ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​បោះឆ្នោត​របស់​លោក Trump ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំងនឹង​លទ្ធផល​នៃ​ការបោះឆ្នោត​តាម​រដ្ឋ​មួយចំនួន


រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុង​ពេលធ្វើ​បទសម្ភាសន៍​មួយ កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅក្នុង​ការិយាល័យ​ប្រធានាធិបតី​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុង​ពេលធ្វើ​បទសម្ភាសន៍​មួយ កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅក្នុង​ការិយាល័យ​ប្រធានាធិបតី​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ស្រប​ពេល​ដែល​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​កំពុង​បន្ត ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹងលទ្ធផល​នៃ​ការ​បោះឆ្នោត​តាម​រដ្ឋ​មួយ​ចំនួន ដែល​អាច​ឈាន​ទៅ​ដល់​ការ​តតាំង​តាមផ្លូវ​ច្បាប់​រយៈពេល​យូរ។

នៅ​ក្នុង​រដ្ឋ​ដែល​មានការ​ប្រជែង​ខ្លាំង​ចំនួន ៣ គឺ​រដ្ឋ Georgia រដ្ឋ Michigan និង​រដ្ឋ Pennsylvania ដែល​ជា​រដ្ឋ​សំខាន់​នៅ​ក្នុង​ការ​កំណត់​អ្នក​ឈ្នះ​នៃ​ការ​បោះឆ្នោត​នេះ យុទ្ធនាការ​របស់​លោក Trump បាន​ដាក់​ពាក្យ​បណ្ដឹង​កាល​ពី​ថ្ងៃ​ពុធ​ ទាក់ទិន​នឹង​របៀប​ចាត់ចែង​លើ​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍ រី​ឯ​នៅ​ក្នុង​រដ្ឋ Wisconsin វិញ ក្រុម​របស់​លោក​ Trump បាន​ស្នើ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ។

នៅ​ក្នុង​ការ​ធ្វើ​ដូច្នេះ ក្រុម​របស់​លោក Trump បាន​ប៉ុនប៉ង​រារាំង​ការ​រាប់​សន្លឹក​ឆ្នោត​ក្នុង​ចំនួន​យ៉ាង​ច្រើន​ដែល​ផ្ញើ​តាម​ប្រៃសណីយ៍ ដែល​លោក Trump បាន​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា ​មាន​ការ​លួច​បន្លំ និង​ថា ​ជួយ​ដល់​ក្ដី​រំពឹង​របស់​លោក Joe Biden ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​នេះ។

លោក Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបាន​គេ​ប្រកាស​ថា ​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​រដ្ឋ Michigan និង​រដ្ឋ Wisconsin ក៏​ប៉ុន្តែ​លទ្ធផល​នៅ​មិន​ទាន់​ប្រកាស​នៅ​ក្នុង​រដ្ឋ Georgia និង​រដ្ឋ Pennsylvania នៅ​ឡើយ​ទេ។

លោក Bill Stepien អ្នក​ចាត់ចែង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ប្រកាស​អំពី​ពាក្យ​បណ្ដឹង​នេះ​នៅ​ក្នុង​រដ្ឋ Michigan ថា៖ «យើង​ក៏​បាន​ទាមទារ​ឲ្យ​ពិនិត្យ​សើរើ​មើល​ឡើង​វិញ​លើ​សន្លឹក​ឆ្នោត​ទាំង​នោះ ដែល​បាន​បើក​ និង​រាប់​នៅ​ពេល​ដែល​យើង​មិន​មាន​លទ្ធភាព​អាច​ពិនិត្យ​មើល​ឲ្យ​បាន​ពេញលេញ»។

ពាក្យ​បណ្តឹង​ទាំង​នេះ​ បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក Trump បាន​ផ្តល់​សញ្ញា​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា លោក​នឹង​ប្តឹង​ផ្ទាល់​ទៅ​តុលាការ​កំពូល​ឲ្យ​បញ្ឈប់​ការ​រាប់​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​រាប់​លាន​សន្លឹក។

អ្នក​ជំនាញ​ច្បាប់​និយាយ​ថា គ្មាន​ផ្លូវ​ណា​មួយ​ដែល​លោក​ប្រធានាធិបតី Trump អាច​ប្តឹង​ទៅ​តុលាការ​កំពូល​ដោយផ្ទាល់​ដើម្បី​ឲ្យ​ជួយ​បញ្ឈប់​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ៕

XS
SM
MD
LG