ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​បណ្តាញ​សង្គម​អនឡាញ​ដាក់​កំហិត​លើ​មតិ​ដែល​គ្មាន​ភស្តុតាង​អំពី​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក


ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​ Facebook (ខាងក្រោម) និង​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន Twitter (ខាងលើ) ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។
ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​ Facebook (ខាងក្រោម) និង​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន Twitter (ខាងលើ) ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។

ដោយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​ប្រកាស​នៅ​ឡើយ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ក្រុមហ៊ុន Twitter និង​ក្រុមហ៊ុន Facebook បាន​ចាត់​វិធានការ​ថ្មី​ដើម្បី​ដាក់​សញ្ញា​សម្គាល់​ចំពោះ​មតិ​យោបល់​របស់​សមាជិក​ល្បី​ឈ្មោះ​ណា​ទាំង​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ទាក់ទិន​នឹង​ការ​បោះឆ្នោត។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ក្រុមហ៊ុន Twitter បាន​ដាក់​សញ្ញា​សម្គាល់​លើ​សារ​ចំនួន ៤ របស់​លោក​ប្រធានាធិបតី Donald Trump។

សារ​តាម Twitter មួយ​ក្នុង​ចំណោម​នោះ​របស់​លោក Trump បាន​បង្ហាញ​នូវការ​ចោទ​ប្រកាន់​លើ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ថា​បាន​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត។ លោក Trump បាន​សរសេរ​នៅ​លើ Twitter ដូច្នេះ​ថា៖ «ពួកគេ​កំពុង​ប្រឹងប្រែង​ធ្វើ​ឲ្យ​សំឡេង​ឆ្នោត​នាំ​មុខ​របស់​ខ្ញុំ​ចំនួន ៥ សែន​សន្លឹក​នៅ​ក្នុង​រដ្ឋ Pennsylvania បាត់​ទៅ​វិញ ឲ្យ​បាន​កាន់តែ​ឆាប់។ ចំណែក​ឯ​នៅ​ក្នុង​រដ្ឋ Michigan និង​រដ្ឋ​ផ្សេង​ទៀត​ក៏​ដូច​គ្នា​អញ្ចឹង​ដែរ!»។

ក្រុមហ៊ុន Twitter បាន​ដាក់សញ្ញា​សំគាល់​ដោយ​បញ្ជាក់​ថា «ខ្លឹមសារ​ខ្លះ​ឬ​ទាំង​អស់ នៅ​ក្នុង​សារ Twitter នេះ គឺ​អាច​ប្រកែក​តវ៉ា​បាន ហើយ​អាច​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​អំពី​ការ​បោះឆ្នោត ឬ​ដំណើរការ​ចូលរួម​ផ្សេង​ទៀត​របស់​ពលរដ្ឋ»។ ទោះ​ជាយ៉ាង​ណាក៏ដោយ នៅពេល​ដែល​អ្នក​មើល ចុច​ចូល​ដើម្បី​មើល​សារ​នោះ គឺ​គេ​នៅតែ​អាច​មើល​ឃើញ។

ចំណែក​ឯ​ក្រុមហ៊ុន Facebook វិញ បាន​បញ្ជក់​ថា ខ្លួន​នឹង​បង្ហាញ​ការ​ប្រាប់​ឲ្យ​ដឹង​នៅ​លើ​គេហទំព័រ Facebook និង Instagram ថា សន្លឹក​ឆ្នោត​កំពុង​នៅ​រាប់​នៅឡើយ ហើយ​អ្នក​ឈ្នះ​មិន​ទាន់​ប្រកាស​នៅ​ឡើយ​ទេ។ ក្រុមហ៊ុន Facebook ថា សារ​នេះ​នឹង​ត្រូវ​អនុវត្ត​ចំពោះ​បេក្ខជន​ទាំង ២ គឺ​ទាំង​លោក Trump និង​លោក Joe Biden៕

XS
SM
MD
LG