ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជនប្រធានាធិបតីលោក Joe Biden មានសំឡេងនាំមុខកើនឡើងក្នុងការបោះឆ្នោតអាមេរិក


លោក Joe Biden ថ្លែងសុន្ទរកថានៅមជ្ឈមណ្ឌល Chase ក្នុងទីក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Joe Biden ថ្លែងសុន្ទរកថានៅមជ្ឈមណ្ឌល Chase ក្នុងទីក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ ពលរដ្ឋ​អាមេរិកបន្តរង់​ចាំ​ ដើម្បី​មើល​ពី​លទ្ធផល​បោះឆ្នោត​បន្ថែម​ទៀត ពី​បណ្តា​រដ្ឋជា​ច្រើន​ដែលអាច​កំណត់ថា តើ​បេក្ខ​ជន​រូប​ណា​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោតប្រធានាធិបតីអាមេរិកនោះ។

នៅត្រឹម​ថ្ងៃព្រហស្បតិ៍ ​ការទស្សន៍ទាយបង្ហាញ​ថា ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំងពីរ​ លោក​ Joe Biden​ មាន​សំឡេង​នាំ​មុខខិត​ជិត​ទៅ​រក​ជ័យ​ជម្នះ ​ខណៈ​ពេល​ដែល​ក្រុម​យុទ្ធនាការ​របស់​លោក ​Trump បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​មួយ​ចំនួន​។

បណ្តា​រដ្ឋ​របស់​សហរដ្ឋអាមេរិក​ប្រកាស​អ្នក​ឈ្នះ លុះត្រាតែសន្លឹក​ឆ្នោត​ទាំង​អស់​ត្រូវបានរាប់ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាននៅសហរដ្ឋអាមេរិក​វិញ​ នឹង​ព្យាករណ៍ថា បេក្ខជនណាជា​អ្នក​ឈ្នះ​ ប្រសិន​បើ​ពួក​គេ​គិត​ថា​ សន្លឹក​ឆ្នោត​ដែល​នៅ​សល់មិនទាន់ត្រូវបានរាប់ ​នឹង​មិន​ផ្លាស់​ប្តូរ​លទ្ធផល​ចុង​ក្រោយ​នោះ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន​អាមេរិក​នៅ​មិន​ទាន់​អាច​ធ្វើ​ការ​ទស្សន៍ទាយ​ពី​បេក្ខជនដែលឈ្នះ​ក្នុងរដ្ឋ​ចំនួន​ ៦​ គឺ​រដ្ឋ Alaska,​ Arizona, Georgia, Nevada, North Carolina និង​រដ្ឋ​ Pennsylvania នៅ​ឡើយ​ទេ។

ការ​ទស្សន៍​ទាយ​ នៅ​ថ្ងៃ​ពុធ​ បាន​បង្ហាញ​ថា បេក្ខជន​ប្រធានាធិបតី​ ​លោក Joe Biden ត្រូវ​គេព្យាករណ៍ថា នឹង​ឈ្នះ​លោក ​Trump​ ក្នុង​រដ្ឋ Michigan​ និង​រដ្ឋ​ Wisconsin ដែល​ជា​រដ្ឋ​ពីរ ដែល​លោក​ Trump ​បាន​ឈ្នះ​ការ​បោះឆ្នោត ឆ្នាំ​ ២០១៦​ នោះ។​

​លោក​ Joe Biden អាច​ទទួល​បាន​សំឡេង​អង្គបោះ​ឆ្នោត​ចំនួន ​២៧០ ដើម្បី​ដណ្តើម​តំណែង​ប្រធានាធិបតី​បាន ប្រសិន​បើ​លោក​អាច​ឈ្នះ​ក្នុង​រដ្ឋ Arizona និង​រដ្ឋ​ Nevada​ នោះ។

ប៉ុន្តែ​លោក Trump ក៏​នៅ​តែអាច​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នេះបាន​ ប្រសិន​បើ​លោក Trump ​ឈ្នះ​ឆ្នោតនៅ​ក្នុង​បណ្តារដ្ឋ​ដែល​លោក Biden កំពុង​នាំ​មុខ ក្នុងការរាប់សន្លឹកឆ្នោត​។ លោក Trump ក៏​កំពុង​នាំ​មុខ​ក្នុងការ​រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​រដ្ឋ Pennsylvania, Georgia, North Carolina និង Alaska ផង​ដែរ៕

XS
SM
MD
LG