ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ជាច្រើន​បន្ត​ចុះឈ្មោះ​ ទោះ​ជា​លោក ​សម រង្ស៊ី ​អំពាវនាវ​ឲ្យអ្នក​បោះឆ្នោត​ធ្វើ​ពហិការ


រូបឯកសារ៖ ក្រុមអ្នកគាំទ្រ​ លើក​ទង់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន៣៨​ ដែលបាន​ចុះបញ្ជី​នៅក្រសួង​មហាផ្ទៃ ​មាន​គណបក្ស​ចំនួន​តែ៣​ប៉ុណ្ណោះ​ ដែល​បាន​ចុះបញ្ជី​គណបក្ស ​និង​បេក្ខជន​រួចរាល់​ ហើយ​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

មាន​គណបក្ស​នយោបាយ​ជាច្រើន ​បាន​ចុះឈ្មោះ ​និង​ត្រៀម​បន្ត​ចុះ​ឈ្មោះចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ​នៅថ្ងៃទី​២៩ ​ខែកក្កដា​ ឆ្នាំ​២០១៨​ខាងមុខ ​ទោះ​ជា​មេដឹកនាំ​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះជាតិ ​ដែល​ត្រូវបាន​រំលាយ ​កំពុង​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​កុំ​ចូលរួម​បោះឆ្នោត​ក្តី។​

ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត ​និង​ឯកសារ​ដែល​ VOA​ ទទួល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​គណបក្ស​២៣ ​ត្រូវ​គេដឹង​ថា​អាច​នឹង​ត្រៀម​ចុះ​បញ្ជី​ឈ្មោះ ​ក្នុងនោះ​គណបក្ស​ចំនួន​៣ ​ហើយ​ដែល​បាន​ចុះបញ្ជី​រួចរាល់​ ទោះ​ជា​មេដឹកនាំ​ក្រុម​ជំទាស់​អំពាវនាវ​ដល់​ពលរដ្ឋ​មិនឲ្យ​ចេញទៅ​បោះឆ្នោត​ក្តី។

ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន៣៨​ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ​មាន​គណបក្ស​ចំនួន​តែ៣​ ប៉ុណ្ណោះ​ ដែល​បាន​ចុះបញ្ជី​គណបក្ស ​និង​បេក្ខជន​រួចរាល់​ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប)។​ ក្នុងនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សញ្ជាតិ​កម្ពុជា​ និង​គណបក្ស​យុវជន​កម្ពុជា។​ ដោយឡែក​គណបក្ស​នយោបាយ​ចំនួន​២ទៀត ​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់ ​គ.ជ.ប ​ចំពោះ​ការ​បំពេញ​នីតិវិធី ​ចុះ​ឈ្មោះ ​ក្រៅពី​គណបក្ស​មួយ​ចំនួន​ទៀត​កំពុង​ទាក់ទង​ទៅ​កាន់ គ.ជ.ប។

សេចក្ដី​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ចុះ​ថ្ងៃ​ទី​៣០ ខែ​មីនា​ ឆ្នាំ​២០១៨​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖ «ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៣០​ ខែ​មេសា​ ហើយ​និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៧​ និង​៣០នាទី»។

សេចក្តី​ប្រកាស​ព័ត៌មាន លេខ ០៥២ របស់គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្ងៃ​ទី៨ នៃ​ការ​ចុះ​បញ្ជីគណ​បក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត។ (រូបដកស្រង់ពីគេហទំព័រ គ.ជ.ប)
សេចក្តី​ប្រកាស​ព័ត៌មាន លេខ ០៥២ របស់គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្ងៃ​ទី៨ នៃ​ការ​ចុះ​បញ្ជីគណ​បក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត។ (រូបដកស្រង់ពីគេហទំព័រ គ.ជ.ប)

ក្នុង​ចំណោម​គណបក្ស​ចំនួន២៣​ ​ឯកសារ​ គ.ជ.ប ​បាន​បញ្ជាក់​ថា ​មាន​គណបក្ស​ពីរ​ដែល​ត្រូវ​ប្រកាស​ថា​ មិន​ទាក់​ទង​មក​ គ.ជ.ប​ ដោយសារ​ប្រកាស​មិន​ចូលរួម​ការ​បោះឆ្នោត។​ គណបក្ស​ទាំងពីរ​នោះ​ គឺ​គណបក្ស​ភ្លើងទៀន ​និង​គណបក្ស​អំណាច​ខ្មែរ។

ការចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ និង​បេក្ខជន​ ហើយនឹង​ការ​ត្រៀម​ចុះ​ឈ្មោះ គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត​ជា​ច្រើននេះ ​កើត​ឡើង​ដំណាល​គ្នា​ដែល​អតីត មេដឹកនាំ​ គណបក្ស​ជំទាស់​ គឺ​លោក​ សម រង្ស៊ី ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​អ្នក​បោះឆ្នោត​ ធ្វើ​ពហិការ​ កុំ​ចេញ​ទៅ​បោះឆ្នោត​ បើ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​អាជ្ញាធរ​ គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​រំលាយ​ បាន​ដកសិទ្ធិ​ចូលរួម​ការ​បោះឆ្នោត ​និង​រងទុក្ខ​បុកម្នេញ​នយោបាយ​មុន​ការ​បោះឆ្នោត​នោះ។

សហគមន៍​អន្តរជាតិ​បាន​ស្នើសុំជា​បន្តបន្ទាប់​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក ​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ ដែល​មាន​កម្លាំង​ប្រហាក់​ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ​ហ៊ុន សែន​ បាន​ចូលរួម​ការ​បោះឆ្នោត​ ទោះជា​តុលាការ​កម្ពុជា​ បាន​ចោទ​ប្រកាន់​ថា​លោក​ កឹម សុខា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​ ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ក្តី។

ក្រុម​មន្ត្រី​គណបក្ស​គ្រប់គ្រង​ប្រទេស​ បាន​បញ្ជាក់​ជាច្រើន​លើក​ហើយ​ ដោយ​បន្ទរ​តាម​ការ​ព្រមាន​ឲ្យដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ថា ការ​បោះឆ្នោត​នៅថ្ងៃ​ទី២៩ ខែកក្កដា​ ឆ្នាំ២០១៨ ​ខាងមុខ​ នឹង​នៅតែ​ប្រព្រឹត្ត​ទៅ​ដូចការ​គ្រោងទុក ​ទោះ​មាន​ការ​ចូលរួម​ពី​គណបក្ស​ជំទាស់​ ឬ​គ្មាន​ការ​ចូល​រួម​ក្តី។​នោះជា​ការ​ប្រកាស​បន្ថែមពី​លើការ​វាយ​បក​ទៅលើ​លោក​ខាងលិច​ថា កម្ពុជា​មិន​ត្រូវការ​ឲ្យ​ប្រទេស​ណា​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់ខ្លួន​ដែរ។

មេដឹកនាំ​កម្ពុជា​ បាន​ថ្លែង​ដូច្នេះ​ក្រោយ​ពេល​ ដែល​មាន​ការ​កាត់​ជំនួយពី ​ស.រ.អា សហភាព​អឺរ៉ុប​ ការ​ព្រមាន​ពី​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​ការ​នាំចូល​ទំនិញ​ដោយ​រួច​ពន្ធ​ពី​កម្ពុជា​ ការ​កាត់​ជំនួយ​មួយ​ចំនួន ​ការ​ព្រមាន​ពី​ការ​បង្កក​ទ្រព្យសម្បត្តិ ​និង​ការ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​បុគ្គល​មួយ​ចំនួន​ក្នុង​រដ្ឋាភិបាល​និង​គ្រួសារ ​ដែលគេ​រក​ឃើញ​ថា​ជាអ្នក​បំផ្លាញ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា៕

XS
SM
MD
LG