ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​កឹម ​សុខា​៖​ គណបក្ស​សង្គ្រោះជាតិ​នឹង​ឈ្នះ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ដោយ​ «កិត្តិយស»​​ និង​ «សេចក្ដី​ថ្លៃថ្នូរ»


លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ អំឡុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤។ (អូន ឆេងប៉រ/VOA)
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ អំឡុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤។ (អូន ឆេងប៉រ/VOA)

«យើង​មាន​កំណត់​​ហើយ ​ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង​ ​យើង​​មាន​​កំណត់​​ថា​​យើង​​យក​ឈ្នះ​​ ហើយ​ការ​បង្ហាញ​​ការ​គាំទ្រ​​គឺ​ខ្លាំង​ជាង​មុន​ច្រើន​ណាស់​ ​​ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​លោក​សម្រេច​ហើយ​ហើយ»។​​

នាព្រឹកថ្ងៃអាទិត្យ​នេះ​ ​លោក ​កឹម ​សុខា​ ​មេ​ដឹកនាំ​បក្ស​ជំទាស់​សង្គ្រោះ​ជាតិ​ ​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ នា​ព្រឹកថ្ងៃអាទិត្យ​នេះ​ដោយ​សង្ឃឹម​ថា​បក្ស​លោក​ឈ្នះ​ដោយ​ ​«កិត្តិយស» និង ​«សេចក្ដី​ថ្លៃថ្នូរ»។

​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​ការ​បោះ​ឆ្នោតឃុំ-សង្កាត់​អាណត្តិ​ទី៤​ ​នា​ថ្ងៃ​អាទិត្យ​នេះ​ ​ដែល​មាន​បក្ស​នយោបាយ​ចូល​រួម​ប្រកួត​ប្រជែង​ចំនួន​ ​១២​ ​ក៏ប៉ុន្តែ​មាន​តែ​គណបក្ស​ធំៗ​ពីរ​តែ​ប៉ុណ្ណោះ​ គឺ​គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​និង​គណបក្ស​ជំទាស់​សង្គ្រោះជាតិ​ដែល​ដាក់បេក្ខជននៅគ្រប់​ឃុំ-សង្កាត់​ទូទាំង​ប្រទេស។

​ដើរ​ក្នុង​ចំណោម​ការ​ចោមរោម​របស់​អ្នក​សារ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​រាប់​សិប​នាក់​ ​លោក​ ​កឹម សុខា​ ​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​លេខ​០៩៩៦​ ​ដែលស្ថិត​ក្នុងបរិវេណ​សាលា​បឋម​សិក្សា​ចាក់​អង្រែ​លើភាគ​ខាងត្បូង​ក្រុង​ភ្នំពេញ។

ក្រោយ​ពេល​បាន​បោះឆ្នោត ​លើក​សន្លឹក​ឆ្នោត​របស់​លោក​និង​ដៃ​ជ្រលក់​ថ្នាំ​បង្ហាញ​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ ​លោក​ ​កឹម សុខា​ ​បាន​ថ្លែង​ប្រាប់​នៅ​ក្រៅ​ការិយា​ល័យ​បោះ​ឆ្នោត​ថា​ ​គណបក្ស​សង្គ្រោះជាតិ ​អាច​ដឹង​នូវ​សន្ទុះគាំទ្រ​របស់​ខ្លួន​ ​តាម​រយៈ​ការ​ចុះ​ទៅ​ធ្វើ​យុទ្ធ​នា​ការ​នៅ២៥​ខេត្ត​រាជធានី​ ​ក្នុង​រយៈ​ពេល​ពីរសប្ដាហ៍​ចុង​ក្រោយ។

​លោក ​កឹម ​សុខា​ បាន​និយាយ​ថា៖​

«យើង​មាន​កំណត់ហើយ ​ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង​ ​យើងមានកំណត់ថាយើងយក​ឈ្នះ ហើយ​ការ​បង្ហាញការ​គាំទ្រគឺ​ខ្លាំង​ជាង​មុន​ច្រើន​ណាស់​ ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​លោក​សម្រេច​ហើយ​ហើយ»។

ដើរ​ជ្រែក​ក្រុម​អ្នក​សារ​ព័ត៌មាន​ ​និង​អម​ដោយ​ការ​ការពារ​សន្តិសុខ​យ៉ាង​មាំទាំ​ ពី​កង​អង្គរក្ស​និង​មន្ត្រី​គណ​បក្ស ​លោក​ ​កឹម ​សុខា​បាន​បន្ថែម​ថា៖​ «គណ​បក្ស​សង្គ្រោះ​ជាតិ​យើង ​ចង់​ឈ្នះ​ដោយ​ថ្លៃ​ថ្នូរ​ ចង់​ឈ្នះ​ដោយ​កិត្តិ​យស»។

​លោក ​កឹម ​សុខា ​ដែល​មាន​ទី​លំនៅ​ក្នុង​ខណ្ឌ​ទួលគោក​ ​បាន​បោះ​ឆ្នោត​ក្នុង​សង្កាត់​ចាក់​អង្រែដោយហេតុថាលោក​បាន​ទៅចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​តំបន់​ក្បែរ​ទី​ស្នាក់​ការ​កណ្ដាល​គណបក្ស ​ក្នុង​សង្កាត់​ចាក់អង្រែលើ ​ទីដែល​លោក​បានលាក់​ខ្លួន​គេច​ចេញ​ពី​បណ្ដឹង​ក្ដី​ក្ដាំ​នៅ​តុលាការ។

​នៅពេល​ត្រូវ​បាន​សួរ​ដោយ​ក្រុម​អ្នក​សារ​ព័ត៌មាន​ ថា​តើ​ការ​ថ្លែង​ជា​បន្ត​បន្ទាប់​អំពី​លទ្ធភាព​នៃ​ការ​ធ្លាក់​ចូល​ទៅក្នុង​សង្គ្រាម​ ​អាច​នឹង​ប៉ះ​ពាល់​ដល់​សម្លេង​គាំទ្រ​បក្ស​ជំទាស់​ឬ​អត់​ ​លោក​ ​កឹម​ សុខា ​បាន​និយាយ​ថា​ប្រជាពលរដ្ឋជា​ម្ចាស់​ឆ្នោត«មិនចង់​បាន​តួកាច​ទេ»។​

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​លោក​មេ​បក្ស​ជំទាស់​វ័យ​៦៣ឆ្នាំ ​ដែល​ជា​គូ​ប្រជែង​ដ៏​ស្វិតស្វាញ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ បាន​ទទួល​ស្គាល់​ថា​បរិយាកាស​បោះ​ឆ្នោត​ជា​ទូទៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ការ​បោះឆ្នោត​អាណត្តិ​មុនៗ​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។​ លោក​កឹម សុខា​ ​ថា​គេ​គួរ​ចាំ​មើល​ដំណើរ​ការបោះឆ្នោត​ចប់​សព្វគ្រប់​សិន ​សឹម​វាយ​តម្លៃ​ជា​រួម​ថា​មាន​លទ្ធភាព​សេរី​ និង​យុត្តិ​ធម៌​ប៉ុណ្ណា៕​

XS
SM
MD
LG