ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋខ្មែរ​ជាង​ ៨០ភាគរយ​ចេញទៅបោះឆ្នោត​រើស​តំណាង​ខ្លួន​ក្នុង​ថ្នាក់​មូលដ្ឋាន


ប្រជាពលរដ្ឋ​ខ្មែរ​-ឥស្លាម​ ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤, នៅសង្កាត់​ជ្រោយ​ចង្វារ​, នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)
ប្រជាពលរដ្ឋ​ខ្មែរ​-ឥស្លាម​ ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤, នៅសង្កាត់​ជ្រោយ​ចង្វារ​, នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ថ្លែង​ថា​ ការ​ចេញ​ទៅ​បោះឆ្នោត​របស់​​ប្រជាពលរដ្ឋ​មាន​ចំនួន​ជាង​ ៨០​ភាគរយ​ ដែល​បង្ហាញ​ថា​ ប្រជាពលរដ្ឋ​មាន​ឆន្ទៈ​ក្នុង​ការ​ប្រើ​សិទ្ធិ​រើស​តំណាង​របស់​ខ្លួន​ និង​ពេញ​ចិត្ត​ចំពោះ​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ​

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​បាន​ចេញទៅ​បោះឆ្នោត​តាម​ការិយាល័យ​បោះឆ្នោត​នានា​ នៅ​តាម​ទី​វត្តអារាម សាលារៀន និង​ដង​ផ្លូវ​សាធារណៈ​មួយ​ចំនួន។ ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ថ្លែង​ថា​ ការ​ចេញ​ទៅ​បោះឆ្នោត​របស់ប្រជាពលរដ្ឋ​មាន​ចំនួន​ជាង​ ៨០​ភាគរយ​ ដែល​បង្ហាញ​ថា​ ប្រជាពលរដ្ឋ​មាន​ឆន្ទៈ​ក្នុង​ការ​ប្រើ​សិទ្ធិ​រើស​តំណាង​របស់​ខ្លួន​ និង​ពេញ​ចិត្ត​ចំពោះ​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ​

​ទោះបី​មាន​សារ​គំរាមកំហែង​ខាង​នយោបាយ​នានា ទាក់​ទិន​ការ​ផ្ទុះ​សង្គ្រាម​ ដែល​ធ្វើ​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ឃុំ​ប្រឹក្សា​ឃុំ-សង្កាត់​ ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ជាង​ ៨០​ភាគរយ​នៃ​ចំនួន​អ្នក​បាន​ចុះ​បញ្ជី​ឈ្មោះ​ ចំនួន​ ៧ លាន ៨ សែន​នាក់​ បាន​ចេញ​ទៅ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ដែល​បាន​រៀបចំ​នៅ​ថ្ងៃ​ទី​ ៤​ ខែ​ មិថុនា​ ជា​មួយ​បរិយាកាស​ស្ងប់​ស្ងាត់​គ្មាន​ការ​ប៉ះទង្គិច​ខាង​នយោបាយ​ណា​មួយ​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នកសង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា។​

ប្រជា​ពលរដ្ឋ​ម្ចាស់ឆ្នោត​ និងអាជ្ញាធរ​រង់ចាំ​នៅ​ក្រៅ​ការិយាល័យ​បោះឆ្នោត ខណៈពេល​មន្ត្រីគ.ជ.ប និងអ្នកសង្កេតការ​កំពុងរាប់សន្លឹក​ឆ្នោតនៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់អណត្តិទី៤​ នៅរាជធានី​ភ្នំពេញ​, នៅ​ថ្ងៃ​ទី០៤​ ខែមិថុនា​ ឆ្នាំ២០១៧។​ (អូន​ ឆេង​ប៉រ/VOA)
ប្រជា​ពលរដ្ឋ​ម្ចាស់ឆ្នោត​ និងអាជ្ញាធរ​រង់ចាំ​នៅ​ក្រៅ​ការិយាល័យ​បោះឆ្នោត ខណៈពេល​មន្ត្រីគ.ជ.ប និងអ្នកសង្កេតការ​កំពុងរាប់សន្លឹក​ឆ្នោតនៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់អណត្តិទី៤​ នៅរាជធានី​ភ្នំពេញ​, នៅ​ថ្ងៃ​ទី០៤​ ខែមិថុនា​ ឆ្នាំ២០១៧។​ (អូន​ ឆេង​ប៉រ/VOA)

ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​ បាន​ចាប់ផ្ដើម​ឡើង​នៅ​ម៉ោង​ ៧ ព្រឹក​ និង​បញ្ចប់​ទៅ​នៅ​ម៉ោង​៣រសៀល នៅ​ក្នុង​ឃុំ​-សង្កាត់​ចំនួន១៦៤៦​ ក្នុង​ទូទាំង​ប្រទេស​កម្ពុជា។

លោក​ មឿន តុលា​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ (Central) ដែល​កំពុង​ឃ្លាំមើល​ការ​បោះឆ្នោត​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ផ្សេងទៀត​ ​តាម​អ្វី​ដែល​គេ​ស្គាល់​ថា​ ជា​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​ បាន​ថ្លែង​តាម​សេចក្ដីថ្លែងការណ៍​រួម​របស់​ក្រុម​អ្នក​សង្កេតការណ៍ទៅកាន់​អ្នកសារព័ត៌មាន​ និង​អ្នក​តាមដាន​ការបោះឆ្នោត​ផ្សេងទៀត​ នៅ​ក្នុង​សន្និសីទ​ព័ត៌មានស្ដីពី ការ​វាយ​តម្លៃ​លើ​ស្ថានភាព​ថ្ងៃ​បោះឆ្នោត​ថា​ ក្រុម​អ្នកសង្កេតការណ៍​មានការ​សាទរ​ចំពោះ​ចំនួននៃ​ការ​ចេញ​មក​បោះឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ ទោះ​ជា​មាន​បញ្ហា​មិន​ប្រក្រតី​តិច​តួច​បាន​កើតឡើង។

«ជា​រួម​អង្គការ​សង្គម​ស៊ីវិល​ នៃ​បន្ទប់​ស្ថានការណ៍​ ស្តីពី​ការ​បោះឆ្នោត​ ឆ្នាំ​ ២០១៧​ សូម​អបអរសាទរ​ ចំពោះ​ការ​ចេញ​ទៅ​បោះឆ្នោត​ របស់​ប្រជាពលរដ្ឋ​ ច្រើន​ជាង​ ៨០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​នា​ថ្ងៃ​នេះ»។

លោក​ សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​ ​និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ ដោយ​សេរី ​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ (និកហ្វិច) ថ្លែង​ថា​ តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ មាន​ពលរដ្ឋ​ចំនួន​ជិត​៨៥​ភាគរយ​ នៃ​អ្នក​ដែល​បាន​ចុះ​បញ្ជី​បាន​ទៅ​បោះឆ្នោត។

លោក​ថា​ ការ​គំរាមកំហែង​ពី​សង្គ្រាម​ គ្មាន​ឥទ្ធិពល​អ្វី​មក​លើ​អ្នកបោះឆ្នោត ព្រោះ​ពួកគាត់​បាន​យល់​ពី​តម្លៃ​នៃ​សន្លឹក​សំងាត់​របស់​ពួកគាត់។

«ទោះបី​ជា​មាន​ការទិញទឹកចិត្ត​ ឬ ​ដោយ​សម្ភារៈ​ ដោយ​ប្រាក់​កាក់​ក៏ដោយ​ គឺ​គាត់​យល់​ពី​តម្លៃ​នៃ​សន្លឹក​ឆ្នោត​គាត់​ច្បាស់​ណាស់ ហើយ​គាត់​ពេញចិត្ត​ហ្នឹង​ ដំណើរ​ការ​បោះឆ្នោត​ ជាពិសេស​ការ​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ នេះ​យើង​ពិនិត្យ​មើល នេះ​ជា​ឆន្ទៈ​របស់​អ្នកបោះឆ្នោត​ ដែល​អញ្ជើញ​មក​ច្រើន​យ៉ាង​ហ្នឹង»។

ប្រជាពលរដ្ឋ​តម្រង់​ជួរ​ចូលបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤, នៅ​រាជធានី​ភ្នំពេញ, នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា/ VOA)
ប្រជាពលរដ្ឋ​តម្រង់​ជួរ​ចូលបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤, នៅ​រាជធានី​ភ្នំពេញ, នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា/ VOA)

ក្រុម​អ្នក​សង្កេតការណ៍​បោះឆ្នោត​ បាន​ឲ្យដឹង​ថា​ ការិយាល័យ​ភាគច្រើន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ សុវត្ថិភាព​ និង​សន្តិវិធី​ តែ​ក៏​មាន​ភាព​មិន​ប្រក្រតី​ បន្តិច​បន្តួច​ក្នុង​ដំណើរ​ការ​បោះឆ្នោត​នេះ​ផង​ដែរ។ ភាព​មិន​ប្រក្រតី​ទាំងនោះ រួមមាន​ ការ​ខ្វះខាត​សម្ភារៈ​បោះឆ្នោត​ក្នុង​ការិយាល័យ​ខ្លះ វត្តមាន​របស់​អាជ្ញាធរ​គ្មាន​ភារកិច្ច​ក្នុង​បរិវេណ​ការិយាល័យ​បោះឆ្នោត។​នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​រួម​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ ដែល​ចេញផ្សាយ​ជា​សាធារណៈ​នា​រសៀល​ថ្ងៃ​អាទិត្យ​នេះ។

សេចក្ដីថ្លែងការណ៍​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ជាក់ស្ដែង​ អ្នកសង្កេតការណ៍​បោះឆ្នោត​ប្រចាំ​ឃុំ​ ព្រែក​ដាច់​ និង​ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើក​ដែក​ខេត្ត​កណ្ដាល​ បាន​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ រហូតដល់​បោះបង់​ការ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត»។​

(ពីឆ្វេងទៅស្តាំ) លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេសស៊ើបអង្កេត​នៃអង្គការ​លីកាដូ លោក មឿន តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ (Central) លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គារ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ Comfrel
(ពីឆ្វេងទៅស្តាំ) លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេសស៊ើបអង្កេត​នៃអង្គការ​លីកាដូ លោក មឿន តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ (Central) លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គារ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ Comfrel

លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គារ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ Comfrel ​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ដដែល​នោះ​ថា​ អ្នក​សង្កេត​ការណ៍​ចំនួន​១២​ រូប​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ គ.ជ.ប ​ត្រូវ​ក្រុម​អាជ្ញាធរ​ហាម​ឃាត់​មិន​ឲ្យ​ចូល​សង្កេតការណ៍ និង​បាន​បង្ខំ​ឲ្យ​ពួកគេ​ផ្ដិត​មេដៃ​យល់ព្រម​បញ្ឈប់​សកម្មភាព​សង្កេតការណ៍។ លោក​ថា​ ហេតុការណ៍​នេះ​ បាន​កើតឡើង​តាំង​ពី​យប់​ថ្ងៃ​សៅរ៍។

«យប់​មិញ​ហ្នឹង​ គឺថា​មាន​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​ ហើយ​ណែនាំ​ឲ្យ​អ្នកសង្កេតការណ៍​យើង​ហ្នឹង​ ធ្វើ​ជា​កំណត់ហេតុ​ លិខិត​ថា​ ឈប់​ធ្វើ​កិច្ច​ការ​ងារ​សង្កេតការណ៍​បោះឆ្នោត​ រហូតដល់​មាន​ផ្ដិត​មេដៃ​មាន​អី​ទៀត»។

លោក​បាន​បន្ត​ថា​ ក្រុម​អ្នកសង្កេតការណ៍​បន្ត​ឃ្លាំ​មើល​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ឃុំ​ទាំង​ពីរ​នេះ​ ហើយ​នឹង​ប្ដឹង​ទៅ គ.ជ.ប ប្រសិនបើ​រក​ឃើញ​ករណី​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​បាន​កើត​ឡើង​ ក្នុង​ពេល​ និង​ក្រោយ​ការបោះឆ្នោត។

ក្រៅពី​ការ​រារាំង​អ្នកសង្កេតការណ៍​នេះ​ ក្រុម​អ្នកឃ្លាំមើល​ការបោះឆ្នោត​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ក៏​មាន​ការ​រារាំង​ពី​ក្រុម​អាជ្ញាធរ​មិន​ឲ្យ​អ្នកសារព័ត៌មាន​ឲ្យ​ចូល​ក្នុង​ការិយាល័យ​បោះឆ្នោត​ ក្នុង​ពេល​រាប់​សន្លប់​ឆ្នោត​ ដែល​ជា​ការ​ប្រឆាំង​នឹង​បទបញ្ញត្តិ​របស់​គ.ជ.ប។

ប្រជា​ពលរដ្ឋ​ម្ចាស់ឆ្នោត​ រង់ចាំ​តាមដាន​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់អណត្តិទី៤​ នៅរាជធានី​ភ្នំពេញ​, នៅ​ថ្ងៃ​ទី០៤​ ខែមិថុនា​ ឆ្នាំ២០១៧។​ (អូន​ ឆេង​ប៉រ/ VOA)
ប្រជា​ពលរដ្ឋ​ម្ចាស់ឆ្នោត​ រង់ចាំ​តាមដាន​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់អណត្តិទី៤​ នៅរាជធានី​ភ្នំពេញ​, នៅ​ថ្ងៃ​ទី០៤​ ខែមិថុនា​ ឆ្នាំ២០១៧។​ (អូន​ ឆេង​ប៉រ/ VOA)

ពួកគេ​ក៏បាន​សង្កេត​ឃើញ​ថា​ ប្រជា​ពលរដ្ឋ​ចង់​មើល​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត​ នៅ​តាម​ការិយាល័យ​ភាគច្រើន​ ប៉ុន្តែ​ការ​អនុវត្តន៍​បទ​បញ្ជា​ និង​នីតិវិធី​ក្នុង​ការ​ដំណើរ​រាប់​សន្លឹកឆ្នោត​ ដែល​តម្រូវឲ្យ​ប្រជាពលរដ្ឋ​ ចេញទៅ​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត។​

ក្រុម​អ្នកសង្កេតការណ៍ បាន​ឲ្យដឹង​ទៀត​ថា​ ពួកគេ នឹង​ធ្វើ​ការ​ស្រាវជ្រាវ​ អំពីអវត្តមាន​អ្នក​បោះ​ឆ្នោត​ដល់​មួយ​លាន​នាក់​ ដែល​មិន​បាន​ចេញ​ទៅ​បោះឆ្នោត​ នា​ថ្ងៃ​អាទិត្យ​នេះ​ផង​ដែរ។

គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​ជា​មេឃុំ ចៅសង្កាត់ ជាង​១៥៩០​ឃុំ​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ២០១២ នៅ​អាណត្តិទី៣។ គណបក្ស​ជំទាស់​ទទួល​បាន​តែ ៤០​អាសនៈ​ ជា​មេឃុំ និង​ចៅសង្កាត់​តែ​ប៉ុណ្ណោះ។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ មាន​ទំនាក់ទំនង​ដល់​ការ​ឡើង​កាន់​កាប់​ស្ថាប័ន​ព្រឹទ្ធសភា​ ព្រោះ​គណបក្ស​នយោបាយ​ណា​ដែល​ទទួល​បាន​សមាជិក​ក្រុមប្រឹក្សា​ច្រើន​នៅ​ថ្នាក់​ឃុំ-សង្កាត់ ​នឹង​មាន​លទ្ធភាព​គ្រប់គ្រង​ស្ថាប័ន​ព្រឹទ្ធសភា។ សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ម្នាក់ៗ​ នឹង​ក្លាយ​ជា​«អង្គ​បោះឆ្នោត» ​ដើម្បី​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា៕

XS
SM
MD
LG