្នុង​ដំណាក់កាល​នៃ​យុទ្ធនាការ​បោះឆ្នោត ហើយ​ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ការ​បោះឆ្នោត​កុំ​ឲ្យ​មាន​ជម្លោះ។ ដើម្បី​កុំឲ្យ​មាន​ជម្លោះ​ រឿង​តែមួយ​គត់​គឺ​កុំ​ប្រមាថ​គ្នា​ កុំ​ជេរ​គ្នា។ អួត​តែ​ខ្លួន​ឯង​បាន​ហើយ​ តែ​កុំ​បង្អាប់​អ្នក​ដទៃ»។

លោក​ យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​ដឹង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​ សមាជិក​ អ្នក​គាំទ្រ​ និង​សកម្មជន​របស់​ខ្លួន​ទាំងអស់​ឲ្យ​ធ្វើ​នយោបាយ​ដោយ​មាន​ក្រម​សីលធម៌​ និង​ចូលរួម​កសាង​បរិយាកាស​ដែល​គ្មាន​អំពើ​ហិង្សា។

លោក​បន្ត​ថា​ គណបក្ស​ជំទាស់​មាន​យន្តការ​ជាក់លាក់​ដើម្បី​អនុវត្ត​ចំពោះ​មន្ត្រី​គណបក្ស​ណា​ដែល​មិន​គោរព​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​ច្បាប់​របស់​គណបក្ស។

«យើង​មើល​ទៅ​តាម​ទម្ងន់​ហ្នឹង​ បើ​សិន​ជា​គាត់​ធ្វើ​ខុស​ ឧបមា​ថា​ គាត់​ជា​មេឃុំ​មិន​សកម្ម​ ក្រុម​ប្រឹក្សា​មិន​សកម្ម​ ពេល​ឈរ​ឈ្មោះ ​យើង​មិន​ឲ្យ​គាត់​ឈរ​ឈ្មោះ​ទៀត​ទេ។ ហើយ​បើ​អ្នក​ខ្លះ​ទៀត​ កំហុស​ធ្ងន់ធ្ងរ​ ដែល​ផ្ទុយ​ហ្នឹង​ច្បាប់​ នោះ​យើង​លែង​ឲ្យ​គាត់​ធ្វើ​ជា​សមាជិក​គណបក្ស​ទៀត»។

លោក ​យឿង សុធារ៉ា ​មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខុមហ្រ្វែល​ មើល​ឃើញ​ថា​ អ្នក​នយោបាយ​នៅកម្ពុជា​មួយ​ចំនួន​មាន​ចរិត​បន្តុះ​បង្អាប់​គ្នា​ ដែល​ជា​មូលហេតុ​មួយ​បង្ក​ឲ្យ​មាន​បរិយាកាស​មិន​ល្អ​ដល់​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា។

«កន្លងមក​ យើង​មិន​សូវ​ជា​មាន​បញ្ហា​ហិង្សា​ធំ​ដុំ​ទេ​ ជាមួយ​នឹង​ការ​បោះឆ្នោត​ ជា​ពិសេស​ថ្ងៃ​បោះឆ្នោត។ ប៉ុន្តែ​ថ្ងៃ​ឃោសនា​បោះឆ្នោត​ មាន​បញ្ហា​ខ្លះ​ដូចជា​បញ្ហា​រារាំង​នូវ​ការ​ឃោសនា​បោះឆ្នោត​ ការ​រារាំង​ការ​ជួបជុំ​ជាដើម។ ដូច្នេះ​យើង​សង្ឃឹម​ថា​ គ.ជ.ប​ថ្មី​នេះ​ នឹង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ​នូវ​បទបញ្ជា​ នីតិវិធី​ និង​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត»។​

គ.ជ.ប ឲ្យ​ដឹង​ថា​ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​ គ.ជ.ប.​ ​សហការ​ជាមួយ​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហាផ្ទៃ នឹង​រៀបចំ​មន្ត្រី​ប៉ូលិស​ ឬ​ទាហាន​ដែល​មាន​ជំនាញ​ការពារ​សន្តិសុខ​ ​ប្រមាណ​៧​ម៉ឺន​នាក់​ សម្រាប់​ការិយាល័យ​បោះឆ្នោត​ទាំង​ជាង​២ម៉ឺន​ទូទាំង​ប្រទេស។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លើកឡើង​ថា​ គ.ជ.ប នឹង​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរឹង​ចំពោះ​បុគ្គល​ គណបក្ស​នយោបាយ និង​មន្ត្រី​ណា​ដែល​មិន​គោរព​ច្បាប់​ ក្នុង​នោះ​រួមមាន​ការ​ពិន័យ​ជា​ប្រាក់ និង​ការ​ជាប់​ពន្ធនាគារ​ចំពោះ​ករណី​ធ្ងន់ធ្ងរ​ជាដើម។

«ដូច្នេះ​អាជ្ញាធរ​ដែនដី​ដែល​មិន​គោរព​ច្បាប់​ ក៏​នឹង​ត្រូវ​ ទទួល​ទោស​ទណ្ឌ​ ការ​ដាក់​ពិន័យ​ ប្រសិន​បើ​រក​ឃើញ​ថា​ មាន​ចេតនា​ពិត​ប្រាកដ​ក្នុង​ការ​រារាំង​ ឬ​បំផ្លាញ​ដល់​ការ​បោះឆ្នោត។ ពិន័យ​ជា​ទឹកលុយ​ និង​ក្នុង​ច្បាប់​ មិន​ទាន់​គិត​គូរ​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត។ បើ​សិន​ជា​ទង្វើ​របស់​គាត់​ហ្នឹង​ព្រហ្មទណ្ឌ​ គឺ​ត្រូវ​បូក​ព្រហ្មទណ្ឌ​បន្ថែម​ទៀត។ ចឹង​អាច​មាន​ការ​ជាប់​ពន្ធនាគារ ​ ឬ​តាម​កម្រិត​ស្រាល​ ឬ​ធ្ងន់»។

លោក ហង្ស ពុទ្ធា​ លើក​ឡើង​ថា​ ដំណើរ​បោះឆ្នោត​នា​អាណត្តិ​នេះ​មាន​ភាព​ប្រសើរ​ និង​មាន​ការ​ចូលរួម​ពី​ភាគី​ពាកព័ន្ធ​ច្រើន​ជាង​អាណត្តិ​មុនៗ។ ក្នុង​នោះ​រាប់​គិត​ចាប់​ពី​ការ​ចុះឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កំព្យូទ័រ​ថ្មី​ដែល​មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​ជាង​៨០ភាគរយ ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ និង​បេក្ខជន​ ព្រម​ទាំង​ការ​ចាប់​ឆ្នោត​កំណត់​លេខរៀង​របស់​គណបក្ស​នយោបាយ។

កម្ពុជា​គ្រោង​នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន១១.៥៧២​នាក់​សម្រាប់ឃុំ​សង្កាត់​ចំនួន​១.៦៤៦ ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

គណបក្ស​នយោបាយ​ចំនួន​៩​ ដែល​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​គឺ ​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ គណបក្ស​សញ្ជាតិ​កម្ពុជា​ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ៕

XS
SM
MD
LG