ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ​ហ៊ុន សែន​ ​ព្រមាន​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចំពោះ​ការ​ឃោសនា​ក្នុង​ថ្ងៃ​ «ស»


លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​លើក​​សន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់, នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)

ក្នុង​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​អាណត្តិទី​៤​នេះ​ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ ​(គ.ជ.ប)​បានចេញ​​លិខិត​ព្រមាន​ ​លោក​ ​ខឹម វាសនា​ ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ​បន្ទាប់​ពី​ប្រធាន​គណបក្សមួយ​នេះ​បង្ហោះ​សារ​នយោបាយ​ ​និង​វាយ​ប្រហារ​លើ​គណបក្ស​​ផ្សេង​ទៀត​ក្នុង​ថ្ងៃ​ដែល​​ហាមឃាត់​ ​ឬ​ហៅ​ថា​«ថ្ងៃស»។​

នា​ថ្ងៃ​អាទិត្យ​នេះ​ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ព្រមាន​លោក​ ​ខឹម វាសនា​ ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ​ក្នុង​ការ​ឃោស​នា​ ​និង​វាយ​ប្រហារ​គណបក្ស​ផ្សេងក្នុង​ថ្ងៃ​ហាម​ឃាត់។​ ​ការ​ព្រមាន​របស់​គ.ជ.ប.​គឺធ្វើឡើង​ ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​លើក​ឡើង​ថា​ទង្វើ​របស់លោក​ ​ខឹម វាសនា ជា​ការរំលោភច្បាប់​បោះឆ្នោត។

លោក​ ​ខឹម វាសនា​ ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិ​បតេយ្យ​ ​ក្នុង​អំឡុង​ថ្ងៃ​ ​«ស»​ ​ជា​ថ្ងៃ​ដែល​ហាមមិន​ឲ្យមាន​ឃោស​នា​ឬ​វាយ​ប្រហារ​នយោបាយ​ណា​មួយ​ ​ពោលគឺ​មុន​ថ្ងៃ​បោះ​ឆ្នោត​ឃុំ-សង្កាត់​មួយ​ថ្ងៃ និង​ក្នុង​អំឡុង​ថ្ងៃ​បោះ​ឆ្នោត​ ​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​របស់​លោក​ជាបន្ត​បន្ទាប់ ​ដោយ​បាន​ឃោស​នាពី​គណបក្ស​របស់​លោក​ ​និង​បាន​វាយ​ប្រហារ​គណបក្សមួយ​ចំនួន​ ​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះជាតិ​ជាដើម។

លោក ខឹម វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ នៅ​ក្នុង​បន្ទប់ផ្សាយ​ VOA​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ​២០១៧។​ (អូន ឆេងប៉រ/ VOA)
លោក ខឹម វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ នៅ​ក្នុង​បន្ទប់ផ្សាយ​ VOA​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ​២០១៧។​ (អូន ឆេងប៉រ/ VOA)

ក្រោយ​ការ​វាយ​ប្រហារ​របស់​លោក​ ​ខឹម​ វាសនា​ ​លោក​ ​ហ៊ុន សែន​ ​បានលើកឡើង​អំឡុង​ពេល​លោក​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៤ ​នា​ថ្ងៃទី​៤​ ​ខែ​មិថុនា​នេះ​ ​ថា​ ​ការ​ឃោស​នា​បក្ស​ ​និងវាយ​ប្រហារ​គណបក្ស​ដទៃ​ទៀត​ ពី​សំណាក់​លោក​ ​ខឹម វាសនា​ ​គឺ​ជាការ​រំលោភ​ច្បាប់។

​ថ្លែង​ក្នុង​ខេត្ត​កណ្តាល​ក្រោយ​ពេល​បោះឆ្នោត​ឃុំ-សង្កាត់​ ​លោក​ ​ហ៊ុន សែន​ ​បន្ថែម​ថា៖​

«គេ​កំពុង​តែរំលោភ យើង​មិនអាច​ឲ្យ​នរណា​រំលោភ​ទេ។​ ​ហើយ​បើ​ចង់​រំលោភ​អញ្ចឹង​ ​បើចង់​ធ្វើ​អញ្ចឹង​ ​ប្រហែល​ជាខាង​នេះ​ ​(គណបក្ស​ប្រជាជន​កម្ពុជា)​ ​មាន​លទ្ធភាព​ខ្ពស់​ជាង»។

ខុស​ប្លែកពី​អាណត្តិ​មុនៗ​ ​លោក​ ​ហ៊ុន សែន​ ​មិនបាន​លើក​បង្ហាញ​ពី​សន្លឹក​ឆ្នោតដែល​លោក​គូស​ ​ក្នុង​ការបោះឆ្នោត​អាណត្តិ​នេះ​ទេ​ និង​មិន​បាន​ឆ្លើយ​តប​សំណួរ​ណា​មួយ​របស់​អ្នក​សារព័ត៌មាន​ផង​ដែរ។

ក្រោយពេល​លោក​ ​ហ៊ុន សែន ​លើក​ឡើង​ថា​ ​លោក​ ​ខឹម វាសនា​ ​រំលោភ​ច្បាប់​បោះឆ្នោត​បាន​បន្តិច​ ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​(គ.ជ.ប.)​ ​លោក​ ​ស៊ិក ប៊ុនហុក​ ​ក៏​បាន​ចេញ​លិខិត​ព្រមាន​មួយ​ដល់​លោក​ ​ខឹម វាសនា​ ​ដែល​បាន​ឃោសនា​និង​វាយប្រហារ​គណបក្ស​នយោបាយ​ផ្សេង តាម​ប្រព័ន្ធ​អនឡាញ។

ដោយ​មិន​បញ្ជាក់​ឱ្យ​ច្បាស់​ពី​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណា​មួយ​ចំពោះ​លោក​ ​ខឹម វាសនា​ ​លោក​ ​ស៊ិក ប៊ុនហុក​ ​បញ្ជារឱ្យ​ ​លោក​ ​ខឹម វាសនា​ ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ផ្សព្វផ្សាយ​ឃោសនា​ដែល​ផ្ទុយ​ពី​ច្បាប់​បោះឆ្នោត​ ​បើ​ពុំ​ដូច្នោះ​ទេ​ ​គ.ជ.ប​ ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក​បញ្ជាក់​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

​«គ.ជ.ប​ ​បាន​សង្កេត​ឃើញ​ថា​ ​នៅ​ថ្ងៃ​ហាម​ឃាត់​នៃ​ការធ្វើ​សកម្មភាព​ឃោសនា​បោះឆ្នោត​ ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​ធ្វើ​ការ​ផ្សព្វផ្សាយ​វាយ​ប្រហារ​ទៅ​លើ​គណ​បក្ស​នយោបាយ​ផ្សេង​ទៀត។​ ​សកម្មភាព​នេះ​ជា​ការ​រំលោភ​ច្បាប់​ទាំង​ស្រុង​ ​ព្រោះ​ថា​គ្រប់​សកម្មភាព​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ត្រូវ​បញ្ឈប់​២៤​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត​ ​និង​នៅ​ថ្ងៃ​បោះឆ្នោត»។

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពីលោក​ ​ហង្ស ពុទ្ធា​ ​អ្នកនាំ​ពាក្យ​គណៈកម្មធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​បាន​ទេ។

តាមច្បាប់​ស្តីពីការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​មាត្រា​១៨៤​ចែង​ថា​ត្រូវ​ព្រមាន​ជា​លាយ​លក្ខណ៍​អក្សរ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នឹងមាត្រា​៦៨​ក្នុង​ការ​ហែ​ក្បួន​ឃោស​នា​បោះឆ្នោត​ ​ឬ​ប្រព្រឹត្ត​ល្មើស​នឹង​កថាខណ្ឌ​ទី​១​ នៃ​មាត្រា​៧០នៃ​ច្បាប់​នេះ។ ក្នុង​ករណី​នៅ​តែមិន​គរព​តាម​ការព្រមាន​ខាងលើ ត្រូវ​ផាក​ពិន័យ​ជាប្រាក់​ពី​ប្រាំលាន​រៀល ទៅ​១០​លាន​រៀល ឬ/និង​ត្រូវ​លុប​ឈ្មោះ​ចេញ​ពីបញ្ជី​បោះឆ្នោត​សម្រាប់​រយៈពេល​៥​ឆ្នាំ ឬ​លុប​បេក្ខភាព​របស់​សាម៉ី​ខ្លួន ប្រសិន​បើជន​ប្រព្រឹត្ត​អំពើ​ល្មើស​ជា​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះឆ្នោត។

រថយន្ត​ហែគណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ ក្នុង​ការ​ឃោសនា​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។
រថយន្ត​ហែគណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ ក្នុង​ការ​ឃោសនា​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។

ទោះជា​យ៉ាង​ណា​ ​លោក​ ​ខឹម វាសនា​ បាន​បង្ហោះ​សារ​បន្ថែម​លើទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​របស់​គ.ជ.ប​ថាគណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិប​តេយ្យ​មិន​មាន​បំណង​ធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំង​នឹង​ច្បាប់​បោះឆ្នោត​នោះ​ទេ​ ​និង​មិនមាន​ចេតនា​ទៅ​ឃោស​នា​នៅ​ថ្ងៃ​ ​«ស» ដែល​ជាថ្ងៃ​ហាម​ឃាត់​នោះ​ដែរ។

លោក​ ​ខឹម វាសនា​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖​ ​«យើង​ ​LDP​ ​មិន​បាន​ចាប់​អារម្មណ៍​ថា​ប្រព័ន្ធ​អនឡាញ​មួយ​ណា​របស់​បក្ស​ខ្លួន​ ​ហើយ​វីដេអូ​ ​ឬ​សារ​សំឡេង​មួយ​ណា​ដែល គ.ជ.ប​ ​បាន​សង្កេត​ឃើញ​ថា​ ​LDP​ ​បាន​ធ្វើ​រំលោភ​ច្បាប់​ ​គ.ជ.ប​ ​នោះ។​ ​តែ​ទោះ​ជា​មិនមាន​ចេតនា​ យើង​ ​LDP​ ​នៅ​តែ​ទទួល​មិន​គេច​ទេ​ ចំពោះ​ការសម្រេច​របស់​ ​គ.ជ.ប​ ​បើ​នោះជា​កំហុស​ពិត​របស់​ ​LDP មែន។​ ​ការរៀបរាប់​ខាង​លើ​គ្រាន់​តែ​បង្ហាញ​អោយ​សារធារណ:ជន​ ​បាន​យល់​ពី​ថា​ ​ហេតុ​អ្វី​រឿង​បែប​នេះ​បាន​កើត​មាន​ឡើង​តែ​ប៉ុណ្ណោះ»។

លោក​ ​យឿង សុធារ៉ា​ ​មន្រ្តី​ច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា ខុមហ្វ្រែល​ ​ប្រាប់​ ​VOA​ ​ថា​ ​ការ​ឃោស​នា​គណបក្ស​នយោបាយ​ ​ឬការ​វាយ​ប្រហារ​គណបក្ស​នយោ​បាយ​ណាមួយ​ក្នុង​ថ្ងៃ​ដែល​ច្បាប់​ហាមឃាត់​ ​គឺ​ជាការ​ទម្លាក់​តម្លៃ​របស់​គណបក្ស​ខ្លួន​ឯង។​ ​លោក​បន្ថែម​ថា​ ​លោក​ ​ខឹម វាសនា​ ​គួរគោរព​វិជ្ជាជីវៈ​ជា​អ្នកនយោបាយ​ ​ក្នុង​នាម​ជាប្រធាន​គណបក្ស។​

លោក​ ​យឿង សុធារ៉ា​ បញ្ជាក់​ថា៖​

​«ក្នុង​នាម​ជា​គណបក្ស​ចូល​រួម​ប្រកួត​ប្រជែង​យក​អាសនៈ​ហ្នឹង​គេ​ដែរ ហើយ​យើង​ដឹងថា​យើង​ធ្វើ​ហ្នឹង​វាខុស​ ​យើង​នៅ​តែ​ចចេស​ធ្វើ​ ​យើង​នៅ​តែ​បំពាន​ ​យើង​ហ្នឹង​អត់​មាន​ចេតនា​ណា​មួយ​ក្នុង​ការ​គោរព​ច្បាប់​ទេ។​ មានន័យ​ថាយើង​ចាត់​ទុក​ច្បាប់​ហ្នឹង​ជាអ្វី​មួយ​ដែល​មិន​សំខាន់​ ​បាន​ន័យ​ថា​ ​យើង​អត់​នាំ​គ្នា​នៅ​ក្រោម​ច្បាប់​ ​ឬ​នៅ​ស្មើច្បាប់​ទេ​ ​តែ​យើង​នាំគ្នា​អង្គុយ​លើ​ច្បាប់»។

​ស្ថានភាព​ទូទៅ​នៃ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ​នា​ថ្ងៃអាទិត្យ​នេះ​ ​ក៏​ហាក់​មាន​ភាព​មិន​ប្រ​ក្រតី​តិចតួច​ ​បើ​ធៀប​នឹង​អាណត្តិ​មុន។​ ​រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កង​កម្លាំង​ជាង​៥ម៉ឺន​នាក់​ ​ដើម្បី​ការពារ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​នេះ។​ ​ការិយាល័យ​បោះឆ្នោត​សរុប​ទូទាំង​ប្រទេស​មាន​ជាង​២ម៉ឺន​ការិយាល័យ​ ​និង​មាន​គណបក្ស​នយោបាយ​ចំនួន​១២​បាន​ចុះ​បញ្ជី​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត។​ ​ក្នុង​នោះ​ការិយា​ល័យ​ចំនួន៥​ ​ត្រូវបាន​រំកិល​ទៅ​កន្លែង​ថ្មី​ ​ដែល​នៅ​ក្បែរៗ​កន្លែង​ចាស់ ដោយ​សារ​រង​នូវ​ជំនន់​ទឹក​ភ្លៀង៕

XS
SM
MD
LG