ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្រាប់​ប្រជាពលរដ្ឋ​មួយ​ចំនួន មើល​គណបក្ស​នយោបាយជា​រួមជាជាង​បុគ្គល​ឈរ​ឈ្មោះ


ក្រុមមន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ កំពុង​រៀបចំ​ការិយាល័យ​បោះឆ្នោត​ និង​បិទបញ្ជី​បោះឆ្នោត​ថ្មី​ នៅតាម​ការិយាល័យ​បោះឆ្នោត​មួយ ត្រៀម​សម្រាប់​ថ្ងៃ​បោះឆ្នោត​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
ក្រុមមន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ កំពុង​រៀបចំ​ការិយាល័យ​បោះឆ្នោត​ និង​បិទបញ្ជី​បោះឆ្នោត​ថ្មី​ នៅតាម​ការិយាល័យ​បោះឆ្នោត​មួយ ត្រៀម​សម្រាប់​ថ្ងៃ​បោះឆ្នោត​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

នៅ​ថ្ងៃអាទិត្យ​នេះ កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិទី​៤។ ប្រជាជន​នៅ​រាជធានី​ភ្នំពេញ ក៏ដូច​ជា​នៅ​តាម​បណ្តា​ខេត្ត​នានា បាន​សម្រុក​ទៅ​បោះ​ឆ្នោត​ចាប់​ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៣រសៀល។ ការ​បោះឆ្នោត​នេះ​ត្រូវបាន​គេ​មើល​ឃើញ​ថា ជា​សញ្ញា​មួយ​ឆ្លុះ​បញ្ចាំង​សម្រាប់​ការ​បោះឆ្នោត​សាកល​ឆ្នាំ២០១៨ ជ្រើសរើស​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល។

កញ្ញា លី ម៉ាលីស អាយុ២៥​ឆ្នាំ ទើប​តែ​បាន​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​ជា​លើក​ដំបូង ​នៅ​ថ្ងៃ​អាទិត្យ​ ទី​៤​ ខែ​មិថុនា​នេះ។ ម៉ាលីស​ដែលបោះឆ្នោត​នៅ​មណ្ឌលបឋម​សិក្សា​នរោត្តម ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​ផ្សារ​កណ្តាល​២ បាន​ថ្លែង​ប្រាប់ ​VOA ​ក្រោយ​ការ​បោះឆ្នោត​ថា ​កញ្ញា​មិន​ដឹង​ថា​បេក្ខជន​ណា​ឈរ​ឈ្មោះ​សម្រាប់​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ប្រជែង​នោះ​ទេ។

កញ្ញា​ឲ្យ​ដឹង​ទៀត​ថា​កញ្ញា​មិន​ទទួល​បាន​ព័ត៌មាន​អំពី​បេក្ខជន​ក្រុមប្រឹក្សា​តំណាង​គណបក្ស​នយោបាយនោះ​ទេ ខណៈកញ្ញា​ផ្តោត​សំខាន់​ទៅ​លើ​គណបក្ស​ ជាជាង​បុគ្គលឈរ​ឈ្មោះ។

កញ្ញា​ ម៉ាលីស និយាយ​ថា៖

«ខ្ញុំ​មក​គ្រាន់​តែដឹង​ថា​ត្រូវគូស​យក​ខាង​គណបក្ស​ណា គឺ​ខ្ញុំ​គាំទ្រ​ខាង​គណបក្ស​ណាហ្នឹង​ហ្មង»។

ម៉ាលីស ក៏រិះគន់​ចៅ​សង្កាត់​បច្ចុប្បន្ន​ដែល​បាន​ឈរ​ឈ្មោះ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​ថា​ មិន​បាន​បំពេញ​ការងារ​ល្អ​នៅ​ឡើយ។

កញ្ញា​បាន​ថ្លែង​ប្រាប់​ VOA ថា៖

«និយាយ​តាម​ត្រង់ ចៅ​សង្កាត់​ពីមុន​មក ខ្ញុំ​អត់​ពេញចិត្ត​ទេ។ គាត់​រត់​ឯកសារ​យឺត​ហើយ ទាល់​តែថា​ខ្សែ​គាត់​បាន​លឿន។ បើ​ថា​យើង​អ្នក​មិន​ដែល​សួរ​សុខ​ទុក្ខ​គាត់​អញ្ចឹង ធ្វើ​ប៉ើយ​ៗ​មួយ​ខ្ញុំ។ ពេល​ខ្លះ​ខ្ញុំឲ្យរត់​ឯកសារ​អី​មួយ​អញ្ចឹង គឺ​ពិបាក​ម្មង ដូច​ទៅ​សុំ​ទាន​គាត់​អញ្ចឹង»។

សម្រាប់​សង្កាត់​ផ្សារ​កណ្តាល​២គណបក្សនយោបាយចំនួនពីរ​ប៉ុណ្ណោះ​ដែលបានចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ គឺ​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ។

កាល​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១២ សម្រាប់​សង្កាត់​ផ្សារ​កណ្តាល​២ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៥អាសនៈ និង​គណបក្ស​ប្រឆាំង​ទទួល​បាន​២អាសនៈ ក្នុង​ចំណោម​៧អាសនៈ។

ទោះជាយ៉ាងណា ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ គណបក្ស​សង្រ្គោះជាតិ​ទទួល​បាន​សំឡេង​គាំទ្រ​លើស​គណបក្ស​ប្រជាជនកម្ពុជា​ជាង​៣០០​សំឡេង​សម្រាប់​សង្កាត់​មួយ​នេះ។

កាល​ពី​ការ​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ២០១២ គណបក្ស​សង្រ្គោះជាតិ​មិន​ទទួល​បាន​តំណែង​ចៅ​សង្កាត់​ក្នុង​ចំណោម​សង្កាត់​សរុបទាំង​៩៦ ​ក្នុង​រាជធានីភ្នំពេញ ​កាលពីអាណត្តិ​នោះទេ។

សម្រាប់​អាណត្តិ​ទី​៤​នេះ គណបក្សសង្រ្គោះជាតិ មាន​ជំនឿ​ថា​នឹង​ទទួល​បាន​តំណែង​ចៅសង្កាត់​ច្រើន​ក្នុង​ចំណោម​១០៥​សង្កាត់​ ខណៈ​សំឡេង​គាំទ្រ​នៅរាជធានីភ្នំពេញ គណបក្ស​សង្រ្គោះជាតិ​ឈ្នះ​គណបក្ស​កាន់អំណាច​ កាល​ពី​ការ​បោះឆ្នោត​សាកល​ឆ្នាំ២០១៣។​

អ្នក​បោះឆ្នោត​ម្នាក់​ទៀត​នៅ​មណ្ឌល​សាលា​បឋមសិក្សា​នរោត្តម លោក ខោល សុផាន់ណា អាយុ​២៩ឆ្នាំ​ បាន​និយាយថា​ការ​បោះឆ្នោត​នេះ​ មាន​ការ​រៀប​ចំ​ល្អ ប្រជាជន​ទៅ​បោះឆ្នោត​ច្រើន ការ​បោះឆ្នោត​រហ័ស និង​គ្មាន​ការគំរាម​កំហែង​នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់​ VOA ថា លោក​ចង់​បាន​ចៅសង្កាត់​ដែល​បាន​បម្រើ​ប្រជាពលរដ្ឋ​ដោយ​មិន​រើសអើង។

លោក​មាន​ប្រសាសន៍ថា៖

«ពេល​ដែល​គាត់​ឈ្នះ​ឆ្នោត​ហើយ គឺ​គាត់​ព្យាយាម​បម្រើ​សេវា​យ៉ាង​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទទួល​សេវា​នោះ​ស្មើៗគ្នា កុំ​រើស​អើង»។

ចៅ​សង្កាត់ផ្សារកណ្តាល​២ លោកស្រី ប៉ែន អ៊ិន បាន​ថ្លែង​ប្រាប់​ VOA ថា ​លោកស្រី​បាន​បំពេញ​ការងារបាន​ល្អក្នុង​ការផ្តល់​សេវា​ឯកសារ​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​រើស​អើង​នោះទេ។ លោកស្រី​បន្តថា ​លោកស្រី​នឹង​បន្ត​សាងសង់ផ្លូវ​ និង​រៀប​ចំ​សន្តិសុខ​នៅ​ក្នុង​សង្កាត់​ឲ្យ​បាន​ល្អ។​

លោក ប៊ុត សុវណ្ណ​មុន្នី (ស្តាំ) បេក្ខជន​ចៅសង្កាត់​មកពីគណបក្ស​សង្រ្គោះជាតិ នឹង​ប្រកួត​យក​តំណែង​ចៅ​សង្កាត់​ផ្សារកណ្តាល​២ រាជធានី​ភ្នំពេញ ពី​លោកស្រី ប៉ែន អ៊ិន ជា​ចៅ​សង្កាត់​ផ្សារកណ្តាល​២​នា​ពេល​បច្ចុប្បន្ន។
លោក ប៊ុត សុវណ្ណ​មុន្នី (ស្តាំ) បេក្ខជន​ចៅសង្កាត់​មកពីគណបក្ស​សង្រ្គោះជាតិ នឹង​ប្រកួត​យក​តំណែង​ចៅ​សង្កាត់​ផ្សារកណ្តាល​២ រាជធានី​ភ្នំពេញ ពី​លោកស្រី ប៉ែន អ៊ិន ជា​ចៅ​សង្កាត់​ផ្សារកណ្តាល​២​នា​ពេល​បច្ចុប្បន្ន។

ចំណែក​លោក ប៊ុត សុវណ្ណ​មុន្នី បេក្ខជន​ចៅសង្កាត់​មកពីគណបក្ស​សង្រ្គោះជាតិ បាន​ថ្លែង​ថា​លោកសង្ឃឹម​ថា​នឹង​ឈ្នះ​សម្រាប់​ការ​បោះឆ្នោត​នេះ ដោយសារ​ប្រជាពលរដ្ឋ​ចង់​បាន​ការ​ផ្លាស់ប្តូរ និង​ស្រប​ពេល​មាន​កំណើន​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ។

លោក​បាន​ថ្លែង​ថា​៖

«គេ​មក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ គេ​ធុញ​នឹង​ប្រព័ន្ធ​ចាស់ ដើម្បីផ្លាស់ប្តូរ រើសថ្នាក់​ដឹកនាំថ្មី»។

សម្រាប់​សង្កាត់​ឫស្សីកែវវិញ អ្នកនាង កប ឡ្លូរីដា អាយុ៣៥ឆ្នាំ ដែល​បាន​បោះឆ្នោត​ក្នុង​សង្កាត់​នេះ មាន​ប្រសាសន៍​ថា​ អ្នកនាង​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្រ្គោះជាតិ​ ដោយ​មិន​បាន​មើល​លើ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​នោះ​ទេ។

អ្នកនាង​បាន​ថ្លែង​ប្រាប់​VOAថា៖

«សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មើល​ទៅ​លើ​គណបក្ស»។

អ្នកនាង​បន្ត​ថា ​អ្នកនាង​ចង់​បាន​ចៅ​សង្កាត់​មួយ​រូប​ដែល​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ និង​បម្រើ​សេវាមូលដ្ឋាន ​ដោយ​មិន​រើស​អើង​។

អ្នកនាង ប៉ឹង ចាន់ស្រីរ័ត្ន អាយុ៣៤ឆ្នាំ ជា​អ្នក​បោះឆ្នោត​នៅ​សង្កាត់​ឫស្សី​កែវ​ដែរ​ មាន​ប្រសាសន៍ថា អ្នក​នាងមិន​បាន​ដឹង​ពីបុគ្គល​ឈរ​ឈ្មោះ​នោះទេ គឺ​សំខាន់​បោះឆ្នោត​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត។

អ្នកនាង​និយាយថា៖

«ខ្ញុំ​សំដៅ​លើ​បក្ស មិន​មែន​លើ​បុគ្គល​ទេ។ សំខាន់​បក្ស​និមួយៗ​ចង់​ឲ្យ​មាន​តំណាង​ណា​មួយ​ល្អ។ សំខាន់​ខ្ញុំ​ជ្រើសរើស​អ្វី​ដែល​ខ្ញុំ​ពេញ ហើយ​និងមាន​ការ​ផ្លាស់​ប្តូរ​ពីបច្ចុប្បន្ន​ដែល​ខ្ញុំ​មាន»។

អ្នក​នាងក៏​បាន​រិះគន់​រដ្ឋាភិបាល​ពី​ការ​ដឹកនាំ​ជាង​៣០ឆ្នាំមកហើយថាមិន​អភិវឌ្ឍ​ ដូច​បណ្តា​ប្រទេស​ផ្សេង​ទៀត។​

អ្នកនាង​បាន​បន្ថែម​ថា៖

«បើ​ខ្ញុំ​ក្រឡេក​មើលទៅ​ប្រទេស​គេ ខ្ញុំ​អត់បាន​ទៅ​មែន ប៉ុន្តែ​ខ្ញុំ​មាន​បងប្អូន​នៅ​ហ្នឹង គឺ​គាត់​ថា​រដ្ឋាភិបាល​គេ ​គឺខុស​ពីរដ្ឋាភិបាល​ស្រុកខ្មែរ​ឆ្ងាយណាស់ ប៉ុន្តែ​ខ្ញុំ​មិន​មែន​ទាមទារ​ការ​ប្រៀប​ធៀប​ទេ តែ​ខ្ញុំ​ឃើញ​ស្ថានភាព​បច្ចុប្បន្ន​អញ្ចឹង​មែន គឺគាត់អត់សូវ​មាន​ឲ្យ​តម្លៃ​ប្រជាពលរដ្ឋ​ទេ គឺ​គាត់​យក​តែ​បុគ្គល​ច្រើន​ជាង»។

ចំណែក​យុវជន អឿន គឹមហេង អាយុ២១ឆ្នាំ​ ជានិស្សិត​សាកលវិទ្យាល័យ ដែល​បាន​បោះឆ្នោត​នៅ​សង្កាត់​ឫស្សី​កែវ បាន​ថ្លែង​ប្រាប់​ VOA ​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក​បាន​បោះឆ្នោត និងបាន​បំពេញ​តួនាទី​ជា​ប្រជាពលរដ្ឋ​មួយ​រូប។

ទោះជាយ៉ាងណា លោក​បាន​ថ្លែង​ថា លោក​បាន​ស្គាល់​បេក្ខជន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះជាតិមួយ​ចំនួន​។ តែ​លោកថា​ លោកបានបោះឆ្នោត​មើល​តែ​គណបក្ស​ជារួម ​ដែល​លោក​ពេញចិត្ត។

លោក​បាន​និយាយថា៖

«តំណាង​នៃ​សង្កាត់​ក្រុមប្រឹក្សា​មួយៗ យើង​ដឹង​អស់ហើយ អញ្ចឹង​យើង​សម្រេច​ចិត្តថា​ក្រុមប្រឹក្សា​ណាដែល​មាន​ប្រជាប្រិយភាព ទីពីរ​គាត់​មាន​សមត្ថភាព​បំពេញ កាតព្វកិច្ច​ឲ្យ​ប្រជាពលរដ្ឋ​របស់យើង​នៅតាម​ភូមិ​សង្កាត់​ហ្នឹង»។

នៅ​ក្នុង​សង្កាត់​ឫស្សីកែវ កាល​ពីការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ២០១៣ គណបក្ស​សង្រ្គោះជាតិ​ទទួល​បាន​សំឡេង​លើស​គណបក្ស​ប្រជាជនកម្ពុជា​ជាង​៣ពាន់​សំឡេង។ នេះ​នាំ​ឲ្យ​គណបក្ស​សង្រ្គោះជាតិ​សង្ឃឹម​ថា​នឹង​ទទួល​បាន​តំណែង​ចៅសង្កាត់សម្រាប់​អាណត្តិ​នេះ។​

លោកស្រី ច័ន្ទ សំណាង បេក្ខជន​នៃ​គណបក្ស​សង្គ្រោះជាតិ ប្រកួត​ប្រជែង​យក​តំណែង​ចៅសង្កាត់​ឫស្សីកែវ សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​ទី៤ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
លោកស្រី ច័ន្ទ សំណាង បេក្ខជន​នៃ​គណបក្ស​សង្គ្រោះជាតិ ប្រកួត​ប្រជែង​យក​តំណែង​ចៅសង្កាត់​ឫស្សីកែវ សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​ទី៤ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

បេក្ខជន​ប្រកួត​ប្រជែង​យក​តំណែង​ចៅសង្កាត់​មកពី​គណបក្ស​សង្រ្គោះជាតិ លោកស្រី ច័ន្ទ សំណាង បាន​ថ្លែង​ថា លោកស្រី​នឹង​ឈ្នះ​ការ​បោះឆ្នោត​នេះ ដោយសារ​សំឡេង​គាំទ្រ​កាល​ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣។ លោកស្រី​បន្តថា​លោកស្រី​បាន​ឈ្នះ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​កាល​ពីឆ្នាំ​២០០៧ តែ​ចាញ់​វិញ​កាល​ពីឆ្នាំ​២០១២ ដោយ​លោកស្រីថា​មក​ពី​ការ​លួច​បន្លំសន្លឹកឆ្នោត។

ចៅសង្កាត់​ឫស្សីកែវ លោក មូល វីរៈ ដែល​បាន​ឈរ​ឈ្មោះ​សម្រាប់​គណបក្ស​ប្រជាជនកម្ពុជា​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ជាមួយVOAដោយ​ថា​មិន​មាន​ពេលវេលា។

កាល​ពី​ថ្ងៃ​ទី​២ ខែមិថុនា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចេញ​មុខ​ជា​លើក​ដំបូង ដើម្បី​ដឹកនាំ​ក្បួនឃោសនារក​ការ​គាំទ្រនៅ​ថ្ងៃ​ចុងក្រោយ ។ លោក​ក៏​បាន​ផ្ញើ​សារ​ទៅ​ប្រជាពលរដ្ឋ​ថា​សូមបោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជនកម្ពុជា បើ​ទោះ​មិនពេញ​ចិត្ត​មនុស្ស​ម្នាក់ ​ឬ​ពីរ​នាក់​មក​ពីគណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ឈរ​ឈ្មោះ​បោះឆ្នោត។

លោក​បាន​ថ្លែង​ថា៖

«បក្សយើង​បាន​ទទួល​ស្គាល់​ថា ​យើង​មិន​ទាន់​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​នោះទេ។ យើង​នូវ​មាន​ការ​ខ្វះ​ខាត​ដែល​បាន​នឹង​កំពុង​កែ​លម្អ។ យើង​ក៏នៅ​មាន​មន្រ្តី​មួយ​ចំនួន​នៅ​មាន​ឥរិយាបថ​មិន​ត្រឹមត្រូវ ប៉ុន្តែ​យើង​ត្រូវ​យល់ឲ្យ​ច្បាស់​ និង​ថ្លឹង​ច្បាស់ រវាង​ម្ខាង​គុណសម្បត្តិ​របស់គណបក្ស​ និង​ម្ខាងរវាងគុណវិបត្តិ​របស់គណបក្ស​ដែល​មិន​ទាន់​បាន​បំពេញបំណង​ប្រាថ្នា​របស់​បង​ប្អូន​បាន»។

គួរ​បញ្ជាក់​ថា ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២ ​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​សំឡេង​គាំទ្រ​រហូត​ដល់​៨២៩២​អាសនៈ​ ក្នុង​ចំណោម​អាសនៈ​ក្រុមប្រឹក្សា​ចំនួន​១១៤៥៩ និង​ទទួល​បាន​តំណែង​មេឃុំ​-ចៅ​សង្កាត់​ចំនួន​១៥៩២​ ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង​១៦៣៣​ទូទាំង​ប្រទេស​នៅ​ក្នុង​អាណត្តិ​នោះ។

គណបក្ស ​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​មួយ​ឆ្នាំ​ក្រោយ​មក បាន​ច្របាច់​បញ្ចូល​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​សរុប​ចំនួន​២៩៥៥ ​និង​តំណែង​មេឃុំ​ចៅ​សង្កាត់​តែ​ចំនួន​៤០​ប៉ុណ្ណោះ៕

XS
SM
MD
LG