ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​នានា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន យកចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក


រូបឯកសារ៖ អ្នកសារព័ត៌មាន ប្រមូលផ្ដុំគ្នា​នៅ​ខាងក្រៅ​សេតវិមាន ដែល​មាន​ទីតាំង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២០។
រូបឯកសារ៖ អ្នកសារព័ត៌មាន ប្រមូលផ្ដុំគ្នា​នៅ​ខាងក្រៅ​សេតវិមាន ដែល​មាន​ទីតាំង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២០។

ពិភពលោក​មើល​ការ​បោះឆ្នោតនៅ​សហរដ្ឋ​អាមេរិកដោយ​យក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំង​ ដោយ​អន្ទះសារ​ចង់​ដឹងអំពី​ទិសដៅ​អនាគតនៃ​មហាអំណាច​សកលនេះ។ ដូច្នេះការ​យល់ដឹង​ពី​ស្ថានភាព​ចុងក្រោយ​របស់​ពួក​អ្នក​ការទូតក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ជាភ្នែក និង​ត្រចៀក​នៃ​ប្រទេស​ជាតិ​ពួក​គេក្នុង​រដ្ឋធានីនៃស.រ.អា ជាការ​ត្រូវការខ្លាំង​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ។

ការ​បោះឆ្នោតនៅ​ឆ្នាំ​នេះ​ ​នាំ​ឱ្យ​ពួក​ឯកអគ្គរដ្ឋទូតដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​វ៉ាស៊ីនតោន​ រសាប់​រសល់​ចិត្ត។ ពួក​គេដឹង​ថា សមត្ថភាពរបស់​ពួកគេ​ក្នុង​ការសង្កេត​មើល​តាមដានដំណើរកា​របោះឆ្នោត​នេះ ​មាន​កម្រិត​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ ក៏​ប៉ុន្តែការណ៍​នេះ​ មិន​អាច​បំបាត់ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុងតាមដាន​របស់​ពួក​គេ​បាន​ទេ។

លោក Daniel Mulhall ជាឯកអគ្គរដ្ឋទូត​នៃ​ប្រទេស អៀរឡង់។ លោក​បាន​ពន្យល់​ថា៖ «ខ្ញុំព្យាយាមស្វែង​យល់​ពីទិដ្ឋភាពនៃ​ការ​បោះឆ្នោត​នេះ​ ​ដោយ​មិន​អាចចេញ​ទៅ​ក្រៅ​បាន»។

លោក​បាន​និយាយ​ប្រាប់​វីអូអេ​ថា លោកបានទាក់ទងជា​មួយ​ពួក​អ្នក​កាសែត ពួក​អ្នក​វិភាគនៃ​អង្គការសិក្សាស្រាវជ្រាវ និងពួក​ជនឯទៀតៗដែល​លោក​ស្គាល់ ហើយពួក​គេ​មាន​ទំនាក់ទំនងជា​មួយគណបក្សទាំ​ង​ពីរដើម្បីឱ្យ​បាន​យល់ស៊ី​ជម្រៅ​អំពី​ការបោះឆ្នោត​នេះ។

លោក Daniel Mulhall ​បាន​មាន​ប្រសាសន៍​ថា៖ «ពលរដ្ឋនៅ​ក្នុង​ប្រទេស​អៀរឡង់ ​និងក្នុង​ទ្វីបអឺរ៉ុប​យក​ចិត្ត​ទុកដាក់ណាស់ដល់​នយោបាយ​អាមេរិកាំង។​ នៅ​ពេល​ខ្ញុំ​និយាយជា​មួយ​ពលរដ្ឋ​អៀរឡង់ តាមទូរស័ព្ទ​ ខ្ញុំដឹងថា​ ពួកគេដឹង​ច្រើន​អំពីអ្វី​កើត​មានឡើង​នៅ​ទី​នេះ។​ ពលរដ្ឋ​អៀរឡង់ ដឹង​អំពី​អាមេរិក​ ដែល​ធ្វើ​ឱ្យ​ការងារ​ខ្ញុំ​មានការងាយ​ស្រួល​ជាង​មុន។​ ខ្ញុំ​មិន​ចាំ​បាច់ពន្យល់ច្រើន​ដល់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​អៀរឡង់​ទេ។ ពួក​គេមានការ​ចេះដឹង​ជា​មូលដ្ឋានហើយ»។

លោក Zdenek Beranak ជា​អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ឆែក​ប្រចាំរដ្ឋធានី​វ៉ាស៊ីនតោន។ លោក​បាន​និយាយ​ថា លោក​ចាប់​ផ្តើម​ធ្វើការពី​ព្រលឹម​ថ្ងៃ​អង្គារ​ ទី៣ ​ខែ​វិច្ឆិកា ហើយធ្វើ​ការហួស​ពេល​ពាក់​កណ្តាល​អធ្រាត្រ​នៅ​ពេលមាន​ការ​ច្បាស់លាស់ខ្លាំង​ឡើងៗ​ថា ការ​រាប់​សន្លឹក​ឆ្នោតមានធ្វើ​បន្តក្នុង​ថ្ងៃ​បន្ទាប់ ​ហើយ​ហួសពីនេះ​ទៀត។

លោក Zdenek Beranak បាន​និយាយប្រាប់​វីអូអេ​នៅ​ក្នុង​សេច​ក្តី​សម្ភាសន៍​មួយ​តាម​អ៊ីមែល​ថា៖ «ខ្ញុំបានសម្រាកតែ​បន្តិច។ ខ្ញុំ​ទៅ​ស្តាប់ podcast ជាទី​ពេញ​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំទៅ​យកកូនប្រុស​ខ្ញុំ​ពី​សាលារៀន។ ខ្ញុំ​បើក​ឡាន​ជិត​សេតវិមានដើម្បី​មើលអំពី​ស្ថានភាព​នៅក្នុង​តំបន់​កណ្តាល​ក្រុង។ ស្ថានភាព​ធម្មតា​នៅប្រមាណ​ម៉ោង​៣​រសៀល។ បន្ទាប់​មក ​ខ្ញុំ​ទៅ​មើលការិយាល័យបោះឆ្នោតមួយ​ក្នុង​រដ្ឋ Maryland។ នេះជា​ថ្ងៃ​រំភើប​ចិត្តមួយ​ គឺ​ជា​ពិធីបុណ្យ​ដ៏​ពិត​ប្រាកដ​នៃ​លទ្ធិប្រជាធិបតេយ្យ!»

នៅ​ឆ្នាំ​នេះ ​មិនមាន​ពិធី​ជប់លៀងដែល​មានការអញ្ជើញ​ភ្ញៀវ​ចូល​រួមដើម្បីសង្កេត​មើល​ការ​បោះឆ្នោត​នេះ ដូចដែល​ស្ថានទូតជា​ច្រើនបានធ្វើ​កាល​ពី​ប៉ុន្មាន​ឆ្នាំមុ​ន​នោះទេ ​តែ​លោក Beranak បាននិយាយ​ថា ពួក​បុគ្គលិកចាំបាច់ បាន​ធ្វើ​ការកាល​ពី​ថ្ងៃ​អង្គារដោយ​«មើលទូរទស្សន៍និង​ពិនិត្យ​មើលប្រភព​ព័ត៌មាន​ online ជា​ច្រើន»។

ចំណែកឯ​លោកឯកអគ្គរដ្ឋទូត​ Hynek Kmonicek បាន​ចំណាយពេល​ភាគ​ច្រើននៃ​ថ្ងៃ​នោះ​ ដើម្បី​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុងសាធារណរដ្ឋ​ឆែក។

លោក Zdenek Beranak និយាយ​ថា ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត​នេះ​ លោក​និង​សហសេវិក​ខ្លះ​របស់​លោក បាន​បើក​រថយន្តទៅ​រដ្ឋ Pennsylvania ដើម្បី​ឱ្យ​យល់​ច្បាស់​ជាង​មុន​អំពីលក្ខណៈ​នៅ​ក្នុង​រដ្ឋ​មួយ​មាន​ការគាំទ្រគណបក្សទាំង​ពីរប្រហាក់​ប្រហែល​គ្នា»។

អ្នក​ការទូត​ឯ​ទៀតៗបាន​សរសេរ​តាម Twitter ដើម្បី​ពណ៌នា​ការ​ចាប់​អារម្មណ៍របស់ពួកគេអំពី​ការ​បោះឆ្នោតប្រជែង​គ្នា​ខ្លាំង​នេះ​ ដែល​ជាលំហាត់​ដ៏​អស្ចារ្យ​មួយអំពី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​មានពលរដ្ឋចូលរួមបោះឆ្នោត​ក្នុង​ចំនួន​ដ៏ច្រើន​មិន​ធ្លាប់​មាន​ពី​ពេល​មុនៗ។

លោកស្រី​ Lone Dencker Wis ជា​ឯកអគ្គរដ្ឋទូត​ប្រទេស​ដាណឺម៉ាក។ លោកស្រីបាន​សរសេរ​ក្នុង​ Twitter ថា​ លោកស្រី ​«ចាប់​ចិត្ត​ខ្លាំង»​ ដែល​បាន​ឋិត​នៅ​ក្នុង​ស.រ.អា ​នៅ​ថ្ងៃ​ទី​៣​ខែ​វិច្ឆិកា ហើយ​លោក​ស្រី​ បាន​ផ្តល់សម្ភាសន៍​ជា​មួយបណ្តាញ​ផ្សាយ​ព័ត៌មានដាណឺម៉ាក​នានា។

លោកស្រី Emily Haber ជាឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​នៅ​រដ្ឋធានី​នៃ​សហរដ្ឋ​អាមេរិក​នេះ។​

លោកស្រី​បាន​សរសេរ​ក្នុង​ Twitter កាលពី​ថ្ងៃ​ពុធ​ទី៤​ ខែ​វិច្ឆិកាថា ​ក្រោយពី​ចំណាយ​ពេល​យូរក្នុងមួយ​យប់ ដើម្បី​តាមដានលទ្ធផលនៃ​ការ​បោះឆ្នោត​ក្នុង​រដ្ឋ​នីមួយៗ ថ្ងៃ​ថ្មី​ហាក់​ដូចគ្រាន់ជា​ការ​បន្ត​ពី​យប់​មុន៕

ប្រែសម្រួល​ដោយលោក ឈឹម សុមេធ

អត្ថបទ​ទាក់ទង

XS
SM
MD
LG