ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាប័ន​បោះឆ្នោត​ជាតិ​បញ្ចប់​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​​ ដោយ​គ្មាន​បក្ស​ប្រឆាំង


រូបឯកសារ៖ លោក ​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)​ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​​ទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោក ​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)​ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​​ទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

តាមបញ្ជី​ចុះ​ឈ្មោះ​គណបក្ស​នយោ​បាយ​ឈរ​ឈ្មោះ​បោះឆ្នោត​សភា​ខែ​កក្កដា​ខាង​មុខ ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​​គ.ជ.ប​ កាលពី​ថ្ងៃ​សៅរ៍​ មិនមាន​ឈ្មោះ​របស់​គណបក្សសង្គ្រោះជាតិ​ដែល​ត្រូវ​បាន​គេ​រំលាយ​នោះទេ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់ថា​ (គ.ជ.ប)​ បាន​បិទ​បញ្ចប់​ការ​ចុះ​បញ្ជី​ឈ្មោះ​គណ​បក្ស​នយោបាយ​ និង​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​សភា ខែ​កក្កដា​ឆ្នាំ​២០១៨​ នៅ​ថ្ងៃ​ចន្ទ​នេះ​ ដោយ​មិន​មាន​ការ​ពន្យារ​ពេល​បន្ថែម ​និង​វត្តមាន​របស់​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​គ.ជ.ប។

លោក​ ហង្ស ពុទ្ធា​ អ្នក​នាំពាក្យ ​គ.ជ.ប​ មាន​ប្រសាសន៍​ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ គ្មាន​ការ​ពន្យារ​ពេល​បន្ថែម​ទេ​ សម្រាប់​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ដោយ​មិន​គិត​ដល់​លទ្ធភាព​នៃ​ការ​ឈាន​ដល់​ការ​ស្រុះស្រួល​ខាង​នយោបាយ​ណា​មួយ​របស់​គណបក្ស​ប្រឆាំង​ និង​គណបក្ស​កាន់​អំណាច។​

«ក្នុង​ករណី​បែប​ណា​ក៏​ដោយ​ ប្រតិទិន​ដើរ​ ដើរ​ទៅមុខហើយ​ អញ្ជឹង​ចង់​មានន័យ​ថា​ គ.ជ.ប ជាស្ថាប័នបច្ចេក​ទេស​មួយ​ អញ្ជឹង​បើសិន​ជា​មាន​ការ​រអាក់​រអួល​ នៅ​ជ្រុង​ណា​មួយ​ វាធ្វើ​ឲ្យ​ពាក់​ព័ន្ធ​ដល់​ការងារ​បចេ្ចកទេស​ អញ្ជឹង​ការ​ពន្យារ​យ៉ាងណា​នោះ​គឺ​ មិន​អាច​ធ្វើ​ទៅកើត​ទេ​បាទ»។​

ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ ដែល​មាន​រយៈ​ពេល​ ១៥ថ្ងៃ​ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៣០​ ខែ​មេសា ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ ត្រឹម​វេលា​ម៉ោង​១៧​ និង​៣០នាទី។​

រហូត​មកដល់​ល្ងាច​ថ្ងៃ​ចន្ទនេះ​ ​មាន​គណបក្ស​នយោបាយ​បួន​ត្រូវបាន​គ.ជ.ប​ ​ទទួល​ស្គាល់​សម្រាប់​ការ​ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត​ ដែល​រួម​មាន​គណបក្ស​យុវជន​កម្ពុជា​ គណបក្ស​ប្រជាជន​កម្ពុជា​ គណ​បក្ស​សញ្ជាតិ​កម្ពុជា​ និង​គណបក្ស​ខ្មែរ​រួបរួមជាតិ។គណបក្ស​ចំនួន​៦​ទៀត​ កំពុង​ស្ថិត​ក្រោម​ការ​ពិនិត្យ​របស់​ គ.ជ.ប ​ក្នុង​នោះ​មាន​គណបក្ស​ហ៊្វុនស៊ីន​ប៉ិចរបស់​ព្រះអង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ ​អតីត​នាយក​រដ្ឋ​មន្ត្រី​ គណបក្ស​សំបុក​ឃ្មុំ​សង្គមប្រជាធិបតេយ្យ​របស់​លោក​ ម៉ម សូណង់ដូ​ ម្ចាស់​វិទ្យុ​សំបុក​ឃ្មុំ​ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​បញ្ញាវន្ត​មួយ​ក្រុម។

លោក ម៉ៅ មុនីវណ្ណ​ តំណាង​រាស្ត្រនៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ថ្លែង​ប្រាប់​ VOA​ នៅ​ល្ងាច​ថ្ងៃចន្ទ​នេះ​ថា​ ការហាម​ឃាត់​មិន​ឲ្យ​គណប​ក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោត​នា​ពេល​ខាង​មុខ​ បាន​ឆ្លុះបញ្ចាំង​ថា​ គ្មាន​ប្រជាធិបតេយ្យ​នៅ​ក្នុង​ដំណើរ​ប្រកួត​ប្រជែង​នៃ​ការ​បោះឆ្នោត​នោះ​ឡើយ។

«ប្រទេស​ដែលប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ ​ហើយ​បើ​គូបដិបក្ខប្រ​កួតប្រជែង​គ្នា​ ដែល​មាន​កម្លាំង​ស្មើគ្នា​ ប្រហាក់​ប្រហែល​គ្នា​ ហើយ​មិន​បាន​ចូលប្រកួត​អាហ្នឹង​ វា​មិន​មែន​ការ​ប្រកួត​ប្រជែង​គ្នា​ ផ្អែក​ទៅលើ​គោលការណ៍​ប្រជាធិបតេយ្យ​ទេ»។​

​អ្នកស្រី ​រ៉ូណា ស្មីត​ (Rhona Smith)​ អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​ដែល​បាន​បន្ត​ឃ្លាំ​មើល​ការ​វិវត្តន៍​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​និង​នយោបាយ​កម្ពុជា​យ៉ាង​ដិតដល់​នោះ​ បាន​ថ្លែង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​ ការ​បោះឆ្នោតនៅ​ពេល​ខាង​មុខ​ គឺ​ជា​ការ​បោះឆ្នោត​មិន​ពិត​ប្រាកដ​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ត្រូវ​បាន​ផាត់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត។​ អ្នកស្រី​ក៏​បាន​ស្នើឲ្យ​រដ្ឋាភិបាល​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ជា​បន្ទាន់​ និង​លុបចោល​ការ​ហាម​ឃាត់​សមាជិក​គណបក្ស​ប្រឆាំង​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨។

លោក​ ម៉ៅ មុនីវណ្ណ​ អ្នកនយោបាយ​របស់​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​រំលាយ​តាម​សាល​ដីកា​តុលាការ​កំពូល​ បាន​ថ្លែងបញ្ជាក់​បន្ថែមថា​ តាម​គោល​ជំហរ​របស់​លោក​ សម រង្ស៊ី​ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​គឺ​ប្រជាពលរដ្ឋ​មិន​គួរ​ទៅ​បោះឆ្នោត​នោះ​ឡើយ​ ហើយ​ថា​ការ​បោះ​ឆ្នោត​ដែលគ្មានការ​ចូលរួម​របស់​គណបក្ស​ប្រឆាំង​ដ៏ធំមួយ​ នឹង​នាំ​មក​នូវ​វិបត្តិនៃការ​មិនទទួល​ស្គាល់​ភាព​ស្របច្បាប់​របស់​សហគមន៍​ប្រជាធិបតេយ្យ។

លោក​ ហង្ស ពុទ្ធា ​អ្នក​នាំពាក្យ​ គ.ជ.ប​ បាន​លើកឡើង​ថា​ ការ​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ អាច​ប្រឈម​នឹង​វិធានការច្បាប់​ ដែល​បាន​ផ្តល់​សិទ្ធិ​អំណាច​ពេញ​លេញ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​ឆន្ទៈ​នយោបាយ​របស់​ខ្លួន​ ដោយ​គ្មាន​ការ​រារាំង​ពី​ក្រុម ​ឬ​បុគ្គល​ណា​មួយ។

«ការ​អំពាវនាវ​ណាមួយ​ដែល​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ ឬ​ក៏​មាន​ការ​ចែក​ខិត​ប័ណ្ណ​នោះ​គឺ​ជា​ការ​ដើរ​បញ្ច្រាស​ច្បាប់​ ហើយនិង​សង្គម​ជាក់ស្តែង​ ច្បាប់​ហ្នឹង​គឺថា​ ចែង​ឲ្យ​ប្រជាពលរដ្ឋ​ប្រាំឆ្នាំ​ទៅ​បោះ​ម្តង​ ហើយ​សង្គម​ជាក់​ស្តែង​ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ គណបក្ស​នយោបាយ​ហ្នឹង​ក៏​កំពុង​តែ​មក​ចុះឈ្មោះ​ច្រើន​ អ៊ី​ចឹង​យើង​ឃើញ​ថា​ អ្វី​ដែល​ជា​ការ​លើកឡើង​ខាង​ដើម​វា​គ្រាន់តែ​ជា​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​ ដល់​ដំណើរការ​ប្រជាធិបតេយ្យ​ ដែលតាម​រយៈការបោះឆ្នោត​នេះ»។

ក្នុង​បទសម្ភាសន៍​ជាមួយ VOA​ តាមរយៈ​កម្មវិធី ​Hello VOA​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន​ លោក ​សម រង្ស៊ី​ ដែល​បច្ចុប្បន្ន​ជា​មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ​ បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ កុំ​ទៅ​បោះ​ឆ្នោតដើម្បី​យក​ជ័យ​ជម្នះ​ លើគណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​ លោក​បាន​ថ្លែង​ដោយ​យោង​តាម​ការ​ប្រកាស​របស់​អ្នកស្រី​ ស្មីត ​ថា​ ការ​បោះឆ្នោត​ខាង​មុខ​គឺ​ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ ប្រសិន​បើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នោះ។

លោក​ សម រង្ស៊ី​បាន​ចោទ​លោក​ ហ៊ុន សែន ​ថា​ បាន​សម្លាប់​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ តាម​ការ​កម្ទេច​គណបក្ស​សង្គ្រោះជាតិ។ លោក​ សម រង្ស៊ី​ បាន​អំពាវនាវ​ឲ្យលោក​ ហ៊ុន សែន ​និង​ក្រុម​មន្ត្រី​របស់​លោក​ស្តារ​ស្ថានការណ៍​នយោបាយ​ឡើងវិញ​ ដោយ​ការ​ធ្វើឲ្យដំណើរ​ការ​ដូច​ដើម​វិញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​អនុញ្ញត​ឲ្យ​គណ​បក្ស​នេះ​បាន​ចូលរួមក្នុងការ​បោះឆ្នោត។

​ក៏​ប៉ុន្តែ​លោក ​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្សគ្រប់គ្រង​ប្រទេស​ថ្លែង​ថា​ អវត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​អាច​បង្អាក់​ដំណើរ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ទេ។​លោក​ថា មាន​គណបក្ស​ជា​ច្រើន​បាន​ចួលរួមការ​បោះ​ឆ្នោត ជំនួស​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ៕

XS
SM
MD
LG